ប្រទេសកម្ពុជាត្រៀមចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនដែលមានអាយុពី១២ដល់១៧ឆ្នាំ ចំនួនជិត២លាននាក់ បន្ថែមទៀត ខណៈបក្សប្រឆាំងអះអាងអំពីអំពើពុករលួយក្នុងការទិញវ៉ាក់សាំងចិន។
នៅក្នុងសារជាសំឡេងដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សនកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែនបានបង្គាប់មន្ត្រីឲ្យត្រៀមទិញវ៉ាក់សាំងចំនួន៤លានដូសថែមទៀតសម្រាប់ចាក់ក្រុមក្មេងជំទង់អាយុក្រោម១៨ឆ្នាំទាំងនោះ។
លោក ហ៊ុន សែន លើកឡើងថាការចាក់វ៉ាក់សាំងដល់កុមារនិងយុវជនទាំងនេះ គឺដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាល អាចបើកដំណើរការសេដ្ឋកិច្ចសង្គមរួមទាំងសាលារៀនឡើងវិញបាន។
រហូតមកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងភាគច្រើនជាវ៉ាក់សាំងដែលបានទិញមកពីប្រទេសចិនដល់ពលរដ្ឋបានជាង៥លាននាក់ហើយ ក្នុងចំណោមពលរដ្ឋចំនួនយ៉ាងតិច១០លាននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលរដ្ឋាភិបាលគ្រោងនឹងចាក់ឲ្យបានគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះឬត្រឹមដើមឆ្នាំក្រោយ។ នេះបើយោងតាមតួលេខរបស់គណៈកម្មការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់កម្ពុជា។
ប៉ុន្តែ មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស បានចាត់ទុកយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩របស់រដ្ឋាភិបាលថា«បរាជ័យ»និងថាមាន«អំពើពុករលួយ»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា៖ «មានអំពើពុករលួយដ៏ធ្ងន់ធ្ងរក្នុងការទិញវ៉ាក់សាំងចិន(Sinovac) ដោយសារតែប្រទេសចិន បានឃុបឃិតជាមួយរបប ហ៊ុន សែន ហើយបានកំណត់ថ្លៃវ៉ាក់សាំងនោះ ខ្ពស់ជាងតម្លៃវ៉ាក់សាំងនានាផ្សេងទៀត»។
វ៉ាក់សាំង Sinovac មានតម្លៃ១៣,៦០ដុល្លារក្នុងមួយដូសនៅឥណ្ឌូណេស៊ីនិងឥណ្ឌា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្នុងខណៈវ៉ាក់សាំង AstraZeneca របស់អង់គ្លេសមានតម្លៃពី៤ទៅ៥ដុល្លារក្នុង១ដូស។
យ៉ាងណាក៏ដោយ មេដឹកនាំបក្សប្រឆាំងរូបនេះ មិនបានផ្តល់ភស្តុតាងនៃការចោទប្រកាន់របស់លោកអំពីអំពើពុករលួយនេះទេ ហើយវីអូអេ ក៏មិនអាចបញ្ជាក់អំពីការអះអាងនេះបាននៅឡើយដែរ៕