Your browser doesn’t support HTML5
វ៉ាស៊ីនតោន/ភ្នំពេញ៖ អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងនែលសិន ម៉ាន់ឌែលឡា (Nelson Mandela) បានធ្វើឱ្យរំជួលចិត្តដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកដោយសារលោកបានបន្សល់ទុកនូវគំរូជាប្រវត្តិសាស្រ្តជាច្រើនក្នុងនោះមានការតម្កល់ផលប្រយោជន៍ជាតិធំជាងការឈឺចាប់ផ្ទាល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។
លោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេពិសេសកាលពីថ្ងៃអង្គារថា៖ «ការដែលលោកតស៊ូបានឈ្នះឈប់មានការរើសអើងទៅលើប្រជាពលរដ្ឋស្បែកខ្មៅនៅក្នុងប្រទេសលោកបានជោគជ័យហើយ លោកដើរចេញដើម្បីជួយឱ្យប្រទេសជាតិលោកដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យមានការគោរពសិទ្ធិមនុស្សដោយនៅខាងក្រៅព្រោះនៅកាន់អំណាចអាចធ្វើខុស ដូច្នេះលោកចេញទៅខាងក្រៅគួរឱ្យចាប់អារម្មណ៍មែនទែន គួរឱ្យយកគំរូរបស់លោកមកធ្វើជាគំរូមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងពិភពលោកយើង។ យើងមិនសូវឃើញដូចលោកទេ»។
មានមេដឹកនាំពិភពលោកចំនួន៩១នាក់បានមកចូលរួមក្នុងពិធីបុណ្យសពលោកម៉ាន់ឌែលឡាកាលពីថ្ងៃអង្គារដែលបានរៀបចំក្នុងពហុកីឡាដ្ឋានក្នុងទីក្រុងចូហាន់ណេសស្បឺក។ ពលរដ្ឋអាហ្វ្រិកខាងត្បូងជាង៦០.០០០នាក់បានចូលរួមដោយផ្ទាល់នៅក្នុងប្រារព្ធពិធីនៅ កីឡាដ្ឋាននោះ។
ក្នុងចំណោមអ្នកដែលចូលរួមលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងនូវប្រសាសន៍របស់លោកម៉ាន់ឌែលឡាមួយឃ្លាដែលបញ្ជាក់ថា«ការងារអ្វីក៏មើលទៅដូចជាមិនអាចធ្វើបានរហូតទាល់តែការងារនោះត្រូវបានបញ្ចប់»។
លោកស្រីបញ្ជាក់ថា ក្នុងបរិបទកម្ពុជាការដែលពលរដ្ឋកម្ពុជាងើបឡើងតវ៉ាទាមទារសិទ្ធិសេរីភាពនាពេលបច្ចុប្បន្នក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣នេះគឺជាគំរូមួយដែលគេធ្វើដូចគ្នានឹងការតស៊ូទាមទារសេរីភាពនៅប្រទេសអាហ្វ្រិកខាងត្បូង។
លោកស្រីបញ្ជាក់បន្ថែមថាអ្នកនយោបាយត្រូវមានឆន្ទៈក្នុងការធ្វើការជាមួយគ្នាពិតប្រាកដជាជាងការគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍ទទេ៕