ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បារម្ភខ្លាំង​ពី​សន្តិសុខ​ស្បៀង​និង​បំណុល ខណៈ​ការ​បិទ​ខ្ទប់​ក្រុង​បន្ត​មួយ​សប្តាហ៍​ទៀត


រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រប​ពេលការ​បិទ​ខ្ទប់​ទីក្រុង​នឹង​បន្ត​មួយ​សប្តាហ៍​ទៀត ប្រជាពលរដ្ឋ​មួយ​ចំនួនបាន​កោតសរសើរ​ចំពោះ​វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​ពួកគេ​ថា​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​កាន់​តែ​អាក្រក់​ទៅ និង​ប្រឈម​គំនាប​សង​បំណុល​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១។ ការ​បិទ​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ពឹង​ផ្អែក​ការ​រកស៊ី​ប្រចាំ​ថ្ងៃ ចាប់​ផ្តើម​ត្អូញ​ត្អែរ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​ប្រឈម​នឹង​កង្វះ​ម្ហូប​អាហារ​ផង​ដែរ។

លោក ហេង សិរីវិសាល អ្នក​រត់ម៉ូតូ​កង់​បី​ក្នុង​ទីតាំង​បិទ​ខ្ទប់​មួយ​កន្លែង​ក្នុង​រាជធានី ​ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​កំពុង​ប្រឈម​ការ​ដាច់​ស្បៀង ដោយ​រក​ចំណូល​សឹង​មិន​បាន​៥ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ ឬ​រក​មិន​បាន​តែ​ម្តង​ ក្នុង​ពេល​មាន​ការ​បិទ​ខ្ទប់​ទីក្រុង។

លោក ហេង សិរីវិសាល ថ្លែង​ថា៖ «គាត់​ជួយ​ក្នុងការ​ទប់​ស្កាត់​ ខ្ញុំ​ទទួល​ស្គាល់​ ប៉ុន្តែ​ផល​ដែល​ប៉ះពាល់​គឺ​អ្នក​ដែល​ប្រកប​មុខ​របរ​ ក្រៅ​ប្រព័ន្ធ​ដូច​ពួក​ខ្ញុំ​ហ្នឹង​ [និយាយ​ថា]​ វេទនា​ណាស់​បង​ អត់​មាន​ប្រាក់​ចំណូល​ចូល​ទេ​ មាន​តែ​ចេញ​ហើយ​រាល់​ថ្ងៃ​ហ្នឹង​ មាន​តែ​ចេញ​រហូត​ ភ្ញាក់​ឡើង​ចេញ ចេញ ចេញ​រហូត​ ហើយ​ចេញ​រហូត​អស់​ហើយ​ឥឡូវ​បង​»។ ​

ដោយ​រកប្រាក់​ចំណូល​មិន​បាន​ទៀងទាត់ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង​នេះ លោក វិសាល ​អាយុ​៣៩​ឆ្នាំ​ ជា​ពលរដ្ឋចំណាក​ស្រុក​ពីខេត្ត​ព្រៃវែង​ និង​ជា​ឪពុក​របស់​កូន​បីនាក់ មាន​ប្រសាសន៍​ថា​បុគ្គលិក​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​បាន​បន្តទារបំណុល​ ដែល​លោក​បាន​ខ្ចី​យក​មក​ទិញ​ម៉ូតូកង់បី​។

លោក ហេង សិរីវិសាល បន្តថា៖ «ធនាគារ​ទារ​រហូត​ហ្នឹង​ ឥឡូវ​ខ្ញុំ​អស់​ពាក្យដោះស្រាយ​ឥឡូវ ដល់ពេល​យើងនិយាយ​ពាក្យ​ថា​ ខ្ញុំ​ជាប់​នៅ​តំបន់[បិទខ្ទប់]​ហើយ ចេញ​អត់​រួច​ទេ គាត់​អត់​ជឿ​ទេ»។

កម្មការិនី​ម្នាក់​ក្នុង​ខណ្ឌឫស្សី​កែវ​ គឺ​អ្នកស្រី​ ភាង​ សារ៉ុម ជាស្ត្រីមេម៉ាយមាន​កូន​បួន​នាក់​ក្នុងបន្ទុក​បាន​អំពាវ​នាវ​រកស្បៀង​កាលពី​ថ្ងៃច័ន្ទ​ក្នុង​ពេល​កំពុងស្នាក់​នៅក្នុងតំបន់បន្ទប់​ជួល​មួយកន្លែង​ ដែល​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់ ដោយ​សារ​រកឃើញ​ការឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​តំបន់នោះ។

អ្នកស្រី​ប្រាប់​វីអូអេ​បន្ថែម​ថា ​ក្រោយ​ការអំពាវ​នាវ​នោះ​ អ្នក​រស់​នៅក្បែរបន្ទប់​ជួល​អ្នកស្រី​បានជួយ​ជា​លុយ​កាក់​ចំនួន​៨​ម៉ឺនរៀល​ និង​អាហារ​ជា​គ្រឿង​កំប៉ុង​ និងមី​បន្តិចបន្តួច​ផ្សេង​ទៀត ដែល​អ្នកស្រី​យល់​ថា​មិន​គ្រប់​គ្រាន់​ក្នុង​រយៈពេល​ដែល​អាជ្ញាធរ​បន្ត​បិទ​ទីក្រុង​ភ្នំពេញ​នោះ​ទេ។ អ្នកស្រី​និយាយ​ថា​ ការងារ​ដែល​ផ្តល់​ឲ្យ​ប្រាក់​ចំណូល​ដល់អ្នកស្រី​ប្រមាណ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ​ក៏ត្រូវបាន​ព្យួរ ហើយ​ក៏​មិនដឹង​ថា​ថៅកែ​នឹង​ទូទាត់​ប្រាក់ឈ្នួល​ក្នុង​ពេល​បិទ​ខ្ទប់ទីក្រុង​នេះ​ឬ​យ៉ាងណា។ ​

អ្នកស្រី​ ភាង​ សារ៉ុម ថ្លែងថា៖ «ខ្ញុំផ្អាក​តាំង​មុនចូល​ឆ្នាំ​ គេ​ឃុំ​ខ្ញុំ​អីចឹង​ គេឃុំ​មិន​ឲ្យចេញ​ទៅក្រៅ​តាំងពី​ថ្ងៃ​ទី​១០»។

អ្នកស្រី​បន្ថែមថា​ មានការ​ពិបាក​រកទិញ​អាហារ​ ក្នុង​ទីតាំង​ដែលអ្នកស្រី​កំពុងស្នាក់នៅ​ ដំណាល​ពេល​នឹង​ការ​បិទខ្ទប់​ទីក្រុង​នេះ។

កាលពី​យប់​ថ្ងៃច័ន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​បន្ត​ខ្ទប់​រាជធានី​ភ្នំពេញ​ និងក្រុង​តាខ្មៅ​ មួយ​សប្តាហ៍​ទៀត​ បន្ទាប់​ពីការ​បិទ​ខ្ទប់​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍ គ្រា​មិន​មាន​ភាព​ប្រសើរ​ឡើង​នៃ​ការ​ស្រកចុះ​ករណី​ឆ្លង​ជំងឺកូវីដ​១៩។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ចុះថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ២០២១។ រដ្ឋាភិបាល​បញ្ជាក់​ថា​ រយៈ​ពេល​នៃ​ការបិទខ្ទប់​នេះ​អាច​ត្រូវបាន​បន្ថែម​ទៀត អាស្រ័យ​លើ​ការ​ចូលរួម​អនុវត្ត​របស់ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​និង​ស្ថានភាព​នៃ​ការវិវត្ត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩។

បើតាម​សេចក្តីសម្រេចនោះ​ រដ្ឋាភិបាល​បាន​កំណត់​បែង​ចែង​តំបន់​បិទខ្ទប់​ជា​បី​តំបន់សំខាន់ៗ​ គឺ​«តំបន់​ក្រហម»​ដែលសំដៅ​លើ​ទីតាំង​ដែលមាន​ការឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩​ធ្ងន់ធ្ងរ​ «តំបន់​លឿង​ទុំ» សំដៅ​លើ​ទីតាំង​ដែល​មាន​ការ​រាល​ដាល​កម្រិត​មធ្យម​ និង«​តំបន់​លឿង» ​ដែល​សំដៅលើ​ទីតាំងមានការរាល​ដាល​កម្រិតស្រាល។​

អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

វីអូអេ​មិន​ទាន់​អាចសុំការអធិប្បាយពី​អ្នក​នាំ​ពាក្យសាលា​រាជធានីភ្នំពេញ ​លោក ម៉េត​ មាសភក្តី​ និងអភិបាល​រង​រាជធានីភ្នំពេញ លោក កើត​ ឆែ ​បានទេ​នៅថ្ងៃ​អង្គារនេះ។

ក្រុម​អ្នក​ការពារ​សិទ្ធិអ្នករកស៊ី​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និងក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បន្ត​រិះគន់​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ក្នុង​ភូមិសាស្ត្រ​បិទខ្ទប់ទាំងពីរថា ​មិនបាន​បំពេញ​តម្រូវ​ការចាំបាច់​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខាងសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពីការបិទខ្ទប់នេះ។

លោក ​វន់​ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ IDEAប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ខកខាន​មិនបាន​ធ្វើតាម​ការចង្អុល​បង្ហាញ​របស់​អាជ្ញាធរ​ជាតិ​ក្នុងការ​សង្គ្រោះ​ពលរដ្ឋពី​កង្វះស្បៀង​អាហារ​នោះ​ទេ ពោល ​គឺ​អាជ្ញាធរមូលដ្ឋាន​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​តែ​អ្នក​ណា​ដែល​មានសៀវភៅ​គ្រួសារ​និង​និង​ចុះ​បញ្ជីស្នាក់​នៅទីក្រុង​តែប៉ុណ្ណោះ​។

លោកបន្ថែម​ថា ​ចំណូល​របស់​ពលរដ្ឋ​ពឹង​ផ្អែក​លើ​ការ​លក់​ដូរ​បន្តិច​បន្តួច​នៅតាមចិញ្ចើម​ថ្នល់​ ឬ​អ្នក​រត់ម៉ូតូ​កង់បី​មួយចំនួន​ នៅ​ពេលនេះ​ស្ថិតក្នុង​កម្រិត​សូន្យ​ ព្រោះ​សកម្មភាព​សេដ្ឋកិច្ច​ដ៏​តិចតួច​របស់​ពួក​គេ​ត្រូវ​បាន​កាត់​ផ្តាច់។​

មេដឹកនាំ​សហជីព​រូបនេះ​ក៏បារម្ភ​អំពី​ការផ្ទុះឡើង​នៃ​អំពើហិង្សា បើសិន​ពលរដ្ឋ​មិនទទួល​បាន​ការផ្គត់​ផ្គង់​ស្បៀង​ទាន់​ពេល​វេលា ​នៅពេល​ពួក​មិន​មាន​ការ​ងារ​ធ្វើ​ និង​លុយ​សន្សំ​ទុកនោះ​។

លោក ​វន់​ ពៅ​ ​មាន​ប្រសាសន៍​ថា៖ «ស្បៀង​កាន់​តែ​ខើច​ខ្លាំង​មែន​ទែន​ហើយ​ រហូត​មក​ដល់​ឥឡូវ​អ្នកខ្លះ​ គាត់​អត់​បាយ​អត់​ទឹក​ ឃើញ​ថា​ អ្នកខ្លះ​មានកូន​មាន​អី​មក​សុំ​ទឹក​ដោះ​គោ​ ទឹកអីពី​ខ្ញុំ​។ យើង​ឃើញ​ថា​លំបាក​មែន​ទែន​មក​ដល់​កម្រិត​តែម្តង​ ហើយ​ជំនួយ​របស់​អាជ្ញាធររដ្ឋ គឺពិបាក​អត់​ទាន់​ដល់​ដៃ​មនុស្ស​គ្រប់​គ្រាន់​ទាំង​អស់​ហ្នឹង​ទេ បាន​ដល់​ដៃ​អ្នក​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ»។

ការទប់​ស្កាត់​កុំ​ឲ្យ​តម្លៃ​ទីផ្សារ​ឡើង​ថ្លៃ​ និង​ការ​សម្រួលថ្លៃ​ទឹកភ្លើង​ ឬ​ការ​បង់​សង​បំណុល​ត្រឡប់​ទៅ​គ្រឹះ​ស្ថាន​មីក្រូហិរញវត្ថុ​ និង​ធនាគារ​ ជា​ការណ៍​ដែល​រដ្ឋាភិបាល​គួរពិចារណា​អន្តរាគមន៍​ឲ្យបាន​ច្រើន​។​ នេះជាការ​កត់​សម្គាល់​របស់​លោក ថេង​ សាវឿន​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា​ CCFC។

លោកបន្ថែម​ថា​ ពលរដ្ឋ​ដែលកំពុងស្នាក់​ ឬរស់​នៅ​ក្នុង​តំបន់​មាន​ការឆ្លង​ខ្លាំង​ ឬជាតំបន់​ក្រហម​ដែល​ត្រូវបិទខ្ទប់​បន្ត​នោះ ក៏​អាចផ្ទុះកំហឹង ប្រសិន​បើ​មិន​មាន​ការអន្តរាគមន៍​ផ្គត់ផ្គង់​ស្បៀងអាហារ​ ឬ​របស់​របរ​ប្រើ​ប្រាស់​ដែល​ជា​តម្រូវការ​សម្រាប់​ការរស់​នៅ​ប្រចាំថ្ងៃ​ ខណៈ​ពួក​គេស្ថិត​ក្នុង​ទីតាំងបិទ​ខ្ទប់​ ហើយ​មិន​មានសកម្មភាព​សេដ្ឋកិច្ច​។

លោក ថេង​ សាវឿន ​និយាយ​ថា៖ «តំបន់​នេះ​ពិបាកក្នុងការរក​ទិញ​ ហើយ​មួយ​វិញ​ទៀត​ គឺ​ពួកគាត់​មិនមាន​ប្រាក់​ចំណូល​មិន​ដឹង​ទៅទីពឹង​នរណា​ទេ​ អីចឹង​មាន​តែកិច្ច​សហការ​រវាង​ សប្បុរស​ធម៌​ និង​អាជ្ញាធរ​ត្រូវ​តែ​ផ្គត់​ផ្គង់ និង​ផ្តល់​ជា​អំណោយជំនួយមនុស្ស​ធម៌​ដល់​ពួក​គាត់​ ហើយ​បើ​អាច​សម្រាល​បាន​តទៅ​ទៀត​ តំបន់​ក្រហម​ខ្លាំង​នេះ​គួរ​តែគិត​គូ​ពិចារណា​ទៅ​លើ​ក្នុង​ការ​បន្ធូរ​បន្ថយ​ទៅលើ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​បន្ថែម​ទៀត ​សម្រាប់​ជួយ​ដល់​ពួកគាត់​ទាំង​អស់​គ្នា​ផង​ដែរ​»។

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ អនុ​គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំងឺកូវីដ​១៩។ គ្រឹះស្ថាន​ទាំង​នោះ​បាន​ចាប់​ផ្តើមរៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​អតិថិជន​ដែល​មិន​មាន​លទ្ធភាព​បង់ ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​ពួក​គេ។ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុនិង​ធនាគារ​តាម​រយៈ​សមាគម​ដែល​ជា​តំណាង​របស់​ពួក​គេ ធ្លាប់​បាន​ប្រកាស​ថា​ពួកគេ​មិន​អាច​អនុ​គ្រោះ​ដល់​អតិថិជន​ទាំង​អស់​នោះ​ទេ។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​លើក​ឡើងថា​ ក្រោយ​បិទ​ខ្ទប់​ភូមិ​សាស្ត្រភ្នំពេញនិង​តាខ្មៅ​ជិត​ពីរ​សប្តាហ៍​នេះ អាជ្ញាធរ​អាចស្វែង​យល់បានគ្រប់​គ្រាន់​នូវ​វិសាល​ភាព​នៃ​កម្រិត​ឆ្លង​ក្នុងស្រុក​ ខណ្ឌ​ ឬ​សង្កាត់​នីមួយៗ​នៃ​ទីតាំង​ភូមិសាស្ត្រទាំងពីរ​ ដើម្បី​ពិនិត្យ​លើ​ទីតាំង​ដែល​គួរ​បើក​ឲ្យ​មានសកម្ម​ភាព​សេដ្ឋកិច្ច​ឡើង​វិញ។

អ្នក​រត់ម៉ូតូ​កង់​បី​លោក ហេង សិរីវិសាល​ និយាយថា​ រដ្ឋាភិបាល​គួរ​អន្តរាគមន៍​សុំ​ឲ្យ​ធនាគារ​អនុ​គ្រោះ​ដល់​ប្រជា​ពលរដ្ឋ ដូច​រូប​លោក ដែល​មិន​អាច​រក​ចំណូល​បាន រហូត​ដល់​ការ​បិទ​ខ្ទប់​ទីក្រុង​ត្រូវ​បាន​បញ្ចប់។

លោក ហេង សិរីវិសាល បញ្ជាក់​ថា៖ «ឲ្យ​ធនាគារ​លើក​លែង​ការ​បង់​សិន​ទៅ។ ចាំ​ចប់​រដូវ​កាល​ហ្នឹង​ចាំ​យើង​ចរចា​គ្នា​តទៅ​ទៀត»៕

XS
SM
MD
LG