ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​ប្រឈម​នឹង​ស្ថានភាព​នយោបាយ​តានតឹង គ.ជ.ប ថា​ចំនួន​អ្នក​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាច​ទទួល​យក​បាន


ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)​
ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)​

«ការ​ចុះ​ឈ្មោះ​នេះ បើ​តាម​យោបល់​ពូ គឺ​វា​មាន​ទិន្នន័យ​គួរ​ជា​ទីពេញចិត្ត ដែល​យើង​គិត​ថា មក​ដល់​ពេល​នេះ គឺ​ប្រជាពលរដ្ឋ ដែល​យើង​ប៉ាន់ស្មាន​ជាង​៩លាន​នាក់ បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៨​លាន​នាក់ ដូច្នេះ​តួលេខ​នេះ គឺ​ជា​តួលេខ​មួយ​ដែល​អាច​ទទួល​យក​បាន ហើយ​ពូ​ពេញចិត្ត​ជាមួយ​តួលេខ​នេះ»

មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​រយៈ​ពេល​ជាង​២​ខែ​មក​នេះ ​មាន​ចំនួន​ជាង​៥៣​ម៉ឺន​នាក់ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដែល​ចំនួននេះ គឺ​ស្មើ​ជាង​៣៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​ថ្មី​ជាង​១,៦លាន​នាក់។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត និង​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា។

លោក សោម សូរីដា អគ្គលេខាធិកា​រង​នៃគ.ជ.ប បាន​ថ្លែង​ប្រាប់​ VOA ​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៧​នេះ មាន​ជាង​៥៣ម៉ឺននាក់​នៃ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ជាង​១,៦​លាន​នាក់។ លោក​បញ្ជាក់​ថា ចំនួន​អ្នក​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​១លាន​នាក់ គឺ​ជា​ទិន្នន័យ​ចាស់​ឆ្នាំ​២០១៦ គឺ​សំដៅ​ទៅ​លើ​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស​ជាង​១លាននាក់។

លោក​បាន​ចាត់​ទុក​ថា ទិន្នន័យ​នេះ គឺ​អាច​ទទួលយក​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ចុះ​ឈ្មោះ​នេះ បើ​តាម​យោបល់​ពូ គឺ​វា​មាន​ទិន្នន័យ​គួរ​ជា​ទីពេញចិត្ត ដែល​យើង​គិត​ថា មក​ដល់​ពេល​នេះ គឺ​ប្រជាពលរដ្ឋ ដែល​យើង​ប៉ាន់ស្មាន​ជាង​៩លាន​នាក់ បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៨​លាន​នាក់ ដូច្នេះ​តួលេខ​នេះ គឺ​ជា​តួលេខ​មួយ​ដែល​អាច​ទទួល​យក​បាន ហើយ​ពូ​ពេញចិត្ត​ជាមួយ​តួលេខ​នេះ ពីព្រោះ​ទោះ​បី​ជា​យើង​ខំ​ពន្យារ​យ៉ាងណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចំណាក​ស្រុក​ទៅ​ឯ​ក្រៅ​ប្រទេស​ហ្នឹង លោក​ពុំមាន​ពេល​វេលា​គ្រប់គ្រាន់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ហើយ​ប្រហែល​ជា​ខ្វះ​ទាំង​មធ្យោបាយ​ក្នុង​ការ​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត»។

បើ​តាម​លោក សោម សូរីដា ​បើ​សរុប​ចំនួន​មនុស្ស​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត គឺ​មាន​ជាង​៨លាន​នាក់ ដែល​ស្មើ​ប្រមាណ​៨៥​ភាគរយ​នៃ​អ្នក​ដែល​អាច​បោះឆ្នោត​បាន គឺ​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ។ លោក​ចាត់​ទុក​ចំនួន​៨៥​ភាគរយ គឺ​ខ្ពស់​ជាង​គេ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់។

លោក សូរីដា បាន​បញ្ជាក់​បន្ថែម​ថា គ.ជ.ប មិន​អាច​កំណត់​ថា តើ​មាន​មនុស្ស​ប៉ាន់ស្មាន​ប៉ុន្មាន​នាក់​ក្នុង​ស្រុក​ដែល​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​មក​ដល់​ពេល​នេះ។

មន្រ្តី​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា គ.ជ.ប​ នឹង​បិទផ្សាយ​បញ្ជី​ដំបូង​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​មើល ហើយ​អាច​ប្តឹង​តវ៉ា ​ប្រសិន​បើ​មាន​កំហុស​នៃ​ការ​ចុះ​បញ្ជី។

អ្នក​នាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា រហូតមក​ដល់​ពេល​នេះ គ.ជ.ប មិន​មាន​គម្រោង​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។ លោក​ចាត់​ទុក​ចំនួន​មនុស្ស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​អាច​ទទួល​យក​បាន។

បើ​ទោះ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​នយោបាយ​តាន​តឹង​ក៏​ដោយ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្នមិន​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។

ពីរថ្ងៃ​បន្ទាប់​ពី​ចាប់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្តាល​អធ្រាត្រ​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ បន្ទាប់​មក​ក្រសួង​មហាផ្ទៃ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​កំពូល កាល​ពី​ខែតុលា ស្នើ​ឲ្យរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ចោទ​ថា ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។ កាល​ពី​ចុង​ខែ​សីហា មុន​ដំណើការ​ចុះ​ឈ្មោះ​បោះឆ្នោត រដ្ឋាភិបាល​ក៏​បានបិទ​ការិយាល័យ​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI ​ ដែល​ជា​អង្គការ​អាមេរិក​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ។ ការ​បិទ​នេះ​នាំ​ឲ្យ​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​ការ​បោះឆ្នោត ​បាត់​បង់​ជំនួយសម្រាប់​ការងារ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយមួយ​ចំនួន​ក៏​បាន​បិទ​ទ្វារ ក្រោយ​រង​សម្ពាធ​លើ​ការ​បង់​ពន្ធ​ផង​ដែរ។

លោក ប៊ូ សុផល ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប នៅ​ឃុំសារិកាកែវ ក្នុង​ខេត្តកណ្តាល បាន​លើក​ឡើង​ថា ការ​ចុះឈ្មោះបោះឆ្នោត​ក្នុង​ឃុំ​របស់​លោក​បាន​តែ​ជិត​៤០ភាគរយ​ប៉ុណ្ណោះក្នុង​ចំណោម​ពលរដ្ឋ​ប៉ាន់​ស្មាន​ចន្លោះ​ពី​៥០០​ទៅ​៦០០​នាក់។ លោក​បន្ត​ថា មិន​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ដូច​ការ​រំពឹង​ទុក សម្រាប់ថ្ងៃ​ឈប់​សម្រាក ដូច​ជា​ភ្ជុំបិណ្ឌ និង​ព្រះរាជពិធី​បុណ្យ​អុំទូក។

ក្រៅ​ពី​កត្តា​ចំណាក​ស្រុក និង​ដោយសារ​រវល់​ការងារ លោក សុផល យល់​ថា កត្តា​នយោបាយ​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។

លោក​មាន​ប្រសាសន៍ថា៖ «ប្រហែល​ជា​អាច​មួយ​ចំណែក​អាច​ប៉ះពាល់​រឿង​នយោបាយ​ដែរ អាហ្នឹង​វា​គ្រាន់តែ​ការទស្សន៍ទាយ​មើល»។

អ្នកនាង ហួន ម៉ាឡា អាយុ​២៩​ឆ្នាំ ជា​អ្នក​លក់ម្ហូប​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ខេត្ត​កណ្តាល បាន​និយាយ​ថា​ អ្នក​នាង​មិន​សូវ​ខ្វល់​ពី​រឿង​បោះឆ្នោត​នោះ​ទេ​ គួប​ផ្សំ​នឹង​ការងារ​លក់​ដូរ ដូច្នេះ​ហើយ​បាន​ជា​អ្នក​នាង​មិនចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​កន្លង​ទៅ។ ម៉ាឡា ​ដែលរៀន​បាន​ត្រឹម​ថ្នាក់​ទី​៥ បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​មាន​ការជំរុញ​ពី​អ្នក​ស្គាល់​គ្នា​ជា​បន្តបន្ទាប់ ដូច្នេះ​អ្នក​នាង​ក៏​សម្រេច​ចិត្ត​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ខែ​កញ្ញា ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។​

អ្នក​នាង​បាន​និយាយ​ថា៖ «ពី​មុន​មក ខ្ញុំ​ដូច​ថា វា​មិនសូវ​រវល់​ពី​ការ​បោះឆ្នោត​អញ្ចឹងណា។ ព្រោះ​ខ្ញុំ​រវល់​លក់​ដូរ​អញ្ចឹង​។ ដល់​ពេល​នេះ​ទៅ​ខ្ញុំ​ក៏​សម្រេចចិត្ត​ថា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាននឹង​គេ​ម្តង»។

បើ​ទោះ​ជា​ស្ថានភាព​នយោបាយ​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​ក៏​ដោយ អ្នកនាង​បាន​អះអាង​ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​ក្រោយ។

លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ខែ​សីហា ដោយ​បារម្ភ​ពី​សុវត្ថិភាព ស្រប​ពេល​នយោបាយ​តាន​តឹង មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​ឡើង​កម្តៅ បាន​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ស្រប​ពេល​មាន​ការ​រឹតត្បិត​លើ​ឯកសារ​បញ្ជាក់​ទី​លំនៅ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក​ក៏​បាន​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «គណបក្ស​កាន់​អំណាច គេដឹង​ថាកាល​ណា​ អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន​កាន់​តែ​ច្រើន គឺ​គណបក្ស​ប្រឆាំង​នឹង​មាន​ប្រៀប។ អញ្ចឹង​ហើយ​គេ​ត្រូវ​រក​វិធី​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​បន្ថយ​អ្នក​ចុះ​ឈ្មោះ​បាន​តិច​ទៅ ដើម្បី​គេ​មាន​ប្រៀប​ផ្នែក​នយោបាយ»។

លោក​ក៏​បាន​បង្ហាញ​សេចក្តី​សង្ឃឹម​ថា បរិយាកាស​នយោបាយ​នឹង​មាន​ភាព​ល្អប្រសើរ ហើយ​គណបក្ស​សង្រ្គោះជាតិ​នឹង​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក អេង ឆៃអ៊ាង។

លោក​មាន​ប្រសាសន៍ថា៖ «វា​មាន​ទឡ្ហី​ករណ៍ ឬហេតុ​ផល ឬ​មួយ​ក៏ភស្តុតាង​អី ដែល​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​គ្មាន​ចេតនាចង់ឲ្យប្រជាពលរដ្ឋ​អញ្ជើញ​ទៅចុះ​ឈ្មោះ​បោះឆ្នោត អាហ្នឹង​ជា​ការ​និយាយ​មូលបង្កាច់​ហើយ​»។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​អបអរ​សាទរ​នឹង​តួលេខ​នៃ​ការ​ចុះ​ឈ្មោះ​នេះ ហើយ​សង្ឃឹម​ថា ពួកគេ​នឹង​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា។

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ ​លើក​ឡើង​ថា​ ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​អាច​ទទួល​យក​បាន បើ​ទោះ​ជា​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​ក៏​ដោយ។ លោក​ក៏​បាន​បង្ហាញ​ការ​សោកស្តាយ ដែល​គ.ជ.ប មិន​មាន​លទ្ធភាព​ក្នុង​ការចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បាន។

លោក សុធារ៉ា យល់​ឃើញ​ថា បញ្ហា​នយោបាយក៏​ជា​ហេតុ​ផល​មួយ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖ « វា​មាន​អ្នក​ខ្លះ​ ក៏​គិត​ថា បើ​គណបក្ស​សង្រ្គោះជាតិ​ឬ​គណបក្ស​ប្រឆាំង​ធំ ​គាត់​ចុះឈ្មោះ​បោះឆ្នោត គាត់​ប្រុងនឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្នឹង​ហើយ ដល់ពេល​គណបក្ស​ហ្នឹង​ប្រុង​នឹង​រំលាយ​ដដែល​ គាត់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​អី? បើ​គណបក្ស​បោះឆ្នោត គាត់​អត់​មាន​ជម្រើស​ គាត់​ទៅ​គូស​បោះ​ឆ្នោត​ឲ្យ​ផង​ហ្នឹង»។

លោក​ ​យឿង សុធារ៉ា​ មាន​ប្រសាសន៍​ថា ប្រសិន​បើ​បរិយាកាស​នយោបាយ​មិន​ល្អ ​រហូត​ដល់​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ នោះ​ប្រជាជន​មួយ​ចំនួន​នឹងមិនចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​មិន​គិត​ថា ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយគាំទ្រ​គណបក្ស​ប្រឆាំង គាត់​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ទេ។ អាច​ថា​ភាគ​ច្រើន​នៃ​ពួកគាត់នឹង​មិន​សប្បាយ​ចិត្ត​ហើយ​មិន​ចេញ​ទៅចូលរួម​បោះ​ឆ្នោត អាហ្នឹង​វា​អាស្រ័យ​លើ​ស្ថានភាព»។​

គួរ​បញ្ជាក់ថា ការ​បោះឆ្នោត​សាកល​ឆ្នាំ​ក្រោយ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៨។ អ្នក​វិភាគ​ថា ប្រសិន​បើ​បរិយាកាស​នយោបាយ​មិន​ធូរស្រាល ហើយ​មានការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ៕

XS
SM
MD
LG