ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស៖ អាជ្ញាធរ​គួរ​ផ្តល់​លំហ​សាធារណៈ​ក្នុង​តំបន់​ក្រហម​ដើម្បី​ឲ្យ​អ្នក​កាសែត​ប្រមូល​ព័ត៌មាន


រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​និងសារព័ត៌មាន ​នៅថ្ងៃសុក្រនេះ​ បានប្រតិកម្ម​ទៅនឹង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​ដែល​ហាម​ឃាត់​មិន​ឲ្យ​អ្នកកាសែត​ចុះយក​ព័ត៌មាន​មួយ​ចំនួន​ក្នុងតំបន់​ក្រហម​ដែលត្រូវ​បិទខ្ទប់​រហូត​ដល់​ថ្ងៃទី ​១២ ខែឧសភា។

នៅ​ក្នុងសេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​ ៦ ខែឧសភា រដ្ឋមន្ត្រីព័ត៌មានលោក ​ខៀវ​ កាញារីទ្ធ​ បាន​ឲ្យ​ដឹង​ថា​មន្ត្រីព័ត៌មាន​និង​អ្នក​សារព័ត៌មាន​អាច​ចេញចូល​នៅក្នុងភូមិសាស្ត្រ​បិទ​ខ្ទប់នៃ​ភូមិសាស្ត្រ​រាជធានី​ និង​ក្រុងតាខ្មៅ​ បើមាន​លិខិត​អនុញ្ញាត​ដែលមាន​សុពលភាព​និងចេញ​ដោយក្រសួង​ព័ត៌មាន។

ប៉ុន្តែ​សេចក្តីជូនដំណឹង​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​ចុះ​យកព័ត៌មាន​និងការ​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​នានា​ក្នុង​តំបន់​ក្រហម​និងតំបន់​ហាម​ឃាត់​នៃតំបន់​បិទខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និងក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ដូចជា៖​ សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​អ្នកជំងឺ​កូវីដ១៩​ ការចូល​ទៅក្នុង​តំបន់​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩​ មន្ទីរពេទ្យ​រដ្ឋ​និងឯកជន ​ដែល​កំពុង​ព្យាបាល​ជំងឺកូវីដ១៩​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លងរាលដាល​ជំងឺ១៩ ​ត្រូវបានហាម​ឃាត់»។

លោក ​ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា សិទ្ធិ​សេរីភាព​នៃការចុះយក​ព័ត៌មាន​មិន​គួរត្រូវ​បាន​រឹតបន្តឹង​តែ​គួរ​មាន​ការសម្រប​សម្រួល ​ដើម្បី​អនុញ្ញាត​ឲ្យអ្នកសារព័ត៌មានមានលទ្ធភាព​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ ឬ​ក៏​ព្រឹត្តិការណ៍​សាធារណៈដែល​កើត​ឡើងនៅក្នុង​តំបន់​ក្រហម​នោះ។

លោក​ប្រាប់​វីអូអេថា៖ «ចំពោះ​ពួក​គាត់​ដែល​ជា​អ្នកសារព័ត៌មាន ​ខ្ញុំ​ជឿជាក់​ថា ​ពួកគាត់​សុទ្ធតែ​មាន​ការ​យល់ដឹង​អំពី​របៀប ​បីកុំ ​បី​ការពារ​អីទាំង​អស់​ហ្នឹង​។ បើសិន​ជាគាត់​ទៅ​គោរព​ដោយទៅតាម​វិធាន​រដ្ឋបាល ​វិធានការ​ការពារ​ជំងឺហ្នឹង​ តាម​រយៈ​ក្រសួង​សុខាភិបាល​បាន​ត្រឹមត្រូវ​ ហើយ​គាត់​ធ្វើការងារ​តាម​បែប​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​គាត់ ​ក្រម​សីលធម៌​ការងារ​របស់​ពួកគាត់​បាន​ត្រឹមត្រូវ ​ខ្ញុំគិតថា ​មិនគួរណា​មាន​ការ​រារាំង​ពួកគាត់​ទេ»។

ជាការ​ប្រតិកម្មទៅនឹង​ការសម្រេចរបស់ក្រសួង​ព័ត៌មាន​ ក្រុមសមាគម​និងអង្គការ​អ្នកការពារសិទ្ធិ​អ្នក​សារព័ត៌​មាន​ចំនួន​ ៤ ​បាន​អំពាវ​នាវ​ឲ្យ​ក្រសួងព័ត៌មាន​ស្តាឡើង​វិញ​នូវសិទ្ធិរបស់​អ្នកសារព័ត៌មាន ​ក្នុង​ការ​ចូល​ទៅប្រមូល​ព័ត៌មានក្នុង​តំបន់​ក្រហម។​

សេចក្តីថ្លែងការណ៍​របស់​ក្រុមអង្គការ​ទាំង​នោះ ដែលរួមមាន​សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ ​(IFJ) និងក្លឹប​អ្នកសារព័ត៌មាន​បរទេសនៃកម្ពុជា​ (OPCC)​ បានលើក​ឡើងថា៖

«អ្នកសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ពួកគេ​បាន​ត្រៀម​ទទួល​យក​ហានិភ័យ ​និង​ចាត់​វិធានការ​ការពារ​ខ្លួន​ដែល​ចាំបាច់​យ៉ាងហ្មត់​ចត់ ​ដើម្បី​ចុះយក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម​ ទៅតាម​វិធី​ដែល​អាច​ការពារ​ខ្លួន​ពួក​គេ ​និងការពារ​សុវត្ថិភាព​សាធារណៈបាន។ លទ្ធភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការ​ផ្លាស់​ទី​ដោយ​សេរី​ទៅក្នុង​តំបន់​ទាំង​នេះ​ មាន​ភាព​ចាំបាច់​ណាស់​ដល់​ការងារ​របស់​ពួកគេ​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ដល់​សាធារណជន»។

ពួកគេបន្ថែមថា៖ «ប៉ុន្តែ​ការដកហូត​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន នាពេល​ថ្មីៗ​នេះ ​ក្នុង​ការ​ចូល​យក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម ​បាន​រឹតត្បិត​សិទ្ធិរបស់​ពួកគេ​ក្នុងការ​រាយការណ៍​ដោយ​សេរី​និង​យុត្តិធម៌»។

រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

នាយកប្រតិបត្តិ​នៃ​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា ​(ខេមបូចា) លោក ណុប​ វី យល់​ថា អាជ្ញាធរ​គួរ​ពិចារណា​សម្រួល​ឲ្យអ្នក​សារព័ត៌មាន​បានចូល​ប្រមូល​ព័ត៌មាន​ក្នុង​ទីសាធារណៈ​នៃតំបន់​ក្រហម ​ដែលទីតាំង​ខ្លះ​ត្រូវ​បាន​ហាម​ឃាត់ដូចជា​មជ្ឈមណ្ឌល​ព្យាបាល​អ្នកជំងឺកូវីដ១៩​ ជាដើម។ លោកថា ​ការបិទ​ខ្ទប់​ទាំង​ស្រុង​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ទៅតំបន់​នោះ​បាន​អាច​ជាការ​ខាត​ប្រយោជន៍​សាធារណជន។

លោក​បន្ថែម​ថា៖ «អីចឹង​ហើយ ​វា​ចាំបាច់​ណាស់នៅក្នុងការ​ទទួលព័ត៌មានគ្រប់​ជ្រុង​ជ្រោយ ​ព័ត៌មាន​ពីផ្នែក​ផ្សេងៗ​ពីតំបន់​ទាំង​អស់​ហ្នឹង​ ជាជាងយើង​ ឬមួយ​ក៏អាច​ថាព័ត៌មាន​ហ្នឹង​គឺ​ទទួលបាន ​ឬ​ក៏ផ្តល់​ឲ្យ​តែ​មួយ​ផ្នែក​ណា​មួយ»។​

យ៉ាងណា​ក៏ដោយ ​អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យក្រសួងព័ត៌មាន​លោក មាស​ សុភ័ណ្ឌ​ លើក​ទឹកចិត្ត​ឲ្យ​អ្នកសារព័ត៌មាន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ ​ពាក់ព័ន្ធ​នឹង​ការចុះ​ទៅយក​ព័ត៌មាន​ក្នុងតំបន់​ក្រហមនេះ​។

នៅពេល​សួរថា​តើ​អ្នកកាសែត​អាចចូលទៅ​ជួបប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ​ក្នុងតំបន់​ក្រហម​ ក្រៅ​ពីតំបន់​ហាម​ឃាត់​ក្នុង​តំបន់​ក្រហម​នោះ ​អ្នក​នាំពាក្យរូបនោះ​មានប្រសាសន៍ថា៖ «អាស្រ័យ​ទៅ​លើ​ការដាក់​ចេញ​បទ​បញ្ជា​សារាចរ​ការណែ​នាំ​របស់​អាជ្ញាធរ»។

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​អភិបាល​រងរាជធានី​ភ្នំពេញ​លោក កើត​ ឆែ​ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា ​អ្នកកាសែត​នឹងមិនត្រូវ​អនុញ្ញាត​ឲ្យចូល​ទៅធ្វើ​សេចក្តីរាយការណ៍​បន្ត​ផ្ទាល់​ពី​តំបន់ក្រហម​នោះ​ទេ ក្រោម​ហេតុ​ផល​សកម្មភាពនោះ​មានហានិភ័យ​ដល់ការចម្លង​ជំងឺកូវីដ​១៩ នៅពេល​មនុស្សម្នា មក​ប្រមូល​ផ្តុំ​មើល​ការផ្សាយ​បន្ត​ផ្ទាល់នោះ។ លោកព្រមានអ្នកកាសែត​ថា ពួកគេអាចប្រឈម​នឹងវិធានការ​ច្បាប់ ​ព្រោះ​វិធានការ​អប់រំ​ត្រូវបាន​ប្រើប្រាស់​រួចមក​ហើយចំពោះ​អ្នកកាសែត​ណាដែល​បាន​ចូលទៅក្នុង​តំបន់​ក្រហមនោះ។

នៅឆ្នាំ​ ២០២១​ នេះ ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders)​ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ ១៤៤ ​ក្នុង​ចំណោម​ប្រទេស ​១៨០​ សម្រាប់​សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ។ ចំណាត់​ថ្នាក់​នេះ​មិន​ខុស​ពី​ការ​កត់ត្រា​របស់​អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាល​ពី​ឆ្នាំ​ ២០​២០ ដែល​មាន​ន័យ​ថា​ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG