លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរដែលសហរដ្ឋអាមេរិកគាំទ្រក្នុងអំឡុងទសវត្សរ៍១៩៧០កំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Long Beach Memorial ក្នុងទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California តាំងពីថ្ងៃទី១៣ ខែឧសភា។
អតីតរដ្ឋមន្ត្រីដែលមានវ័យ៨២ឆ្នាំរូបនេះកំពុងប្រឈមនឹងជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។ នេះបើតាមអ្នកស្រី ស៊ុម សារុន ជាភរិយារបស់លោកដែលបានបញ្ជាក់ប្រាប់វីអូអេ។
អតីតរដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានចូលរួមចំណែកជួយដល់សមាជិកសហគមន៍ខ្មែរជាច្រើនដែលបានរត់ភៀសខ្លួនមកនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សរ៍១៩៨០។
មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឆាំង សុង កើតនៅថ្ងៃទី៥ ខែឧសភា ឆាំ្ន១៩៣៩។ លោកគឺជាកូនរបស់តាម៉ក់យាយផូ និងជាកូនសិស្សសាលាវត្តព្រៃល្វាខេត្តតាកែវ ដែលរៀនពូកែ និងទទួលបានអាហារូបករណ៍មករៀននៅសហរដ្ឋអាមេរិកផ្នែកកសិកម្មនៅសាកលវិទ្យាល័យរដ្ឋ Louisiana។ លោកក៏បានចេះដឹងជ្រៅជ្រះពីអក្សរសាស្ត្របារាំងដោយសារលោកបានសិក្សាមុនពេលលោកត្រឡប់ពីសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាវិញនៅចុងទសវត្សរ៍១៩៦០។
ក្រោយពីលោក ឆាំង សុង បានទៅដល់ប្រទេសកម្ពុជា សង្គ្រាមវៀតណាមកាន់តែរីកធំ ហៀរចូលប្រទេសកំណើតរបស់លោកក្រោយពីមានឃាតកម្មសម្លាប់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកJohn F Kenndy នៅថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅក្រុង Dallas រដ្ឋ Texas នៅសហរដ្ឋអាមេរិក និងក្រោមរដ្ឋបាលលោកអតីតប្រធានាធិបតី Lyndon Johnson និងលោកអតីតប្រធានាធិបតី Richard Nixon។ ក្រុមវៀតកុងដែលជាកងទ័ពវៀតណាមខាងជើងបានបង្កើតផ្លូវលំហូជីមិញក្នុងប្រទេសកម្ពុជា និងតាមសេចក្តីរាយការណ៍នានាគឺដោយសារមានការបើកដៃពីរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុ ដើម្បីដឹកអាវុធទៅវាយប្រហារកងទ័ពវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកដែលនាំឲ្យមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើផ្នែកភាគខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាមខាងត្បូង។
ក្រោយការទម្លាក់សម្តេចនរោត្តម សីហនុចេញពីតំណែងប្រមុខរដ្ឋតាមរយៈរដ្ឋប្រហារ ក្រុមយោធាបានបង្កើតរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងមានការគាំទ្រពីសហរដ្ឋអាមេរិក។
និស្សិតដែលបានមកសិក្សានៅសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលថ្មីចាប់អារម្មណ៍និងទុកចិត្ត។ ជាពិសេសលោក ឆាំង សុង បានក្លាយជាមនុស្សជំនិតរបស់លោកប្រធានាធិបតី លន់ នល់ និងបានក្លាយជារដ្ឋមន្ត្រីក្រសួងឃោសនាការរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៤ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៥។ នៅពេលនោះលោក ឆាំង សុងបានក្លាយជាលេខាព័ត៌មានផ្ទាល់របស់លោក លន់ នល់។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ លោក ឆាំង សុង បានចាកចេញពីប្រទេសកម្ពុជាជាមួយលោក លន់ នល់ គឺ១៦ថ្ងៃមុនពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នេះបើតាមលោក វ៉ាន់ ស អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់រដ្ឋាភិបាលលោក ឡុង បូរ៉េត ដែលបានឡើងកាន់អំណាចរយៈពេលពីរសប្តាហ៍ចុងក្រោយ។
ដោយមានតួនាទីជាអតីតរដ្ឋមន្ត្រីឃោសនាការ និងជាអ្នកនាំពាក្យនៃរបបសាធារណរដ្ឋខ្មែរលោក ឆាំង សុង ដែលកាលណោះអាយុ៣៥ឆ្នាំបានក្លាយជាសាក្សីរស់អំពីព្រឹត្តិការណ៍នៅមុន និងនៅពេលរបបខ្មែរក្រហមដ៏ប្រល័យចូលកាន់អំណាច។ បើទោះជារបបដែលលោកបម្រើការបានចាញ់សង្គ្រាមខ្មែរក្រហមក៏ដោយក៏លោកនៅតែរកវិធីជួយសង្គ្រោះពលរដ្ឋខ្មែរដោយបានបង្កើតអង្គការក្រៅរដ្ឋាភិបាលឈ្មោះខេមរៈសង្គ្រោះ (Save Cambodia Inc) នៅទីក្រុង Arlington រដ្ឋ Virginia ជួយជនភៀសខ្លួនខ្មែរក្នុងការតាំងលំនៅនៅសហរដ្ឋអាមេរិក។ លោកបានចូលសញ្ជាតិអាមេរិកាំងនៅឆ្នាំ១៩៨៧។
អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) បានធ្វើការជាមួយលោក Bob Dole អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងលោក Stephen Solarz អតីតសមាជិករដ្ឋសភាសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក សិទ្ធិ ប៊ួវ៉ាត់ បុគ្គលិកសង្គមកិច្ចនៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។
លោកបានឲ្យដឹងថា៖ «គាត់ដើរជុំវិញសហរដ្ឋ។ អង្គការមួយហ្នឹងទាក់ទងនឹងការអប់រំជនភៀសខ្លួនខ្មែរឲ្យចេះបើកអង្គការក្រៅរដ្ឋាភិបាលដើម្បីសុំលុយរដ្ឋតាមច្បាប់ដើម្បីឆ្លៀតឱកាសសុំលុយរដ្ឋយកមកប្រើប្រាស់ក្នុងសហគមន៍ខ្មែរមួយៗក្នុងសហរដ្ឋហ្នឹង។ សម័យនោះជនភៀសខ្លួនពិបាកអូន។ ជនភៀសខ្លួនខ្មែរមានការលំបាកជាខ្លាំងទីមួយគឺភាសា។ ជនភៀសខ្លួនខ្មែរភាគច្រើនសល់ពីស្លាប់»។
លោក សិទ្ធិ ប៊ួវ៉ាត់ បន្តថា អ្នកសល់ពីស្លាប់សម័យប៉ុលពតមិនសូវមានការចេះដឹងទេ ព្រោះខ្មែរក្រហមបានសម្លាប់បញ្ញវន្ត។
នៅចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩១ បណ្តាញព័ត៌មាននានានិងទូរទស្សន៍បានចាប់អារម្មណ៍នឹងការងាររបស់អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) ហើយក៏បានសម្ភាសលោក ឆាំង សុង អំពីព្រឹត្តិការណ៍សង្គ្រាមចុងក្រោយរវាងខ្មែរក្រហមនិងរបបសាធារណរដ្ឋខ្មែរផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Ronald Reagan នៅឆ្នាំ១៩៨៣បានលើកឡើងថា អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) របស់លោក ឆាំង សុង គួរតែបានមេដាយប្រធានាធិបតី។ នេះបើតាម Columbus Free Press និង Scoop Independence News។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាប្អូនជីដូនមួយរបស់លោក ឆាំង សុង បានប្រាប់វីអូអេតាមអ៊ីមែលកាលពីថ្ងៃអាទិត្យថា៖ «អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) ឆ្លុះបញ្ចាំងពីមូលហេតុដែលប្រជាជនកម្ពុជាភៀសខ្លួនចេញពីប្រទេសគឺមិនត្រឹមតែដោយសារសង្គ្រាមប៉ុណ្ណោះទេគឺថែមទាំងមានអំពើប្រល័យពូជសាសន៍ផងដែរ»។
លោក ឆាំង សុង បានវិលត្រឡប់ទៅប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក្រោយមកនៅអំឡុងទសវត្សរ៍១៩៩០ លោកបានក្លាយជាទីប្រឹក្សាលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។ ជាអតីតនិស្សិតសេរីនិយមរៀននៅសហរដ្ឋអាមេរិក លោកបានក្លាយជាសមាជិកព្រឹទ្ធសភាមួយរយៈខ្លីរបស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩៩។
បទពិសោធន៍លោក ឆាំង សុង ជារដ្ឋមន្ត្រីឃោសនាការនិងជាអ្នកនាំពាក្យនៃរដ្ឋាភិបាលសេរីនិយមបានធ្វើឲ្យលោកស្និទ្ធនឹងអ្នកសារព័ត៌មានជំនាន់ក្រោយ។
លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកសារព័ត៌មានបានមានប្រសាសន៍ថា លោក ឆាំង សុង ជាគំរូនៃវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជំនាន់ក្រោយ។ លោកបានចូលរួមផ្តួចផ្តើមគំនិតធ្វើស្តូបអនុស្សាវរីយ៍អ្នកសារព័ត៌មានជើងចាស់ដែលបាត់ខ្លួនឬស្លាប់។
លោក មឿន ឈានណារិទ្ធ បានថ្លែងថា៖«ខ្ញុំឃើញថាលោកបានបង្ហាញសកម្មភាពក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មានដ៏ស្វាហាប់បំផុតដែលលោកបានឆ្លើយតបចំពោះសំណួរគ្រប់បែបយ៉ាងរបស់អ្នកសារព័ត៌មានដោយគ្មានការរើសអើងនោះឡើយ»។
មិត្តភក្តិរបស់លោក ឆាំង សុង គឺលោក Carl Robison អ្នកយកព័តមានជើងចាស់របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅក្រុងព្រៃនគរដែលត្រូវបានបញ្ជូនទៅយកព័ត៌មាននៅភ្នំពេញម្តងម្កាលមុនថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានសរសេរសារតាម Facebook Messenger មកវីអូអេដោយកោតសរសើរលោក ឆាំង សុង ដែលបានសម្រេចក្នុងការជួបជុំអ្នកកាសែតជើងចាស់នៅឆ្នាំ២០១០ ហើយនឹងមានទំនាក់ទំនងល្អជាមួយអ្នកកាសែតក្រោយសម័យខ្មែរក្រហម។
នៅពេលថ្មីៗនេះព័ត៌មានភាន់ច្រឡំអំពីមរណភាពរបស់លោក ឆាំង សុង បានទាក់ទាញចំណាប់អារម្មណ៍និងសាររំលែកទុក្ខជាច្រើនពីមិត្តភក្តិនិងអតីតសហការី។ នេះបើតាមសារបង្ហោះតាមហ្វេសប៊ុកជាពិសេសសាររបស់មិត្តភក្តិក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
អ្នកស្រី ស៊ុម សារុន អាយុ៦៤ឆ្នាំបានរស់នៅនិងថែទាំលោក ឆាំង សុង រយៈពេល១៣ឆ្នាំហើយប៉ុន្តែមិនបានរៀបការទេ។
អ្នកស្រីបានរៀបរាប់ពីស្មារតីជាតិនិយមរបស់លោក ឆាំង សុង ថា៖ «គាត់ស្រឡាញ់ខ្ញុំ។គាត់ស្រឡាញ់ជាតិ។ តែគាត់មិនចោលទេជាតិ។ គាត់សុខចិត្តចោលខ្ញុំ។ ខ្ញុំមិនមែនថា ចង់ឲ្យគាត់ចោលជាតិទេ។ គាត់ថា ជាតិគាត់ធ្វើមួយជីវិតរបស់គាត់។ គាត់ស្រឡាញ់តែជាតិមួយទេ។ តែលុយកាក់គ្មានផងអូន! ដីមួយបង្គីក៏អត់មានផង។ ហើយខ្ញុំមិនមែនស្រឡាញ់គាត់ដោយទ្រព្យរបស់គាត់ទេណា៎អូន។ ខ្ញុំស្រឡាញ់គាត់ដោយស្មោះដោយឃើញគាត់ឈឺ។ កូនចៅអត់មានទាក់ទងគាត់ បងប្អូនអត់ទាក់ទងដោយសារគេខឹងគាត់ ដោយសារគាត់មិនជួយគេ។ គាត់ជួយតែជាតិណា៎អូន»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលត្រូវជាប្អូនជីដូនមួយរបស់លោក ឆាំង សុង មានប្រសាសន៍ថា៖ «មេរៀនលំបាកមួយដែលយើងរៀនពីបទពិសោធន៍នៃជីវិតរបស់គាត់បង្ហាញអំពើក្បត់ជួយឲ្យអ្នករស់គ្រប់កាលៈទេសៈ ប៉ុន្តែរស់ទាំងគ្មានព្រលឹង»។
ភរិយាលោក ឆាំង សុង ឲ្យដឹងថា លោកបានសរសេរអំពីប្រវត្តិសាស្ត្រកម្ពុជាដែលលោកដឹងរហូតដល់ពេលលោកឈឺត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីពេលថ្មីៗនេះ។
អ្នកស្រីបង្ហើបឲ្យដឹងថា កូនបីនាក់និងភរិយាទីមួយរបស់លោក ឆាំង សុង ដែលជាបងប្អូនជីដូនមួយរបស់ភរិយាលោកសេនាប្រមុខ លន់ នល់ ផ្តល់ដំណឹងមកថា ពួកគេចង់មកសួរសុខទុក្ខលោកនៅមន្ទីរពេទ្យ ហើយលោកស្រីរីករាយនឹងព័ត៌មាននេះ។
អ្នកស្រី ស៊ុម សារុន រំពឹងថាអតីតរដ្ឋមន្ត្រីរូបនេះអាចនឹងឆ្លងផុតគ្រោះថ្នាក់លើកនេះដូចដែលលោកបានជម្នះលើកមុនៗ។
អ្នកស្រីបានសរសេរលើទំព័រហ្វេសប៊ុកថា៖ «យើងសង្ឃឹមថា អព្ភូតហេតុអស្ចារ្យនឹងធ្វើឲ្យគាត់ដឹងខ្លួនវិញ»៕