នៅថ្ងៃចន្ទ ប្រទេសកម្ពុជានឹងប្រារព្ធខួប៤០ឆ្នាំនៃថ្ងៃ៧មករា ចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមដែលបានសម្លាប់ប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់។
ឯកសារបង្ហាញពីសកម្មភាពតស៊ូរបស់ពួកម៉ៅនិយមខ្មែរក្រហមរហូតដល់ឡើងកាន់អំណាចនៅទសវត្សរ៍១៩៧០រហូតដល់វៀតណាមចូលឈ្លានពានកាន់កាប់ក្រុងភ្នំពេញនៅខែមករាឆ្នាំ១៩៧៩ បង្កើតរដ្ឋាភិបាលកម្មុយនិស្តដែលមានអតីតកម្មាភិបាលខ្មែរក្រហមភាគច្រើន រួមមានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចផងដែរ។
ក្រោយខ្មែរក្រហមដួលរលំ ផ្នូរសពរួមនិងមណ្ឌលធ្វើទារុណកម្មជាច្រើនត្រូវលាតត្រដាង។
បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានលុកលុយដោយសង្គ្រាមវៀតណាម ប៉ុល ពត មេដឹកនាំខ្មែរក្រហមនិងក្រុមកុម្មុយនិស្តរបស់គាត់ដែលភាគច្រើនបានទៅរៀននៅប្រទេសបារាំងបានដឹកនាំបដិវត្តន៍បង្ហូរឈាមមួយរហូតប្រឆាំងនឹងរដ្ឋាភិបាលលោក លន់ នល់់់ដែលគាំទ្រដោយអាមេរិករហូតដល់ខ្មែរក្រហមបានកាន់អំណាចនៅឆ្នាំ១៩៧៥។
របបរបស់ក្រុមកុម្មុយនិស្តបានបង្វែរកម្ពុជាឱ្យវិលត្រឡប់ទៅរកឆ្នាំសូន្យតាមមាគ៌ាធ្វើស្រែមហាលោតផ្លោះមហាអស្ចារ្យ តែជាលទ្ធផលប្រជាពលរដ្ឋជិត១ភាគ៤នាក់បានស្លាប់រវាងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ជនរងគ្រោះភាគច្រើនស្លាប់ដោយសារការអត់ឃ្លាន ការធ្វើទារុណកម្ម ធ្វើការហួសកម្លាំង ឬមានជំងឺ នៅក្នុងការដ្ឋានឬត្រូវសម្លាប់ចោលក្នុងការសម្លាប់រង្គាល។
បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាច ពួកខ្មែរក្រហមបានក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ដោយអ.ស.ប.គាំទ្រដោយស.រ.អា.ប្រឆាំងការឈ្លានពានរបស់វៀតណាមលើកប្រទេសកម្ពុជាដែលគាំទ្រដោយអតីតសហភាពសូវៀត។ រហូតដល់ឆ្នាំ១៩៩១ ទើបមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគាំទ្រដោយអ.ស.ប.ដែលរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៩៣និងនាំឲ្យមានរាជាធិបតេយ្យឡើងវិញ។ ពួកខ្មែរក្រហមត្រូវបាត់បង់អាសនៈនៅអង្គការសហប្រជាជាតិ។
នៅខែវិច្ឆិកាឆ្នាំ២០១៨ គឺជិតបួនទសវត្សរ៍បន្ទាប់ពីមេដឹកនាំខ្មែរក្រហមត្រូវបានផ្ដួលរំលំ តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិបានរកឃើញថា មេដឹកនាំខ្មែរក្រហមពីរនាក់មានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
នៅខែមិថុនាឆ្នាំ២០០៧ សាលាក្ដីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចាប់ផ្តើមកាត់ទោសខ្មែរក្រហម គឺអ្នកដែលគេជឿថា មានការទទួលខុសត្រូវខ្ពស់បំផុតនិងមេដឹកនាំកំពូលក្នុងឧក្រិដ្ឋកម្មសង្គ្រាមដ៏រន្ធត់ នៅពេលអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងផ្តល់មូលនិធិនិងធ្វើនីតិវិធីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមអំពើប្រល័យពូជសាសន៍៕