បក្ស​ប្រឆាំង​ត្រៀម​ធ្វើ​បាតុកម្ម​ហើយ​បិទ​ផ្លូវ​ចរចា

លោក កឹម សុខា និង​លោក​សម រង្ស៊ី​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ខាងមុខ​នេះ​ចំ​ទិវា​បុណ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហើយ​ប្រកាស​បិទ​ផ្លូវ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ​

លោក​ កឹម សុខា អនុប្រធាន​គណបក្ស​បាន​បញ្ជាក់​ប្រាប់​វីអូអេ​អំពី​បាតុកម្ម​ដែល​គ្រោង​ធ្វើ​នោះ​ថា៖ «ជា​ការ​ទាមទារ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ជាពិសេស​លើសេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​សិទ្ធិ​បោះឆ្នោត​ហ្នឹង​ឯង»។​

បក្ស​ប្រឆាំង​បានប្រកាស​ជាឯកតោ​ភាគីបិទផ្លូវចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បាន​ចោទ​ប្រកាន់​ថា​គណបក្ស​កាន់​អំណាច​ខកខាន​មិន​គោរព​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​កន្លង​មក​ជាពិសេសលើកិច្ច​ព្រម​ព្រៀង​គ្នា​ដែល​សម្រេ​ច​បាន​នៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​ដែល​ថា​នឹង​មិន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នក​តវ៉ា​នានា។ ​

លោក​កឹម សុខា​បាន​បន្ថែម​ទៀតថា៖ «ផ្ទុយ​ទៅវិញ​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​ទៅ​លើ​បាតុករ​ បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ហើយ​នឹង​វាយ​ព្រះសង្ឃ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គេ​ឃើញ​ភាពសាហាវ​ឃោរឃៅ​របស់​អាជ្ញាធរ​នៃ​គណបក្ស​ប្រជាជន»។

ការ​បោះឆ្នោត​ជាតិ​កាល​ពីថ្ងៃ​ទី​២៨​ខែ​កក្កដា​មិន​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​សុខ​ចិត្ត​ទទួល​យក​លទ្ធផល​នោះ​ទេ​ ដោយ​បាន​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ហើយ​បាន​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភាជាតិ។

គណបក្ស​ទាំងពីរ​បាន​ខិតខំ​ចរចា​ដើម្បី​ទម្លុះ​ភាព​ជាប់​គាំង​នយោបាយ​នេះ​ហើយ​ក្រុម​ចរចា​នៃ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចាគ្នា​ចុងក្រោយ​កាលពី​ថ្ងៃទី​៥​ខែ​វិច្ឆិកា​កម្រិត​ថ្នាក់​បច្ចេកទេស​ប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ទាំង​អស់​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ការ​មិន​សប្បាយ​ចិត្ត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កឹម សុខា។​

គណបក្សប្រឆាំង​ក៏​បាន​ភ្ជាប់​ការ​តវ៉ា​លទ្ធផល​ឆ្នោត​ទៅ​នឹង​ការ​ទាមទា​រកយុត្តិធម៌សម្រាប់​ជន​រងគ្រោះ​ដែល​អាជ្ញា​ធរ​ប៉ូលិស​បាន​បង្ក្រាប​យ៉ាងសាហាវ​កាលពីថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​កន្លង​មក​ដែល​បាន​បណ្តាល​ឱ្យ​ស្រ្តី​អ្នក​លក់​បាយ​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​អ្នក​តវ៉ា​ជាច្រើន​នាក់​ទៀត​រង​របួស។

លោ​កកឹម សុខា​បាន​បន្ថែម​ថា៖​ «ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិសទី​ទាំងអស់​ដែល​ខ្ញុំ​ទៅ​គេ​ដាច់​ខាត​គេ​មិន​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​ទៀត​ទេ​ដរាប​ណា​មិន​រក​យុត្តិធម៌​ជុំវិញ​ការ​បោះឆ្នោត​ ដរាប​ណា​មិន​ស៊ើប​អង្កេត​រក​ជន​ដៃដល់​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​មក​លើ​បាតុករ»។

គណបក្ស​បញ្ជាក់​ថា​ខ្លួន​កំពុង​រៀបចំ​យុទ្ធសាស្រ្ត​សម្រាប់​ធ្វើ​បាតុកម្ម​យូរ​ជាង​មុន​ទៀត​ហើយ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូលរួម​កាន់​តែ​ច្រើន​ដោយសារ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើងចំពោះ​ប្រទេស​ជាតិ​ប្រសិន​បើ​ពួកគេ​នៅ​ស្ងៀម​យូរ​ទៀត។​

«ខ្ញុំ​ឃើញ​ថា​ការ​វិវត្ត​ផ្លាស់​ប្តូរ​របស់​ប្រជាពលរដ្ឋ​បាន​ផ្លាស់​ប្តូរ​ហើយ​នៅ​តែ​អ្នក​កាន់​អំណាច​ដែល​ក្រាញ​អំណាច​ទេ​ដែល​អត់​ទាន់​ផ្លាស់​ប្តូរ​ផ្នត់​គំនិត។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ប្រជាពលរដ្ឋ​នឹង​ទាមទារ​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ផ្លាស់​ប្តូរ​ជា​មិន​ខាន»។​

លទ្ធផល​ឆ្នោត​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​ឈ្នះ​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​សំខាន់ៗ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ជុំវិញ៕