ថ្នាក់ដឹកនាំប្រទេសកម្ពុជាមិនត្រូវព្រងើយកន្តើយនឹងប្រតិកម្មរបស់សហគមន៍អន្តរជាតិទេ ជាពិសេសសហរដ្ឋអាមេរិក ដោយសារខ្លួននៅពឹងពាក់បរទេសជាច្រើនខាងផ្នែកសេដ្ឋកិច្ច ហើយការបង្កសកម្មភាពប្រទូស្តរ៉ាយជាមួយនឹងមហាអំណាចនេះ គឺជាការខាតបង់ទេ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។
លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទថា បើសិនជាប្រទេសកម្ពុជាមិនមានទំនាក់ទំនងការទូតរឹងមាំជាមួយនឹងសហរដ្ឋអាមេរិកទេហើយឈានដល់ដំណាក់កាលដែលសហរដ្ឋអាមេរិកត្រូវដាក់ទណ្ឌកម្មឬបំរាមណាមួយគឺនឹង «មានផលប៉ះពាល់ខ្លាំង» ពីព្រោះប្រទេសមួយចំនួនដែលពឹងផ្អែកប្រទេសមហាអំណាចនេះជាខ្នងបង្អែកទាំងផ្នែកនយោបាយ ការទូតនិងយោធានៅលើឆាកអន្តរជាតិនឹងដើរតាមការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ ក្នុងនោះរួមមានប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុបផងដែរ។
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ បន្ថែមថា៖
«ពីព្រោះសហគមន៍អឺរ៉ុបជាខ្នងនយោបាយអន្តរជាតិនិងខ្នងយោធាអន្តរជាតិនៅខ្សោយបំផុត។ សហរដ្ឋអាមេរិកទេដែលខ្លាំង។ អីចឹងប្រទេសជាច្រើនគឺពឹងផ្អែកទៅលើសហរដ្ឋអាមេរិកជាខ្នង»។
លោកបន្ថែមថាប្រទេសពីរដែលសំខាន់ក្នុងការវិនិយោគនៅកម្ពុជាគឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងហើយដោយសារជម្លោះតានតឹងជាមួយនឹងចិននិងនៅឧបទ្វីបកូរ៉េគឺប្រទេសទាំងពីរនេះតែងតែពឹងផ្អែកទៅលើសហរដ្ឋអាមេរិកជាខ្នងនយោបាយ ខ្នងការទូតនិងខ្នងយោធា។
«អីចឹងហើយបានជាអ្នកវិនិយោគទាំងអស់ហ្នឹងតែងតែទៅប្រទេសណាដែលមានអាមេរិកនាំមុខ»។
ប្រទេសកម្ពុជាពឹងផ្អែកទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងកម្រិតជិត៧០ភាគរយនៃការនាំចេញទាំងមូលរបស់ខ្លួនហើយទទួលបានការលើកលែងពន្ធអនុគ្រោះផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានបង្កើនវោហាសាស្រ្តវាយប្រហារសហរដ្ឋអាមេរិកដោយចោទប្រទេសមហាអំណាចនេះថាគាំទ្រគណបក្សសង្គ្រោះជាតិឱ្យធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាជាដើម។ ការវាយប្រហារនេះបានកើនឡើងនៅក្រោយពីរដ្ឋាភិបាលបានចាប់ខ្លួនលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារដោយចោទពីបទក្បត់ជាតិហើយគ្រោងនឹងរំលាយគណបក្សប្រឆាំងដ៏ធំនេះចោល។
សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិបានស្នើសុំឱ្យដោះលែងលោកកឹមសុខាជាបន្ទាន់និងចាត់ទុកថាទង្វើរបស់រដ្ឋាភិបាលជាការធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហាក់មិនយកចិត្តទុកដាក់នឹងការអំពាវនាវទាំងនេះទេ។
សកម្មជនសិទ្ធិមនុស្សមួយចំនួនស្នើឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយដាក់បំរាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលមួយចំនួននិងដាក់ឱ្យលោកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅឯការជាដើម។
លោក អ៊ូ វីរៈ សន្និដ្ឋានថាការព្រងើយកន្តើយនេះដោយសារតែកម្ពុជាអាងលើការឧបត្ថម្ភធនពីប្រទេសចិននិងការប្រមូលពន្ធដារក្នុងស្រុកបានច្រើនជាងមុន។ ប៉ុន្តែលោកព្រមានថាការពឹងពាក់ប្រទេសចិនក៏មិនល្អដែរដោយសារសេដ្ឋកិច្ចប្រទេសចិនក៏មិនជាល្អប៉ុន្មានដែរក្នុងមួយរយៈពេលចុងក្រោយនេះ។
ក្នុងពេលជាមួយគ្នានោះដែរសហគមន៍អន្តរជាតិក៏មិនបណ្តោយឱ្យការវិនិយោគជិតពីរពាន់លានដុល្លារលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាកាលពី២៦ឆ្នាំមុន រលាយបាត់ដែរ។
លោក អ៊ូ វីរៈ យល់ថាបើទោះបីជាមន្ត្រីរដ្ឋាភិបាលកម្ពុជានិងអ្នកគាំទ្ររបស់ពួកគេមួយចំនួនមានការតឹងតែងក្នុងចិត្តដោយសារតែសហគមន៍អន្តរជាតិហាក់ដូចជាផ្តោតលើសកម្មភាពផ្នែកសិទ្ធិមនុស្សរបស់កម្ពុជាក្នុងខណៈពេលដែលប្រទេសជិតខាងកម្ពុជាមួយចំនួនដូចជាថៃ ភូមា វៀតណាម ម៉ាឡេស៊ីនិងហ្វីលីពីនមានបញ្ហារំលោភសិទ្ធិមនុស្សប្រហាក់ប្រហែលគ្នាដែរតែប្រតិកម្មពីអន្តរជាតិហាក់ដូចជាមិនសូវខ្លាំងប៉ុន្មានទេ។ លោក វីរៈ ចាត់ទុកថា នេះគឺជា «ការតឹងទ្រូងដែលត្រឹមត្រូវ» ប៉ុន្តែលើកឡើងថាប្រទេសកម្ពុជាគឺជាករណីពិសេសដែលខុសពីប្រទេសជិតខាងរបស់ខ្លួនដោយសារតែពិភពលោកមិនទាន់ចាត់ទុកកម្ពុជាស្មើភាពនឹងប្រទេសដទៃទេព្រោះប្រទេសកម្ពុជាគឺជាគម្រោងមួយរបស់អង្គការសហប្រជាជាតិដែលបានជួយបន្ទាប់ពីចប់សង្គ្រាមត្រជាក់រួមមានការជជែកចរចាគ្នានាំភាគីប្រទេសជាច្រើនចងក្រងទៅជាកិច្ចព្រមព្រៀងទីក្រុងបារីសកាលពីឆ្នាំ១៩៩១។
លោកបានបន្ថែមថា៖
«ដោយសារអីចឹងហើយបានជាក្នុងកែវភ្នែករបស់ពិភពលោកនិងប្រទេសមួយចំនួនគិតថាប្រទេសកម្ពុជាគឺជាកូនង៉ាឬកូនក្មេងមួយដែលត្រូវការបំប៉នរបស់អន្តរជាតិដែរដោយសារអីចឹងហើយគេមិនទាន់គោរពកម្ពុជាស្មើភាពនឹងប្រទេសដទៃ»។
លោក អ៊ូ វីរៈ យល់ថាជាទូទៅផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់មានអាទិភាពជាងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងទំនាក់ទំនងជាមួយនឹងប្រទេសមហាអំណាច។
លោកថ្លែងទៀតថា៖
«នៅពេលដែលយើងនិយាយពីពិភពលោកយើងកុំសន្និដ្ឋានថាគេមានផលប្រយោជន៍ឬមួយការចាប់អារម្មណ៍ទៅតែប្រធានបទមួយក្នុងនោះគឺមានប្រធានបទសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រសិនបើផលប្រយោជន៍ផ្សេងដូចជាផលប្រយោជន៍សេដ្ឋកិច្ចជាពិសេសផលប្រយោជន៍សន្តិសុខតំបន់ដែលមានការឈ្លោះគ្នារបស់ប្រទេសមហាអំណាចដូចជាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងឬខាងកើតគឺជារឿងសន្តិសុខមួយដ៏ធំ។ បើសិនជាមានរឿងសន្តិសុខតំបន់ដូចហ្នឹងនឹងក្លាយជាប្រធានបទមួយធំរឿងហ្នឹងគ្របដណ្តប់ទៅលើរឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សប៉ុន្តែប្រសិនបើអត់មានផលប្រយោជន៍យុទ្ធសាស្រ្តតំបន់និងយុទ្ធសាស្រ្តសេដ្ឋកិច្ចទេអីចឹងរឿងសិទ្ធិមនុស្សនិងរឿងប្រជាធិបតេយ្យទៅជារឿងធំជាង»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ យល់ថាថ្នាក់ដឹកនាំកម្ពុជានឹងមិនបណ្តោយឱ្យសភាពការណ៍នយោបាយធ្លាក់រហូតដល់អន្តរជាតិដាក់ទណ្ឌកម្មទេ៖
«តាមការវិភាគរបស់ខ្ញុំក្នុងរយៈពេល២០ជាងឆ្នាំរដ្ឋាភិបាលគាត់ពូកែគាត់ឈ្លាសវៃត្រង់ថាគាត់ទាញឱ្យតឹងប៉ុន្តែមិនតឹងរហូតដល់ដាច់ខ្សែទេ»៕