កំណត់និពន្ធ៖ លោក Zeb Hogan គឺជាអ្នកស្រាវជ្រាវជីវវិទ្យានៃសាកលវិទ្យាល័យ Nevada ជាពិធីករក្នុងកម្មវិធីត្រីបិសាច Monster Fish ក្នុងទូរទស្សន៍ National Geographicនិងជាអ្នកស៊ើបអង្កេតសំខាន់ក្នុងកម្មវិធី Wonder of the Mekong ដែលត្រូវបានឧបត្ថម្ភដោយអង្គការ USAID។ លោកបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអបអរទិវាមច្ឆជាតិជាមួយនឹងរដ្ឋបាលជលផល។
លោកបណ្ឌិត Zeb Hogan បានប្រាប់កញ្ញាទុំ ម្លិះនៃ VOA អំពីសារៈសំខាន់នៃទន្លេមេគង្គ ត្រីយក្សក្នុងទន្លេដែលមានដូចជាត្រីរាជនិងត្រីគល់រាំង និងការប្រឈម ដោយសារបច្ចុប្បន្ន ត្រីទាំងនោះកំពុងរងការគំរាមកំហែង ដោយសារការនេសាទហួសហេតុ និងផលប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនី។
Your browser doesn’t support HTML5
VOA៖ តើកម្មវិធី Wonder of the Mekong ធ្វើការផ្តោតទៅលើអ្វីខ្លះ?
Zeb Hogan៖ កម្មវិធី Wonder of the Mekong គឺផ្តោតទៅលើទឹកនិងជីវចម្រុះ ហើយនឹងផ្តោតលើតម្លៃជាច្រើននៃទន្លេមេគង្គនេះ ជាពិសេសមច្ឆជាតិ ជីវចម្រុះ តម្លៃវប្បធម៌ ក្នុងការព្យាយាមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទន្លេមេគង្គ។ អ្វីដែលខ្ញុំបានរកឃើញតាំងពីបានចាប់ផ្តើមកម្មវិធីនេះមក គឺថាទោះបីជាទន្លេមេគង្គជាទន្លេសំខាន់បំផុតលើផែនដី វាមានភាពពិសេស និងសារៈសំខាន់ណាស់សម្រាប់ប្រជាជនក្នុងតំបន់ ប៉ុន្តែបើសិនជាអ្នកសួរប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញដែលមិនរស់នៅតាមដងទន្លេ ភាគច្រើនពួកគេមិនមានការយល់ដឹងច្រើនពីទន្លេមេគង្គនោះទេ។
អ៊ីចឹងកម្មវិធីនេះមានចំណុចសំខាន់បីគឺទីមួយ ការសិក្សាស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមអំពីមច្ឆជាតិ និងប្រព័ន្ធជីវចម្រុះរបស់អាងទន្លេមេគង្គ។ ទីពីរគឺការកសាងសមត្ថភាព ដូចជាបង្ហាត់បង្រៀនប្រជាជននូវជំនាញផ្សេងៗដែលអនុញ្ញាតឲ្យពួកគេអាចការពារទន្លេមេគង្គបានកាន់តែប្រសើរឡើងថែមទៀត។ ទីបីនោះគឺការទំនាក់ទំនងនិងផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងអំពីតម្លៃនៃទន្លេមេគង្គ។
VOA៖ ច៎ា អ៊ីចឹងហេតុអ្វីបានជាលោកមានគំនិតផ្តួចផ្តើមកម្មវិធីនេះឡើង?
Zeb Hogan៖ បាទ អ៊ីចឹងដើម្បីឲ្យប្អូនបានយល់ពីព័ត៌មានខ្លះៗ ទន្លេមេគង្គគឺជាទន្លេដែលមានផលិតភាពជលផលច្រើនជាងគេបំផុតនៅលើផែនដីនេះ ដូច្នេះការនេសាទត្រីគឺមានមានទំហំធំជាងទន្លេឯទៀតក្នុងពិភពលោក ពោលគឺច្រើនជាងទន្លេ Amazon [នៅអាមេរិកឡាទីន] ទន្លេយ៉ង់សេនៅប្រទេសចិន ច្រើនជាងទន្លេនីល [នៅទ្វីបអាហ្វ្រិក] និងច្រើនជាងទន្លេ Mississippi [របស់សហរដ្ឋអាមេរិក]។
វាមិនមែនជាទន្លេធំជាងគេក្នុងពិភពលោកទេ ប៉ុន្តែទន្លេមេគង្គមានផលិតភាពជលផលច្រើនបំផុតនិងមានពូជត្រីរាប់ពាន់ប្រភេទខុសៗគ្នា ដូច្នេះវាពិតជាមានភាពចម្រុះមែនទែន។ ពូជត្រីខ្នាតយក្សក្នុងពិភពលោកជាច្រើនប្រភេទដូចជា ត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្សទឹកសាប សុទ្ធសឹងតែមានជម្រកក្នុងទន្លេមេគង្គ។
មិនតែប៉ុណ្ណោះ ការប្រើប្រាស់ទន្លេមេគង្គ គឺជាប្រពៃណីមួយរបស់ប្រជាជន[ខ្មែរ] ដូចជា[មានឆ្លាក់ជាតឹកតាងលើ]ជញ្ជាំងប្រាសាទអង្គរវត្ត និងអរិយធម៌នៅតាមច្រាំងបឹងទន្លេសាប ដែលប្រជាជនជាងកន្លះលាននាក់ បើតាមខ្ញុំគិត ពឹងលើផលពីទន្លេសាបនេះ។ បើសិនជាអ្នកមើលជញ្ជាំងអង្គរវត្ត អ្នកអាចឃើញរូបត្រីដែលត្រូវបានគេឆ្លាក់លើនោះ។ ដូច្នេះទន្លេមេគង្គមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏ស្ថិតក្នុងការគំរាមកំហែងដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
ខ្ញុំចង់បានន័យថាឥឡូវនេះ ទន្លេមេគង្គកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ បណ្ដាមច្ឆជាតិកំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារតែការបាត់បង់ជីវចម្រុះធម្មជាតិ ហើយការណ៍នេះ វាមុខជានឹងប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ពួកគេរស់នៅដោយពឹងអាស្រ័យលើទន្លេមេគង្គដើម្បីចិញ្ចឹមជីវិត។
ដូច្នេះខ្ញុំគិតថា វាពឹងទៅលើការសម្រចចិត្តរបស់យើងក្នុងរយៈពេល១០ទៅ២០ឆ្នាំខាងមុខនេះ វាអាចនឹងប៉ះពាល់ដល់ស្ថានភាពរបស់ទន្លេមេគង្គ រួមទាំងប្រជាជនដែលរស់នៅអាស្រ័យផលពីទន្លេនេះ។
VOA៖ តើពូជត្រីយក្សនៅក្នុងទន្លេនេះកំពុងស្ថិតក្នុងស្ថានភាពដូចម្តេចដែរ?
Zeb Hogan៖ ស្ថានភាពរបស់ពូជត្រីយក្សនៅពេលនេះគឺថា កំពុងកាន់តែជិតផុតពូជហើយ គឺអាចហៅបានថាស្ថិតក្នុងគ្រោះថា្នក់ខ្លាំង។ ចំនួនត្រីបានធ្លាក់ចុះខ្លាំង ហើយសព្វថ្ងៃមាននៅសល់តែប៉ុន្មានក្បាលប៉ុណ្ណោះ។
ដំបូងឡើយគឺដោយសារតែការនេសាទហួសហេតុពីព្រោះត្រីកាន់តែធំ លក់បានកាន់តែថ្លៃ។ ត្រីទាំងនោះងាយរងគ្រោះណាស់ ពេលខ្លះថែមទាំងងាយស្រួលចាប់ទៀតផង ពួកគេត្រូវការ ជម្រកជាច្រើនដូច្នេះទើបពួកគេងាយទទួលរងការគំរាមកំហែងច្រើន ការបាត់បង់ទីជម្រក ការនេសាទហួសហេតុ និងការបំពុលបរិស្ថាន។
បច្ចុប្បន្នដោយសារតែមូលហេតុទាំងនោះ រហូតមកទល់ពេលនេះ ប្រភេទត្រីទាំងនោះនៅតែមិនទាន់ផុតពូជទៀត។ វាពិតជារឿងមួយដែលអស្ចារ្យ។ ខ្ញុំចង់បានន័យថា ប្រទេសរបស់អ្នកមានការនេសាទត្រីច្រើន អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែត្រីទាំងនេះនៅតែបន្តមានវត្តមាននៅក្នុងដងទន្លេ។
យ៉ាងណាក្ដី ក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយ ចំនួនត្រីទាំងនេះកំពុងថយចុះ។ ការបារម្ភនោះគឺថាទំនប់វារីអគ្គិសនីអាចជាជំហានចុងក្រោយដែលនឹងធ្វើឲ្យមច្ឆជាតិទាំងអស់ផុតពូជតែម្ដង។ ទំនប់វារីអគ្គិសនីមានផលប៉ះពាល់ធំធេងជាងការនេសាទទៅទៀត។
VOA៖ តើមានមូលហេតុចម្បងអ្វីខ្លះដែលធ្វើឲ្យមច្ឆជាតិនៅក្នុងទន្លេមេគង្គជិតផុតពូជ?
Zeb Hogan៖ បាទ កាលពីមុន វាមានការនេសាទហួសហេតុច្រើន និងការបំពុលទឹក។ ថ្មីៗនេះ ការគំរាមកំហែងធំបំផុតគឺការអភិវឌ្ឍទំនប់វារីអគ្គិសនី។ ទំនប់វារីអគ្គិសនីជាច្រើនត្រូវបានសាងសង់តាមដងទន្លេមេគង្គ ហើយបើសិនជាទំនប់វារីអគ្គិសនីទាំងនោះត្រូវសង់ខុសកន្លែង វានឹងធ្វើឲ្យរាំងស្ទះដល់ការផ្លាស់ទីរបស់ត្រី ហើយសត្វត្រីទាំងនោះមិនអាចធ្វើការបន្តពូជឡើយ ហើយចំនួនមច្ឆជាតិនឹងធ្លាក់ចុះ។
ទំនប់វារីអគ្គិសនីកាន់តែច្រើនកំពុងត្រូវបានសាងសង់។ ប្រសិនបើការសាងសង់ទាំងនោះនឹងបន្ត ហើយគ្មានយុទ្ធសាស្រ្តក្នុងធានាថាការដាក់ទំនប់នេះនៅទីកន្លែងត្រឹមត្រូវណាមួយ ដើម្បីទាញយកអត្ថប្រយោជន៍អតិបរិមា និងបន្ថយទំហំប៉ះពាល់ឱ្យស្ថិតក្នុងកម្រិតអប្បបរមាទេ បរិស្ថានធម្មជាតិនឹងទទួលផលប៉ះពាល់ខ្លាំងណាស់។
VOA៖ តើហេតុអ្វីបានជាយើងក្នុងនាមជាប្រជាជនខ្មែរគួរតែថែរក្សាមច្ឆជាតិនៅក្នុងទន្លេមេគង្គ?
Zeb Hogan៖ ឆ្លើយតបនឹងសំណួរនេះ ខ្ញុំមានចម្លើយពីរ ទីមួយគឺច្បាស់ណាស់ ត្រីមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាជាប្រជាជនដែលបរិភោគត្រីច្រើនជាងប្រជាជនក្នុងប្រទេសណាៗទាំងអស់ក្នុងពិភពលោក។ ទោះជាទៅដល់ទីណាក៏ដោយ[ក្នុងប្រទេសកម្ពុជា]អ្នកនឹងឃើញប្រជាជន[ខ្មែរ]បរិភោគត្រីអាំង សម្លត្រី និងប្រហុក។ ត្រីពិតជាសំខាន់ណាស់នៅទីនេះ។ នៅកម្ពុជា ត្រីប្រមាណ៨សែនតោន ត្រូវបាននេសាទ[ជារៀងរាល់ឆ្នាំ]។ ចំនួននេះច្រើនមែនទែន ច្រើនទាំងត្រី និងប្រូតេអ៊ីនដែលយើងទទួលបានពីត្រីនៅក្នុងប្រទេសកម្ពុជា។ វាមិនត្រឹមតែជា[ប្រភព]អាហារមួយមុខនោះទេ ប៉ុន្តែវាក៏បានផ្ដល់ជាការងារសម្រាប់មនុស្សជាច្រើន ដូចជាអ្នកនេសាទត្រីជាច្រើន ដែលពួកគាត់អាចរកកម្រៃបានពីការងារនេះ។ ពួកគេលក់ត្រី ហើយពួកគេបរិភោគត្រីជាអាហារ នោះហើយជាជីវភាពរបស់ពួកគេ។
ជាងនេះទៅទៀត វាមានប្រពៃណីមួយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់បានន័យថា នៅក្នុងទន្លេមេគង្គ បឹងទន្លេសាប និងតាមវាលស្រែនានា មច្ឆជាតិទាំងអស់ជាផ្នែកមួយរបស់ប្រទេសកម្ពុជា។ ឧទាហរណ៍ថា ត្រីគល់រាំង ដែលជាត្រីត្រូវបានលើកយកមកផ្សាយនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ National Geographic គឺជាត្រីតំណាងឲ្យប្រទេសកម្ពុជា ហើយវានឹងអាចផុតពូជបាត់ក្នុងពេលឆាប់ៗនេះ អ៊ីចឹងតើនេះមានន័យយ៉ាងដូចម្តេច ដែលអ្នកមានត្រីមួយប្រភេទដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ហើយជាត្រីតំណាងកម្ពុជាមួយ ប៉ុន្តែក្នុងមួយប៉ព្រិចភ្នែក វាស្រាប់តែបាត់បង់ អ៊ីចឹងវាដូចជាបាត់បង់ផ្នែកមួយនៃប្រទេសកម្ពុជាអ៊ីចឹងដែរ សម្រាប់ខ្ញុំ។
មានអ្នកនេសាទម្នាក់ធ្លាប់ប្រាប់ខ្ញុំបែបនេះកាលពីមុន។ គាត់ចាប់បានត្រីគល់រាំងពីរក្បាលនៅបឹងទន្លេសាបកាលពីឆ្នាំមុន ហើយដែលត្រីនោះអាចលក់បានតម្លៃថ្លៃមែនទែន គឺអាចដល់១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែគាត់សម្រេចចិត្តដោះលែងត្រីនោះទៅក្នុងទឹកទន្លេវិញ។ គាត់ថាទីមួយ ប្រភេទត្រីយក្សគឺពិសេស ហើយមានតម្លៃពិសិដ្ឋ ទីពីរគាត់នឹងមានសំណាងអាក្រក់ បើសិនជាគាត់សម្លាប់ប្រភេទត្រីយក្ស ហើយទីបីវាដូចជាមោទនភាពមួយសម្រាប់គាត់ ដែលគិតថាវាមានសារៈសំខាន់ក្នុងការរក្សាវត្តមានប្រភេទត្រីបែបនេះនៅក្នុងទន្លេនោះ។
ហើយបើយើងគិតពីវិទ្យាសាស្រ្តវិញ នេះប្រហែលច្រើនជាងអ្វីដែលអ្នកត្រូវការបន្តិច ប៉ុន្តែគឺត្រីធំៗនេះហើយដែលរួមចំណែកច្រើនបំផុតក្នុងបង្កបង្កើតកូនត្រីបន្តទៀត ដូច្នេះបើសិនជាអ្នកទុកត្រីធំៗឱ្យនៅរស់ ពួកគេនឹងបន្តពូជជារៀងរាល់ឆ្នាំ តែប្រសិនជាអ្នកសម្លាប់ត្រីធំៗទាំងនោះវិញ វានឹងមានផលពិបាកក្នុងការរក្សាចំនួនត្រីដែលមាននៅក្នុងទន្លេ។
VOA៖ ច៎ា ជាចុងក្រោយតើពួកយើងដែលជាប្រជាជននៅក្នុងទីប្រជុំជនគួរតែរូមចំណែកយ៉ាងណាខ្លះ?
Zeb Hogan៖ មានកិច្ចការជាច្រើនដែលប្រជាជនក្នុងរាជធានីភ្នំពេញអាចធ្វើ ដើម្បីជួយដល់រឿងនេះ។ ខ្ញុំគិតថាអ្នករស់នៅក្នុងទីក្រុងមានតួនាទីធំជាង។ ប្រជាជនដែលរស់នៅតាមដងទន្លេ ពួកគេបានយល់ដឹងអំពីសារៈសំខាន់របស់ទន្លេរួចទៅហើយ។ ពួកគេយល់អំពីការផ្លាស់ប្តូរដែលកំពុងកើតមាន ប៉ុន្តែខ្ញុំគិតថាប្រជាជនក្នុងរាជធានីភ្នំពេញមានតួនាទីធំជាង ដោយអាចអប់រំខ្លួនឯងអំពីទន្លេមេគង្គ និងធ្វើយ៉ាងណាដើម្បីថែរក្សាភាពល្អប្រសើររបស់ទន្លេដោយមិនរួមចំណែកក្នុងការបំពុល ការបំផ្លាញទីជម្រក និងធ្វើឲ្យច្បាស់ថាការប្រើប្រាស់អគ្គិសនី និងការសាងសង់ទំនប់វារីអគ្គិសនីប្រកបដោយនិរន្តភាព។ ខ្ញុំពិតជាគិតថាជំហានដំបូងគឺគ្រាន់តែបង្កើនការយល់ដឹងអំពីបញ្ហាដែលកំពុងកើតមាននិងអំពីទន្លេមេគង្គ៕