លោក Muhammadu Buhari បានបង្កើតប្រវត្តិសាស្ត្រមួយក្នុងប្រទេសនីហ្សេរីយ៉ា ដោយបានទម្លាក់ប្រធានាធិបតីកាន់អំណាច លោក Goodluck Jonathanនៅក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យមួយ។ ឥឡូវនេះ វាឈានចូលចំណុចមួយទៀតដែលមានការលំបាកសម្រាប់លោក នោះគឺការធ្វើឲ្យបានល្អដូចដែលលោកបានសន្យានាពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ពាក្យ «ផ្លាស់ប្តូរ» គឺជាពាក្យដែលគេបានបោះពុម្ពផ្សាយនៅលើផ្ទាំងផ្សព្វផ្សាយធំៗ និងត្រូវបានគេស្រែកឡើងនៅអំឡុងពេលដើរដង្ហែក្បួន ឬត្រូវបានអ្នកគាំទ្រលោក Buhari និងគណបក្សសមាជសម្រាប់ការរីកចម្រើនទាំងអស់គ្នា (All Progressives Congress) ស្រែកស្វាគមន៍។ ហើយពាក្យនោះពិតជាមានប្រសិទ្ធភាព។ លោក Buhari ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងលោក Jonathan រហូតដល់ទៅ២លានកន្លះ។ ចំណែកលោក Jonathan បានធ្វើយុទ្ធនាការរបស់ខ្លួនដោយផ្តោតលើគំនិតនៃការបន្ត«របៀបវារៈកំណែទម្រង់»។
អ្នកអត្ថាធិប្បាយនយោបាយ លោក Chris Ngwodo និយាយថា ពាក្យស្លោករបស់ប្រធានាធិបតីដែលជាប់ឆ្នោតថ្មីតែមិនទាន់ចូលកាន់តំណែងនេះ គឺជាឧបករណ៍វោហាស័ព្ទដ៏មានឥទ្ធិពលមួយ។
«យើងគ្មានចម្ងល់អ្វីអំពីការអះអាងឲ្យមានការផ្លាស់ប្តូរនោះទេ ទាក់ទិននឹងការដាក់ទន្ទឹមគ្នារវាងប្រធានាធិបតីកាន់អំណាច និងប្រធានាធិបតីកើតចេញពីការបោះឆ្នោត។ គ្មានអ្វីត្រូវជំទាស់ទេ។ លោក Buhari ពិតជាតំណាងឲ្យការចាកចេញរបស់លោក (Jonathan) ទាំងក្នុងទម្រង់បែបបទ ទាំងសារៈសំខាន់ និងចរិកលក្ខណៈផងដែរ»។
នៅពេលនេះ លោក Buhari ត្រូវតែបំពេញតាមពាក្យសន្យារបស់លោកក្នុងការកម្ទេចក្រុមឧទ្ទាម Boko Haram ដែលបានបង្កព្យុះភ្លៀងនៅប៉ែកឦសាននៃប្រទេស ក្នុងការស្វះស្វែងរបស់ក្រុមនោះដើម្បីដាក់ឲ្យមានច្បាប់អ៊ីស្លាមដ៏តឹងរឹងមួយ។ លោកក៏បានធ្វើយុទ្ធនាការឃោសនាទៅលើការកាត់បន្ថយអំពើពុករលួយនិងការអនុវត្តគោលការណ៍សុខភាពសាកលផងដែរ។
ក៏ប៉ុន្តែ លោក Chuba Ezekwesili ដែលជាអ្នកស្រាវជ្រាវវិភាគមួយនៃក្រុមមួយឈ្មោះជាភាសាអង់គ្លេសថា Nigeria Economic Summit Group បានមានប្រសាសន៍ថា នៅពេលដែលលោក Buhari ចូលកាន់តំណែងក្នុងខែឧសភាខាងមុខនេះ លោកនឹងទទួលបានការគ្រប់គ្រងរដ្ឋាភិបាលមួយដែលខ្ចីបុលគេដើម្បីបង់ថ្លៃវិក័យបត្រ ហើយលោកនៅតែមិនទាន់បានអនុម័តថវិកាសម្រាប់ឆ្នាំ២០១៥នៅឡើយ។ ការសន្យាចំណាយក្នុងវិស័យសង្គមផ្សេងៗដូចជាគោលការណ៍សុខភាពសាកលជាដើម ប្រហែលជាត្រូវផ្អាកមួយរយៈសិន។
«ភាគច្រើននៃថវិការបស់យើងត្រូវបានចំណាយផ្ទួនៗ ដែលការចំណាយនោះគឺដើម្បីបើកប្រាក់ខែ។ ដូច្នេះ បើសិនជាយើងឈានដល់កម្រិតមួយដែលយើងខ្ចីប្រាក់ធនាគារពិភពលោកដើម្បីបើកប្រាក់ខែសម្រាប់ឆ្នាំ២០១៥នោះ វាសបញ្ជាក់ថា យើងកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរមួយហើយ»។
មួយភាគធំនៃការធ្វើយុទ្ធនាការរបស់លោក Buhari បានផ្តោតលើការកម្ចាត់ក្រុម Boko Haram ក៏ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះ ប្រហែលជាមានសកម្មភាពតិចតួចបំផុតក្នុងប៉ុន្មានឆ្នាំនេះ។កាលពីប៉ុន្មានសប្តាហ៍មុន កងយោធានីហ្សេរីយ៉ាដែលមានជំនួយពីទាហានស៊ីឈ្នួលអន្តរជាតិមកពីប្រទេសជិតខាង បានបណ្តេញក្រុមសកម្មប្រយុទ្ធ Boko Haram ឲ្យចេញពីទីក្រុងស្ទើរតែទាំងអស់នៅប៉ែកឦសានដែលពួកនោះបានលុកលុយ។
អ្នកស្រី Dawn Dimowo អ្នកវិភាគម្នាក់នៃក្រុមផ្តល់ប្រឹក្សាមួយឈ្មោះ Africa Practice ដែលមានមូលដ្ឋានក្នុងប្រទេសនីហ្សេរីយ៉ា មានប្រសាសន៍ថា វាអាស្រ័យលើលោក Buhari តែម្នាក់គត់ក្នុងការគិតគូររកវិធីបំបាត់ក្រុមនោះចោល។
«ខ្ញុំមិនដឹងថា តើវាមានន័យថាជាការបង្កើតក្រុមមួយទៀតដែលស្រដៀងទៅនឹងគណៈកម្មការមួយឈ្មោះ គណៈកម្មការដីសណ្តនីហ្សេរីយ៉ា ឬយ៉ាងណានោះទេ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងតំបន់នោះនៅក្នុងប្រទេស ឬអ្វីមួយដែលស្រដៀងនឹងនេះ ឬអ្វីមួយដែលអាចដោះស្រាយបញ្ហាចម្លែកនានារបស់ពលរដ្ឋក្នុងតំបន់នោះ ឬមានបរិយាកាសមិនអំណោយផលមួយដែលអាចធ្វើឲ្យមនោគមជ្រុលនិយមរីកដុះដាលដល់ចំណុចមួយដែលអាចឲ្យក្រុមសកម្មប្រយុទ្ធនោះមានលទ្ធភាពគ្រប់គ្រងផ្នែកណាមួយនៃប្រទេស»។
អ្នកស្រី Dimowo មានប្រសាសន៍បន្ថែមថា ដំណោះស្រាយណាមួយក៏ដោយត្រូវផ្តោតទៅលើបញ្ហាសង្គមនិងសេដ្ឋកិច្ច ដែលជាកម្លាំងជំរុញការវាយឈ្លបពួកឧទ្ទាម។ ក៏ប៉ុន្តែថវិកាមានតិចតួចប៉ុណ្ណោះ។ ដូច្នេះការព្យាយាមដោះស្រាយបញ្ហាទាំងនោះ ប្រហែលត្រូវរង់ចាំសិន៕
ប្រែសម្រួលដោយ នៀម ឆេង