លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែកាលពីថ្ងៃច័ន្ទថា៖
«បាតុកម្មនេះបានធ្វើឡើងដោយសន្តិវិធីដែលជាសញ្ញាល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការធ្វើទាំងអស់នេះនៅក្នុងទីក្រុងភ្នំពេញ ប្រជាជនមានការភ័យខ្លាចផងមានទឹកចិត្តក្នុងការចូលរួមផងហើយយើងឃើញថាបាតុកម្មមួយចំនួនឈានទៅដល់ការដាក់ប៉ារ៉ាស់សឹងតែបិទកណ្តាលក្រុង បេះដូងនៃទីក្រុងភ្នំពេញ ហើយកន្លែងខ្លះប៉ះពាល់ដល់សេដ្ឋកិច្ចអ្នករកស៊ីខ្លាំងទន្ទឹមគ្នានេះដែរការប្រើប្រាស់នូវប្រដាប់អាវុធដ៏លើសលុបជាពិសេសការប្រើប្រាស់នូវកម្លាំងប៉េអឹមក្នុងរូបភាពខ្លាំង រួមទាំងការនាំរទេះតង់មកក្រុងគឺជាការប៉ះពាល់ដល់ការវិនិយោគទុនរបស់អន្តរជាតិ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ដើម្បីទាមទាររកយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតនៅក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៦៨ពីក្នុងសភាដែលមានអាសនៈចំនួន១២៣ ហើយគណបក្សប្រឆាំងមួយនេះឈ្នះបានតែ៥៥អាសនៈប៉ុណ្ណោះ។
ការតវ៉ានានាបានបណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនិងមានមនុស្សជាង១០នាក់រងរបួសនៅ ក្នុងការប៉ះទង្គិចគ្នាមួយជាមួយនឹងក្រុមកងកម្លាំងមានសមត្ថកិច្ចកាលពីយប់ថ្ងៃអាទិត្យទី១៥ខែកញ្ញាបើទោះបីជាការតវ៉ានាពេលក្រោយមកបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាក៏ដោយ។
លោកអ៊ូ វីរៈ បានបន្ថែមថា រូបភាពនៃបាតុកម្មនេះនៅមានលក្ខណៈងាយប្រេះស្រាំដដែលដោយលោកយល់ថា មានអ្នកចង់សម្រួលឱ្យបាតុករប្រើសិទ្ធិដោយសន្តិវិធី និងមានមន្ត្រីខ្លះចង់ប្រើកម្លាំងប្រដាប់អាវុធដ៏លើសលប់ដើម្បីធ្វើការគំរាមកំហែង។
លោកបានបញ្ជាក់ថា៖ «ដរាបណាប្រជាពលរដ្ឋខ្មែរយើងអត់យល់ស៊ីជម្រៅហើយអត់ចូលរួមក្នុងការជំរុញហើយដរាបណាមន្ត្រីខិលខូចមិនត្រូវបានពិន័យហើយមានតួនាទីសំខាន់ៗហើយអាចប្រើប្រាស់ប្រដាប់អាវុធបានខ្លាំងនោះខ្ញុំមើលទៅ ការមិនចុះសម្រុងគ្នាមួយចំនួនដូចជាកងកម្លាំងប្រដាប់អាវុធយើងគឺអាចធ្វើឱ្យប្រទេសរបស់យើងអាចប្រឈមនូវអស្ថិរភាពហើយប្រជាធិបតេយ្យរបស់យើងក៏អាចដើរថយក្រោយផងដែរ»។
គណបក្សកាន់អំណាចមើលឃើញថា ការជាប់គាំងនយោបាយដោយមិនមានអំពើហិង្សាធំដុំជាសញ្ញាជោគជ័យមួយសម្រាប់កម្ពុជា។ ប៉ុន្តែលោកឈាង វ៉ុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានឆ្លៀតយកឱកាសនោះរិះគន់គណបក្សប្រឆាំងថាអ្នកនយោបាយខ្លះឆ្លៀតប្រើប្រាស់បាតុកម្មតវ៉ាជា«មោទនភាពបុគ្គល»ជាជាងប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នាកាលពីថ្ងៃអង្គារប៉ុន្តែមិនបានសម្រេចលទ្ធផលជាដុំកំភួនអ្វីទេក្រៅពីថានឹងជួបប្រជុំគ្នាជាថ្មីម្តងទៀត។ ការណ៍នេះបានធ្វើឱ្យគណបក្សប្រឆាំងបាត់បង់ភាពអត់ធ្មត់ខ្លះហើយចោទថាវាជាយុទ្ធសាស្រ្តក្នុងការពន្យារពេលរបស់គណបក្សកាន់អំណាចហើយបានដាក់ឱសានវាទឱ្យរកដំណោះស្រាយឱ្យបានមុនដំណាច់ឆ្នាំ២០១៣។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈមានសុទិដ្ឋិនិយមថា ដរាបណាគណបក្សទាំងពីរនៅបើកផ្លូវអាចនិយាយគ្នាបានគឺ«ប្រទេសកម្ពុជាអាចវិវត្តន៍ទៅមុខជាវិជ្ជមាន»៕