ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋទូត​អាមេរិក​ថា អាមេរិក​នឹង​បញ្ជូន​វ៉ាក់​សាំង​ Johnson & Johnson ជាង​១លាន​ដូស​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ


រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ត្រូវ​បានថត​នៅ​ពី​មុខ​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Johnson & Johnson។
រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ត្រូវ​បានថត​នៅ​ពី​មុខ​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Johnson & Johnson។

សហរដ្ឋ​អាមេរិក​ នឹង​ផ្តល់​វ៉ាក់​សាំង​ជាង១លាន​ដូស​ដែល​ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់លាក់​អំពី​ការ​មក​ដល់​នៃ​វ៉ាក់សាំង​អាមេរិក​នេះ​ទេ។ ​នេះ​បើ​យោង​តាម​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy ដែល​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ Twitter របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក Murphy បាន​សរសេរ​ថា​ អាមេរិក​នឹង​បរិច្ចាគ​វ៉ាក់​សាំង​ប្រភេទ ​Johnson &John​son ជាង​១​លាន​ដូស​ដល់​ប្រជាជន​កម្ពុជា តាម​យន្ត​ការ​កូវ៉ាក់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ក្រីក្រ។ លោក​បញ្ជាក់​ថា​អាមេរិក​នឹង​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ជាមួយ​កម្ពុជា ក្រោម​យន្ត​ការ​កូវ៉ាក់ អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គ​ការ​យូនី​សេហ្វ (Unicef) ដើម្បី​បញ្ជូន​វ៉ាក់​សាំង​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ។

Johnson &Johnson ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ចាក់​តែ​មួយ​ដូស​ទេ ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ពេទ្យ ​Grossman នៃ​សាកលវិទ្យាល័យ New York បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​ថា​ ​វ៉ាក់​សាំង Johnson & Johnson អាច​មាន​ប្រសិទ្ធភាព​តិច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា ​(Delta)

ចំណែក​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នឹង​បញ្ជូន​វ៉ាក់​សាំង​ប្រភេទ​អាស្រ្តា​ហ្សេនីកា​(AstraZeneca) ប្រមាណ​៣៣​ម៉ឺន​ដូស​ក្នុង​ចំណោម​ជាង​១​លាន​ដូស​ដែល​បាន​សន្យា​ផ្តល់​ឲ្យកម្ពុជា​តាម​យន្ត​ការ​កូវ៉ាក់ ដែល​នឹង​មក​ដល់​នៅ​យប់​ថ្ងៃ​សុក្រ​នេះ តាម​ការ​គ្រោង​ទុក។ នេះ​បើ​តាម​អ្នកស្រី យក់ សម្បត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

គួរ​បញ្ជាក់​ថា​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ជាង​៦​លាន​៥​សែន​នាក់​ហើយ គឺ​ស្មើ​ប្រមាណ​៦៥%​នៃ​គោល​ដៅ​ចាក់​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់។ វ៉ាក់សាំង​ដែល​ចាក់​ដល់​ពលរដ្ឋ​យ៉ាង​ច្រើន​នេះ ភាគ​ច្រើន​ជា​វ៉ាក់​សាំង​ចិន​ស៊ីណូ​ហ្វាម​ (Sinopharm)​ និង​ស៊ីណូវ៉ាក់​(Sinovac) ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ជំនួយ​ឥត​សំណង និង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន៕

XS
SM
MD
LG