ការស្នើសុំជំនួយស្បៀងអាហារសង្គ្រោះពីសំណាក់ពលរដ្ឋនៅតំបន់បិទខ្ទប់ បានក្លាយជាការតវ៉ានៅតំបន់យ៉ាងហោចមួយ ក្នុងចំណោមតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ខណៈក្រុមឃ្លាំមើលមួយបានព្រមានអំពី «វិបត្តិមនុស្សធម៌និងសិទ្ធិមនុស្ស» កើតមានអំឡុងការបិទខ្ទប់រាជធានីភ្នំពេញ។
តំបន់ទាំងមូលនិងដោយផ្នែកនៃសង្កាត់សរុបចំនួន ១០ នៅខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ កំពុងជាប់វិធានការបិទខ្ទប់ជាតំបន់ក្រហម ដើម្បីបញ្ចៀសហានិភ័យឆ្លងខ្លាំងនៃជំងឺកូវីដ១៩ ដែលវាយលុកតំបន់ទីផ្សារ និងតំបន់រោងចក្រឧស្សាហកម្មរបស់រាជធានីភ្នំពេញ តាំងតែពីដើមខែមេសាមក។
ពលរដ្ឋក្នុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ បានចេញមកតវ៉ាស្នើសុំជំនួយស្បៀងអាហារនៅទីតាំងរាំងផ្លូវរបស់សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងបដាដែលអានថា «ភូមិខ្ញុំដាច់បាយហើយ»។
លោកអភិបាលរងរាជធានីភ្នំពេញ នួន ផារ័ត្ន បានចេញសម្របសម្រួលផ្ទាល់នៅទីតាំងជាក់ស្ដែងដោយបានកាន់ឧគ្ឃោសនស័ព្ទ ប្រាប់ពលរដ្ឋដែលពាក់ម៉ាស ឈរស្រែកតវ៉ាយ៉ាងកុះករ ឱ្យបំបែកគ្នា៖
«ម៉ោងនេះអ្វីដែលសំខាន់ជាងគេ គឺអាយុជីវិត។ អាយុជីវិតសំខាន់ជាងគេ។ យើងហូបដើម្បីរស់ យើងទទួលដឹងឮ ប៉ុន្តែអាជ្ញាធរក៏មិនអាចឱ្យជំងឺនេះឆ្លងតគ្នា ពេញមួយខណ្ឌ ពេញមួយសង្កាត់ និងពេញមួយភូមិទេ សូមយោគយល់អធ្យាស្រ័យ បងប្អូនណាខ្វះខាត អាជ្ញាធរនឹងចុះទៅដល់ខ្នងផ្ទះ»។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញរូបនេះបន្ថែមថា៖ «អ្នកមានកុំចង់ធ្វើក្រ បើអ្នកអត់មែនទែនប្រាប់មេភូមិទៅ គេយកអំណោយមកទាន់ពេលវេលា។ អ្នកខ្លះមានផ្ទះ គេយកឥវ៉ាន់មកលក់ទេតើ»។
ឮដូច្នោះ ពលរដ្ឋក៏តបមកវិញថា តំបន់ភូមិភ្នាតដែលពួកគាត់រស់នៅនោះ ភាគច្រើនជាអ្នកជួលផ្ទះគេស្នាក់អាស្រ័យបំពេញភារកិច្ចទេ តែត្រូវជាប់គាំងក្នុងតំបន់ក្រហមនៃការបិទខ្ទប់រាជធានីភ្នំពេញ។
នៅតំបន់ក្បែរខាង ពលរដ្ឋក៏កំពុងពើបប្រទះនឹងការខ្វះខាតម្ហូបអាហារផងដែរ អំឡុងពេលនៃការបិទខ្ទប់នេះ។
អ្នកស្រី អ៊ិន សៅ អាយុ ៤០ ឆ្នាំ ជាកម្មការនីរោងចក្រកាត់ដេរ មីតធី ដែលជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ផងដែរ។ ម្ដាយនៃកូនបីនាក់រូបនេះ ត្រូវធ្វើចត្តាឡីស័កពីដើមខែមេសាមកទល់នឹងថ្ងៃទី ១៧ ខែមេសា ចេញមកវិញចំពេលបិទខ្ទប់ បាត់បង់ការងារ និងចំណូល។
អ្នកស្រី អ៊ិន សៅ បានប្រាប់វីអូអេតាមទូរស័ព្ទ ពីបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ថា ខ្លួនកំពុងជួបវិបត្តិខ្វះស្បៀងអាហារ។
«ចាស៎ ខ្ញុំអត់ ព្រោះកូនខ្ចី កូនខ្ញុំអត់ទឹកដោះគោ ហើយឥតអីហូបទៀត ទាំងកូនទាំងអស់៥នាក់ ហើយប្ដីគេបិទផ្លូវទៅធ្វើការគេមិនឱ្យចេញផង»។
អ្នកស្រីបានបន្ថែមថា៖ «ខ្វះតែម្ដង បងអើយ ថ្ងៃនេះអត់មានអីហូបទេ បានបងប្អូនជិតនេះគាត់ឱ្យត្រីខមួយកំប៉ុង ហើយសុំគេ ហើយទឹកដោះគោកូនក៏អត់ទៀតបងអើយ»។
កម្មការនីរោងចក្រដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងរូបនេះ បានថ្លែងថាតាំងពីថ្ងៃចេញពីធ្វើចត្តាឡីស័កមក ខ្លួនពិសារបាយជាមួយទឹកត្រី មិនមានការហូបចុកគ្រប់គ្រាន់នោះទេ ព្រោះចំណូលប្រចាំខែទាំងស្វាមីភរិយា ដែលសរុប ៤០០ ដុល្លារនោះ មិនទទួលបានទេនៅខែមេសានេះ។
«ខ្ញុំនឹកៗដេកគិត យប់មិញដេកយំ មិនដឹងគិតថាម៉េច នឹកអាណិតកូនផង អាណិតនេះផង»។
អង្គការ Amnesty International បានព្រមានអំពី «វិបត្តិមនុស្សធម៌និងសិទ្ធិមនុស្ស» ដែលអាចកើតមានឡើង ដោយសារតែពលរដ្ឋជាប់ក្នុងតំបន់បិទខ្ទប់ជួបការខ្វះស្បៀងផង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរផង។
លោក ម៉ា សុខា កម្មករសំណង់ដែលរំពឹងចំណូលប្រចាំថ្ងៃ ១០ ដុល្លារ មិនបានទៅធ្វើការនោះទេ តាំងពីថ្ងៃទី ១៤ ខែមេសាមក។ លោករស់នៅក្នុងបន្ទប់ជួលជាមួយភរិយានៅសង្កាត់ស្ទឹងមានជ័យទី ២នេះដែរ ហើយស្បៀងបម្រុងទុករបស់លោក កាន់តែខើចទៅៗ។
«បានបន្តិចនេះហើយ តែបើគេបិទខ្ទប់ទៅមុខទៀត ប្រហែលជាដាច់ស្បៀងមែនទែនហើយបងប្រហែលជាទប់បានបួនប្រាំថ្ងៃទៀត»។
សង្កាត់ស្ទឹងមានជ័យ ២ ស្ថិតក្នុងចំណោមសង្កាត់ទាំង ១០ របស់រាជធានីភ្នំពេញ ដែលត្រូវរងការបិទខ្ទប់តឹងតែងពណ៌ក្រហម ដែលគ្រោងនឹងបន្តដល់ថ្ងៃទី ០៥ ខែឧសភា៕