បក្ស​កាន់​អំណាច​រក្សា​ជំហរ​ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទោះ​បី​មាន​ការ​រិះ​គន់​ខ្លាំង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ ទោះបី​មាន​ប្រតិកម្ម​បែប​ណា​ក្តី​ រដ្ឋាភិបាល​នឹង​ពិនិត្យ​ទៅ​លើ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​នេះ​ ដោយ​ផ្អែក​លើ​ច្បាប់​កម្ពុជា​ ​ដែល​ជា​រដ្ឋ​ឯករាជ្យ។​ ​អ្នក​វិភាគ​យល់​ថា ​គ្មាន​ផល​ចំណេញ​ណា​សោះ​ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​មួយ​នេះ។

ប្រតិកម្ម​នានា​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិនឹង​មិន​អាច​បង្អាក់​ដំណើរការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​កិច្ច​អង្កេត​លើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាដែល​ត្រូវ​បានបង្កើត​ឡើង​ដោយ​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​មួយ​នេះក្នុង​ប្រទេស​កម្ពុជា​ ដោយ​លោកបាន​ដាក់​សង្ស័យ​លើ​អង្គការ​នេះ​ថា​ បាន​បំពេញ​ការងារ​តាម​ការ​បញ្ជា​ពី​ជន​បរទេស។​

ភ្លាមៗ​ក្រោយ​ការ​អំពាវនាវ​របស់​លោក ​ហ៊ុន សែន​ អង្គការ​សិទ្ធិមនុស្ស​សំខាន់ៗ​ចំនួន​ពីរ​ គឺ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ ​ហើយ​ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា​ បាន​ប្រើ​អំណាច​ផ្តាច់ការ​បំបិទ​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​មួយ​នេះ។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights)​ ហៅ​កាត់​ថា​ APHR​ ​បាន​ចាត់​ទុក​ការ​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (Cambodian Center for Human Rights) ​ថា​ជា«​ទង្វើ​ឥត​មេត្តាធម៌​របស់​ជន​ផ្ដាច់ការ»។​ ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​នៃ​ប្រទេស​ម្ចាស់​ជំនួយ​ គួរ​តែ​ស្នើ​ជា​បន្ទាន់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​បញ្ឈប់​កិច្ច​ស៊ើប​អង្កេត​ដែល​គ្មាន​ភស្តុតាង​ច្បាស់​លាស់​មក​លើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

រូបថត៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ប្រតិកម្ម​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ​ ​គ្រាន់​តែ​ជា​ការ​សម្តែង​មតិ​គាំទ្រ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា​ ហើយ​ថា​ កម្ពុជា​ដែល​ជា​រដ្ឋ​មាន​ឯករាជ្យភាព​ ​និង​អធិបតេយ្យ​មិន​អាច​ធ្វើ​តាម​ការ​ស្នើសុំ​របស់​ភាគី​ណា​មួយ​បាន​នោះ​ឡើយ។​ លោក​បញ្ជាក់​ថា៖

«ខ្ញុំ​យល់​ថា​ ដូច​ជា​គ្មាន​បញ្ហា​អី​ពាក់​ព័ន្ធ​ជាមួយ​នឹង​ឯករាជ្យភាព​ និង​អធិបតេយ្យ​កម្ពុជា​ដែល​ទទួល​យកការ​និយាយ​របស់​គាត់​ទេ​បាទ​ គឺ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ និង​អធិបតេយ្យ​ គឺ​ថា​ យើង​ធ្វើ​អ្វី​ត្រូវ​ផ្អែក​ទៅ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា។ បាទ​ អត់​មាន​ប៉ះពាល់​ដល់​ប្រទេស​ណា​ទេ​ យើង​ធ្វើ​តែ​ក្នុង​ក្របខណ្ឌ​ប្រទេស​យើង»។​

ទាក់ទិន​សេចក្តី​អំពាវនាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ​ដែល​សុំ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរាគមន៍​បញ្ឈប់​កិច្ច​ស៊ើប​អង្កេត​នោះ​ លោក​ សុខ​ ឥសាន​ ថ្លែង​យ៉ាង​ដូច្នេះ៖​

«ហើយ​ចំពោះ​ការណ៍​ដែល​ពិនិត្យ​លទ្ធភាព​នូវ​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អា​ហ្នឹង​យើង​ត្រូវ​មើល​អង្គហេតុ​ និង​អង្គច្បាប់​ឲ្យ​បាន​ច្បាស់​លាស់។​ ហើយ​បើ​សិន​ណា​ជា​អង្គហេតុ​ អង្គ​ច្បាស់​លាស់​ហើយ​បាន​នែ៎​មាន​ពិរុទ្ធភាព​ ជាក់​ស្តែង​ហើយ ​អាហ្នឹង​គឺ​ថា​ យើង​មិន​អាច​ទុក​បាន​ទេ​ អា​ហ្នឹង​វា​ត្រូវ​តែ​អីចឹង»។​

​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ធ្វើ​ឡើង​នៅ​កោះពេជ្រ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដែល​កាន់​អំណាច​៣២​ឆ្នាំ​មក​ហើយ ​បាន​ព្យាយាម​ភ្ជាប់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​CCHR​ ទៅ​នឹង​អតីត​ស្ថាបនិក​របស់​ខ្លួន ​គឺ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម ​សុខា ​ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ឃុំ​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ មជ្ឈមណ្ឌល​នេះ​ គួរ​ត្រូវ​បាន​បិទ​ ដោយហេតុ​មជ្ឈមណ្ឌល​នេះ​ ធ្វើ​ការ​បម្រើ​ប្រយោជន៍​បរទេស៖

​«ការ​ពិត​ អា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​ អា​ហ្នឹង​ត្រូវតែ​បិទ​ចោល​ ព្រោះ​អាហ្នឹង​ធ្វើ​តាម​បរទេស​ហ្អ៎ា​ អាហ្នឹង​គួរ​មើល​ក្រសួង​មហាផ្ទៃ​ មើល។ ព្រោះ​អា​ហ្នឹង​ គឺ​ថា​ បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ មិន​មែន​ខ្មែរ​អ្នកបង្កើត​ទេ​ អាហ្នឹង។ បរទេស​អ្នក​ឲ្យ​បង្កើត។ មើល​អា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅ​ភ្នំពេញ ហ្នឹង​មួយ​ទៀត ព្រោះ​អាហ្នឹង​ ព្រោះ​គេ​ថា​ គេ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​នយោបាយ​មួយ​រយៈ​ ហើយ​គេ​ឲ្យ​ខ្ញុំ​ទៅ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ អី​ចឹង​ទេ​ អា​នេះ​បរទេស​ឲ្យ​បង្កើត។​ អាហ្នឹង​វា​ខុស​រឿង​ ខុស​រឿង»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​សំដៅ​ទៅ​ដល់​ការ​អធិប្បាយ​របស់​លោក​ កឹម សុខា​ ពាក់​ព័ន្ធ​នឹង​ការណ៍​ដែល​លោក​ថា​ រដ្ឋាភិបាល​អាមេរិក​ស្នើ​ឲ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ឆាក​នយោបាយ​ ហើយ​មក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ឆ្នាំ​២០០២។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ Charles Santiago​ ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ ​ដើម្បី​សិទ្ធិមនុស្ស​និង​ជា​សមាជិក​មួយ​រូប​របស់​សភា​ប្រទេស​ម៉ាឡេស៊ី​ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​តាម​សារ​អេឡិចត្រូនិក​ ដែល​ VOA ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖​

«ការ​ជំរុញ​ឲ្យ​បិទ​អង្គការ​សិទ្ធិមនុស្ស​ដ៏​គួរ​ឲ្យ​គោរព​មួយ​នេះ គឺ​ជា​ទង្វើ​ឥត​មេត្តាធម៌​របស់​ជន​ផ្ដាច់ការ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​រាលដាល​នៃ​ការ​ភ័យខ្លាច​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល»។

លោក​ ​Charles Santiago​ ​បន្ត​ទៀត​ថា៖​

«ការ​វាយប្រហារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​លើ CCHR [មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា] គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រអិល​កាន់​តែ​ជ្រៅ​ទៅៗ​របស់​កម្ពុជា​ទៅ​ក្នុង​ភាព​ផ្ដាច់ការ»។

លោក​ ​Brad Adams ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ រដ្ឋាភិបាល​ម្ចាស់​ជំនួយ​កម្ពុជា​ ត្រូវ​អំពាវនាវ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ ដែល​ជា​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​នាំ​មុខ​មួយ​ បាន​បន្ត​ការងារ​របស់​ខ្លួន។​

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ដោយ​មាន​ន័យ​ដើម​ថា៖​

«លោក​នាយករដ្ឋមន្ត្រី​ កំពុង​បង្ហាញ​ការ​ភ័យ​ខ្លាច​មិន​ត្រឹមតែ​ជាមួយ​ការ​បោះឆ្នោត​ដោយ​សេរី​នោះ​ទេ​ តែ​លោក​ថែម​ទាំង​ភ័យ​ខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​សមាគម»។

លោក​បាន​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ដោយ​គ្មាន​ក្រុម​ប្រឆាំង​ដែល​ស្របច្បាប់​មួយ​ក្នុង​ប្រទេស​ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​សង្គម​ស៊ីវិល​ ដែល​រស់រវើក​ និង​មាន​ភាព​ឯករាជ្យ​ជាង​ពេល​ណាៗ​ទាំង​អស់»។

អ្នក​វិភាគ​ ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ យល់​ឃើញ​ផ្សេងៗ​គ្នា​ អំពី​ចេតនា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​

លោក ​អ៊ូ វីរៈ​ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​និង​ជា​ស្ថាបនិក​វេទិកា​អនាគត​ ​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា​ ការ​ចោទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ថា​មាន​គម្រោង​រួម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត​ គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ឲ្យ​សាធារណជន​ជឿ​បាន​ ខណៈ​ដែល​មនុស្ស​ភាគច្រើន​បាន​យល់​ឃើញ​ដោយ​ការ​ពេញ​ចិត្ត​ទៅ​លើ​បស្ចិមប្រទេស​ ហើយ​គិត​ថា ​ចំណង​ទាក់ទង​ដែល​កក់ក្តៅ​របស់​រដ្ឋាភិបាលនិង​ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ភាព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​របស់​រដ្ឋាភិបាល​ នៅ​ពេល​ធ្វើ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​របស់​បរទេស។ លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«វា​មើល​ទៅ​ដូច​ជា​ វិធានការ​ក្តៅ​ដើម្បី​ស្ថិត​ក្នុង​អំណាច​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ រាល់ពេល​ដែល​គាត់​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជា​ឧទាហរណ៍​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ គាត់​នឹង​ទាញ​បាន​ការ​រិះគន់​និង​ការ​ខក​ចិត្ត​កាន់តែ​ច្រើន​ឡើង​ពី​សាធារណជន​ខ្មែរ»។​

លោក​ អ៊ូ វីរៈ​ ​បាន​បន្ថែម​ថា៖​

«វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​មើល​ទៅ​លើ​ហេតុផល​អ្វី បាន​ជា​គាត់​ចង់​ធ្វើ​អី​ចឹង​នៅ​ពេល​ឥឡូវ​នេះ។ ជា​យុទ្ធសាស្ត្រ​ វា​មិន​មាន​ន័យ​អ្វី​ទាល់​តែ​សោះ ដើម្បី​បិទ​អង្គការ​ដូច​ជា​ CCHR»។

អ្នកស្រី​ ​Naly Pilorge ​នាយក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​និយាយ​ថា​ វា​ជា​ការ​ព្រួយ​បារម្ភ​មួយ​ចំពោះ​ ​សារាចរ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​៤​ ខែ​សីហា​ ដែល​បាន​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​តាម​ខេត្ត​នានា។ ​សារចរ​នោះ​ ​បាន​ឲ្យ​ដឹង​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងឡាយ​ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​អំពី​ «សកម្មភាព​អ្វី​ក៏​ដោយ»​ ដែល​ពួក​គេ​បាន​ធ្វើ។

អ្នកស្រី​បាន​ថ្លែង​ថា៖​

«ខ្ញុំ​យល់​ថា​ នេះ​ប៉ះ​ពាល់​លើ​សង្គម​ទាំង​មូល ដូច្នេះ​ វា​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់»។​

រូបឯកសារ៖ អ្នកស្រី​ ណាលី​ ពីឡុក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផ្តល់​បទសម្ភាសន៍​អំពីយុត្តិធម៌​ និង​ជន​រងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​នេះ ថត​នៅ​ថ្ងៃទី ០៧​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​ Naly Pilorge​ បាន​ថ្លែង​បន្ត​ទៀត​ថា មិនមែន​មាន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​ដែល​ត្រូវ​បាន​គេ​សំដៅ​រក​ ក៏​ប៉ុន្តែ​អ្នក​កាសែត​ និង​សូម្បី​តែ​ពលរដ្ឋ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​សម្រាប់​ការ​អធិប្បាយ​ដែល​ពួក​គេ​ធ្វើ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ចក់​ សុភាព​ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ យ៉ាង​ណា​ក៏​ដោយ​អ្នកស្រី​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ Twitter​ ​របស់​អ្នកស្រី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ដោយ​បាន​សរសេរ​ថា៖​

«ជា​កិត្តិយស​របស់​ខ្ញុំ​ ដែល​បាន​បម្រើ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ជាមួយ​នឹង​ក្រុម​ការងារដែល​មាន​ការ​ប្តេជ្ញា​ចិត្ត។​ យើង​តាំង​ចិត្ត​នឹង​បន្ត​បេសកកម្ម​របស់​ពួក​យើង​ ជាមួយ​តម្លៃ​ស្នូល​នៃ​អង្គការ​ដែល​មាន​ឯករាជ្យភាព»។

កាល​ពី​ថ្ងៃ​អាទិត្យ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​គេ​ដឹង​ថា​ ​ត្រូវ​បាន​លើក​បន្តុបឲ្យ​កាន់​អំណាច​ដោយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម។​

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ទេ ហើយ​ថា អង្គការ​នេះ​មាន​ឯករាជ្យ​ដាច់ខាត​ពី​គណ​បក្ស​នយោបាយ​ទាំង​អស់​ ​ទោះ​បី​ជា​អតីត​បុគ្គលិក​របស់​ខ្លួន​មួយ​ចំនួន បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ ឬ​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ក៏​ដោយ។​

​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​សរសេរ​ថា៖​

«ទោះ​បី​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ គាំទ្រ​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​យ៉ាង​ណា​ក្ដី ក៏​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ពុំ​ដែល​ទទួល​រង​ឥទ្ធិពល​អ្វី​ទាំង​អស់​ពី​អតីត​បុគ្គលិក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ ​ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ»។​

ចាប់​តាំង​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក​ កឹម សុខា​ ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​កាល​ពី​ឆ្នាំ​២០០៧​មក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ បាន​ផ្លាស់​ប្ដូរ​មេដឹកនាំ​ចំនួន​ពីរ​លើក​រួច​មក​ហើយ។​

​ការ​បិទ​និង​ផ្អាក​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ ដែល​លទ្ធផល​បាន​បង្ហាញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​ បាន​ទទួល​ការ​គាំទ្រ​ជាង​៤០​ភាគរយ​ ដោយ​បាន​ដណ្តើម​កាន់កាប់​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មូលដ្ឋាន​ ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។

កាលពី​ខែ​សីហា​ ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ ​ការ​បិទ​នេះ​ដោយសារ​ ​NDI​ ​មិន​បាន​គោរព​ច្បាប់​កម្ពុជា។​

អង្គការ​ National Democratic Institute​ ឬ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ចាត់​ទុក​ថា​ ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​បង្កើត​បរិយាកាស​ភ័យខ្លាច​គ្រប់ទិសទី​ ​ខណៈ​ការ​បោះឆ្នោត​ជាតិ​ ខិត​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៨។​ បន្ថែម​លើ​អង្គ​ការ​ ​NDI នេះ​ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បិទ​ចោល​ និង​ព្យួរ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ ក្នុង​នោះ​មាន​អង្គការ​ការពារ​បរិស្ថាន​មាតា​ធម្មជាតិ​ ​និង​អង្គការ​តស៊ូ​មតិ​ក្នុង​បញ្ហា​ដី​ធ្លី​ សមធម៌​កម្ពុជា៕​ ​