កម្ពុជា​នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​នៅ​ដើម​ខែ​សីហា ខណៈ​លោក ហ៊ុន សែន​ ថា «កុំ​ឲ្យ​មាន​ការបារម្ភ»

រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

ដូច​លើក​មុន​ដែរ ដើម្បី​បង្ហាញ​ភាព​ទុក​ចិត្ត​ដល់​សាធារណ​ជន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា ​លោក​នឹង​នាំ​ចៅ​របស់​លោក​ដែល​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៧​ឆ្នាំ​ ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​យុទ្ធនាការ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា។

បើ​ទោះ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​វ៉ាក់​សាំង​នេះ ប៉ុន្តែ​មន្រ្តី​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ Sinovac Biotech​ នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ចាក់​ឲ្យ​ក្មេង​ៗ​កម្ពុជា ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ចំនួន២ ​លាន​នាក់។

នៅ​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ AstraZeneca ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ក្រោម​យន្ត​ការ​កូវ៉ាក់ (COVAX)​ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​កំពុង​សម្រុក​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ជន​កម្ពុជា បាន​ឱ្យដឹង​ថា ការ​ចាក់​វ៉ាក់​សាំង​សម្រាប់​ក្មេងៗ​ នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​សីហា​នេះ ហើយ​លោក​នឹង​នាំ​ចៅៗ​របស់​លោក​ដែល​មាន​អាយុ​លើស​ពី​១២​ឆ្នាំ​ទៅ​ចាក់​វ៉ាក់​សាំង​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។ លោក​បន្ថែម​ថា មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែលមាន​កូន​ និង​ចៅ អាយុ​១២​ឆ្នាំ​ឡើង​ទៅ ក៏​នឹង​នាំ​ពួក​គេ​មក​ចាក់​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ដូច​គ្នា។

លោក​នាយករដ្ឋមន្រ្តី​ បាន​អំពាវ​នាវ​ឱ្យអាណា​ព្យាបាល​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​នេះ ដែល​លោក​ថា ​វា​ដូច​ជា​វ៉ាក់​សាំង​បង្ការ​ជំងឺ​ផ្សេងៗ​ដែល​ចាក់​ដល់​ក្មេង តាំង​ពី​កើត ហើយ​លោក​ថា​ «កុំ​មាន​ការ​បារម្ភ»​អំពី​ហានិភ័យ​ណាមួយ​ដែល​អាច​កើត​ឡើង។

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​វា​គ្មាន​ហានិភ័យ​ណា​មួយ​កើត​ឡើង​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​នោះ​ទេ»។

បើ​តាម​លោក ហ៊ុន សែន យុទ្ធនាការ​នេះ​ នឹង​ចាក់​បង្ការ​ដល់​ក្មេងៗ​នៅ​រាជធានីភ្នំពេញ​ជា​មុន​សិន ដែល​មាន​ប្រមាណ​២៨​ម៉ឺន​នាក់។ បន្ទាប់​មក​នឹង​ចាក់​ដល់​ក្មេងៗ​នៅ​ទូទាំង​ប្រទេស ដែល​សរុប​ទាំង​អស់​មាន​ប្រមាណ​២​លាន​នាក់។

លោក ហ៊ុន សែន បន្ថែម​ថា ​មាន​សញ្ញា​នៃ​ការ​ថម​ថុយ​ចុះ​នៃ​ការ​ឆ្ល​ង​ក្នុង​តំបន់​រោង​ចក្រ​នៅ​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់ការ​ចាក់​វ៉ាក់​សាំង​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ទទួល​ស្គាល់​ថា បើ​ទោះ​ចាក់​វ៉ាក់​សាំង​ពីរ​ដូស​រួច​ហើយ ​នៅ​តែ​ឆ្លង ប៉ុន្តែ​លោក​ថា ​បញ្ហា​នេះ​កើត​ឡើង​នៅ​ទូទាំង​ពិភព​លោក ​ក្នុង​នោះ​ ក៏​មាន​ប្រទេស​ដែល​មាន​វ៉ាក់សាំង​ល្អ​ចាក់​ដល់​ពលរដ្ឋ​របស់ខ្លួន​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ករណី​ចាក់​វ៉ាក់សាំង​ពី​រដូស​ហើយ នៅ​តែ​ឆ្លង​ ហើយ​នៅ​តែ​ស្លាប់ មិន​មែន​មាន​តែ​ករណី​នៅ​កម្ពុជា​ទេ។ សូម្បី​តែ​នៅ​សហរដ្ឋ​អាមេ​រិក​ នៅ​អង់​គ្លេស និង​នៅ​ប្រទេស​ក្នុង​អឺរ៉ុប គឺ​មាន​ករណី​ដូចគ្នា។ សុទ្ធ​តែ​វ៉ាក់សាំង​ដែល​អួត​ថា​ ខ្លាំងៗ»។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា អ្នកស្រី យក់ សម្បត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ​កម្ពុជា​កំពុង​ត្រៀម​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​អាយុ​ចន្លោះ​ពី​១២ ​ទៅ​១៧​ឆ្នាំ ដែល​វ៉ាក់សាំង​នេះ​ ត្រូវ​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន គឺ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់។

កាល​ពី​ខែ​មិថុនា ក្រុម​ហ៊ុន​ផលិត​ឱសថ​ចិន Sinovac Biotech បាន​ប្រកាស​ថា​អាជ្ញាធរ​ចិន​ បាន​អនុ​ញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​សម្រាប់​ចាក់​បង្ការ​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ។ ចិន​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់វ៉ាក់​សាំង​បង្ការជំងឺ​កូវីដ​សម្រាប់​ចាក់​កូន​ក្មេង។

គេ​នៅ​មិន​ទាន់​ដឹង​លក្ខខណ្ឌ​កំណត់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​សម្រាប់​ការ​ចាក់​ទៅ​លើ​ក្មេងៗ ដែល​ត្រូវ​មាន​ការ​ឯកភាព​ពី​អាណា​ព្យាបាល​របស់​ពួក​គេ។

កាល​ពី​ដើម​ខែ​មិថុនា អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័ររបស់​ខ្លួន​ថា ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ត្រូវ​បាន​ប្រកាស​ឱ្យប្រើប្រាស់​បន្ទាន់ ប៉ុន្តែ​អង្គការ​នេះ​មិន​ទាន់​ផ្តល់​អនុសាសន៍​សម្រាប់​ចាក់​ដល់ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​ឡើយ​ទេ ដោយ​ថា ​រង់ចាំ​លទ្ធផល​នៃ​ការ​សិក្សា​បន្ត​ទៀត​សិន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី Li Ailan តំណាង​អង្គការ ​WHO​ ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ (Jalaa Abdelwahab) នាយក​ស្តីទី​នៃអង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេតាម​សារ​អ៊ីមែលនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​កម្ពុជា ​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩​ដល់​ប្រជា​ពលរដ្ឋ​គោល​ដៅ បាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ជា​ខ្លាំង។ លោក​បន្ត​ថា ​វា​ស្រ័យ​លើ​រដ្ឋាភិបាលក្នុង​ការ​សម្រេច​ចិត្តចាក់​វ៉ាក់សាំង​ដល់​ក្រុម​ណា​បន្ត​ទៀត។

លោក​បញ្ជាក់​ថា៖«ការ​ត្រៀម​ជា​ផែន​ការ​នៅ​ពេល​ខាង​មុខ​ជា​រឿង​លើក​ទឹក​ចិត្ត ហើយ​ប្រទេស​ដែល​ពិចារណា​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង​ ចាំបាច់​ពិចារណា​ទៅ​លើ​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​សម្រាប់​ក្មេងៗ ដោយ​ពិចារណា​ទៅ​លើ​ហានិភ័យ​ធ្ងន់ធ្ងរ និង​ផល​ប្រយោជន៍»។

តំណាង​អង្គការ​យូនីសេហ្វ​រូប​នេះ​បញ្ជាក់​ថា​វ៉ាក់សាំង​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​លោក​ថា​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន ដោយ​រក្សា​អនាម័យ​ដៃ​ ពាក់​ម៉ាស និង​រក្សា​គម្លាត​ពី​គ្នា ទោះ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​ដោយ។

តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​កាល​ពី​កន្លង​ទៅ អ្នក​ដែល​មាន​បញ្ហា​សុខភាព​មិន​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​បាន​ទេ។ បញ្ហា​សុខ​ភាព​ទាំង​នោះ រួម​មាន​ដូចជា​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់​ធ្ងរ ជំងឺ​អាឡែក​ស៊ី ជំងឺ​ថ្លើម ​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ ជំងឺ​លើស​ឈាម ជំងឺ​ប្រកាច់​ស្កន់ ឬ​ឆ្កួតជ្រូក សរសៃ​ប្រសាទ រលាក​ស្រោម​ខួរ និង​ជំងឺ​បេះដូង​ជាដើម។ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ អាច​មាន​ប្រតិកម្ម​មួយ​ចំនួន ដូច​ជាអាការៈ​ក្តៅ​ខ្លួន រមាស់ ឬ​ឈឺ​ចុក​ចាប់​ក្នុង​រាងកាយ ឬ​ក្រហម​កន្លែង​ចាក់ ក្រោយ​ពេល​ចាក់​បាន​ប៉ុន្មាន​ថ្ងៃ។

លោក ​យង់​ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាពប្រាប់​វីអូអេ​ថា​លោក​ស្វាគមន៍​ការ​បន្ត​ស្វែង​រក​វ៉ាក់សាំង​ចាក់​ឱ្យក្មេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ឆាប់។ លោក​ថា​ការ​ចាក់​ដល់​ក្មេងៗ​«ជា​បញ្ហា​សំខាន់​ណាស់​ដែល​ត្រូវ​តែ​គិត​គូរ​ឱ្យ​បាន​ដិត​ដល់»។ លោក​ជំរុញ​ឲ្យ​ផ្តល់​ព័ត៌មាន​ឱ្យបាន​ច្រើន​ដល់​ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល ដើម្បី​ឱ្យពួក​គេ​សម្រេច​ចិត្ត​បញ្ជូន​កូនទៅ​ចាក់​វ៉ាក់​សាំង​បង្ការនេះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរពី​ហានិភ័យ​នៃ​វ៉ាក់សាំង​ ប្រសិន​បើ​មិន​ទាន់​ធ្វើ​ពិសោធន៍​បាន​ត្រឹម​ត្រូវ​បាទ។ ប៉ុន្តែ​បើ​ថា​មាន​ការ​ធ្វើ​ពិសោធន៍​ត្រឹម​ត្រូវ​ហើយ អា​ហ្នឹង​គឺ​វា​មិន​បញ្ហា​អី​ទេ​បាទ។ ខ្ញុំ​មិន​ដឹង​ថាតើ​មាន​ការ​ពិសោធន៍​អី​ត្រឹម​ត្រូវ​ក្នុង​ការ​ចាក់​ទៅ​ដល់​ក្មេង​មាន​សុវត្ថិភាព​ដល់​កម្រិត​ណា យើង​មិន​ទាន់​ដឹង​ដែរ​បាទ»។

លោក​ក៏​ជំរុញ​ឱ្យក្រសួង​សុខាភិបាល​ត្រូវ​មាន​ប្រព័ន្ធគាំពារ​ដល់​ឪពុក​ម្តាយ​របស់​ក្មេងៗ ដូចជា​សេវា​សម្រាប់​ជួយ​ពួក​គាត់ឱ្យបាន​ទាន់​ពេល​វេលា និង​ប្រព័ន្ធ​ Hot​line សម្រាប់ផ្តល់​ព័ត៌​មាន និង​មាន​ឆ្លើយ​តប​រហ័ស។

វីអូអេមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

​គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ​៦​លាន​៨​សែន​នាក់​ ដែល​ស្មើ​នឹង​ប្រមាណ​៦៨%​នៃ​ប្រជាជន​១០​លាន​នាក់​ដែល​ជា​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​រួច​រាល់​ត្រឹម​ខែ​តុលា​នេះ។ វ៉ាក់​សាំង​ដែល​ចាក់​ដល់​ពលរដ្ឋ​យ៉ាង​ច្រើន​នេះ ភាគ​ច្រើន​ជា​វ៉ាក់​សាំង​ចិន​ស៊ីណូ​ហ្វាម​ (Sinophar​m)​ និង​ស៊ីណូវ៉ាក់ ​(Sinovac) ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ជំនួយ​ឥត​សំណង និង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​ដៅ​ចាក់​វ៉ាក់សាំងដល់​ពលរដ្ឋ​ជាង​៨០​%​ នៃ​ប្រជាជន​សរុប​ចំនួន​១៦​ លាន​នាក់ ដើម្បី​ឱ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍។

ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា​ទោះ​បី​តម្លៃ​ណា​ក៏​ដោយ វ៉ាក់​សាំង​ត្រូវ​តែ​រក​ឲ្យ​បាន ដើម្បី​ចាក់​ជូន​ប្រជា​ជន​កម្ពុជា។ លោក​ក៏​ចាត់​ទុក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ ជា​មរតក​របស់​លោក ក្នុង​ចំណោម​មរតក​ផ្សេង​ទៀត ដែល​មាន​ការ​រំដោះ​ពលរដ្ឋ​ចេញ​ពី​របប​ប៉ុល ពត និង​ការ​បញ្ចប់​សង្រ្គាម ដែល​នាំ​មក​សន្តិភាព​ក្នុង​ប្រទេស៕