តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ផលិត​ភាពយន្ត​ជនជាតិ​​​អូស្ត្រាលី

អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទ ថា ​ជា​​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

មេធាវី​ការពារ​ក្តី​ឲ្យ​បុរស​ជន​ជាតិ​អូស្រ្តាលី​នោះ​ថា​ ការ​ដឹកជញ្ជូន​កូន​ក្តី​មក​កាន់​សាល​សវនាការ​មាន​ភាព​យឺតយ៉ាវ​ ជា​ដើមចម​នៃ​ការ​ពន្យារ​ពេល​នេះ​ ប៉ុន្តែ​តំណាង​គ្រួសារ​របស់​ជន​ជាប់​ចោទ​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​លើកពេល​ប្រកាស​សាលក្រម។

អ្នក​ផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ជា​អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ សម រង្ស៊ី​ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ជា​កន្លែង​ដែល​លោក​ត្រូវ​ទទួល​ការ​សម្រេច​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ឬ​យ៉ាងណា​ ​បន្ទាប់​ពី​តុលាការ​សាលា​រាជធានី​បាន​ឃុំខ្លួន​លោក​អស់​ជា​ច្រើនខែ​មក។

ក៏​ប៉ុន្តែ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​ ៣១​ ខែ​មករា​ ​ដោយ​មិន​បាន​ផ្តល់​មូលហេតុ​ច្បាស់លាស់​ ខណៈ​លោក​ Ricketson​ បាន​ជាប់​ឃុំ​បណ្ដោះអាសន្ន​ប្រមាណ​៧​ខែ​មក​ហើយ​ ​គិត​ចាប់​តាំង​ពី​ការ​ចាប់​ឃុំខ្លួន​លោកកាល​ពី ​ខែ​មិថុនា​ ឆ្នាំ​ ២០១៧។​ បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​លោក​ Ricketson​ គឺ​ការ​ដឹក​ជញ្ជូន​លោក​ Ricketson មក​តុលាការ​មាន​ភាព​យឺតយ៉ាវ​ ​និង​គាប់​ជួន​ពេល​ដែល​មាន​រឿង​ក្តី​ជាច្រើនកំពុង​ធ្វើការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ។​

អ្នកផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

ស្ថិត​ក្នុង​សម្លៀកបំពាក់​អ្នកទោស​ពណ៌​ទឹកក្រូច​និង​ ​ដៃ​ជាប់​ខ្នោះ​ អម​ដោយ​ក្រុម​សន្តិសុខ​នៃ​ពន្ធនាគារ​នាំ​លោក​ចូល​មក​ក្នុង​តុលាការ​កំពូល​ លោក​ Ricketson​ ​បាន​ស្រែក​ប្រាប់​អ្នក​ព័ត៌មាន​ក្នុង​បរិវេណ​តុលាការ​កំពូល​ថា «​តើ​ប្រទេស​មួយ​ណា​ដែល​ខ្ញុំ​លប​យក​ការណ៍​ឲ្យ​នោះ?»​

លោក​ Ricketson​ ក៏​ត្រូវ​បាន​នាំ​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ​មួយ ដើម្បី​បញ្ចៀស​ពី​ការ​ចោម​រោម​សួរ​សំណួរ​ពី​អ្នក​កាសែត។​ ប្រមាណ​ជា​ជាង​៣០​នាទី​ក្រោយ​មក​ លោក​ត្រូវ​បាន​កង​សន្តិសុខ​របស់​ពន្ធនាគារ​នាំចេញ​ពី​សវនាការ។​

នៅ​ពេល​កង​សន្តិសុខ​រារាំង​លោក​មិន​ឲ្យ​និយាយ​ច្រើន​ទៅ​កាន់​អ្នក​កាសែត​ ​លោក​ Ricketson​ ​បាន​ស្រែក​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«ការ​យក​ព័ត៌មាន​មិន​មែន​ជា​សកម្មភាព​ចារកម្ម​ទេ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​តម្កល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​អូស្រា្តលី​នឹង​ការពារ​សិទ្ធិ​របស់​ខ្ញុំ​ចំពោះ​សេរីភាព​នៃ​ការ​និយាយ​ស្តី»។

​លោក​ James​ Ricketson​ វ័យ​ ៦៨​ ឆ្នាំ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ ​ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ «ចារកម្ម»​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​មាត់​ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧។​

​ការ​ឃុំ​ខ្លួន​ និងការ​ចាប់​ខ្លួន​របស់​លោក​ Ricketson​ ​បាន​ធ្វើ​ឡើង​ក្រោយ​អ្នក​ផលិត​កុន​ឯកសារ​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​ បាន​ប្រើ​ម៉ាស៊ីន​ដ្រូន​ (drone) ថត​យក​រូបភាព​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ហែរ​ពី​វត្ត​ចាស់​កាត់​តាម​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​មក​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២មិថុនា​ ឆ្នាំ​ ២០១៧។

អ្នកស្រី​ ពឹង យក់ហៀប​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ James Ricketson បាន​ថ្លែង​ថា​ តុលាការ​កំពូល​បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូនក្តី​អ្នក​ស្រី​ ទៅ​ថ្ងៃ​ទី​ ៣១​ ខែ​មករា​ ឆ្នាំ​ ២០១៨។​ នៅ​ពេល​អ្នក​កាសែត​សួរ​ថា​ តើ​នឹង​មាន​ការសម្រេច​បែប​ណា​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​នោះ​ អ្នកស្រី​មេធាវី​បាន​បញ្ជាក់​ថា​ អ្នកស្រី​ពុំ​អាច​សន្និដ្ឋាន​ទុក​ជាមុន ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​បាន​ទេ​ ខណៈ​ដែល​កិច្ច​ស៊ើប​អង្កេត​នៅ​សាលាដំបូង​រាជធានី​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ឡើយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អត់​ហ៊ាន​ថា​ ដោយសារ​អី? ​ព្រោះ​ធម្មតា​ការ​ស៊ើបអង្កេត​នៅ​ណោះ​អត់​ទាន់​ហើយ​ផង​ហ្នឹង​ច៎ា»។​

ទាក់ទិន​ការ​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ពុធ​នេះ​ អ្នកស្រី​មេធាវី​ ពឹង យក់ហៀប​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​យ៉ាង​ដូច្នេះ៖​

អ្នក​កាសែត៖​ «ខាង​តុលាការ​គេ​អត់​ប្រាប់​ពី​ហេតុផល​អី​ថា​ម៉េច​ទេ?​ មាន​ប្រាប់​ទេ?»

អ្នកស្រី​មេធាវី៖ ​គេ​អត់​ប្រាប់​ទេ​ គ្រាន់​ថា​ ពន្យាពេល​ ណាមួយ​ដែលយឺតយ៉ាវ​រឿងដឹក​មក​ផង​»។​

យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​បាន​ប្រាប់​ VOA​ បន្ថែម​ថា​ ការ​ពន្យារ​ពេល​ប្រកាស​សាល​ក្រម​នេះ​ គឺ​អាច​បណ្តាលមក​ពី​ភាពយឺតយ៉ាវ​ក្នុង​ការ​ដឹក​កូន​ក្តី​អ្នកស្រី​មក​កាន់​សាល​សវនាការនៅ​តុលាការ​កំពូល ស្រប​ពេល​ដែល​មាន​រឿង​ក្តី​ជាច្រើន​កំពុង​ត្រូវ​បាន​តុលាការ​កំពូល​ធ្វើការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នាំ​ពាក្យ​របស់​តុលាការ​ដំបូង​រាជធានី​លោក​ លី សុផាណា និង​ ​លោក​ ​អ៊ុក គឹមសិទ្ធិ​ អគ្គ​ព្រះរាជអាជ្ញា​រង​តុលាការ​កំពូល​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

អ្នកស្រី​ Alexandra Kennett​ ដែល​ជា​មិត្ត​ស្រីកូនប្រុស​របស់​លោក​ Ricketson បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​តុលាការ​កំពូល​ថា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខកចិត្ត​មួយ​ចំពោះ​ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ពុធ​នេះ​ តែ​អ្នកស្រី​សង្ឃឹម​ថា​ តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​ចិត្ត​ឆាប់ៗ​នេះ។​ អ្នកស្រី​ថ្លែង​ថា៖​

«ជាក់​ស្តែង​វា​ជា​រឿង​ពិបាក​សម្រាប់​គ្រួសារ​យើង​រាល់ពេល​ដែល​យើង​នៅ​តុលាការ​ ហើយ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ពន្យារ​ពេល​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃនេះ»។

អ្នកស្រី​ ​Alexandra Kennett​ ​បាន​ថ្លែង​បន្ត​ថា៖

«ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ យើង​មាន​ក្តី​សង្ឃឹម​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​ដ៏​ឆាប់​រហ័ស​ទៅ​លើ​នីតិវិធី​ទាំងឡាយ ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​យើង​គ្រាន់​តែ​ចង់​សួរ​ថា តើ​ភស្តុតាង​ ដែល​យក​មក​នោះ​ និង​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ដើម​នោះ អាច​ត្រូវ​បាន​ទទួល​យក​ ឬក៏​ត្រូវ​បាន​បដិសេធចោល។​ ដូច្នេះ​យើង​អាច​បោះជំហាន​ទៅ​មុខ​ ហើយ​យើង​មាន​ក្តី​សង្ឃឹម​ចំពោះ​សេចក្តី​មេត្តា​របស់​រដ្ឋាភិបាល​អូស្រា្តលី​ និង​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ការ​ជួយ​យើង​ឲ្យ​ឈាន​ដល់​សេចក្តី​សន្និដ្ឋាន​ឆាប់​រហ័ស​មួយ»។​

VOA ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ តែ​មិន​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក ​ឬ​ Email​ នៅ​ថ្ងៃ​ពុធ​នេះ។​

រឿងក្តី​របស់​លោក​ Ricketson កំពុង​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​នៅ​ប្រទេស​អូស្រា្តលី​ ពោល​គឺ​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​អូស្រា្តលី​ឲ្យ​ខ្នះខ្នែង​ការពារលោក​ Ricketson បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ជា​ទី​ដែល​ អ្នក​កាសែត​ម្នាក់​ឈ្មោះ​ Peter Greste ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប កាល​ពី​ឆ្នាំ​ ២០១៤​ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​អ្នកស្រី​ Julie Bishop រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្រា្តលី។

លោក​ Peter Greste​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​លោក​ Ricketson ដោយ​លោក​បាន​បង្ហោះ​សារ​លើ​គណនី​ Twitter​ ​របស់​លោក​តាម​ន័យ​ដើម​កាល​ពី​ចុង​ខែ​ធ្នូ​ថា៖​

«សូម​ជួយ​ធ្វើ​ឲ្យ​មាន​សេរីភាព​ដល់​អ្នក​កាសែត​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ។​ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បាន​បង្ហាញ​ថា​ លោក​ James Ricketson​ នៅ​ប្រទេស​កម្ពុជា មាន​ទោស​ចំពោះ​អ្វី​មួយ​ដែល​លោក​បាន​ធ្វើ​ ​ក្រៅ​តែ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​[លើ​កិច្ចការ​លោក] ​នោះ​ទេ»។​

ឆ្លើយ​តប​នឹង​ព័ត៌មាន​អំពី​ការ​លើក​ពេល​សេចក្តី​សម្រេច​តុលាការ​នេះ លោក Peter Greste​ បាន​សរសេរ​ក្នុង​ Twitter ថា​កម្ពុជា​ត្រូវ​តែ​ដោះលែង​លោក James Rocketson ប្រសិន​បើ​មិន​មាន​ភស្តុតាង។

លោក​ Peter Greste​ បាន​ទទូច​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Twitter ដែល​តាម​រូប​លោក​ ធ្វើ​ញត្តិ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ Ricketson។ ញត្តិ​ដែល​អង្វរករ​លោក​ Malcolm Turnbull នាយករដ្ឋមន្ត្រី​ប្រទេស​អូស្រ្តាលី​ អ្នកស្រី​ Julie Bishop ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​បរទេស​ និង​លោក​ Christian Porter រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​អន្តរាគមន៍ មាន​ហត្ថលេខា​ចំនួន​ ៥.០០០ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ពុធ​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ សារព័ត៌មាន​ The Sydney Morning Herald​ បាន​ចេញ​ផ្សាយ​អត្ថបទ​បញ្ចេញ​មតិ​មួយ​ ដោយ​បាន​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ Ricketson មាន​លក្ខណៈ​នយោបាយ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ធ្វើ​អន្តរាគមន៍។​

អត្ថបទ​នោះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «មិន​មាន​ពេល​ទៀត​ទេ​សម្រាប់​ការ​នៅ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះ»។​

លោក​ Ricketson​ ត្រូវ​បាន​ចោទប្រកាន់​តាម​ខ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ដែល​ហាម​ឃាត់​ការ​ប្រមូល​យក​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ប្រទេស​ [កម្ពុជា] ហើយ​អាច​ ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥ ទៅ​ ១០​ឆ្នាំ។​

មិន​ទាន់​មាន​ភស្តុតាង​ជា​ដុំ​កំភួន​សម្រាប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ Ricketson ​ដែល​មិន​ត្រឹម​តែជា​បុគ្គល​មួយ​រូប​ត្រូវ​បាន​គេ​កោត​សរសើរ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ខាង​មនុស្សធម៌​ទៅ​លើ​គ្រួសារ​ក្រីក្រ​នោះ​ទេ​ តែ​លោក​ថែម​ទាំង​បាន​ប្រមូល​ផ្តុំ​សត្រូវ​ជាច្រើន​ តាម​ការណ៍​ដែល​លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​អង្គការ​សង្គមស៊ីវិល​ ដែល​លោក​ចោទ​ថា​ បាន​ធ្វើ​ការ​កេង​ប្រវ័ញ្ច​លើ​ជន​ក្រ​ខ្សត់។​

នៅ​មុន​ការ​បោះឆ្នោត​ជាតិ ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បើក​ការ​បង្រ្កាប​មិន​រុញរា​ដៃ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល​ ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ ក៏​ដូច​ជា​អង្គភាព​ព័ត៌មាន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

កាសែត The Cambodia Daily​ បាន​ប្រកាស​បិទទ្វារ​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​ខ្លួន​គ្មាន​លទ្ធភាព​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ ៦​លាន​ដុល្លារ​អាមេរិក​ ហើយ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ជាច្រើន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុអាស៊ី​សេរី​ និង​សំឡេង​សហរដ្ឋ​អាមេរិក​ VOA។​

ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មេ​ដឹកនាំ​របស់​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដោយហេតុ​ថា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ ​ហ៊ុន សែន។​

ជាង​នេះ​ទៅ​ទៀត​ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ អយ្យការ​អម​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​ គឺ​លោក​ អ៊ួន ឈិន​ និង​លោក យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​ ​ពី​បទ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១៤​ ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៧​ ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​សង្ស័យ​ថា​ ​បាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់ការ​កណ្តាល​វិទ្យុ​អាស៊ីសេរី​ ​នៅ​សហរដ្ឋ​អាមេរិក៕​