ពលរដ្ឋកម្ពុជាជាច្រើនបាននឹកចាំមិនភ្លេចថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី២៤ឆ្នាំមុនបានកំណត់ឲ្យកម្ពុជាមានសន្តិភាព មានការគោរពសិទ្ធិមនុស្ស មានរបបប្រជាធិបតេយ្យសេរីនិយមពហុបក្ស ការការពារបូរណភាពទឹកដី ហើយនឹងការអភិវឌ្ឍ។ ក្រុមអ្នកតាមតានការវិវត្តជាង២ទសវត្សរ៍របស់កម្ពុជាមានការយល់ឃើញមិនដូចគ្នាទេចំពោះការកសាងប្រទេសកន្លងមកនេះ។
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាខ្លះមើលឃើញផ្សេងៗគ្នាអំពីការវិវត្តទៅមុខនៃប្រទេសកម្ពុជា រយៈពេល២៤ឆ្នាំ ដែលភាគីជម្លោះខ្មែរទាំងបួនបានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាម។ បណ្តាប្រទេសទាំង១៨ និងអ.ស.ប.បានសន្យាថា នឹងជួយឲ្យកម្ពុជាទទួលបានសន្តិភាព មានការគោរពសិទ្ធិមនុស្ស និងមានរបបប្រជាធិបតេយ្យសេរីនិយម ធានាបូរណភាពទឹកដី ហើយនឹងការអភិវឌ្ឍពេញលេញ។ តែក្រុមអ្នកតាមដានខ្លះយល់ថា កម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ច ជាពិសេសលើបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលជាមូលដ្ឋានសំខាន់នៃយុត្តិធម៌សម្រាប់ការអភិវឌ្ឍ ហើយនឹងការរួមគ្នាការពារបូរណភាពទឹកដីនៅឡើយទេ។
លោក សុន ឆៃ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានថ្លែងថា កម្ពុជាមានការបណ្តែតបណ្តោយមិនបានពង្រឹងស្ថាប័នរដ្ឋដើម្បីបម្រើឆន្ទៈប្រជាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយរងការរិះគន់មិនចេះចប់។ ហើយការការពារបូរណភាពទឹកដីនៅមានការមិនយល់ស្របគ្នា ដែលលោកនិយាយថា អន្តរជាតិនិងមហាអំណាចនានាគួរជួយដោះស្រាយបញ្ចប់រឿងខ្មែរដើម្បីឲ្យពលរដ្ឋមានឱកាសក្នុងការអភិវឌ្ឍប្រទេស។
«ដូច្នេះរឿងទាំងនេះជារឿងសេសសល់ ហើយវាអាចជាគ្រោះថ្នាក់ដែរទៅលើអនាគតរបស់ប្រទេសកម្ពុជា បើសិនណាជាយើងមិនបានដោះស្រាយចំពោះការពង្រឹងស្ថាប័នជាតិឲ្យមានការបម្រើសេវាពលរដ្ឋ ឲ្យធានាសិទ្ធិមនុស្សឲ្យមានការគោរពឆន្ទៈតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យជាដើម»។
លោកនិយាយថា ការគោរពសន្ធិសញ្ញាក្រុងបារីស ជាសង្ខេបត្រូវធានាជាមូលដ្ឋានឲ្យខ្មែរគ្រប់និន្នាការអាចរស់នៅជាមួយគ្នាបាន ហើយឲ្យពលរដ្ឋជាអ្នកកំណត់ថា ក្រុមណាមួយអាចដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ។
លោកបានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសមានភាពរអាក់រអួលតាំងពីដើម ដោយសារភាគីខ្លះដែលស្រឡាញ់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម មានការពេញចិត្ត តែអ្នកខ្លះមានការប្រឆាំង ដោយយល់ខុសថា កិច្ចព្រមព្រៀងក្រុងប៉ារីសគឺជាការបង្កើតឡើងដោយប្រទេសលោកសេរី ហើយអាចនឹងផ្តួលរំលំអំណាចរបស់ខ្លួន។
«ម្ល៉ោះហើយការអនុវត្តហ្នឹងមិនបានធ្វើឲ្យត្រឹមត្រូវ»។
លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា ការគោរពសិទ្ធិមនុស្សគឺជាបញ្ហាស្នូលមួយក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់វិស័យទាំងនេះ តែរដ្ឋាភិបាលមិនបានធ្វើទេ។
«ហើយអ្វីដែលយើងឃើញម្តងហើយម្តងទៀតគឺថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភការសន្យាក្នុងការគាំពារសិទ្ធិមនុស្ស ហើយបានបង្កើតឲ្យមានវប្បធម៌រួចទោសពៃរ៍ដើម្បីរំលោភសិទ្ធិមនុស្សតាមរយៈកម្លាំងសន្តិសុខមកពីយោធា និងប៉ូលិស ហើយម្តងហើយម្តងទៀតយើងបានឃើញការប្រើប្រាស់តុលាការតាមវិធីមិនសមរម្យដើម្បីកាត់ទោសអ្នកនយោបាយជំទាស់ ហើយនឹងសកម្មជនសង្គមស៊ីវិលដែរ»។
លោកក៏បានថ្លែងថា ពួកគេតែងតែត្រូវចាប់ខ្លួនដាក់ទោស និងចោទប្រកាន់ចំពោះការនិយាយការពារផលប្រយោជន៍ពលរដ្ឋរឿងដីធ្លី និងបញ្ហាផ្សេងៗទៀត ដែលប៉ះពាល់ទៅលើក្រុមហ៊ុនដែលមានជាប់ទាក់ទងនឹងរដ្ឋាភិបាល ហើយនឹងមនុស្សស្និទ្ធនឹងរដ្ឋាភិបាល។
«ពេលយើងនិយាយពីសិទ្ធិមនុស្សតាមការសន្យាក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះគឺគ្មានការគោរពតាមទេ នៅក្នុងប្រទេសកម្ពុជា ហើយរឿងនេះជារឿងអាម៉ាសពិតប្រាកដ។ នេះជារឿងសំខាន់ ដែលក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគួរតែលើកឡើងជាមួយនឹងរដ្ឋាភិបាល ហើយទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភសិទ្ធិមនុស្សតាមវិធីជាប្រព័ន្ធដែលគេកំពុងប្រើប្រាស់»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមទំព័រ Facebook ដើម្បីអបអរសាទរខួបកិច្ចព្រមព្រៀងក្រុងប៉ារីស លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលលោក បានចរចាជាមួយសម្តេចឪ សម្តេចព្រះនរោត្តម សីហនុ ដើម្បីសន្តិភាពនិងបទឈប់បាញ់គ្នាកាលពីទសវត្សរ៍១៩៨០នោះ។ តែលោកនាយករដ្ឋមន្ត្រីពុំបានបញ្ជាក់ពីការដឹកនាំប្រទេសជាង៣០ឆ្នាំរបស់លោក និងការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លុបចោលថ្ងៃ២៣តុលា នេះចេញពីប្រតិទិននៃថ្ងៃឈប់សម្រាករបស់រដ្ឋជាច្រើនឆ្នាំ ហើយចាប់ផ្តើមបើកវិញកាលពីឆ្នាំ២០១២។
ភាគីខ្មែរចំនួន៣ដឹកនាំដោយសម្តេចឪ សម្តេចព្រះនរោត្តម សីហនុ និងភាគីរដ្ឋកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមចរចាគ្នាកាលពីឆ្នាំ១៩៨៧ នៅប្រទេសបារាំង ក្រោយពីបានវាយប្រយុទ្ធគ្នាជាច្រើនឆ្នាំមុនឈានដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ ក្រោយមក កម្ពុជាក៏ចាប់ផ្តើមការអភិវឌ្ឍប្រទេសបណ្តើរៗដល់ឆ្នាំ១៩៩៨ ដែលមានសន្តិភាពពេញលេញ ក្រោយពេលកងទ័ពខ្មែរក្រហមបានធ្វើសមាហរណកម្មមកជាកម្លាំងកងទ័ពតែមួយនិងទឹកដីតែមួយ។
លោកស្រី ជា វណ្ណាត អ្នកតាមឃ្លាំមើលនយោបាយម្នាក់ក្នុងប្រទេសកម្ពុជាបានទទួលស្គាល់ថា មានការអភិវឌ្ឍ និងការវិវត្តផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«ខ្ញុំមើលទៅឃើញថា មានដំណើរការទៅមុខល្អ ដូចថា យឺត មិនមែនថា មានអីស្ទុះ ស្ទារ ហក់លោតអីទេ។ តែដើរទៅវាត្រូវតាមទិសដៅ ដែលប្រជាពលរដ្ឋជាទូទៅលោកចង់បាន ទាំងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយនឹងការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកស្រីបានថ្លែងដូច្នេះគឺប្រៀបធៀបពេលនេះទៅនឹងទសវត្សរ៍១៩៩០ ហើយលោកស្រីបានចាត់ទុកការរិះគន់របស់សង្គមស៊ីវិល និងគណបក្សជំទាស់ថា ជារឿងធម្មតា ដោយសារប្រទេសកម្ពុជា ដែលទើបតែចេញពីសង្គ្រាមរ៉ាំរ៉ៃជាង២០ឆ្នាំមកនេះ បានបើកចំហធំពេកដើម្បីធ្វើសមាហរណកម្មទៅក្នុងពិភពលោកក្នុងការអភិវឌ្ឍប្រទេសឲ្យបានលឿន។
«ហើយក្នុងការធ្វើឲ្យលឿនហ្នឹង យើងតែងតែមានភាពខ្វះចន្លោះគ្រប់ផ្នែកទាំងអស់។ ទោះណាជាខ្ញុំថា ការគោរពសិទ្ធិមនុស្សល្អប្រសើរក៏ដោយ ក៏មិនមែនថា សុក្រិត្យទេ អត់មានទេ ពាក្យសុក្រិត្យ។ ល្អប្រសើរនេះគឺគ្រាន់តែខ្ញុំប្រៀបធៀបពេលឥឡួវហើយនឹងពេលមុនតែប៉ុណ្ណឹងទេ។ ហើយលទ្ធិប្រជាធិបតេយ្យក៏អញ្ចឹងដែរ ដែលខ្ញុំថា ល្អប្រសើរហ្នឹងគឺខ្ញុំប្រៀបធៀបនឹង ពេលបច្ចុប្បន្នគឺឆ្នាំ២០១៥ទៅនឹងឆ្នាំ១៩៩៥ គឺ២០ឆ្នាំមុន។ ហ្នឹងដែលខ្ញុំនិយាយថា ល្អប្រសើរនៅក្នុងន័យហ្នឹង។ តែបញ្ហានៅតែមាន ជាពិសេសគឺ បញ្ហាថ្មីៗទៅទៀត»។
លោកស្រីបានអះអាងថា បញ្ហាថ្មីៗនោះគឺការទាមទារប្រាក់បៀរវត្សរ៍របស់កម្មករ កម្មការិនី ដែលត្រូវការប្រាក់ឈ្នួលខ្ពស់ដើម្បីឲ្យសមាមាត្រនឹងទំនិញលើទីផ្សារ។ ហើយមានបញ្ហាយ៉ាងតិចពីរគឺការអប់រំ ដែលគុណភាពនៅទាប ឬមិនត្រូវតាមទីផ្សារ ក្នុងពេលមានសមាហរណកម្មសេដ្ឋកិច្ចជាមួយអាស៊ានដែលមានប្រទេសចំនួន១០ជាសមាជិក ហើយនឹងបញ្ហាសុខភាព បញ្ហាអនាម័យសម្រាប់ពលរដ្ឋ សហគមន៍។ កម្ពុជាត្រូវរួមគ្នា មានឯកភាពជាតិខ្ពស់ជាងមុនដើម្បីគិតគូរដោះស្រាយបញ្ហាធំៗរបស់ជាតិ និងដើម្បីជានិមិត្តរូបជាតិ ជាជាងជម្លោះឥតប្រយោជន៍។
លោកស្រីបានព្រមានឲ្យដឹងថា ការលើកឡើងរបស់អ្នកនយោបាយទាក់ទងនឹងថ្ងៃ៧មករា និង២៣តុលាគឺជារឿងឥតបានការ។ លោកស្រីនិយាយថា បញ្ហាទាំងពីរនេះជារឿងប្រវត្តិសាស្ត្រទៅហើយ ហើយពលរដ្ឋបោះឆ្នោតម្តងៗមិនមែនទៅតាមរឿងនោះទេគឺថា ពួកគាត់បោះ ឆ្នោត ដោយផ្អែកទៅលើ ថាតើអ្នកដឹកនាំណាដែលគិតរាស្ត្រ យល់ចិត្តរាស្ត្រនិងយកចិត្តទុកដាក់ចំពោះប្រជារាស្ត្រ គឺមិនមែនមេដឹកនាំណាដែលមិនគិតគូរជួយរាស្ត្រនោះទេ៕