ខ្មែរ-អាមេរិកាំង​ចូលរួម​ជួយ​ពលរដ្ឋ​នៅ​កម្ពុជា​ក្នុង​ពេល​បិទខ្ទប់​ដោយសារ​កូវីដ១៩

លោក ​រែនឌី មុត​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​អង្គរ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​Clayton រដ្ឋ Georgia​​ ​រៃ​អង្គាស​ប្រាក់​តាម​ហ្វេសប៊ុក​ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នៅ​កម្ពុជា​ក្នុង​ពេល​បិទ​ខ្ទប់​ដោយសារ​កូវីដ១៩។ (Facebook/Angkor Resource Center)

នៅ​ពេល​ដែល​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទខ្ទប់​នៅ​ពាក់​កណ្តាល​ខែមេសា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​នៅ​ក្នុង​កម្រិត​សហគមន៍​លោក ​រែនឌី មុត​នឹក​ភ្លាម​ដល់​គ្រា​លំបាក​ដែល​លោក​ធ្លាប់​ជួប​ប្រទះ​តាំងពី​កុមារ​ភាព​ក្រោយ​ពី​ការដួល​រលំ​នៃ​របបខ្មែរ​ក្រហម​និង​ជំនួយ​ដែល​ក្រុមគ្រួសារ​លោក​បាន​ទទួល​រហូត​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

លោក​រែនឌី មុត​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​អង្គរ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​Clayton​ រដ្ឋ Georgia បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​ក្នុង​ការងារ​សហគមន៍​មកខិតខំ​រៃអង្គាស​ថវិកា​តាម​អនឡាញ​និង​តាម​រយៈ​មិត្តភក្តិ​ដើម្បី​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ជាប់​នៅ​ក្នុង​តំបន់​បិទខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​និង​តំបន់​ប៉ះពាល់​ផ្សេង​ទៀត​ហើយ​មិន​អាច​ចេញ​ក្រៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។

លោក រែនឌី មុត​បាន​រៃ​អង្គាស​ចំនួន​៣​លើក​ដោយ​រួម​ទាំង​នៅ​ថ្ងៃ​ខួប​កំណើត​របស់​លោក​ផងដែរ។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា៖ «ខែ៥​ថ្ងៃទី៤​គឺ​ជា​ថ្ងៃកំណើត​ខ្ញុំ អីចឹង​ខ្ញុំ​ចេញ​មុខ​មក​ដោយ​ធ្វើ​មុខ​ក្រាស់​បន្តិច​ដើម្បី​ជួយ​បងប្អូន​ខ្មែរ​យើង។ ខ្ញុំថា​វាជា​ថ្ងៃ​កំណើត​ខ្ញុំ​បើ​បងប្អូនចង់​រាប់អាន​ចងដៃ​ថ្ងៃ​កំណើត​ខ្ញុំគឺ​ប្រៀបដូច​ជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ដោយ​លុយ​ដែល​គាត់​ចង​ដៃខ្ញុំ​គឺខ្ញុំ​បង្វិល​ទៅ​ទិញ​អង្ករ​ទិញ​មី​ ទិញ​ទឹកត្រី​ឲ្យ​បងប្អូន​ខ្មែរ​យើង»។

លោក រែនឌី មុត​ នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​អង្គរ។ (រូប​ផ្តល់​ឱ្យ​ដោយ រែនឌី មុត)

វាគឺ​ជា​បទពិសោធ​ដ៏​លំបាក​ពី​អតីតកាល​ដែល​បណ្តាល​ឲ្យ​លោក​ត្រូវ​ខិតខំ​ធ្វើសកម្មភាព​សង្គម​នេះ។

ក្រុមគ្រួសារ​របស់​លោក​រែនឌី​មុត​បាន​ភៀសខ្លួន​មក​រស់នៅ​ជំរុំ​សាយធូ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​និង​បាន​មកដល់​អាមេរិក​នៅ​ឆ្នាំ​១៩៨២​គឺ​តាំងពី​លោក​មាន​អាយុ​៥ឆ្នាំ​នៅឡើយ​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​អាមេរិកាំង។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្លួន​ខ្ញុំ​ធ្លាប់​កម្រត់​កម្រ​សម័យ​ប៉ុលពត​សម័យ​យួន​ចូល។ នោះ​ជា​ដើម​ហេតុ។ ខ្ញុំ​កំពុង​កម្រត់​កម្រ​សម័យ​ហ្នឹង​មាន​អ្នកអាមេរិក​គេ​ជួយ។ ខ្ញុំរៀនសូត្រ​តាម​ហ្នឹង​ទោះបី​ជា​ខ្ញុំ​ក្មេង​ក្តី​គឺ​ខ្ញុំ​ចងចាំ​ថា​ពេល​ណា​ខ្ញុំ​មាន​ឱកាស​ពេល​ស្រុក​យើង​មាន​បញ្ហា​អ្វី​ក៏ដោយ​ខ្ញុំ​នឹង​ព្យាយាម​ជួយ​ទៅតាម​សមត្ថភាព»។

មានអ្នកចូលរួម​ជួយ​ដែល​បរិច្ចាគ​ថវិកា​ចំនួន​១០​ដុល្លារ​និង​អ្នកខ្លះ​តែ​៥​ដុល្លារ​ហើយ​លោក​ប្រមូល​បាន​ថវិកា​ជាច្រើន​ពាន់​ដុល្លារ​ដោយ​បាន​ប្រគល់​ទៅខាង​ព្រះវិហារ​សាសនា​គ្រឹស្ត​មួយ​របស់​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋGeorgia​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ដើម្បី​ជួយ​ចែកដល់​ពលរដ្ឋ​រងផល​ប៉ះពាល់។ ក្រុម​អ្នក​ចាត់​ចែង​ថ្លែង​ថា​មាន​ពលរដ្ឋ​រងគ្រោះ​ជាង​២០០​គ្រួសារ​ទទួលបាន​អំណោយ​ឧបត្ថម្ភ​នេះ។

ក្នុង​ឆ្នាំ​២០២០​នៅ​ពេល​ដែល​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​លោក​រែនឌី​ក៏​បាន​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​បាត់​ដំបង​តាម​រយៈ​អង្គការ​ខ្មែរ​ជួយ​ខ្មែរ​ផងដែរ។​

សកម្មភាព​របស់​លោក​រែនឌី មុត​គឺ​ជា​ផ្នែក​តូច​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​ខិតខំ​ស្វែងរក​ថវិកា​ដើម្បី​ជួយ​ជនរួមជាតិ​របស់​ខ្លួន​ក្នុង​គ្រា​លំបាក​បើ​ទោះបី​ជា​ពួកគេ​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ជាយូរ​ហើយ​ក៏ដោយ​ឬ​ក៏​កំពុង​ប្រឈម​នឹង​ការលំបាក​ផ្ទាល់ខ្លួន​ផងដែរ​ដោយសារ​តែ​ជំងឺ​កូវីដ១៩។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឯទៀត​ក៏​ចូលរួម​ក្នុង​ការរៃអង្គាស​ប្រាក់​ដើម្បី​ជួយ​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ការបិទ​ខ្ទប់​កន្លងទៅ​នោះ​ដែរ។ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បាន​បរិច្ចាគ​តាម​រយៈ​គណបក្ស​នយោបាយ​ដែល​ពួកគេ​គាំទ្រ​ទាំង​គណបក្ស​កាន់​អំណាច​និង​មិន​កាន់​អំណាច​និង​អ្នកខ្លះ​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សកម្មជន​នានា។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​រៃ​អង្គាស​ថវិកា​មួយ​ចំនួន​ជួយ​ដល់​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​ដោយ​ផ្តោត​សំខាន់​លើ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជួប​ការលំបាក។

លោក​ប្រាក់ សេរីវុឌ្ឍ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ដែល​ឮ​ថា​ស្រុក​ខ្មែរ​កើត​កូវីដ​ហើយ​បងប្អូន​ខ្មែរ​ក្រោម​នៅ​ទីនោះ​កើត​កូវីដ​យើង​ខំស្រាក់​លុយ​គ្នា​ដោយ​ប្រមូល​បាន​តិចតួច​ខំ​ទៅ​បាន​៥.០០០​ដុល្លារ​ដែរ។ បើ​រៃ​បាន​ច្រើន​ក៏​យក​ទៅ​ចែក​ឲ្យ​បង​ប្អូន​យើង​ខាង​សង្គម​ខ្មែរ​។ ខ្មែរ​ក្រោម​យើង​ក៏​មិន​ធូរធារ​ដែរ​គឺ​ជួយ​បាន​តិច​តួច។ ប៉ុន្តែ​ចង់​និយាយ​ថា​ទឹកចិត្ត​ខ្មែរ​ក្រោម​ទូលំទូលាយ​ណាស់​ពេលណា​មាន​អាសន្ន​អន់ក្រ​អី»។

អាជ្ញាធរកំពុងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អំណោយ​នេះ​បាន​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​៣៤៤​គ្រួសារក្នុង​នោះ​មាន​អ្នក​នៅ​ខេត្ត​សៀមរាប​ចំនួន​១០០​គ្រួសារ​ស្វាយរៀង​៦៤​គ្រួសារ​និង​រាជធានី​ភ្នំពេញចំនួន​១៨៨​គ្រួសារ។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ។

លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជាក់ប្រាប់​វីអូអេ​កាលពីសប្តាហ៍​មុន​ថា៖ «ស្ថានភាព​ទី​១​គឺ​ពួកគាត់​ជា​អ្នក​ឆ្លងកូវីដ​ដោយ​ផ្ទាល់។ ទីពីរ​គាត់​មិន​បាន​ឆ្លង​ជំងឺ​កូវីដ​ទេ​ប៉ុន្តែ​ស្ថិត​នៅក្នុង​តំបន់​បិទខ្ទប់។​តំបន់​បិទខ្ទប់​គឺ​យើង​មិន​គិតថា​តំបន់​ក្រហម​តំបន់​លឿង​ទុំ​ឬ​តំបន់​លឿង​ទេ​ឲ្យ​តែ​ស្ថានភាព​របស់​គាត់​ខ្វះស្បៀង។ ហ្នឹង​ទីពីរ។ ទីបី​គឺ​ចែក​ជូន​ពួកគាត់​ដែល​សម្រាល​ការខ្វះខាត»។

ប្រទេស​កម្ពុជា​មាន​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩​ចំនួន​១៩៦​នាក់​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​និង​ឆ្លង​ជាង​២៨.០០០។ អ្នក​សះស្បើយ​មាន​ចំនួន​២០.៩០០នាក់។

រីឯ​ការបិទខ្ទប់​ភ្លាមៗ​ត្រូវបាន​អ្នកការពារ​សិទ្ធិមនុស្ស​និង​គណបក្ស​ប្រឆាំង​រិះគន់​ផងដែរ​ថា​ធ្វើ​ឡើង​ដោយ​គំហុក​ដោយ​មិន​បាន​គិតដល់​កត្តា​ជីវភាព​និង​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ជាពិសេស​អ្នក​លក់​ដូរ​តិចតួច​ដែល​រកបាន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​នៃ​ការបិទ​ខ្ទប់​នេះ មាន​អំណោយ​របស់​រាជរដ្ឋាភិបាល​ជាង​១០​ម៉ឺន​កញ្ចប់​ត្រូវបាន​ចែកជូន​ដល់ដៃ​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ដោយ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​អ្នក​រស់នៅក្នុង​តំបន់​ក្រហម​ដែល​មិន​អាច​ចាកចេញ​ពី​ផ្ទះ​បាន។

តំបន់​ខ្លះ​ដែល​មាន​ខ្មែរ​ក្រោម​រស់នៅ​ក៏​បាន​ទទួល​អំណោយពី​ខាង​រដ្ឋាភិបាល​ដែរប៉ុន្តែ​មិន​បាន​គ្រប់គ្រាន់​ទេ​និង​ពេល​ខ្លះ​មិនត្រូវបាន​យកចិត្ត​ទុកដាក់​ត្រឹមត្រូវ​ទេ។

លោក​តាំង សារៈ​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​ក៏​បាន​ទទួល​ព័ត៌មាន​ថា​តំបន់​ខ្លះ​ពេល​ដែល​ដឹង​ថា​ខ្មែរ​កម្ពុជា​ក្រោម​គឺ​គាត់​អត់​ផ្តល់​ឲ្យ​ទេ​គាត់​ថា​ទៅខាង​សមាគម​ទៅ​ព្រោះ​ខាង​សមាគម​មាន​អំណោយ​ហើយ។ មិនដឹង​ជា​គាត់​យល់​ឃើញ​យ៉ាងម៉េច​ទេ​ដែល​គាត់​និយាយ​បែប​ហ្នឹង​។ ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​បែបណា​ដែរ​នេះ​ជា​សម្តី​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន​ទេ»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​បើទោះបី​ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​នៅ​ទូទាំង​ប្រទេស​នៅ​តែខ្ពស់​គឺ​ក្នុង​រង្វង់​៦០០​នាក់។ ការបើក​ឡើង​វិញ​នេះ​បាន​នាំ​ឲ្យ​ជីវភាព​វិល​មករក​ស្ថានភាព​ស្ទើរតែ​ដូចធម្មតា​វិញ​ប៉ុន្តែ​ផល​ប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ច​នាំ​ឲ្យ​សកម្មជន​សហជីព​ព្រួយ​បារម្ភ​ដោយសារ​តែ​វាបាន​ឆ្លង​ជាច្រើន​ដល់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ដែល​ពិបាក​នឹង​គ្រប់គ្រង​ដោយសារតែ​ស្ថានភាព​ការងារ​របស់​ពួកគេ​ពិបាក​ក្នុង​ការរក្សា​គម្លាត៕