ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា និង​ថៃ​នាំ​យក​ជម្លោះ​របស់​គេ​ទៅ​អ.ស.ប​


ទាហាន​ខ្មែរ​ម្នាក់​​អង្គុយ​ខាត់​ស្បែកជើងរបស់គាត់ នៅ​ប្រសាទ​ព្រះវិហារ។
ទាហាន​ខ្មែរ​ម្នាក់​​អង្គុយ​ខាត់​ស្បែកជើងរបស់គាត់ នៅ​ប្រសាទ​ព្រះវិហារ។

ទីក្រុង​បាងកក៖ ការឈប់​បាញ់គ្នា​បាន​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ និង​ថៃ នា​ថ្ងៃ​សុក្រ​នេះ ក៏​ប៉ុន្តែ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នៅ​ត្រៀមប្រុងជើងការជាប់រហូត។

កាលពី​មួយ​សប្តាហ៍កន្លង​មក​នេះ​ ការវាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​ប្រាសាទ​ហិណ្ឌូ​របស់​ខ្មែរ​ដែល​មាន​ចំណាស់​៩០០​ឆ្នាំ។ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​មុន​ពេល​ដែល​ការវាយ​ប្រយុទ្ធ​គ្នា​បាន​ចប់​នៅ​ថ្ងៃ​អង្គារ​ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែនប្រទេស​ទាំងពីរ​បាន​បង្ខំ​ចិត្ត​រត់​ចោល​លំនៅដ្ឋាន។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ ហោ ណាំហុង ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​លោក កាសិត ភីរម្យ ​រដ្ឋមន្រ្តីការ​បទេស​ថៃ​នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​គូស​បង្ហាញ​គោលជំហរ​របស់​ពួកគេ​រៀងៗ​ខ្លួន។ ប្រទេស​ទាំងពីរ​បន្ទោស​គ្នា​ទៅវិញ​ទៅ​មក​ថា ជា​អ្នក​បើក​ការ​វាយ​ប្រយុទ្ធ​មុន។

នៅក្នុង​ឆ្នាំ​១៩៦២ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​ថា ប្រាសាទ​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ច្រកចូល​សំខាន់​មួយ​ស្ថិតនៅ​លើ​ទឹកដី​ថៃ។ ភាគី​ទាំងពីរ​នៅ​មាន​ជម្លោះ​នឹង​គ្នា​លើ​ដី​មួយដុំ​នៅ​ជាប់​នឹង​ប្រាសាទ​ដែល​កម្ពុជា​ហៅ​ថា​ព្រះវិហារ​ហើយ​ថៃ​ហៅថា​ប្រាវិហាន។

ស៊ូណៃ ប៉ាស៊ុក (Sunai Pasuk) តំណាង​ម្នាក់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ថៃ​មាន​ប្រសាសន៍​ថា​ អង្គការ​សហ​ប្រជាជាតិ​នឹង​ផ្តល់​វេទិកា​មួយ​សម្រាប់​ការ​ពិភាក្សា​ពីការ​វាយប្រហារ​នោះ​ហើយ​អាច​ជួយ​សម្រេច​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស។​ លោក​ ប៉ាស៊ុក និយាយថា៖

«ប៉ុន្តែ​មូលដ្ឋាន​នៃ​ការ​ដោះស្រាយ​ទំនាស់​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ទ្វេភាគី​នៅ​ឡើយ​ទេ។ ការបង្ហាញ​ជូន​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គឺ​ជា​ឱកាសមួយ​សម្រាប់​ប្រទេស​ថៃ​និង​កម្ពុជា​លើក​ឡើង​ថែមទៀត​ពី​ការចោទ​ប្រកាន់​គ្នា​ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោយ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ ដោយសារ​តែ​ការ​ប្រើ​គ្រាប់មីន​ចង្កោម​អាច​ដោះស្រាយ​បាន​គឺអាស្រ័យ​លើ​មាន​ការសង្កេត​ការណ៍​ឯករាជ្យ​នៅ​លើ​តំបន់​ដែល​មាន​ការប៉ះពាល់»។

ប្រទេស​ទាំងពីរ​បាន​ចោទគ្នា​ទៅ​វិញ​ទៅ​មក​ពី​ការប្រើប្រាស់​គ្រាប់​មីន​ចង្កោម​នៅក្នុង​ពេល​ប្រយុទ្ធ​គ្នា ដែល​គ្រាប់​មីន​នេះ​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ។

លោក ម៉ាទី ណាទេឡេ​ហ្កាវ៉ា ​(Marty Natelegawa) ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​ដែល​ពេល​នេះ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅថា​អាស៊ាន​ក៏​នឹង​ចូលរួម​ការប្រជុំ​នៅឯ​អង្គការ​សហ​ប្រជាជាតិ​នោះដែរ។ មន្រ្តី​អាស៊ាន​ស្នើ​សុំ​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ចរចា​រវាង​រដ្ឋាភិបាល​ទីក្រុង​បាងកក និង​ក្រុងភ្នំពេញ។

នៅ​ប្រទេស​ថៃ​ លោក​នាយក​រដ្ឋមន្រ្តី ​អាប់ភីស៊ីត ​វីចាជីវ៉ា (Abhisit Vejjajiva) និយាយ​ថា គេ​គួរ​ដក​យក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។

លោក អាប់​ភីស៊ីត ​និយាយ​ថា​ធ្វើដូច្នេះ​បាន​ព្រមទាំង​លុបចោល​គម្រោង​គ្រប់​គ្រង​ដែល​ស្នើឡើង​ដោយ​ប្រទេស​កម្ពុជា​នឹង​ជួយ​កាត់បន្ថយ​ជម្លោះ​ព្រំដែន។ ប៉ុន្តែ​គេ​គិត​ថា​ប្រទេស​កម្ពុជា​នឹង​ជំទាស់​ចំពោះ​គំនិត​នេះ។

ជម្លោះ​ព្រំដែន​បាន​ផ្ទុះ​ឡើង​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨ ​ក្រោយ​ពី​ប្រាសាទ​ព្រះ​វិហារ​របស់​ប្រទេស​កម្ពុជា​ទទួល​បាន​ឋានៈ​ជា​បេតិកភណ្ឌ​ពិភពលោក។ ក្រុម​អ្នកជាតិ​និយម​ថៃ​ដែល​ភាគច្រើន​អះអាង​ថា​ប្រាសាទ​នេះ​ជា​របស់​ថៃ​បាន​តវ៉ា​ហើយ​បណ្តាល​ឱ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កងកម្លាំង​យោធា​តាម​ព្រំដែន។

រដ្ឋាភិបាល​ថៃ​កំពុង​ទទួលរង​សម្ពាធ​ពីក្រុម​អ្នក​ជាតិ​និយម​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​អនុស្សរណៈ​នៃការយោគយល់​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​លើ​ការដោះស្រាយ​ជម្លោះ​ព្រំដែន។ ក្រុម​អ្នកជាតិ​និយម​ចង់​ឱ្យ​រដ្ឋាភិបាល​របស់​គេ​បណ្តេញ​ពលរដ្ឋ​កម្ពុជា​ចេញ​ពី​ដី​ដែល​មាន​ជម្លោះ​នេះ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការអំពាវនាវ​នេះ៕

ប្រែសម្រួល​ដោយ​ ម៉ែន គឹមសេង

XS
SM
MD
LG