កម្មវិធី «និពន្ធ អាន សិល្បៈ វប្បធម៌» ដែលជាឱកាសជួបជុំប្រចាំឆ្នាំរបស់អ្នកតែងនិពន្ធ និងអ្នកសិល្បៈជាតិនិងអន្តរជាតិ បានត្រឡប់មកវិញជាថ្មីម្តងទៀត នាដើមខែវិច្ឆិកា នៅឯទីក្រុងកំពត ដែលជាតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ កម្មវិធីនេះនឹងប្រពឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃពុធតទៅដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
នេះជាឆ្នាំទី៣ នៃកម្មវិធី «និពន្ធ អាន សិល្បៈ វប្បធម៌» ដែលមានប្រភពមកពីពិធីជួបជុំអ្នកនិពន្ធអ៊ូបូដ (Ubud Writers Festival) នៅប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីប្រារព្ធឡើងដើម្បីលើកកម្ពស់ឲ្យមានការជជែកពិភាក្សាបន្ថែម និងផ្លាស់ប្តូរយោបល់ផ្នែកអក្សរសាស្ត្រ អក្សរសិល្ប៍ ការតាក់តែងនិពន្ធ និងជំរុញការបណ្តុះគំនិតថ្មីៗជាសាកល រវាងអ្នកនិពន្ធ និងអ្នកសិល្បៈបរទេស និងខ្មែរ។
សកម្មភាពនានាក្នុងកម្មវិធីនេះ មានដូចជាការអានសៀវភៅ ការដោះដូរ ឬបរិច្ចាគសៀវភៅ និងកម្មវិធីកំសាន្តផ្សេង ខណៈដែលអ្នកចូលរួមអាចពង្រីកបណ្តាញ រាប់អាន និងទំនាក់ទំនងនឹងអ្នកសិល្បៈ និងនិពន្ធជាតិ និងអន្តរជាតិ រួមទាំងការសម្ភោធសៀវភៅថ្មីៗជាដើម។
លោក គង់ ណៃ ដែលជាព្រឹទ្ធាចារ្យជំនាញចាប៉ីដងវែង ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ក៏នឹងត្រូវបានអញ្ជើញទៅសម្តែងនៅទីនោះផងដែរ។ ក្រៅពីនោះ អ្នកស្រី Jung Chang ដែលជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុតមួយរូប ដែលសរសេររឿង Wild Swan រៀបរាប់អំពីមនុស្សស្រីបីជំនាន់នៅប្រទេសចិន ក៏បានមកចូលរួមជាវាគ្មិនមួយរូបក្នុងចំណោម វាគ្មិនប្រមាណ៨០ រូបផងដែរ។
កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ១៨០០នាក់ បែងចែកជា ៤០វគ្គ នៅតាមទីតាំងផ្សេងៗ នៅក្នុងក្រុងកំពត។ កម្មវិធីនឹងសម្ភោធនៅទីក្រុងភ្នំពេញ នាថ្ងៃទី០១ ខែវិច្ឆិកានេះនៅអគារ «ផ្ទះចិន» ដែលជាសំណង់ចាស់សល់ពីសម័យអណានិគមបារាំង។
កាលពី២សប្ដាហ៍មុន កម្មវិធីជួបជុំអ្នកនិពន្ធខ្មែរដំបូងបំផុតត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប គឺកម្មវិធី «មហាស្រពអក្សរសិល្ប៍ខ្មែរ» ប្រារព្ធឡើងរយៈពេល៣ថ្ងៃ មានសកម្មភាពស្រដៀងគ្នា ហើយលក្ខណៈពិសេសនោះ គឺការពន្លេចឡើងនូវជីវប្រវត្តិ និងស្នាដៃរបស់លោក ឃុន ស្រ៊ុន កវីខ្មែរមួយរូប ដែលបានបាត់បង់ជីវិតនៅគុកទួលស្លែងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕