ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព៖​ ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ​គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហ​កម្ម​កាត់ដេរ​


រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​មេដឹកនាំ​សហជីព​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​អំពី​ការ​បារម្ភ​របស់​អ្នក​បញ្ជា​ទិញ​នៅ​ពេល​ជំងឺកូវីដ​១៩​បាន​រាតត្បាត​កាន់​តែ​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បន្ទាប់​ពី​រាជធានី​ភ្នំពេញ​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​បន្ធូរ​បន្ថយ​វិធានការ​បិទខ្ទប់​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​អាជ្ញាធរ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​អំពី​កម្មករ​នៅ​តាម​រោងចក្រ​ដែល​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩​ជា​បន្តបន្ទាប់។​ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថាមាន​កម្មករ​រោងចក្រ​សរុប​ប៉ុន្មាន​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩​រហូត​មក​ដល់​ពេល​នេះ​ហើយ​ថា​ តើ​មាន​រោងចក្រ​ប៉ុន្មាន​ដែល​បាន​ផ្អាក​ដំណើរ​ការ​ដោយ​សារតែ​ការ​វាយប្រហារ​របស់​ជំងឺ​កូវីដ១៩។​

មេ​ដឹកនាំ​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មាន​ប្រតិកម្ម​ផ្សេងៗ​ពី​តំណាង​និយោជក​និង​អ្នក​បញ្ជា​ទិញ​ធំៗ​អំពី​ស្ថានភាព​នៃ​ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ១៩​នៅ​តាម​បណ្តា​ខេត្ត​ដោយ​ខាង​ភាគី​អ្នក​បញ្ជា​ទិញ​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ​ទំនិញ​បន្ថែម​ខណៈ​ខាង​ភាគី​និយោជក​ថា ​ការ​ផ្គត់​ផ្គង់​ទំនិញ​គួរ​តែ​បន្ត​មាន​ពី​ប្រទេស​កម្ពុជា​ជាមួយ​នឹង​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ។​

លោក​ថ្លែង​ថា៖ «កន្លង​មក​គឺ​អ្នក​បញ្ជា​ទិញ​គឺ​គេ​បារម្ភ​អំពី​បញ្ហា​ដែល​វា​កើត​មាន​សម្រាប់​ខាង​កម្មករ​ហ្នឹង​ ​ហើយ​គេ​ពិបាក​នៅ​ក្នុង​ការ​ពន្យល់​ទៅ​ដល់​ខាង​និយោជក​ថា​ គេ​បន្ត​ទិញ​ ឬ​យ៉ាងម៉េច​ទេ​ ដោយ​សារ​តែ​ព្រោះ​កាល​ណា​គេ​ទិញ​ហាក់​បី​ដូច​ជា​គេ​ហ្នឹង​ជំរុញ​ឲ្យ​មាន​ការ​ដូច​ថា​ ការ​ឆ្លង​អ៊ីចឹង»។​

រូប​ឯកសារ៖ លោក​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុនប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី)
រូប​ឯកសារ៖ លោក​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុនប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី)

លោក​បន្ថែម​ថា៖​«ប៉ុន្តែ​បើ​គេ​មិន​ទិញ​ការងារ​អត់​មាន។ ​ កម្មករ​មាន​បញ្ហា។​អា​នោះ​គឺ​មាន​បញ្ហា​ទាំង​អស់​គ្នា។​ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ដឹង​គឺ​អ្នក​បញ្ជា​ទិញ​គឺ​ចង់​បាន​មាន​ការ​ចាក់​វ៉ាក់សាំង​ហើយ​មាន​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​ច្រើន​ជាង​កន្លែង​ដែល​មាន​ការ​ឆ្លង។​ ប៉ុន្តែ​យើង​ក៏អត់​ឃើញ​អ្នក​បញ្ជា​ទិញ​ហ្នឹង​គាត់​បាន​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​អី​ផ្សេងៗ​នៅ​អំឡុង​ពេល​កូវីដ​អី​ហ្នឹង​ទេ​គឺ​ថា​នៅ​អត់​ទាន់​មាន​ការ​ផ្តល់​អី​ជាក់​លាក់​ទេ​បាទ»។

កម្ពុជា​ជា​ទីកន្លែង​ផ្គត់ផ្គង់​ទំនិញ​ដល់​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ទូទៅ​និង​កីឡា​ម៉ាក​ល្បីៗ​មួយ​ចំនួន​ដូចជា​ H&M, Adidas ​និង ​Nike ​ជាដើម។

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ថ្លែង​ថា​ ខាង​ភាគី​អ្នក​បញ្ជា​ទិញ​បាន​ឲ្យ​ដឹង​អំពី​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​ស្ថានភាព​កម្មករ​ដែល​តោង​ឲ្យ​អាជ្ញាធរ​ត្រូវ​បង្កើន​វិធានការ​សុខាភិបាល​ចាំ​បាច់​សម្រាប់​ទប់​ស្កាត់ការ​ឆ្លង​រាតត្បាត​និង​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ។​

បើ​តាម​លោក​ប៉ាវ ​ស៊ីណា ​ អ្នក​បញ្ជា​ទិញ​អាច​បន្ថយ​ការ​ទិញ​ទំនិញ​របស់​ខ្លួន​ ប្រសិន​បើ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​តាម​រោងចក្រ​មិន​ថម​ថយ​ចុះ​នោះ។​

លោក​ថ្លែង​ថា៖ «គេ​មិន​លើក​ឡើង​ទេ​ប៉ុន្តែ​យើង​អាច​មើល​ឃើញ។​ប្រសិន​បើ​ស្ថានភាព​នេះ​វា​កាន់​តែ​រាលដាល​ខ្លាំង​ការ​បញ្ជា​ទិញ​គេ​អាច​ត្រូវ​បាន​បន្ថយ​ឬ​ក៏​អាច​ត្រូវ​បាន​ផ្អាក​ប្រសិន​បើ​រោងចក្រ​នីមួយៗ​ត្រូវ​បាន​រក​ឃើញ​[ថា​ មាន​ជំងឺ​រាតត្បាត]។​ ដូច្នេះ​ តែ​កាល​ណា​រោងចក្រ​រក​ឃើញ​[ថា​ មាន​ជំងឺ​រាតត្បាត]​ កម្មករ​ត្រូវ​បាន​ផ្អាក​ការងារ។​ដូច្នេះ​កាល​ណា​ផ្អាក​ វាធ្វើ​ឲ្យ​ទំនិញ​យើង​វា​ស្ទះ។​កាលណា​ស្ថានភាព​កាន់​តែ​ផ្ទុះ​ខ្លាំង​ អ៊ីចឹង​ការ​កុម្ម៉ង់​នឹង​មាន​ការ​ផ្អាក​ហើយ»។​

កាសែត​កម្ពុជា​ថ្មី​បាន​រាយ​ការណ៍​ថា​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ឧសភា​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​គោលដៅ​ចំនួន​១៤​នៅ​ម្តុំ​ផ្សារ​ព្រៃ ទា​សង្កាត់​ចោម​ចៅ​៣ ​ខណ្ឌ​ពោធិ៍សែនជ័យ​ ក្រោម​ហេតុផល​ថា​កម្មករ​ប្រមាណ​ជាង​១០០​នាក់​ក្នុង​រោងចក្រ​H7​ឆ្លង​ជំងឺ​កូវីដ១៩​ហើយ​មាន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ចេញ​សេចក្តី​បំភ្លឺ​ដល់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការ​ផ្អើល​ឆោឡោ​របស់​ក្រុម​កម្មករ​នៅ​រោងចក្រ​ដំឡើង​ទោចក្រយាន​អេ អេន​ ជេ​ (ខេម​បូឌា)​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ក្រោយ​កម្មករ​ចំនួន​៥៥​នាក់​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​បង្ហាញ​អត្ត​សញ្ញាណ​នៃ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​កម្មករ​ធ្វើការ​នៅ​តាម​រោងចក្រ​ស្ថិត​ក្នុង​ខណ្ឌ​មួយ​ចំនួន​ដូចជា​ខណ្ឌ​សែនសុខ​ ពោធិ៍សែនជ័យ​ឫស្សី​កែវ ​ កំបូល​និង​ខណ្ឌ​មានជ័យ​ជាដើម។​

វីអូអេ​មិន​ទាន់អាច​សុំការ​អធិប្បាយ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​មួយ​ចំនួន​ដូច​ជា ​H&M ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC)​គឺ​លោក​ខេន លូ​បាន​ដែរ​ដោយ​សារ​លោក​លើក​ទូរស័ព្ទ​រួច​ដាក់​ចុះ​វិញ។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ​មិន​ឆ្លើយតប​សំណួរ​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​WhatsApp​ទេ។

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ៕

XS
SM
MD
LG