គណបក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​គ្រោង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ

លោក ហ៊ុន សែន​ និង លោក សម រង្ស៊ី​ ចាប់​ដៃ​គ្នា​នៅ​នៅ​ក្រោយ​ពេល​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៣ នៅ​វិមាន​រដ្ឋសភា​ជាតិ។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានយក​ថ្ងៃ​អង្គារ​ទី​៥ខែ​វិច្ឆិកាកំណត់​ជួប​ប្រជុំ​ឡើង​វិញ​បន្ទាប់​ពី​អាក់​ខាន​អស់​ជាយូរ​ដើម្បី​រក​វិធី​ទម្លុះ​ទម្លាយ​ការ​ជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​ជាង​បីខែ​មក​នេះ។

មន្ត្រី​គណបក្ស​ទាំងពីរ​បញ្ជាក់​ថា​ការជួប​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ត្រឹម​កម្រិត​ក្រុម​ការងារ​បច្ចេកទេស​តែ​ប៉ុណ្ណោះ​មុន​នឹង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ជួប​ប្រជុំ​គ្នា​នា​ពេល​ក្រោយ។ ​

លោក​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យនៃ​គណបក្ស​សង្គ្រោះជាតិ​និង​ជា​តំណាង​មួយ​រូប​ក្នុង​ការ​ចរចា​នោះ​បាន​បញ្ជាក់​ថារបៀប​វារៈ​ជាក់​ស្តែង​គឺ​នឹង​ត្រូវ​កំណត់​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរជួប​គ្នា​។ លោក​បាន​បន្ថែម​ថា ​គណបក្ស​សង្គ្រោះជាតិរក្សា​ជំហរ​របស់​ខ្លួនចង់​ឱ្យ​មាន​ការ​ប្រជុំ​បើក​ចំហរ​ជា​សាធារណៈ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ចំពោះ​ដំណើរការ​នៃ​ការ​ចរចា​ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​យល់​ថាដោយ​សារ​តែ​ក្រុម​ការងារ​បច្ចេកទេស​ក៏​សុំកុំ​អាល​បង្ហាញជា​សាធារណៈ​សិន។

លោក​យឹម​ សុវណ្ណ​បញ្ជាក់ថា៖ ​ «ហើយ​គណបក្ស​សង្គ្រោះជាតិ​ថា​ហ្នឹង​ធ្វើ​ម៉េច​ទេ​ដើម្បី​ឱ្យ​ដំណើរការ​ទៅ​មុខ​បាន​ឥឡូវ​យើង​ប្រជុំ​សិន​ទៅ​ប៉ុន្តែ​ក្នុង​ការ​ប្រជុំ​ហ្នឹ​ងគណបក្ស​សង្គ្រោះជាតិ​សុំ​ស្នើ​ថា​ ប្រសិន​បើ​មាន​ការ​ប្រជុំ​កំពូល​សុំ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោក​បាន​ដឹង​អំពី​ដំណើរការ​នៃ​ការ​ប្រជុំ​កុំ​ឱ្យ​មាន​អ្នក​ខ្លះ​ដែល​ពី​មុន​មក​លើក​ឡើង​អញ្ចេះ​លើក​ឡើង​អញ្ចុះ​វា​ធ្វើការ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​វា​ធ្វើ​ឱ្យ​ព័ត៌មាន​នោះ វា​មិន​ច្បាស់​លាស់​ទៅ​ដល់ម្ចាស់​ឆ្នោត​អញ្ចឹង​ដើម្បី​ជៀសវាង​កុំ​ឱ្យ​និយាយ​អញ្ចេះ​និយាយ​អញ្ចុះ​យើង​ធ្វើ​ជា​សាធារណៈ​ទៅ​ដើម្បី​ប្រជាពលរដ្ឋ​បាន​ដឹង»។​

គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នាជា​ច្រើន​លើក​ក្នុង​ពេល​កន្លង​មកប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​ធំ​ដុំ​អ្វី​ទេ​ដែលនាំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ចេញ​មក​ធ្វើ​បាតុកម្ម​តវ៉ា​ជា​ច្រើន​លើក​និង​ធ្វើ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​របស់រដ្ឋ​សភាជាតិ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រជាជន​កម្ពុជា​បញ្ជាក់​ថាការជួប​ប្រជុំ​នឹង​ធ្វើ​នៅ​វិមាន​រដ្ឋ​សភា​ជាតិ​នៅ​ម៉ោង​៩​ព្រឹកហើយ​របៀប​វារៈ​គឺផ្តោតលើ​ការ​កែទម្រង់ប្រព័ន្ធ​បោះឆ្នោត៖

«ខ្ញុំ​គិត​ថា​កែ​ទម្រង់​ដែល​យើង​ត្រូវ​ដោះស្រាយ​ជា​បច្ចេក​ទេស​មុន​គឺ​ការ​បោះឆ្នោត​គឺ​ជា​បញ្ហា​ដែល​យើង​បាន​សម្រេច​ជាមួយ​គ្នា​រួច​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​១៦​កញ្ញា​កន្លង​ទៅ​ថា​ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ជាមួយ​គ្នា​មើល​ការ​កែ​ទម្រង់​ឡើង​វិញ​អំពី​យន្តការ​នៃ​ការ​បោះឆ្នោត​ទាំង​មូល»។

ក្រោយពី​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​ខែ​កក្កដា គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ រីឯ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​ទទួលបាន​អាសនៈ​ចំនួន​៥៥នៅក្នុង​សភា​ដែល​មាន​អាសនៈ​ចំនួន​១២៣។ នេះ​បើតាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិប្រកាស​ថា​ខ្លួន​ទទួល​បាន​រហូត​ដល់​៦៣​អាសនៈ​ហើយ​បើ​មិន​មាន​ការគៃ​បន្លំ​សន្លឹកឆ្នោត​ហើយ​នឹង​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ទេ​ខ្លួន​អាច​នឹង​ទទួល​បាន​អាសនៈ​ច្រើន​ជាង​នេះ​ទៀត។

គណបក្ស​ប្រឆាំង​បាន​ទាម​ទារ​ឱ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​រួម​ទាំង​រំលាយ​ចោល​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែរ​ហើយ​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អឺរ៉ុប​ដែល​បាន​ចេញ​ក្នុង​ពេល​មុន​ការ​បោះឆ្នោត​ជាតិ។ ​

លោក​ឈាង វុន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជនបាន​បន្ថែម​ទៀត​ថា៖​ «យើង​ធ្វើ​តាម​សំណូម​ពរ​ទាំងអស់​ហ្នឹង​ដើម្បី​លើក​យក​មក​ពិភាក្សា​គ្នា​ប៉ុន្តែ​ការ​ស្នើ​លម្អិត​ដែល​ត្រូវ​ធ្វើ​យ៉ាងម៉េច​យ៉ាង​ម៉េច​នុះ​ត្រូវ​តែ​អនុវត្ត​ទាំង​អស់​ទេ​។ យើង​ត្រូវ​យក​ម្តង​មួយៗ​យក​មក​មើល​ថា​កន្លែង​ណា​ខ្លះ​ដែល​អាច​អនុវត្ត​បាន​កន្លែង​ណា​ខ្លះ​ដែល​ត្រូវ​កែ​ទម្រង់​ ។ល។ និង​។ល។»

ប្រតិភូ​គណបក្ស​សង្គ្រោះជាតិ​មានសមាសភាព​ប្រាំរូប​គឺលោក​ស៊ុន ឆៃ លោក អេង ឆៃអ៊ាង លោកយឹម សុវណ្ណ លោក​កួយ ប៊ុនរឿន និង​លោក​យ៉ែម បុញ្ញឫទ្ធិ​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មានសមាសភាព​ដដែល​ដែល​ដឹកនាំ​ដោយ​លោក​ ព្រំ សុខា៕​