ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​អឺរ៉ុប​រិះគន់លោក​Trump លើ​ការ​បិទជើងហោះហើរ​ពី​​អឺរ៉ុប​ទៅ​​អាមេរិក​​


អ្នក​ដំណើរ​ពាក់ម៉ាស់​ពេល​ដែលពួកគេ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ Charles de Gaulle ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

កាលពី​ថ្ងៃព្រហស្បតិ៍ មេដឹកនាំ​អឺរ៉ុប​រិះគន់​ខ្លាំង​ដល់លោក​Trump ដែល​បាន​ដាក់​កំហិត​ជា​ឯកតោ​ភាគី​ហាមប្រាម​លើ​ជើង​ហោះភាគ​ច្រើន​ពី​ទ្វីបអឺរ៉ុប​មកកាន់​ស.រ.អា.​ដោយមិន​បានពិគ្រោះ​យោបល់ជាមួយ​ពួក​គេជា​ដំបូង​សិន​អំពី​ការប៉ុនប៉ង​របស់​លោក​ក្នុង​ការ​បញ្ចៀស​ការ​រាលដាលវីរុសកូរ៉ូណា​ដ៏​ប្រល័យ។​

លោកស្រីUrsula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​និង​លោក​Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បានមាន​ប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយថា«សហភាពអឺរ៉ុប​មិនយល់​ព្រមនឹងសេចក្តី​សម្រេច​របស់​ស.រ.អា.ក្នុងការ​ដាក់​កំហិត​ការធ្វើដំណើរ​ដែល​បាន​ត្រូវធ្វើឡើង​ដោយឯកតោភាគី​ហើយ​គ្មាន​ការ​ពិគ្រោះយោបល់គ្នា​ទេ»។

លោកស្រីvon der Leyen និង​លោក Michel បាន​មាន​ប្រសាសន៍​ថា៖

«មេរោគ​វីរុសកូរ៉ូណា​ជាវិបត្តិ​សាកល​ហើយ​មិន​កម្រិត​ត្រឹម​ទ្វីបណា​មួយ​ទេ​ហើយ​ការណ៍​នេះ​តម្រូវ​ឱ្យមាន​កិច្ចសហប្រតិបត្តិ​ការជាជាង​សកម្មភាព​ជា​ឯកតោភាគី។សហភាពអឺរ៉ុប​បាន​ចាត់​វិធានការ​ខ្លាំង​ដើម្បី​កម្រិត​ការ​រាលដាល​នៃមេរោគ​វីរុសនេះ»។

លោក​Trump បានលាត​ត្រដាង​ការហាម​ប្រាមមិន​ឱ្យ​ធ្វើដំណើរ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែលលោក​បានថ្លែង​ពីការិយាល័យ​រាង​ពងក្រពើក្នុង​សេតវិមាន​កាលពី​យប់ថ្ងៃពុធ នៅ​ក្រោយ​លោក​បាននិយាយ​កាល​ពីប៉ុន្មានថ្ងៃ​មុននេះថា​វីរុសកូរ៉ូណា​ជា​កង្វល់តិចជាង​ជំងឺគ្រុន​ផ្តាសាយ​ប្រចាំរដូវនៅក្នុង​ស.រ.អា.។

ការហាមប្រាម​នេះ​រារាំង​ជើងហោះពីប្រទេស២៦ក្នុង​ទ្វីបអឺរ៉ុប​មកកាន់ស.រ.អា.សម្រាប់​ពេល​៣០ថ្ងៃចាប់ផ្តើម​ពីពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រដោយលើកលែង​ជើង​ហោះមក​ពី​ចក្រភព​អង់គ្លេស​និងប្រទេស​អៀរឡង់។ គេដឹងមិនច្បាស់លាស់​ទេថា​អ្វី​ដែល​រារាំង​អ្នកដំណើរម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចូលទៅក្នុង​ចក្រភព​អង់គ្លេស​ឬ​ប្រទេស​អៀរឡង់ ពី​ប្រទេស​មួយក្នុង​ទ្វីបអឺរ៉ុប​ហើយ​បន្ទាប់​មកបន្ត​ដំណើរ​មក​កាន់ស.រ.អា.។ ពលរដ្ឋស.រ.អា.​មិនត្រូវរឹត​ត្បិតលើការ​ធ្វើ​ដំណើរទេ។

លោក​អនុប្រធានាធិបតី Mike Pence បាននិយាយ​ប្រាប់​កម្មវិធី«Good Morning America» នៃ​ទូរទស្សន៍​អាមេរិកាំង​ ABC ថាជនជាតិ​អាមេរិកាំង​ទាំងអស់​ដែល​វិល​ត្រឡប់​មកពី​អឺរ៉ុប​នឹងត្រូវសុំ​ឱ្យ​នៅដាច់​ពី​គេ​ដោយ​ខ្លួន​ឯងចំនួន​១៤​ថ្ងៃ​នៅ​ពេលមក​ដល់ស.រ.អា.ដើម្បី​បញ្ឈប់ការរាល​ដាលវីរុសកូរ៉ូណា​៕

XS
SM
MD
LG