លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ ប្រកាសថា កម្ពុជាមិនត្រូវការបរទេស មកទទួលស្គាល់លទ្ធផលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខនេះទេ ដោយលោកថាត្រឹមប្រជាពលរដ្ឋខ្មែរទទួលស្គាល់ គឺគ្រប់គ្រាន់។
ការលើកឡើងរបស់ លោក ហ៊ុន សែន គឺធ្វើឡើងមួយថ្ងៃក្រោយពីសមាជិកព្រឹទ្ធសភាអាមេរិក បានលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ លោក កឹម សុខា ប្រធានគណបក្សនេះ មិនត្រូវបានដោះលែង នោះពួកគេនឹងមិនទទួលស្គាល់ការបោះឆ្នោត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានៅក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខឡើយ។
ក្នុងពិធីសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន៣៦២នាក់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំថ្លែងថា លោកមិនខ្វាយខ្វល់ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសណាមួយទៅលើការបោះឆ្នោតនៅកម្ពុជានោះទេ។ លោកបន្ថែមថា លោកនៅតែប្តេជ្ញារៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ដោយអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ និងថា តាមច្បាប់កម្ពុជា ការទទួលស្គាល់ការបោះឆ្នោតគឺសម្រេចលើប្រជាពលរដ្ឋ ក្រោយមានការប្រកាសចុងក្រោយរបស់ព្រះមហាក្សត្រ។
លោក ហ៊ុន សែន បញ្ជាក់ថា៖
«ទោះបីអ្នកណាជួយ ឬមិនជួយ វាមិនសំខាន់សម្រាប់យើងទេ។ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបញ្ហាចុងក្រោយ ក្រុមប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលចុងក្រោយ ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់។ មិនចាំបាច់អ្នកណាចោទថាទទួលស្គាល់ ឬមិនទទួលស្គាល់ យើងអត់មានត្រូវការទេ»។
លោក ហ៊ុន សែន បានអំពាវនាវដល់បរទេសទាំងឡាយកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយថា គ្មាននរណាស្គាល់កម្ពុជាច្បាស់ជាងខ្មែរនោះទេ។ លោកក៏បានចាត់ទុកការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ដូចជាការរំលាយគណបក្សសង្រ្គោះជាតិថា ជាការអនុវត្តតាមច្បាប់របស់កម្ពុជា។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់គឺលោក Ted Cruz បានព្រមានជាថ្មីថា ប្រសិនបើគ្មានការដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកានេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាឆ្នាំក្រោយនេះទេ។ ហើយកាលពីថ្ងៃទី២៣ ខែតុលា សមាជិកព្រឹទ្ធសភាអាមេរិករូបនេះបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ជាបន្ទាន់ និងមិនត្រូវរំលាយគណបក្សជំទាស់ ហើយត្រូវអនុញ្ញាតឲ្យគណបក្សនេះបានចូលរួមការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ ជាថ្នូរនឹងការបន្តផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជាមួយចំនួន ដែលពាក់ព័ន្ធនឹងករណីជុំវិញស្ថានការណ៍នយោបាយបច្ចុប្បន្ន។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ថាបរិបទនៃការបោះឆ្នោតនៅកម្ពុជា ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងមានការចូលរួមឃ្លាំមើល និងទទួលស្គាល់ពីបរទេសដើម្បីធានាពីភាពសេរី និងយុត្តិធម៌។ លោកបន្ថែមថា សហគមន៍អន្តរជាតិមួយចំនួន បាននិងកំពុងទាមទារឲ្យគណបក្សសង្គ្រោះជាតិបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដូច្នេះលោកថា ប្រសិនបើការបោះឆ្នោតនោះមិនមានការចូលរួម និងទទួលស្គាល់ពីបរទេស នោះនឹងធ្វើឲ្យឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក សុន ឆ័យ បញ្ជាក់ថា៖
«សព្វថ្ងៃនេះមានគណបក្សតែពីរនោះទេ ដែលប្រជារាស្រ្តលោកសម្រេចជ្រើសរើសនៅក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិមិនអនុញ្ញាតឲ្យប្រកួតប្រជែង អានោះវាធ្វើឲ្យការបោះឆ្នោតនោះវាមិនសេរី មិនយុត្តិធម៌ វាមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានការខកចិត្តធំធេងណាស់។ ហើយអន្តរជាតិដែលគេជួយធានាឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងក៏គេមិនអាចទទួលយកបានដែរ»។
ប្រតិកម្ម និងការរិះគន់ផ្សេងៗពីសំណាក់អង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នជាតិ និងអន្តរជាតិទៅលើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ កើតឡើងក្រោយពេលដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួន ស្របពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងប្រឈមនឹងការរំលាយ ដោយរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយលើកឡើងថា កម្ពុជាជាប្រទេសដែលចាំបាច់ត្រូវការទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ខុសពីប្រទេសផ្តាច់ការមួយចំនួនទៀតលើពិភពលោក។ លោកបន្ថែមថា ការបោះឆ្នោតនៅកម្ពុជា អាចដំណើរការទៅបានដោយសេរី និងយុត្តិធម៌ ដើម្បីធានាឲ្យរដ្ឋាភិបាលដែលកើតពីការបោះឆ្នោតនោះក្លាយជារដ្ឋាភិបាលស្របច្បាប់ លុះត្រាតែមានការចូលរួមពីអន្តរជាតិ។
លោក មាស នី មានប្រសាសន៍ថា៖
«ការបោះឆ្នោត បើសិនជាឲ្យតម្រូវទៅតាមអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញផង និងការចែងក្នុងការសម្រេចក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង វាត្រូវទាមទារឲ្យមានការត្រួតពិនិត្យពីអន្តរជាតិ។ ហើយបើសិនជាការបោះឆ្នោតរបស់យើងមិនត្រូវបានទទួលស្គាល់ពីអន្តរជាតិទេ នោះរដ្ឋាភិបាលក៏អាចត្រូវបានគេមិនទទួលស្គាល់ដែរ។ នៅពេលដែលយើងចេញទៅប្រជុំអីផ្សេងៗ នៅកន្លែងខ្លះក៏គេមិនទទួលស្គាល់ ថាជារដ្ឋាភិបាលស្របច្បាប់»។
ចាប់តាំងពីមានការរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិមក គេឃើញថាបោះឆ្នោតជាច្រើនអាណត្តិបន្តបន្ទាប់ តែងមានការចូលរួមឃ្លាំមើលពីអង្គការនិងសហគមន៍អន្តរជាតិ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ការចុះឈ្មោះបោះឆ្នោតថ្មីបានបិទបញ្ចប់នៅថ្ងៃទី០៩ ខែវិច្ឆិកា ម្សិលមិញ ខណៈប្រជាពលរដ្ឋដែលបានចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីមានជា៥៣ម៉ឺននាក់ ចំណែកអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបមានចំនួនជាង៨លាន ៣សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបប្រមាណជា៩លាន ៨សែននាក់៕