ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​ឆ្នាំ​ក្រោយ​ពី​ឃាតកម្ម​លើ​លោក​ជា វិជ្ជា​ អាជ្ញាធរ​នៅ​រង់ចាំ​បញ្ជា​តុលាការ​ដើម្បី​តាម​រក​ឃាតករ


នៅ​ថ្ងៃ​ពុធ​ទី​២២ មករា ២០១៤ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​នៅ​​មុខ​​រូប​​សំណាក​​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ នៅ​ក្នុង​ឱកាស​ខួប​ទី​១០​នៃ​ការ​ធ្វើ​ឃាត​លោក​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២២​ខែ​មករា​ឆ្នាំ​២០១៤។ លោក ជា វិជ្ជា ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្បែរ​តូប​កាសែត​មួយ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០៤។
នៅ​ថ្ងៃ​ពុធ​ទី​២២ មករា ២០១៤ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​នៅ​​មុខ​​រូប​​សំណាក​​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ នៅ​ក្នុង​ឱកាស​ខួប​ទី​១០​នៃ​ការ​ធ្វើ​ឃាត​លោក​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២២​ខែ​មករា​ឆ្នាំ​២០១៤។ លោក ជា វិជ្ជា ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្បែរ​តូប​កាសែត​មួយ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០៤។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​សារ​ជាថ្មី​គៀងគរ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ក្រោក​ឈរ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​សង្គម​និង​បំបាត់​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា​ដោយបាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ការតស៊ូ​របស់​ពួកគេ​ជិត​សម្រេច​គោល​ដៅ​នៃ​ការ​ទាមទារ​នេះ​ហើយ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​និយាយ​ថា៖​ «ល្មម​បញ្ចប់​វប្បធម៌​ហិង្សា​ ហើយ​វប្បធម៌​និទណ្ឌភាព​ហ្នឹង​ហើយ​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ពិត​ប្រាកដ​ សន្តិភាព​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស»។​

ការ​ប្រកាស​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​ដែល​សហជីព​សេរី​កម្មករ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ អតីត​វរជន​ការពារ​សិទ្ធិ​កម្មករ​ដ៏​ល្បី​ល្បាញ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤។​

មក​ដល់​ពេល​នេះ​មាន​រយៈពេល​១០​ឆ្នាំ​គត់​ប៉ុន្តែ​ឃាតករ​ពិត​ប្រាកដ​មិន​ទាន់​ត្រូវ​បាន​វែក​មុខនៅ​ឡើយ។ សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​បាន​វិល​ត្រឡប់​មក​ចំណុច​ចាប់​ផ្តើម​ឡើងវិញ​ បន្ទាប់ពី​លោក​ ប៊ន សំណាង​ និង​ លោក​ សុខ សំអឿន ជន​សង្ស័យ​ដ៏​សំខាន់​ពីរ​នាក់​ត្រូវ​បាន​តុលាការ​កំពូល​សម្រច​ដោះ​លែង​ជា​ស្ថាពរ​និង​បញ្ជា​ឱ្យសាលា​ឧទ្ធរណ៍​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​នេះ។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា មាន​ឃាតកម្ម​ជាច្រើន​ដូច​ជា​ការ​បាញ់​សម្លាប់​ លោក​ ជា វិជ្ជា​ លោក​ រស់ សុវណ្ណារ៉េត​ លោក​ ឃី វុទ្ធី​ និង​ ការ​បាញ់​សម្លាប់​ថ្មីៗ​នេះ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​មិន​ទាន់​ត្រូវបាន​រក​យុត្តិធម៌​នៅ​ឡើយ។​

លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​សហជីព​ទាំង​អស់​ឱ្យ​ធ្វើ​ការ​រួបរួម​គ្នា​ជាធ្លុង​មួយ​តទៅ​ទៀត​ដើម្បី​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​ដើម្បី​សម្រេច​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។​
លោក​និយាយ​ថា៖ ​«សូម​បង​ប្អូន​កុំ​តក់​ស្លុត​ឱ្យ​សោះ​ពង្រឹង​ស្មារតី​ទាំង​អស់​គ្នា​ឡើង​ ទាំង​សហជីព​ ទាំង​កម្មករ​ យើង​ជិត​បាន​សម្រេច​គោលដៅ​ហើយ។ ​ចុង​ក្រោយនេះ​យើង​ឃើញ​ថា ​អំពើ​ឃោរឃៅ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​បាន​ធ្វើ​ឱ្យ​អន្តរជាតិ​ផ្អើល​ពេញ​ពិភពលោក​ហើយ»។​

សមាជិក​នៃ​សហជីព​សេរី​កម្មករ​ដោយ​មាន​ការ​ចូល​រួម​ពី​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជិត​២០០​នាក់​បាន​ដើរ​ហែរ​ក្បួន​ដោយ​ស្ងាត់​ស្ងៀម​និង​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំពេញ។ ពួកគេ​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពីទី​ស្នាក់​ការ​សហជីព​ឆ្ពោះ​មក​កាច់​ជ្រុង​វត្ត​លង្កា​ជាទី​កន្លែង​ដែល​លោក​ ជា វិជ្ជា​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​១០​ឆ្នាំ​មុន។​

ក្បួន​ដង្ហែរ​នេះ​បាន​បញ្ចប់​ទៅ​គ្មាន​ការ​រារាំង​ណា​មួយ​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទេ​បើ​ទោះ​បីជា​ពួកគេ​បាន​ដាក់​ពង្រាយ​និង​ចល័ត​ចុះ​ឡើង​ពាសពេញ​ទីក្រុង​ភ្នំពេញ​ក៏​ដោយ។​

លោក​ ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ ជា​ វិជ្ជា​បាន​បញ្ជាក់​ថា ​ការ​បាញ់​សម្លាប់​ទាំង​អស់​រាប់​ទាំង​តារា​ចម្រៀង​ ឥស្សរជន​នយោបាយ​និង​កម្មករ​គួរ​តែ​ត្រូវ​បាន​បញ្ឈប់ហើយ​លោក​នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អ្នក​ស្លាប់​ដោយ​អំពើ​អយុត្តិធម៌​ទាំង​នោះ។​

លោក​និយាយ​ថា៖​ «ជា​ទូទៅ​នេះ​ជា​កាតព្វកិច្ច​ត្រូវ​តែ​ស្វែង​រក​ឃាតករ​ហើយ​ពី​ព្រោះ​ប្រទេស​មាន​ច្បាប់​អញ្ចឹង​ការ​បាញ់​សម្លាប់​មនុស្ស​ អ្នកទទួល​ខុស​ត្រូវ​នៃ​ការ​បាញ់ អ្នក​នៅ​ក្រោយ​ខ្នង​ត្រូវ​តែ​វែក​មុខ​ហើយ​បញ្ជូន​ទៅ​កាន់​ដើម្បី​កាត់​ទោស។ ​បើ​ប្រទេស​យើង​មាន​ច្បាប់​ហើយ​ អត់​ធ្វើ​ការ​អនុវត្ត​ច្បាប់​មិន​ដឹង​ជា​ប្រទេស​ស្អី​ទេ»។​

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​កម្មករ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ស្វែង​រក​អ្នក​ដែល​ញុះញង់នាំ​ឱ្យ​មាន​អំពើ​ហិង្សាហើយ។​ ចំណែក​ឯ​រឿង​ករណី​លោក​ ជា វិជ្ជា​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀម​ខ្លួន​អនុវត្ត​តាម​បញ្ជា​របស់​តុលាការ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG