មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ នៅថ្ងៃចន្ទនេះ បានបន្តស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) អនុញ្ញាតឱ្យបេក្ខជនរបស់ខ្លួន អាចឈរឈ្មោះឡើងវិញក្នុងចំណោម១១ឃុំសង្កាត់ ដែលស្ថាប័នរៀបចំការបោះឆ្នោតបានសម្រេចលុបចោលបញ្ជីឈ្មោះ កាលពីកន្លងទៅ។មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងក៏ស្នើឱ្យមានការធានាបរិយាកាសល្អមុនការបោះឆ្នោត និងបញ្ឈប់ការយាយីផ្នែកនយោបាយលើសកម្មជនរបស់ខ្លួន។
លោក សុន ឆ័យ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងបានចូលរួមជាមួយគណបក្សភ្លើងទៀន បានជួបជាមួយមន្រ្តីគ.ជ.ប. កាលពីព្រឹកថ្ងៃចន្ទដើម្បីជជែកអំពីបញ្ហាមួយចំនួនដែលគណបក្សបានប្រឈម។
ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ជំនួបនោះ លោក សុន ឆ័យ ថ្លែងថាលោកបានលើកឡើងពីបញ្ហានានាដែលគណបក្សប្រឆាំងប្រឈមនៅតាមមូលដ្ឋាន ដូចជាការលុបបញ្ជីឈរឈ្មោះរបស់គណបក្សចេញពីឃុំសង្កាត់ចំនួន១១ ដែលនាំឲ្យពួកគេមិនអាចចូលរួមឈរឈ្មោះបោះឆ្នោតបាន និងការយាយីសកម្មជនគណបក្សនៅតាមមូលដ្ឋានជាដើម។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ថែមថា ជំនួបនោះមានផ្លែផ្កាល្អខ្លះដែរ ប៉ុន្តែលោកថា គណបក្សនៅតែបន្តទាមទារឱ្យគ.ជ.ប. ពិចារណារក្សាបញ្ជីឈរឈ្មោះបោះឆ្នោតទាំង១១ឃុំសង្កាត់ ដែលស្ថាប័នរៀបចំការបោះឆ្នោតលុបចេញ។
លោកបញ្ជាក់បន្ថែមថា អគ្គលេខាធិការគ.ជ.ប. លោក ទេព នីថា បានថ្លែងនៅមុខតំណាងគណបក្សភ្លើងទៀនថា ទាក់ទងនឹងការលុបបញ្ជីឈរឈ្មោះបោះឆ្នោត អាចនឹងមានការកែលម្អច្បាប់ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ទៀតអំពីលក្ខខណ្ឌ និងកំហុសកម្រិតណាដែលឈានទៅដល់ការលុបបញ្ជីឈរឈ្មោះបោះឆ្នោត។ ទោះជាយ៉ាងណា លោក សុន ឆ័យ ថា ការលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះរបស់គណបក្សជារឿង«អយុត្តិធម៌ណាស់»។
លោកថ្លែងថា៖ «ហើយលោក[អគ្គលេខាធិការរបស់ គ.ជ.ប. លោក ទេព នីថា] ជាសមាជិករបស់គណបក្សប្រជាជន ហើយទៅលុបបញ្ជីរបស់គណបក្សភ្លើងទៀនវាអាក្រក់មើលពេក!ប៉ុន្តែលោក[ទេព នីថា] ថា នឹងកែធ្វើយ៉ាងណាការលុបបញ្ជីហ្នឹង ថ្ងៃក្រោយគណបក្សអាចដាក់បញ្ជីថ្មីបាន។ អានេះយើងព្រមព្រៀងគ្នាអម្បាញ់មិញ»។
លោកបន្ថែមថា៖«មិនចាំបាច់ភស្តុតាងទេ។ ការងារខ្លះដែលយើងលើកឡើងហ្នឹង ក្រសួងមានសមត្ថកិច្ចគួរតែចុះទៅអង្កេតទៅ។ដូចគ.ជ.ប. មុននឹងកាត់សេចក្តីគួរតែចុះទៅអង្កេតទៅ កុំចាំមើលតែពាក់បណ្តឹងរបស់គូបដិបក្ខហ្នឹង ដែលមកពីបក្សខ្លួនហើយយកមកកាត់សេចក្តីឱ្យបក្សមួយទៀតបរាជ័យ ក៏អត់កើត»។
បើតាមគណបក្សភ្លើងទៀន បញ្ជីឈ្មោះបេក្ខជនគណបក្សទាំងមូលត្រូវបានលុបចោលក្នុងឃុំសង្កាត់ចំនួន១១ ដែលក្នុងនោះ៨នៅរាជធានីភ្នំពេញ ២នៅខេត្តកំពង់ចាម និង១នៅខេត្តពោធិ៍សាត់។ នៅរាជធានីភ្នំពេញ មានសង្កាត់ទួលស្វាយព្រៃ១ សង្កាត់មនោរម្យ សង្កាត់ផ្សារដើមគ សង្កាត់ព្រែកលៀប សង្កាត់ក្បាលកោះ សង្កាត់អូរឫស្សី១ សង្កាត់អូរឫស្សី២ និងសង្កាត់ដេប៉ូទី១។នៅខេត្តកំពង់ចាម មានសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក។ នៅខេត្តពោធិ៍សាត់ មានឃុំកណ្តៀង។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យក៏ទទួលស្គាល់ថា មន្ត្រីមូលដ្ឋានរបស់ខ្លួន មួយចំនួនតូច អាចមានភាពចន្លោះប្រហោង ឬមិនយល់ច្បាស់អំពីនីតិវិធីក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់នេះ។ ប៉ុន្តែលោកថា ប្រសិនបើគ.ជ.ប. ផ្លាស់ប្តូរចិត្តរបស់ខ្លួនក្នុងការរក្សាទុកបញ្ជីឈរឈ្មោះបោះឆ្នោតទាំង១១ឃុំសង្កាត់ដែលគ.ជ.ប. លុបនោះ មកឱ្យគណបក្សភ្លើងទៀនវិញ នោះ គណបក្សនឹងរៀបចំបញ្ជីបេក្ខជនថ្មីឱ្យគ្រប់លក្ខខណ្ឌ ដើម្បីជំនួស។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ដែលបានចូលរួមកិច្ចប្រជុំជាមួយគណបក្សភ្លើងទៀនដែរ ប្រាប់វីអូអេថា ជំនួបមានការយល់គ្នា និងឯកភាពគ្នា ចំពោះភារកិច្ចរបស់ស្ថាប័នគ.ជ.ប. និងតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី។ លោកបន្តថា ការទាមទារចង់បានមកវិញនូវបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនទាំង១១ ដែលគ.ជ.ប .លុបចោលគឺមិនអាចយកមកវិញបានទេដោយលោកថា បញ្ជីឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ទូទាំងប្រទេសបានចេញជាផ្លូវការរួចរាល់ហើយ។ លោកបន្តថា គណបក្សភ្លើងទៀនក៏បានទទួលស្គាល់កំហុសមន្ត្រីមូលដ្ឋានរបស់ខ្លួនក្នុងការរៀបចំបញ្ជី និងការដាក់បេក្ខជននេះផងដែរ។
លោកបញ្ជាក់ថា៖ «ថ្ងៃទី៧ថ្ងៃទី៨ [ខែមេសា] នេះ គឺបញ្ជីផ្លូវការទូទាំងប្រទេស១៦៥២ឃុំសង្កាត់ គឺផ្តល់សុពលភាពផ្លូវការអស់ហើយ។អ៊ីចឹង យើងអត់មានពេលវេលា ឬក៏មិនអាចឱ្យមានការរៀបចំបញ្ជីថ្មីរបស់គណបក្សភ្លើងទៀនទេ»។
បើតាមអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថា ការយាយី ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនតាមមូលដ្ឋាន ក៏កើតមានឡើងផងដែរ។លោកស្នើឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នគ.ជ.ប.ចុះទៅអង្កេត និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការយាយីបន្តទៀត។
លោកថ្លែងថា៖«អ្នកសង្កេតការណ៍មួយចំនួនធំ អត់ហ៊ានមក ដោយសារគេគំរាមដកបណ្ណក្រីក្រ...ច្រើនពួកឃុំពួកសង្កាត់... ហើយឥឡូវយើងមានរូបថត។ រូបថតឱ្យអំណោយហ្មង [ដែលថា] កុំទៅឈរជាអ្នកសង្កេតការណ៍អី ចាំខ្ញុំឱ្យអំណោយ។ មានរូបថតទៀត។ យើងថតរូបមេឃុំឱ្យអំណោយឱ្យអី ...ហាមមិនឱ្យពលរដ្ឋទៅធ្វើជាអ្នកសង្កេតការណ៍ឱ្យគណបក្សនយោបាយ។ ទាំងអស់នេះជាបញ្ហា។ យើងចង់ឱ្យមានការបោះឆ្នោតលើកនេះវាធ្វើទៅដោយអាចទទួលយកបានពីព្រោះវាត្រូវមាននីតិវិធីពីឥឡូវទៅ។ ចាប់ផ្តើមពីឥឡូវទៅ។ កុំចាំដល់ពេលរាប់សន្លឹកឆ្នោត អី ហ្នឹងវាទៅជាបញ្ហា»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ករណីគំរាមកំហែងដែលគណបក្សភ្លើងទៀនប្រឈម គួរតែប្តឹងទៅអាជ្ញាធរ ជាពិសេសស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប.។លោកថា រដ្ឋាភិបាល និងក្រសួងមហាផ្ទៃនឹងមិនចេញសេចក្តីណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានទេ ពីព្រោះកន្លងមក គឺមានការចេញសេចក្តីណែនាំអាជ្ញាធរក្នុងការបង្កលក្ខណៈល្អប្រសើរដល់គ្រប់ភាគីគណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយរួចរាល់ហើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការចន្លោះប្រហោងមួយៗនេះ វាមិនចាំបាច់ចេញបញ្ជាក់២ឬ៣ដងទៀតនោះទេ។សំខាន់លើមានករណីណាមួយកើតឡើង យើងពិនិត្យករណីហ្នឹងទៅ»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត លោក កន សាវាង្ស ធ្លាប់ប្រាប់វីអូអេថា ប្រសិនបើចង់ដោះស្រាយបញ្ហាគំរាមកំហែងដែលគណបក្សនានាប្រឈម អាជ្ញាធរត្រូវតែអនុវត្តតាមតួនាទី និងត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតកុំលម្អៀងផ្នែកនយោបាយ ដោយត្រូវគោរពសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៕