លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាបានជំរុញឱ្យប្រទេសឥណ្ឌូនេស៊ីបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
លោកហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីវិលត្រឡប់មកពីទីក្រុងឡាអេថា លោកបាននិយាយទូរស័ព្ទជាមួយលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីព្រឹកមិញនេះ ដើម្បីប្រាប់លោកថាឥឡូវដល់ពេលហើយ ប្រទេសឥណ្ឌូនេស៊ីត្រូវបញ្ជូនអ្នកសង្កេតការណ៍មកឱ្យបានឆាប់ និងមិនចាំបាច់គិតពីការកិកកុករបស់ប្រទេសថៃទៀតទេ។
លោកហោ ណាំហុងបានបន្ថែមថា៖
«ខ្ញុំបានស្នើឱ្យគាត់ (លោក ម៉ាទី ណាតេឡេហ្កាវ៉ា Marty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី) ចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និយាយអំពីការបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកឱ្យបានឆាប់ស្របតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានបញ្ជាក់ថាប្រទេសកម្ពុជានឹងដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជម្លោះឬតំបន់គ្មានកងទ័ពនៅពេលណាដែលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់តំបន់ជម្លោះនោះ។
«ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិអត់មានលក្ខខណ្ឌទេ។ សំខាន់ប្រទេសថៃអនុវត្តឬ មិនអនុវត្តការសម្រេចនេះ។ បើកាលណាថៃមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទេ យើងមានវិធានការផ្សេងទៀត តុលាការមានវិធានការ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានវិធានការ។»
កាលពីថ្ងៃច័ន្ទ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យថៃនិងកម្ពុជាដកកងទ័ពជាបន្ទាន់ចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ ហើយប្រទេសថៃមិនត្រូវរារាំងប្រទេសកម្ពុជាចូលទៅកាន់ប្រាសាទព្រះវិហារ និងរារាំងប្រទេសកម្ពុជាមិនឱ្យផ្គត់ផ្គង់ចំណីអាហារដល់បុគ្គលិកមិនមែនយោធារបស់ខ្លួនទេ។ តុលាការយុត្តិធម៌អន្តរជាតិបាននិយាយថាប្រទេសថៃនិងកម្ពុជាត្រូវបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងក្របខណ្ឌអាស៊ាន ជាពិសេសអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីចូលមកកាន់តំបន់គ្មានកងទ័ព ហើយភាគីទាំងពីរមិនគួរមានសកម្មភាពណាមួយ ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងឬពង្រីកជម្លោះ ឬ រារាំងការប៉ុនប៉ងរកដំណោះស្រាយនោះទេ។តាមកាសែតបាងកកប៉ុស្តិ៍ លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វិចាជីវ៉ា បានថ្លែងនៅថ្ងៃពុធនេះថាសេចក្តីសម្រេចស្តីពីការចរចាទ្វេភាគីរវាងប្រទេសថៃនិងប្រទេសកម្ពុជា ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងទុកឱ្យរដ្ឋាភិបាលថ្មីដោះស្រាយ។
កាសែត ហ្សាការតា ប៉ុស្តិ៍ (Jakarta Post) បានដកស្រង់សម្តីរបស់លោកស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន មករាយការណ៍នៅថ្ងៃពុធនេះថាដោយគ្មានការលើកលែង អាស៊ាននឹងត្រូវការកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរដែលទទួលស្គាល់ការរីកចម្រើនថាអាស៊ាននឹងរួមវិភាគទាន។ អាស៊ាននឹងរង់ចាំភាគីទាំងពីរបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិចំពោះការយល់ស្របជាមួយនឹងការវិនិច្ឆ័យនេះ។
លោក ស៊ូរិន ពិតសុវណ្ណ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថាយើងនឹងត្រូវរង់ចាំភាគីទាំងពីរយល់ព្រមគ្នាលើជំហានបន្ទាប់សម្រាប់អាស៊ានអាចបន្តជួយសម្រួលដល់កិច្ចការដែលផ្តល់ផលប្រយោជន៍។ ខ្ញុំគិតថាលោក ម៉ាទី ណាតាឡេហ្កាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន នឹងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយភាគីទាំងពីរ។
ប្រទេសកម្ពុជានិងប្រទេសថៃបានអះអាងថាដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្លួនតែរៀងៗខ្លួន និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានបណ្តាលឱ្យភាគីទាំងសងខាងជាច្រើននាក់ស្លាប់ ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោកនៅខែកក្កដាឆ្នាំ២០០៨។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើសំណើរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យមើលបទឈប់បាញ់ គ្នានៅថ្ងៃទី២០ ខែកុម្ភៈ នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងហ្សាការតា ប៉ុន្តែការដាក់ពង្រាយអ្នកសង្កេតការណ៍នេះ ត្រូវបានពន្យាពេលដោយសារទីក្រុងបាងកក បានទាមទារថាកងទ័ពនិងជនស៊ីវិលកម្ពុជាទាំងអស់ដកចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារជាមុនសិន៕