Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋាភិបាលបានអះអាងថា ការសម្រេចរបស់តុលាការអន្តរជាតិរឿងដីក្បែរបរិវេណប្រាសាទព្រះវិហារគឺជារឿងដែលអាចចាប់ផ្តើមផ្តល់សន្តិភាព កិច្ចសហការទំនាក់ទំនងល្អ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ដោយសង្កត់ធ្ងន់ថា វានឹងបញ្ចប់នូវសុបិនអាក្រក់ជាយូរលង់រវាងប្រទេសទាំងពីរផងដែរ។ នេះជាការអះអាងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃច័ន្ទ។
ប្រទេសកម្ពុជានិងថៃបានបង្កភាពតានតឹងជាមួយគ្នាមុនពេលដែលតុលាការបកស្រាយបញ្ហានេះ ដោយមានការវាយប្រហារគ្នាដោយអាវុធ បង្កឲ្យមានមនុស្សស្លាប់ របួស ភៀសខ្លួនរបស់ពលរដ្ឋ និងធ្វើឲ្យខូចខាតប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ហើយនឹងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ បញ្ហានេះកើតឡើងដោយសារភាគីទាំងសងខាងចាត់ទុកថាដីក្បែរប្រាសាទព្រះវិហារជាកម្មសិទ្ធិរៀងៗខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងថា ស្ថានការណ៍នៅតាមព្រំដែន គ្មានបញ្ហាអ្វីប្លែកទេស្ថានការណ៍នេះនៅជាធម្មតានៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់កងទ័ពនិងប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងៀមជៀសវាងភាពតានតឹងរវាងប្រទេសទាំងពីរ៕