វ៉ាស៊ីនតោន -- សមាជិកសហគមន៍ខ្មែរនិងមន្ត្រីប៉ូលិសជាច្រើនពាន់នាក់បានចូលរួមជូនដំណើរជាចុងក្រោយកាលពីថ្ងៃពុធដល់មន្ត្រីប៉ូលិសខ្មែរ-អាមេរិកាំងមួយរូបក្នុងទីក្រុងStockton រដ្ឋCaliforniaដែលបានពលីជីវិតកាលពីដើមខែឧសភាក្នុងពេលកំពុងបំពេញបេសកកម្ម។
លោក ជីមមី អ៊ីន (Jimmy Inn)អាយុ៣០ឆ្នាំត្រូវបានជនដៃដល់បាញ់កាលពីថ្ងៃអង្គារទី១១ខែឧសភាក្នុងពេលដែលលោកទៅធ្វើអន្តរាគមន៍ករណីជម្លោះក្នុងគ្រួសារមួយ។ ពេលទៅដល់មាត់ទ្វារផ្ទះកើតហេតុនិងក្រោយគោះទ្វារបន្តិចស្រាប់តែជនល្មើសបានបាញ់ពីក្នុងផ្ទះមកត្រូវលោកជាច្រើនគ្រាប់។ ប៉ូលិសបានឲ្យដឹងថាខ្មាន់កាំភ្លើងដែលជាបុរសស្បែកខ្មៅអាយុ៣០ឆ្នាំក៏ត្រូវមន្ត្រីប៉ូលិស១រូបទៀតដែលទៅដល់កន្លែងកើតហេតុបាញ់ត្រូវវិញពេលជននោះព្យាយាមច្របាច់កសម្លាប់កូនប្រុសរបស់ខ្លួនដែលមានអាយុ៨ឆ្នាំ។
ទាំងលោកជីមមីនិងជនល្មើសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ San Joaquin ប៉ុន្តែអ្នកទាំងពីរបានស្លាប់ដោយរងរបួសធ្ងន់ធ្ងរ។
នៅក្នុងពិធីបុណ្យសពដែលបានផ្សាយបន្តផ្ទាល់យ៉ាងទូលំទូលាយតាមទូរទស្សន៍ក្នុងក្រុងនិងតាមបណ្តាញសង្គមរបស់ស្នងការប៉ូលិសក្រុងសមាជិកក្រុមគ្រួសារមិត្តភក្តិនិងមន្ត្រីប៉ូលិសជាច្រើនដោយរួមមានប្រធានអង្គភាពផងបានរំឭកទាំងទឹកមុខស្រពោននិងអ្នកខ្លះស្រក់ទឹកភ្នែកនិងអួលដើមកដល់គុណបំណាច់ដែលលោកជីមមី អ៊ិនបានធ្វើឲ្យមានផលវិជ្ជមានដល់ជីវិតរបស់ពួកគេនិងពលរដ្ឋនៅក្នុងទីក្រុង។
លោក Eric Jones ប្រធានប៉ូលិសក្រុងStocktonបានថ្លែងសរសើរសេចក្តីក្លាហាននិងចិត្តមេត្តារបស់លោកជីមមី អ៊ិន៖
«លោកJimmy ពិតជាបានបន្សល់គំរូមួយដែលយើងនឹងមិនបំភ្លេចទេនៅក្នុងអង្គភាពនិងសហគមន៍របស់យើង។ ពិភពលោកនឹងបានប្រសើរឡើងបើមានមនុស្សដូចគាត់។ ចូរយើងកុំភ្លេចនូវអ្វីដែលគាត់បានធ្វើដើម្បីក្រុមគ្រួសារអង្គភាពប៉ូលិសនិងសហគមន៍របស់យើង»។
អ្នកស្រីថេឡា អ៊ិន (Tela Inn) ភរិយារបស់លោកជីមមី អ៊ិនដែលជាមន្ត្រីប៉ូលិសក្នុងអង្គភាពជាមួយគ្នាដែរបានថ្លែងអំណរគុណលោកPancho Freerមន្ត្រីប៉ូលិសដែលបានបាញ់ជនល្មើសនិងជួយផ្តល់កម្លាំងចិត្តស្វាមីរបស់អ្នកស្រីនៅនាទីចុងក្រោយនៅកន្លែងកើតហេតុ៖
«ពេលកំពុងបាញ់គ្នាគឺមិនមានមនុស្សគ្រប់គ្នាអាចរត់ចូលទេ សូម្បីមន្ត្រីប៉ូលិសខ្លះក៏ដោយប៉ុន្តែបុរសម្នាក់នេះបានរត់ចូលទៅរកប្តីរបស់ខ្ញុំក្នុងពេលដែលគ្រាប់កាំភ្លើងកំពុងហោះសំដៅគាត់។ ខ្ញុំមិនអាចសងគុណគ្រប់គ្រាន់ចំពោះសេចក្តីក្លាហានដែលគាត់បានបង្ហាញនិងក្តីស្រឡាញ់ដែលគាត់មានចំពោះប្តីរបស់ខ្ញុំនៅថ្ងៃនោះទេ។ ខ្ញុំគ្រាន់តែបន់ថាពេលណាដែលខ្ញុំមានថ្ងៃដូចនោះគឺខ្ញុំអាចក្លាហានដូចគាត់។ ខ្ញុំដឹងពីសំឡេងសម្រាលទុក្ខដែលគាត់និយាយលួងលោមប្តីរបស់ខ្ញុំនៅដង្ហើមចុងក្រោយ»។
អភិបាលរដ្ឋ California បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដងនៅវិមានសភារបស់រដ្ឋនេះដើម្បីកាន់ទុក្ខ។ នៅក្នុងសេចក្តីថ្លែងការណ៍លោកGavin Newsomបានថ្លែងថាពលរដ្ឋនឹងចងចាំការលះបង់និងការបូជាដោយមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកជីមមី។ សម្រាប់ពលរដ្ឋដែលមិនអាចចូលរួមនៅកន្លែងប្រារព្ធពិធីដោយផ្ទាល់បានឈរអមសងខាងផ្លូវនិងគ្រវីទង់ជាតិអាមេរិកាំងនៅពេលដែលក្បួនដឹកសពបានបើកដង្ហែរទៅកន្លែងបញ្ចុះ។
លោក ជីមមី អ៊ិន រស់នៅទីក្រុងStocktonតាំងពីក្មេង។ លោកបានរៀនបញ្ចប់នៅវិទ្យាល័យRonald E. McNairនិងបណ្ឌិតសភាប៉ូលិសនៃមហាវិទ្យាល័យសហគមន៍ San Joaquin Delta។
លោកជីមមី អ៊ីនបានបម្រើការងារនៅក្នុងក្រសួងប៉ូលិសនេះតាំងពីខែធ្នូឆ្នាំ២០១៥និងត្រូវបានចាត់តាំងឲ្យធ្វើការនៅផ្នែកប្រតិបត្តិការតាមមូលដ្ឋានដោយផ្ទាល់ហើយក៏ជាសមាជិកនៃកងកិត្តិយសរបស់ប៉ូលិសផងដែរ។
មរណភាពរបស់លោកជីមមីន អ៊ីនត្រូវបានគោរពផ្តល់កិត្តិយសពីកងកម្លាំងប៉ូលិសដូចគ្នាស្ថាប័នអប់រំសិក្សាធិការនិងសហគមន៍ខ្មែរ។ លោកត្រូវបានសមាជិកសហគមន៍ចាត់ទុកថាជាពលរដ្ឋខ្មែរអាមេរិកាំងគំរូមួយរូបនិងជាអ្នកដែលគិតវិជ្ជមានជានិច្ចពីស្ថានភាពដែលកើតមានឡើងនិងក្នុងជីវិត។
លោកជីមមី អ៊ិនមានកូនប្រុសម្នាក់អាយុ៧ខែជាមួយនឹងអ្នកស្រីថេឡា អ៊ិន។ អ្នកទាំងពីរទើបតែបានរៀបការកាលពីខែវិច្ឆិកាឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ។
លោក លី អ៊ិន ដែលត្រូវជាឪពុករបស់លោកជីមមីបានប្រាប់វីអូអេថា៖
«ក្នុងនាមជាឪពុកពិតជាតក់ស្លុតខ្លាំងមែនទែនគឺគ្មានពាក្យមកពណ៌នាទេនិយាយរួមទៅ។ ហើយម្យ៉ាងវិញទៀតអ្វីដែលប៉ះពាល់ខ្ញុំខ្លាំងបំផុតគឺពេលខ្ញុំសំឡឹងមើលភ្នែកចៅរបស់ខ្ញុំគឺពិតជាតក់ស្លុតខ្លាំងមែនទែន។»
ជាអ្នកស្រុកបវិលខេត្តបាត់ដំបងលោក លី អ៊ិនបានរត់ភៀសខ្លួនទៅនៅប្រទេសថៃតាំងពីឆ្នាំ១៩៧៥មុននឹងមកដល់ទីក្រុងStocktonនៅឆ្នាំ១៩៨០ក្នុងនាមជាជនភៀសខ្លួន។ លោកបានផ្លាស់ទីលំនៅទៅនៅទីក្រុងPortsmouth រដ្ឋNew Hampshire ភាគខាងកើតសហរដ្ឋអាមេរិក មួយរយៈដែលនៅទីនោះលោកជីមមី អ៊ិនបានកើតមុននឹងលោកនិងក្រុមគ្រួសារវិលត្រឡប់មករស់នៅទីក្រុងStocktonនៅភាគខាងលិចសហរដ្ឋអាមេរិក រហូតដល់ពេលបច្ចុប្បន្ន។ លោក លី អ៊ិន ក៏មានកូនស្រី១រូបទៀតឈ្មោះជេស៊ីកា អ៊ិន (Jessica Inn) ដែលមានអាយុ២៤ឆ្នាំ។
លោកលី អ៊ិនបានរំឭកឡើងវិញពីអត្តចរិតរបស់កូនប្រុសនិងការគោរពរាប់អានពីសមាជិកសហគមន៍៖ «គ្រប់មជ្ឈដ្ឋានដែលគាត់មកជួបខ្ញុំផ្ទាល់នៅផ្ទះតាមពិធីបុណ្យប្រពៃណីសាសនាគឺមានតែពាក្យកោតសរសើរ។ ជីមមីគាត់ជួបមនុស្សវ័យចំណាស់តែងតែលើកដៃសំពះគួបផ្សំនឹងសេចក្តីញញឹមទៅពលរដ្ឋដែលគាត់បម្រើគ្រប់ជាតិសាសន៍គឺពិតជាស្រឡាញ់គាត់ណាស់»។
ទីក្រុងStocktonមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅប្រហែល៩.០០០នាក់នៅចន្លោះឆ្នាំ២០១៧និង២០១៩ហើយជាសហគមន៍ដែលចេះជួយយកអាសាគ្នាទៅវិញទៅមក។ នេះបើតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវPew។
កញ្ញាសុផល្លីន ម៉ៅដែលជាសកម្មជនសហគមន៍ខ្មែរនៅទីក្រុងStocktonនិងជាមិត្តភក្តិជាយូរឆ្នាំរបស់ក្រុមគ្រួសារលោក លី អ៊ិនសម្តែងការតក់ស្លុតពេលបានដឹងពីការពលីជីវិតរបស់ប៉ូលិសខ្មែរអាមេរិកាំងរូបនេះ។
កញ្ញាសុផល្លីន ម៉ៅបានបញ្ជាក់ប្រាប់វីអូអេនៅក្រោយពីពិធីបុណ្យសពថា៖ «ជាការសោកស្តាយណាស់ដែលគាត់បានបាត់បង់ជីវិតទាំងអាយុនៅក្មេងហើយពួកខ្ញុំសោកស្តាយមែនទែន។ ជាមោទភាពយើងជាកូនខ្មែរអាមេរិកាំងដែលធំនៅទីក្រុង Stockton ដែលមានប្អូនជីមមីជាវីរបុរសរបស់យើង»។
កញ្ញាសុផល្លីន ម៉ៅបានបន្ថែមថាសហគមន៍ខ្មែរនឹងនៅចងចាំនិងលើកដម្កើងភាពក្លាហានការជឿជាក់និងស្មារតីជួយសហគមន៍ដែលរបស់លោកជីមមី អ៊ិន៖ «យើងចង់ឲ្យសហគមន៍យើងយកប្អូនជីមមីជាវីរបុរសហើយជាគំរូល្អថាទោះបីជាយើងមានប្រវត្តិមកពីខាងណាក៏ដោយក៏ប៉ុន្តែជីវិតរបស់យើងហើយការដែលយើងជួយអ្នកដទៃគឺជាអ្វីដែលល្អហើយយើងគួរសាងភាពល្អហ្នឹង»។
អង្គភាពប៉ូលិសក្រុង Stockton បានប្រគល់មេដាយ Purple Heart ដល់ក្រុមគ្រួសារ។ វាជាមេដាយសម្រាប់មន្ត្រីប៉ូលិសរបួសពិការឬពលីក្នុងបេសកកម្មដោយសេចក្តីក្លាហាន។
បើទោះបីជាក្រៀមក្រំដោយសារការបាត់បង់កូនប្រុសតែមួយក៏លោកលី អ៊ិនសម្តែងក្តីសប្បាយរីករាយចំពោះការគាំទ្ររបស់សហគមន៍៖ «ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ទោះបីជាបីជាខ្ញុំតក់ស្លុតក្នុងបេះដូងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែដែលឃើញសហគមន៍Stocktonនេះនិងសហគមន៍ជុំវិញមានការជ្រោមជ្រែងគាំទ្រកោតសរសើរពិតជារំភើបខ្លាំងមែនទែន»។
ការបាញ់សម្លាប់លោក ជីមមី អ៊ិនកើតឡើងមិនដល់២៤ម៉ោងក្រោយពីប៉ូលិសស៊ើបអង្កេត១រូបអាយុ៣៧ឆ្នាំត្រូវបានជនល្មើសបាញ់សម្លាប់ក្នុងពេលអនុវត្តដីកាឆែកឆេរមួយនៅទីក្រុង San Luis Obispo រដ្ឋ California។ មរណភាពរបស់មន្ត្រីប៉ូលិសទាំងពីររូបនេះកើតមានឡើងក្នុងអំឡុង«សប្តាហ៍ប៉ូលិសជាតិ»ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីផ្តល់កិត្តិយសដល់ប៉ូលិសដែលពលីឬពិការក្នុងពេលបំពេញបេសកកម្ម។
មរណភាពរបស់លោកជីមមី អ៊ិនក៏បានជំរុញឲ្យប៉ូលិសខ្មែរ-អាមេរិកាំងរួមគ្នាបង្កើតជាសមាគមប៉ូលិសមួយជាលើកដំបូងដើម្បីជួយគាំទ្រក្រុមគ្រួសារមន្ត្រីប៉ូលិសក្នុងគ្រាដែលមានគ្រោះថ្នាក់។
លោកឌែនី គឹម (Danny Kim) មន្ត្រីប៉ូលិសស៊ើបអង្កេត១រូបនៅទីក្រុង Fresno រដ្ឋ Californiaដែលជាអ្នកចូលរួមបង្កើតសមាគមនេះបានថ្លែងថា៖ «ដំបូងពួកខ្មែរយើងអត់សូវមានមន្ត្រីប៉ូលិសទេដូច្នេះហើយមិនសូវជិតស្និទ្ធនឹងគ្នា។ ឥឡូវនេះដល់ពេលដែលជីមមីបានចែកឋានទៅធ្វើឲ្យពួកខ្ញុំគិតសារជាថ្មីថាដើម្បីរួបរួមគ្នាជួយឧបត្ថម្ភគ្រួសារមន្ត្រីប៉ូលិសខ្មែរណាដែលបានស្លាប់ទៅពួកយើងនឹងជួយថវិកាឬអាហារូបករណ៍ដើម្បីឲ្យក្មេងហ្នឹងបានរៀនសូត្រតទៅមុខ»។
លោក ឌែនី គឹមមិនមានតួលេខប៉ូលិសខ្មែរ-អាមេរិកាំងដែលបានស្លាប់កន្លងមកក្នុងពេលបំពេញភារកិច្ចទេគឺមានតែមិត្តរបស់លោកម្នាក់ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្រោយពីចប់ម៉ោងការងារហើយធ្វើដំណើរត្រឡប់មកផ្ទះវិញក្នុងឆ្នាំ២០១៧។ លោក ឌែនី បានជួបលោកជីមមីជាលើកដំបូងនៅពិធីបុណ្យសពនោះនឹងបានបន្តរាប់អានគ្នាដោយសារតែចរិតរួសរាយរបស់លោកជីមមី។
រីឯលោក លី អ៊ិន ដែលជាឪពុករបស់លោក ជីមមីក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកឲ្យជួយដល់សហគមន៍ដែលពួកគេរស់នៅផងដែរ៖«សម្រាប់យើងជាអតីតជនភៀសខ្លួនឬជនដែលទើបមកនៅសហរដ្ឋអាមេរិកនេះសូមជួយសហគមន៍ដែលអស់លោករស់នៅធ្វើជាពលរដ្ឋដ៏ល្អ»៕