សហជីព​សុំ​ឱ្យ​បើក​ការ​ចរចា​ពី​ប្រាក់​ខែ​ឡើងវិញ

កម្មករ​ចោល​ដុំថ្ម​និង​របស់​ផ្សេង​ទៀត​ដាក់​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​នៅ​តាម​ផ្លូវ​វ៉េង​ស្រង​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា។

ក្រុម​មេដឹក​នាំ​សហជីព​កម្មករ​ចំនួន​ប្រាំ​បួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្រេចចាប់​ផ្តើម​ធ្វើ​ការ​តស៊ូ​សារ​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌​និង​ការដំឡើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​ក្រោយ​ពីបរាជ័យ​ក្នុង​ការ​តវ៉ា​ជា​បន្ត​បន្ទាប់នា​ពេល​កន្លង​មក។

​សហជីព​ទាំង​នោះ​រួម​មាន​សម្ព័ន្ធ​សហ​ជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (CCAWDU) ​សម្ព័ន្ធ​សហជីព​កម្ពុជា​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា​ សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ សម្ព័ន្ធ​សហជីព​មិត្តភាព​កម្មករ ​សម្ព័ន្ធ​សហ​ជីព​ជាតិ ​និងសហភាព​សហជីព​កម្ពុជា។​

លោក​អាត់​ ធន់​ ប្រធាន​សហជីព​ CCAWDU ​បាន​ឲ្យ​ដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ​ព្រឹ​ក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ក្រុមមេដឹកនាំ​សហជីព​បានសម្រេច​ជំហរ​រួម​គ្នា​ចំនួន​ប្រាំ​ពីរ​ចំណុច​ ក្នុង​នោះ​គឺ​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​សហជីព​និង​កម្មករ​ដែល​ត្រូវ​ចាប់​ខ្លួន​ចំនួន​២៣​នាក់​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​និង​ថៅ​កែ​រោង​ចក្របើក​ការ​ចរចា​អំពី​ការដំឡើង​ប្រាក់​ខែកម្មករ​ឡើង​វិញ។ ​ក្នុង​នោះ​ដែរ​ក្រុម​មេដឹក​នាំ​សហជីព​ទាមទារ​ឲ្យមាន​ការវែក​មុខ​ខ្មាន់​កាំ​ភ្លើង​ដែល​បាន​បាញ់​សម្លាប់​និង​បាញ់​ឲ្យ​របួស​បាតុករ​ដែល​ជាកម្មករ​រោង​ចក្រ​និង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​គេ ​ស្នើ​ឲ្យ​ក្រុម​ថៅ​កែ​រោង​ចក្រ​ដក​បណ្តឹង​ប្រឆាំង​នឹង​បាតុករ​ រួមទាំងស្នើ​ឲ្យថៅ​កែ​រោង​ចក្រ​ទាំង​នោះ​ទទួល​យក​កម្មករ​ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយសារ​ចូលរួម​បាតុកម្ម​ឲ្យ​ចូល​ធ្វើ​ការឡើងវិញ​និង​ជា​ចុងក្រោយ​ក្រុមមេ​ដឹក​នាំ​កម្មករ​បាន​ទាមទារ​ឲ្យ​រដ្ឋា​ភិបាលលុប​ចោល​បំរាម​នៃ​ការជួប​ប្រជុំ​គ្នា​និង​ឲ្យ​ថៅ​កែ​រោង​ចក្រ​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​ពេញលេញ​សម្រាប់រយៈ​ពេល​ធ្វើ​ការតវ៉ា។

លោកអាត់ ធន់​ បញ្ជាក់​ថាក្រុម​មេដឹកនាំ​កម្មករ​នឹង​ដាក់ការ​ទាមទារ​របស់​ខ្លួន​ទាំង​៧​ចំណុច​នេះ​ក្នុងញ្ញត្តិ​មួយសម្រាប់​ផ្ញើ​ជូន​សហគមន៍​ជាតិ​និង​អន្តរជាតិ​រួម​ទាំង​ជូន​ថៅ​កែ​រោង​ចក្រ​នៅ​សប្តាហ៍​ក្រោយ។

​«យើង​ត្រូវ​រៀប​ចំ​ជា​ញ្ញត្តិ​មួយ​ដើម្បី​ធ្វើ​យុទ្ធ​នាការ​ទាំង​ក្រៅ​ប្រទេស​និង​ទាំង​ក្នុង​ប្រទេស​ដើម្បី​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ»។

ដោយឡែកមេ​ដឹកនាំ​សហជីពទាំង​ប្រាំបួន​បានបញ្ជូន​លិខិត​បន្ទាន់​មួយ​នៅ​ថ្ងៃ​នេះ​ដោយស្នើ​ដល់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​និង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឲ្យបញ្ជា​ដល់​ថៅ​កែ​រោង​ចក្រ​ផ្តល់​សំណង​ប្រាក់​ខែ​ដល់​កម្មករ​វិញ។​ប្រាក់ខែ​ពួក​គេ​ដែល​ត្រូវ​កាត់​សម្រាប់​រយៈ​ពេល​ធ្វើ​បាតុកម្ម​នា​ពេល​កន្លងមក។

លោកអាត់ ធន់​ បន្ថែម​ថា​សំណើ​ទាំង​នេះ​នឹង​ត្រូវ​ដាក់ជូន​រដ្ឋា​ភិបាល ​រដ្ឋសភា ​ជូន​ថៅកែ​រោង​ចក្រ ​នៅ​មុន​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​នេះ​ហើយ​បន្ទាប់មក​នៅថ្ងៃ​ទី​១០​ខែកុម្ភៈ ​តំណាង​សហជីព​និង​កម្មករ​ប្រមាណ​ជា​៣០០​នាក់​នឹង​ដាក់ញ្ញតិ្ត​ដូច​គ្នា​នេះ​ជូន​បណ្តា​ស្ថាន​ទូត​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ​ចិន គណៈ​កម្មការ​អឺរ៉ុប ​ជាដើម។

នៅ​ថ្ងៃ​ដដែល​នោះក្រុម​សហជីព​អន្តរជាតិផ្សេងៗ​នឹង​ដាក់​ញ្ញតិនេះ​នៅតាម​ស្ថានទូត​បរទេស​នៅ​ក្រៅ​ប្រទេស​ផងដែរ។

លោក​ហេង សួរ ​អគ្គនាយក​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការងារ​កាល​ពីថ្ងៃ​ទី​៣​ខែ​កុម្ភៈឲ្យ​ដឹង​ថា​ក្រសួង​នេះ​នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​សហជីព​ចំនួន​៥​ស្តី​ពី​ការតវ៉ា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​នៅ​រសៀលថ្ងៃ​សៅរ៍​ទី​៨​ខែ​កុម្ភៈ។​

ដោយ​ឡែក​ទាក់​ទង​នឹង​ការ​ទាម​ទារ​ឲ្យ​វែក​មុខ​ខ្មាន់​កាំ​ភ្លើង​ដែល​បាន​បាញ់​សម្លាប់​កម្មករកាល​ពី​ដើម​ខែ​មករា ​លោកខេង ទីតូ អ្នក​នាំ​ពាក្យ​កងរាជ​អាវុធ​ហត្ថ​មាន​ប្រសាសន៍​ថាអាជ្ញាធរ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​នោះប៉ុន្តែមិន​បាន​ផ្តោ​តលើ​អំពើ​ឃាត​កម្ម​នោះ​ទេ។

«ខ្ញុំ​ចង់​បញ្ជាក់​ថា​គណៈកម្មការ​បាន​បង្កើត​ឡើងមាន​ភារកិច្ច​ត្រឹម​តែ​ស្រាវ​ជ្រាវ​រកមើល​មូលហេតុ​ដែលនាំ​ឲ្យ​មាន​អំពើ​ហិង្សានិង​វាយ​តម្លៃ​លើ​ការ​ខូច​ខាតទ្រព្យ​សម្បត្តិ​សាធារណៈ​ហើយ​មក​ដល់​ពេល​នេះ​គណ​កម្មការ​នេះ​បាន​បញ្ចប់​ការ​ស្រាវ​ជ្រាវ​ហើយ។​នៅ​ថ្ងៃ​ស្អែក​នេះ​គណៈកម្មការ​នេះ​នឹង​ធ្វើ​ការ​ប្រជុំក្រោម​អធិប​តី​ភាព​ឯកឧត្តមស ខេង​ ដើម្បី​ដាក់​របាយការណ៍​នេះ​ជូន​សម្តេច​នាយក​ (រដ្ឋមន្ត្រី​ហ៊ុន សែន)»។

កាល​ពី​ខែ​ធ្នូ​និង​នៅ​ដើម​ខែ​មករា​កម្មករ​រោង​ចក្រ​រាប់ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្មទាម​ទារ​ដំឡើង​ប្រាក់បៀវត្សរ៍​មូល​ដ្ឋាន​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​រដ្ឋាភិបាលសម្រេចដំឡើង​ឲ្យ​ពួក​គេ​ត្រឹម​តែ​១០០​ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ។

ក្រុម​កម្មករបាន​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​មាន​ការបាញ់​បង្រ្កាបពី​សំណាក់​កង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល។ មាន​មនុស្ស​ចំនួន​ប្រាំនាក់​ស្លាប់ ​អ្នករបួស​ចំនួន​ប្រមាណ​៤០​នាក់​និង​តំណាង​សហជីព រួម​ទាំង​កម្មករ​ចំនួន​២៣​ត្រូវ​ចាប់​ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។ ​រីឯ​កម្មករប្រមាណ​ជា​២០០​នាក់ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ។

លោក​អាត់ ធន់ ​ឲ្យ​ដឹង​ថា ​ក្រុម​អង្គការ​និង​សហជីព​កម្មករ​នឹង​ធ្វើ​ពិធី​បួង​សួង​មួយ​នៅ​មុខ​ព្រះអង្គ​ដងកើ​ មុខ​ព្រះ​បរម​រាជ​វាំង​នៅថ្ងៃ​សុក្រ​ស្អែក​នេះបន្ទាប់​មក​នឹង​ធ្វើ​ដំណើរ​ទៅ​សួរសុខ​ទុក្ខ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ទាំង​២៣​នាក់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងថ្លុង​ ខេត្ត​កំពង់ចាម៕