ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពើ​ហិង្សា​លើ​កម្មករ​ត្រូវ​ថ្កោលទោស​ច្រើនឡើង​ពី​សហជីព​ជាតិ​ និង​អន្តរជាតិ

  • សុខ ខេមរា

កម្មករ​រាប់​ពាន់​ ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០១៣។
ក្រុមអ្នក​បញ្ជា​ទិញ​ផលិត​ផល​កម្ពុជា​នានា​ និង​សម្ព័ន្ធ​ភាព​របស់​ពួក​គេ​ដែល​ជា​សហជីព​ដ៏​មាន​ឥទ្ធិពល​ធំៗ​នៅតែ​បន្តជំរុញឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​កម្មករ ​និង​ក្រុម​សហជីព​ដែល​តវ៉ា​ដោយ​អហិង្សា​ដើម្បី​ការ​ដំឡើង​ប្រាក់ខែ​គោល​ពី​៨០​ទៅ​១៦០​ដុល្លារ​ស.រ.អា. ហើយ​ដោះលែង​កម្មករ​ មន្ត្រី​សហជីព ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សរុប​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ ហើយ​វិលមក​រកតុ​ចរចា​វិញ។​ នេះបើ​តាម​លិខិត​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​និង​លិខិត​របស់​សហជីព​នៅ​ស.រ.អា. និង​ពិភព​លោក​ដែល​វីអូអេ​ទទួល​បាន​ជា​បន្ត​បន្ទាប់។​

អ្នកស្រី ​ខេធី ​ហ្វេនហ្គោល ​(Cathy ​Feingold)​ នាយិកា​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សហជីព​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះ ​AFL-CIO​ ដែល​មាន​សមាជិក​ជាង​ ១២​លាន​នាក់​ ហើយ​មាន​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​គឺជា​អ្នក​សរសេរ​លិខិត​ចំហ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ដើមខែ​មករា។​

លោកស្រី​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​បាញ់​សម្លាប់​កម្មករ​ បង្ក្រាប​ដោយ​ឃោរឃៅ​ទៅ​លើ​កម្មករ។​ ថ្លែងប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោកស្រី​ចាត់ ទុក​ថា​ នេះ​ជា​សកម្មភាព​មិន​អាច​ទទួល​យកបាន ​ដោយ​លោកស្រី​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។​

«ខ្ញុំ​គិត​ថា ​យើង​នឹង​បញ្ជូនសារ​ដ៏​ខ្លាំង​មួយ ប្រសិន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ពង្រឹង​សិទ្ធិ​ជាមូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធិភាព ​ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម​ហើយ​នឹង​ធ្វើឲ្យ​ប្រាកដ​ប្រជា​ថា​ កម្មករ​មាន​សុវត្ថិភាព ​គ្មានការ​គម្រាម​កំហែង​ពេលដែល​ពួកគេ​អនុវត្ត​សិទ្ធិ​ទាំងនោះ។​ ហើយ​បន្ទាប់​មកត្រូវ​លើក​ទឹកចិត្ត​ឲ្យមាន​ការ​វិល​ទៅ​រក​កិច្ចចរចា​វិញ។​ លោកអ្នក​ដឹងទេ​ការចរចា​រួម​គ្នា​គឺ​ជារឿង​ដែល​ក្រុម​កម្មករ​ ក្រុម​និយោជក ​អាច​អង្គុយ​ជាមួយ​គ្នា​ ពិភាក្សា​គ្នា​លើបញ្ហា​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ។​ រឿង​នេះ​ជា​ការ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា»។​

លោកស្រី​បាន​គម្រាម​ថា ​សារធ្ងន់ធ្ងរ​ជាង​នេះ​នឹង​ទៅដល់​រដ្ឋាភិបាល​អាមេរិកាំង​ រដ្ឋាភិបាល​ផ្សេងៗ​និង​ទៅកាន់​សហជីព​នានា​អំពី​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ កម្ពុជា។​

ក៏ដូច​ជា​ប្រតិកម្ម​ពីប្រទេស​ជាច្រើន​និង​ពី​អ្នក​បញ្ជា​ទិញធំៗ​ឯ​ទៀតដែរ​ សមាគម​ អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ចំនួន​៦​ក្នុង​ប្រទេស​អាមេរិក​និង​ ប្រទេស​កាណាដា​ឈ្មោះ​ AAFA,​ CafFov, ​NRF, ​RCC ​USFIA ​និង​ Rila ​បាន​ សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​សប្តាហ៍​នេះ​ដែរ​ថា៖

«ឧស្សហកម្ម​របស់​យើង​ប្តេជ្ញា​ធានា​ថា ​ផលិតផល​ទាំង​អស់​ដែល​ផលិតមាន ប្រភព​ដើម​និង​លក់​នោះ​គឺត្រូវ​ផលិត​តាម​ច្បាប់​និង​លក្ខខណ្ឌ​មនុស្ស​ធម៌។ ​ជាផ្នែក​មួយ​នៃការ​តាំងចិត្ត​នេះ​ យើង​ប្តេជ្ញា​ថា​ នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ សន្តិសុខ​កម្មករ​ក្នុង​ក្រុម​ហ៊ុន​ ដែល​ផ្គត់ផ្គង់​ទំនិញ​របស់​យើង។ ​លិខិត​ដដែល​នោះ​ បាន​ព្រមាន​ថា​ សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​មិនធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ ដេរ​កម្ពុជា​មាន​ស្ថិរភាព​និង​រឹងមាំផង​ និង​មិន​បាន​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​រឹងមាំ​ ជា​មួយ​នឹង​ក្រុម​អ្នក​បញ្ជា​ទិញ​ចំនួន​៩០​ភាគ​រយ​របស់​យើង​ក្នុង​ប្រទេស​អាមេរិក ​និង​ប្រទេស​កាណាដា​ផង​ទេ»។​

លោក​ជា មុនី្ន ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ថ្លែង​ ថា​ លិខិត​របស់​ក្រុម​អ្នក​បញ្ជា​ទិញ ​និង​សហជីព​បណ្តា​ប្រទេស​នានា​នេះ​ជា​ សម្ពាធ​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​ បើគេ​មើល​ពី​កិច្ចការ​បរទេស​វិញ។​

«ការ​ដាក់​សម្ពាធនេះ​ជាការ​ធ្វើឲ្យ​កម្ពុជា​ងាក​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ ​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិ។​ ហើយ​លោកហ៊ុន សែន​ ក្នុង​នាម​ជាអ្នក​ដឹកនាំ​ប្រទេស​មួយ​ពី មុន​មក​ សុំឲ្យ​គាត់​ធ្វើការ​ពិចារណា​ឡើង​វិញ។​ អ្វីដែល​យើង​អាច​ដោះស្រាយ​បា​ យើង​ដោះស្រាយ​ទៅ ​កុំឲ្យ​ស្ថាន​ការណ៍​ហ្នឹង​វា​ធ្ងន់ធ្ងរ​ទៅ​មុខ​ទៀត»។​

លោក​រំឭក​ថា​ នៅ​ជុំវិញ​ពិភព​លោក​យើង​មិន​ឃើញ​ថា ​មាន​ប្រទេស​ណា​ដូច​ជា​ កម្ពុជា​ទេ ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ពិភព​លោក។​ តែនៅ​កម្ពុជា ​អ្នកបញ្ជា​ទិញ​មានការ​ចាប់​អារម្មណ៍​ខ្លាំងណាស់​ចំពោះ​ការរលោភសិទ្ធិមនុស្ស ហើយ ដាក់​លក្ខខណ្ឌ។ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​មន្ត្រី​អ.ស.ប.​គឺ​លោក​សូរិយ៉ា ស៊ូប៊ែឌី ​(Surya Subedi) ​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចាប់អារម្មណ័​ចំពោះ​ការ​រំលោភ​សិទ្ធិកម្មករ ​និង​ការ​បង្ក្រាប​ដោយ​អំពើ​ឃោរឃៅ​ដែល​លោក​ជា មុនី​អះអាង​ថា​ ជាការ​តម្រូវឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ត្រូវ​ដោះស្រាយ​តាមការ​ចង់បាន​របស់​អន្តរជាតិ។

«ការ​ដែលគេ​ឲ្យលោក​ហ៊ុន សែន​ធ្វើការ​ពិចារណា​និង​សុំពេល​ពិភាក្សា​គឺគេ​ចង់ ជម្រាប​ទៅ​គាត់​ថា​ អ្វី​ដែល​គាត់ធ្វើ​កន្លង​មក​ហ្នឹង​គឺជា​ការ​ខុស​ធ្ងន់ធ្ងរ​ដែល​អ្នក​ បញ្ជា​ទិញ​មិន​ទទួល​យក​បាន​ ពីព្រោះ​សម្លៀក​បំពាក់​ដែល​គេប្រើ​នៅ​ក្នុង​ពិភព​ លោក​គឺ​ជា​សម្លៀក​បំពាក់​ស្អាត ​សម្លៀក​បំពាក់​ពោរពេញ​ទៅ​ដោយ​ក្តីញញឹម​ ទៅ​ដោយ​ការសង្ឃឹម។​ អញ្ចឹង​គេអត់​ចង់​ឃើញ​សម្លៀក​បំពាក់​ដែល​ជោគ​ជាំ​ទៅ​ ដោយ​ញើស​ហើយ​នឹង​ឈាម​របស់​អ្នក​ផលិត​ទេ»។​

ក្រុម​បាតុករ​កម្មករ​៥​នាក់​ត្រូវគេ​បាញ់​សម្លាប់​និង​របួស​៤០​នាក់​និង​ចាប់ខ្លួន​២៣​ នាក់​ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​សមរម្យ។ ​ពួកគេ​រង​ការ​បង្រ្កាប​ដោយ​អំពើ​ឃោរឃៅ​ដោយ​ក្រុមយោធា​និង​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី៣​ខែ​មករា។ ​រឿង​នេះ​បង្ក​ឲ្យមាន​ប្រតិកម្ម​ជា​អន្តរជាតិ​ដ៏ធ្ងន់ធ្ងរ​ឲ្យ​រដ្ឋាភិបាល​ ដោះស្រាយ​ជា​បន្ទាន់។​

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា ​ស៊ីខាវឌូ ​(CCAWDU)​ បាន​អះអាង​ថា​ រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ និង​បញ្ចប់​បញ្ហា​កម្មករ​នេះ​ ឲ្យបាន​សមរម្យ​តាម​ការ​ចង់​បាន​របស់​កម្មករ​ និង​ សហគមន៍​អន្តរជាតិ​ ដែល​បាន​បញ្ជាក់​ក្នុង​លិខិត​ចម្រុះ​គ្នា​នោះ។​

«ខ្ញុំគិត​ថា​ លិខិត​ដែល​ចេញ​ពី​អ្នក​បញ្ជា​ទិញទាំង​៣០​ហើយ​និង​សហជីព​ធំៗ​បី​នៅ​លើ​ពិភពលោក​ហ្នឹង​គឺជា​អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​ ហើយ​ដែល​អ្នក​ហ្នឹង​អាច​ឲ្យ​ ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ទាំងអស់​ហ្នឹង​ ​ផ្អាក​ការ​ទិញ​ ឬ​ទិញ​បន្ត​អី ​ជា​រឿង​លើ​អ្នក​ទាំង​ហ្នឹង​ហើយ។​ អញ្ចឹង​អាហ្នឹង​វាពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ថា​ តើ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ហ្នឹង​ ចាប់​ផ្តើម​អនុវត្ត​ ឬ​ក៏​ចាប់ផ្តើម​ធ្វើ​ការ​តាម​អ្វីដែល​ជា​សំណើ​របស់​ពួក​គេ​បាន​ត្រឹម​កម្រិត​ណា​ទេ»។​

លោក​ថ្លែង​ថា​ អ្វីដែល​លោក​ចង់​បាន​ពេល​នេះ​គឺ​ទី១​ យើង​ចង់​បាន​ការ​ដោះលែង​ កម្មករ​២៣​នាក់។​ ទី២ ​ដំណោះ​ស្រាយ​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​ដែល​អាច​ទទួល​ យកបាន។​ ទី៣​ ស៊ើប​អង្កេត​រក​មុខ​អ្នកដែល​បាន​បាញ់​កម្មករ​មក​ផ្តន្ទាទោស​ និង ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​គេ​ ហើយនឹង​បញ្ឈប់​បង្ក្រាប​ ដោយ​ហិង្សា​លើ​កម្មករ។​

លោក​ថ្លែង​ថា​ ការ​ខកខាន​ក្នុង​ការ​ដោះស្រាយ​មិន​អាច​បំពេញ​ចិត្ត​អ្នក​បញ្ជា​ទិញ​បាន​ទេ​ ហើយ​នេះ​ជា​ការ​បារម្ភ​ចំពោះ​អនាគត​នៃ​វិស័យ​កាត់ដេរ​កម្ពុជា។​ ​

«បើសិន​ជា​រដ្ឋាភិបាល​មិន​បាន​រក្សា​វិស័យ​ហ្នឹង​ឲ្យ​បាន​គង់វង្ស​ទេ​ ហើយ​ឲ្យ​គេ​ដក​ ការ​ទិញ​ទាំងអស់​ចេញ​ហ្នឹង​ មាន​ន័យ​ថា ​កម្មករ​ជិត​១​លាន​នាក់​នឹង​មាន​ការ​តវ៉ា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែខ្លាំង​ ហើយ​ដំណើរ​ការ​ អាជីវកម្ម​ ឬ​ក៏​ដំណើរការ​ឧស្សាហកម្ម​នៃ​ផ្នែក​ឧស្សាហ​កម្ម​កាត់​ដែរ​ហ្នឹង ​ពេល​នោះ​នឹង​មាន​បញ្ហា​មិន​អាច​រក​ចំណូល​បាន​ទៀត​ នោះហើយ​វានាំ​ឲ្យមាន​បញ្ហា​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា​ រាជ​រដ្ឋាភិបាល​យក​ចិត្ត​ ទុកដាក់​ក្នុង​ការ​ដោះស្រាយ​អំពី​បញ្ហា​កម្មករ​ និង​ក្រុមហ៊ុន។​ តែ​លោក​បាន​ចោទ​ ប្រកាន់​គណបក្ស​ជំទាស់​ថា​ ជា​អ្នក​បង្កើត​ហេតុការណ៍​នៃ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម​ កាល​ពីថ្ងៃ​ទី២​ទី​៣​ខែមករា។​

«យើង​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​គេ​យល់​អំពី​បញ្ហា​កម្ពុជា។ ​អ្នក​បង្កើត​សាច់រឿង​នេះ​ អ្នកណា​ជាអ្នក​បង្កើត? ​ចំណុច​ទី២​ យើង​ដឹង​ហើយ​ថា​ គណបក្ស​ប្រឆាំង​ ឬគណបក្ស​សង្គ្រោះ​ជាតិ​នេះ​ លោក​បាន​បង្កើត​ធ្វើ​ឲ្យ​វិស័យ​ កាត់ដេរ​ខាត​បង់​អស់​ថវិកា​២០០​លាន​ដុល្លារ​រួចស្រេច​មក​ហើយ។​ ហើយ​ការងារ​ នេះ​ជា​បន្ទុក​របស់​រដ្ឋ​រួច​ស្រេច។​ ហើយ​នេះ​ជា​បន្ទុក​របស់​រាជ​រដ្ឋាភិបាល»។​

លោក​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ឲ្យ​រឿង​នេះ​ដោះស្រាយ​ដោយ​លាយ​ឡំ​និង​ រឿង​នយោបាយ​ទេ។​

«ហើយ​យើង​មាន​អំណរ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​បញ្ជា​ទិញ​ដែល​ជា​ ដៃ​គូ​ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ ហើយ​ជាមួយ​នឹង​កម្មករ។​ វាមិនមែន​បាន​សេចក្តី​ថា​ រាជ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​រឿង​បញ្ហា​ប្រាក់​ខែ​គោល​របស់​កម្មករ​នោះ​ទេ​ តែ​ការ​ដោះស្រាយ​នេះ​ យើងចង់​បាន​របៀប​ជា​ដៃគូ​រវាង​រាជ​រដ្ឋាភិបាល​ជាអ្នក​សម្រប​សម្រួល​ជាមួយ​នឹង​កម្មករ​ ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ ដែល​ជា​អ្នក​ចុះ​កុងត្រា​ជាមួយ​អ្នក​ទិញ​នៅ​ខាង​ក្រៅ»។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ភីធ័រ តាន់កែវ​ (Peter Tan Keo)​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ពី​ក្រុង ​Boston ​ស.រ.អា.​ ​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​មិន​អាច​គេច​វេស​ពី​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ទេ​ តែត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​ដៃ​គូ​នានា​ក្នុង​ប្រទេស​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ បើ​ពុំ​ដូច្នោះ​ទេ​ ការ​វិនិយោគទុន​បរទេស​នឹង​ជៀសចេញ​ពី​កម្ពុជា​ ហើយ​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​កម្ពុជា។​

«តែខ្ញុំ​នឹង​បញ្ជាក់​បន្ថែម​ថា ​ការដាក់​សម្ពាធ​ថ្មីៗ​ដោយ​សហភាព​អឺរ៉ុប ​ស.រ.អា. និង អ្នក​បញ្ជា​ទិញ​សំខាន់ៗ​ រួម​នឹង​សហជីព​ផង​នោះ​គឺជាអ្វី​ដែល​មិន​ធ្លាប់​កើតមាន​ ពី​មុន​ទេ។​ វាជា​រឿង​ដ៏​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ក្រោយ​សម័យ​អ៊ុនតាក់​ដែល​គេ​ឃើញ​ថា ​មាន​ប្រតិកម្ម​យ៉ាង​មុតស្រួច​ពី​សហគមន៍​អន្តរជាតិ ​ដែល​តម្រង់​ទិស​ដៅ​លើ​ជំនួយ​និង​ការ​វិនិយោគ​នោះ។​ ប្រតិកម្មនេះ​ទំនង​ជា​បង្ហាញ​ថា​ សហគមន៍​អន្តរជាតិ​គាំទ្រ​ជា​ចំហ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​មិនមែន​ជា​រឿង​ចាំបាច់​ លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​តែ​ប៉ុណ្ណោះ​ទេ​ នៅពេល​ធ្វើកិច្ច​សហប្រតិ បត្តិការ​ផ្នែកការទូត​ក្នុង​ប្រទេស​កម្ពុជា​នោះ»។​

ក្រុមមន្ត្រី​សហជីព​ខ្លះ​បាន​រំឭកឲ្យ​ដឹង​ដែរ​ថា​ ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​គម្រូ​ ចំពោះ​លក្ខខណ្ឌ​ការងារ ​និង​សិទ្ធិ​សេរីភាព​កម្មករ​ជាច្រើន​ឆ្នាំដែរ​ ​ដែល​មិន​គួរ​ បណ្តោយ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ដូច្នេះទេ។​ វិស័យ​កាត់ដេរ​សម្លៀក​ បំពាក់​ជា​ជន្ទល់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​វិស័យ​ទាំង​បួន​ដែល​មាន​កម្រិត​នាំ​ចេញ​ដល់​ទៅ​ចំនួន​ជិត​៥.០០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ទី​ផ្សារ​ដ៏​ធំនោះ​គឺ​ប្រទេស​អាមេរិក​ និង​សហភាព​អឺរ៉ុប៕
XS
SM
MD
LG