ពួកអ្នកសង្កេតការនិយាយថា ភាពតានតឹងរវាងស.រ.អា.និងប្រទេសចិនអាចកើនឡើងជាថ្មីថែមទៀតនៅក្រោយពួកមន្ត្រីនៃប្រទេសទាំងពីរវាយប្រហារគ្នាតាមពាក្យសម្តីអំពីប្រភពនៃមេរោគវីរុសកូរ៉ូណា។
នៅក្នុង Tweet របស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទប្រកាន់ស.រ.អា.ថា បានធ្វើឱ្យមេរោគវីរុសកូរ៉ូណារាលដាលនៅក្នុងក្រុង Wuhan ក្នុងខេត្ត Hubei ដែលជាមជ្ឈមណ្ឌលនៃការរាលដាលមេរោគវីរុសកូរ៉ូណាក្នុងប្រទេសចិន។
ជាដំបូងឡើយអ្នកការទូតចិនរូបនេះបានផ្សាយវីដេអូមួយដែលនៅក្នុងនោះ លោក Robert Redfield នាយកនៃមជ្ឈមណ្ឌលស.រ.អា.សម្រាប់ការគ្រប់គ្រងជំងឺនិងការបញ្ចៀសមិនឱ្យមានជំងឺហៅកាត់ថា CDC បាននិយាយប្រាប់សវនាការ
មួយក្នុងសភាស.រ.អា.កាលពីថ្ងៃពុធថា ការស្លាប់ខ្លះដោយសារមេរោគវីរុសកូរ៉ូណាបានត្រូវរកឃើញនៅក្រោយការស្លាប់នៃពួកជនទាំងនេះនៅក្នុងស.រ.អា.។
បន្ទាប់មកលោក Zhao បានសរសេរនៅលើធ្វីទ័រថា««នាយកនៃមជ្ឈមណ្ឌល CDC ស.រ.អា.បានត្រូវចាប់បាននៅពេលកំពុងប្រព្រឹត្តបទល្មើស។ តើនៅពេលណាស.រ.អា.មានអ្នកជំងឺទីមួយ? តើលោកបានធ្វើឱ្យមនុស្សប៉ុន្មាននាក់ឆ្លងជំងឺនេះ? តើមន្ទីរពេទ្យនោះឈ្មោះអ្វី?»។
លោក Zhao Lijian បាននិយាយបន្ថែមថា៖ «អាចមានលទ្ធភាពថា ពួកយោធាស.រ.អា.បាននាំយកមេរោគវីរុសនេះទៅកាន់ក្រុង Wuhan។ ស.រ.អ.ត្រូវតែមានតម្លាភាពហើយប្រាប់ឱ្យដឹងជាសាធារណៈអំពីតួលេខនៃអ្នកជំងឺនេះ។ស.រ.អា.ត្រូវពន្យល់យើងអំពីបញ្ហានេះ។
អត្ថាធិប្បាយទាំងនេះរបស់លោក Zhao ថ្លែងជាថ្មីទៀតអំពីការនិយាយចចាមអារាមស្តីពីការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតដែលត្រូវផ្សព្វផ្សាយនៅក្នុងប្រទេសចិនថា ពួកទាហានស.រ.អស.បាននាំយកមេរោគវីរុសនេះទៅកាន់ប្រទេសចិននៅក្នុងការចូលរួមរបស់ពួកគេក្នុងការប្រកួតកីឡាយោធាពិភពលោកកាលពីឆ្នាំ២០១៩ នៅក្នុងក្រុង Wuhan កាលពីខែតុលាមុន។
ទ្រឹស្តីស្តីពីការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនេះមានឡើងក្រោយមានការសង្ស័យលើកឡើងដោយលោក Tom Cotton សមាជិកព្រឹទ្ធសភាស.រ.អា. និងពួកជនឯទៀតៗដែលថា មេរោគវីរុសនេះមានប្រភពពីមន្ទីរពិសោធន៍ Wuhan P4 ដែលជាមន្ទីរពិសោធន៍ខាងជីវគីមីមានការថែរក្សាសន្តិសុខខ្ពស់និងជាសាខានៃបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន៕