ពលរដ្ឋ​សេសសល់​ក្នុង​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​មួយ​ភាគ​ធំ​​យល់​ព្រម​ទទួល​សំណង​ ខណៈ​គ្រួសារ​មួយ​ចំនួន​ទៀត​បន្ត​តវ៉ា

រូបឯកសារ៖ ក្រុម​សន្តិសុខ​ខណ្ឌ៧មករា តតាំង​ជាមួយ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ចេញ​ពី​អគារ​ ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ការ​បន្ត​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ បាន​ធ្វើ​ឡើង​ ក្រោយ​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ខណ្ឌ​៧​ ​មករា​ បាន​ផុត​សុពលភាព​កាល​ពី​ដើម​ខែ​មករា។

​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​មួយ​ភាគ​តូចក្នុង​សហគមន៍​បុរីកីឡា​ បាន​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​សម​ស្រប​ពី​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​បាន​ព្រម​ទទួល​យក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ។

ការ​បន្ត​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ បាន​ធ្វើ​ឡើង​ ក្រោយ​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ខណ្ឌ​៧​ ​មករា​ បាន​ផុត​សុពលភាព​កាលពី​ដើម​ខែ​មករា។ សាលា​រាជធានី​ និង​អាជ្ញាធរ​ខណ្ឌ​៧​មករា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ​ព្រមាន​ជា​បន្តបន្ទាប់ដល់​ប្រជាពលរដ្ឋ​ដែល​ក្រាញ​ននាល​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ដ៏​ចម្រូងចម្រាស​នេះ​ ឲ្យ​មក​ទទួល​សំណង​គោល​នយោបាយ​ ហើយ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ ដើម្បី​បញ្ចៀស​ការ​ប្តឹង​ផ្តល់​ដល់​តុលាការ​ដែល​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ប្រយោជន៍​ទទួល​បាន​សំណង។

ការសែត​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេសភ្នំពេញ​បុស្តិ៍ (Phnom Penh Post) បាន​រាយការណ៍​កាល​ពី​សប្តាហ៍​មុន​ថា ពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី​ ង៉ូវ ណារី ​បាន​យល់​ព្រម​ទទួល​យក​សំណង​ជា​ប្រាក់​ចំនួន​ ១៦.០០០ ​ដុល្លារ​ពី​អាជ្ញាធរ​ បន្ទាប់ពី​តវ៉ា​ស្វែងរក​សំណង​សមរម្យ​មួយ​ពី​ក្រុមហ៊ុន​ ​និង​អាជ្ញាធរ​អស់​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ។

អ្នកស្រី​ ស ស៊ន​ វ័យ​ ៥៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៩គ្រួសារ​ដែល​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ទី​កន្លែង​រស់​នៅ​ចាស់​ក្នុង​សហគមន៍​បុរីកីឡា​ បាន​ប្រាប់​ VOA កាល​ពី​ថ្ងៃ​សុក្រ​ថា​ ក្នុង​ចំណោម​ពលរដ្ឋ​១១​គ្រួសារ​ កាល​ពី​សប្តាហ៍​មុន​មាន​២​គ្រួសារ​ ក្នុង​នោះ​គឺ​គ្រួសារ​របស់​អ្នកស្រី​ ង៉ូវ ណារី​ បាន​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ តែ​សម្រាប់​អ្នកស្រី​ក៏​ដូច​ជា​អ្នកឯទៀត​ បាន​ច្រានចោល​ការ​ផ្តល់​សំណង​ពី​អាជ្ញាធរ​ ក្រោយ​ការ​ជួបពិភាក្សា​គ្នា បន្ទាប់​ពី​ការ​ផុត​កាល​បរិច្ឆេទ​នៃ​ការ​ទទួល​យក​សំណង​ពី​អាជ្ញាធរ។

អ្នកស្រី​បាន​រៀបរាប់​ថា៖

«ពួក​មីង​មាន​អ្នកខ្លះ​ចុះ​មក​ គេ​ប្រាប់​ថា​ នេះ​ជា​ឱកាស​ចុងក្រោយ​ហើយ​ ហើយ​ក៏​វា​ហួស​ឱសានវាទ​របស់​គេ​ដែរ​ រួច​អី​ចឹង​គេ​នឹង​រំលំ​អគារ​ហ្នឹង​ ឈូស​ឆាយ​អគារ​ហ្នឹង​អីចឹង។ បើ​សិន​ជា​យើង​អត់​យក​គ្រាន់​ថា​ គេ​អត់​មានកំណត់​ពេល​វេលា​ថ្ងៃ​ណា​ ខែ​ណា​ ការ​បញ្ជាក់​យើង​ថា​ ឥឡូវ​ខែ​បី​ ឬ​មួយ​ក៏​ខែ​បួន​ អីចឹង​ អត់​ទេ​ ហើយ​ថ្ងៃ​នេះ​ ថ្ងៃ​នោះ​ក៏​អត់​ទេ​ គ្រាន់​តែ​គេ​ប្រាប់​ថា ​គេ​នឹង​ឈូស​អគារ​ហ្នឹង​ហើយ​ បើយើង​អត់​ទទួល​យក​សំណង​ទេ​ ជា​ឱកាស​ចុងក្រោយ​ហ្នឹង​សម្រាប់​ពួក​ខ្ញុំ​ដែល​ចុះ​មក​ ខាង​សាលា​ក្រុង​ហ្នឹង​គាត់​ប្រាប់​អីចឹង»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ អ្នកស្រី​បាន​បញ្ជាក់​ VOA ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មាន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​បាន​ទទួល​ផ្ទះ​នៅ​ភូមិ​អណ្តូង​ ស្ថិត​នៅ​ជាយ​រាជធានី​ និង​មួយ​គ្រួសារ​ទៀត​ បាន​យល់​ព្រម​ទទួល​សំណង​ប្រាក់​ប្រមាណ២​ម៉ឺន​ដុល្លារ​អាមេរិក​ពី​សាលា​រាជធានី។ អ្នកស្រី​ថា​ ក្រុម​ពលរដ្ឋ​ទាំងនេះ​មិន​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ប្រាំបួន​គ្រួសារ​នោះ​ទេ​ គឺ​ពលរដ្ឋ​ក្នុង​ចំណោម​ពលរដ្ឋ​៣២​គ្រួសារ​ផ្សេងទៀត​ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន។

អ្នកស្រី​បាន​ថ្លែង​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​ដែលមិន​ព្រម​ចេញ​ពី​លំនៅដ្ឋាន​ចាស់​ក្នុង​សហគមន៍​បុរី​កីឡា​ នៅ​ទទូច​សុំ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកស្រី​ ស៊ុយ សុផាន​ សង់​អគារ​២​បន្ថែម​ទៀត​ ដើម្បី​បង្គ្រប់​ឲ្យ​បាន​ចំនួន​១០​អគារ​ ដូច​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា​កាល​ពី​ពេល​កន្លង​មក ឬ​ក៏​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្តល់​សំណង​ជា​ប្រាក់​សមរម្យ​ដើម្បី​ទិញ​ផ្ទះ​ក្នុង​អគារ​ថ្មី​ក្នុង​សហគមន៍​បុរី​កីឡា​ចាស់​ ដែល​បាន​សង់​រួច។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​ និង​អ្នកស្រី​មិន​ទាន់​ដឹង​ថា​ នឹង​មាន​ការ​ប្រឈម​បែប​ណា​ជាមួយ​នឹង​អាជ្ញាធរ ចំពោះការ​មិន​ចាកចេញ​ពី​លំនៅដ្ឋាន​ចាស់ ផ្លាស់​ទៅ​លំនៅដ្ឋាន​ថ្មី​ក្នុង​ភូមិ​អណ្តូង​ដែល​មិន​មាន​លក្ខណៈ​អំណោយផល​ខាង​សេដ្ឋកិច្ច​និង​សង្គម។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ង៉ូវ ណារី​ ដែល​ព្រម​ទទួល​យក​សំណង​គោល​នយោបាយ​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​អភិបាល​រង​រាជធានី​លោក​ មាន ចាន់យ៉ាដា​ បានចេញ​សេចក្តី​ជូន​ដំណឹង​លើក​ទី​មួយ​ ​ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ជាង​ ​៩០​ភាគរយ​ ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ បាន​ព្រម​ទទួល​យក​សំណង​ ហើយ​នៅ​មាន​គ្រួសារ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​អញ្ជើញ​មក​ទទួល​សំណង។ សេចក្តី​ជូន​ដំណឹង​លើក​ទី​មួយ​នោះ​ បាន​ផ្តល់​ពេល​ពីរ​សប្តាហ៍​ដល់​អ្នក​ដែល​នៅ​សេសសល់​ឲ្យ​មក​ទទួល​សំណង​គោលនយោបាយ។ ក្រោយ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ នៅ​តែ​មិនព្រម​រើ​ចេញ​ពី​អគារ​បុរី​កីឡា​ចាស់​ ហើយ​ទោះបី​អាជ្ញាធរ​ខណ្ឌ៧​ ​មករា​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចាកចេញ​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ទៀត​ ជាមួយ​នឹង​សំណង​គោលនយោបាយ​ក៏​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្ទះនៅ​ក្នុង​សហគមន៍​បុរីកីឡា​ដដែល​ មិន​ព្រម​ចាក​ចេញពី​ផ្ទះ​ និង​ទីជម្រក​ក្នុង​អគារ​ចាស់​ក្នុង​ប្លុក​បុរីកីឡា។

គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​គឺ​៣.០០០​ដុល្លារ​ ៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារ​ទី៨​ ហើយ​នៅ​ជាន់​លើ​គេ។ ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ របស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សន្យា​ថា ​នឹង​សាង​សង់​អគារ​ចំនួន​១០​នៅ​នឹង​កន្លែង​សម្រាប់​ជា​សំណង ​ប៉ុន្តែ​អ្នកស្រី​សង់​បាន​តែ​ចំនួន​៨​អគារ​ប៉ុណ្ណោះ ក៏​ប្រកាស​ក្ស័យធន។

VOA មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​អ្នកស្រី​ ស៊ុយ​ សុផាន​ បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ទូរស័ព្ទ​អ្នកស្រី​រោទិ៍​ ​តែ​មិន​មាន​អ្នកទទួល។ VOA ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ មាន ចាន់យ៉ាដា​ អភិបាល​រង​រាជធានី​ តែ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ម៉េត​ មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ ដែល​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ច័ន្ទ​ដដែល​នេះ។

ប្រជា​ពលរដ្ឋ​បុរីកីឡា​ជា​ច្រើន​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង​ គឺ​មាន​មួយ​ចំនួន​កំពុង​រស់​នៅ​លើ​គំនរ​សំរាម​ ហាល​ថ្ងៃ​ ​ហាល​ភ្លៀង​ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរីកីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច​ សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល។​ អ្នកស្រី​ ស ស៊ន​ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទីនោះ​ ក៏​កំពុង​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ផង​ដែរ។

អ្នកស្រី​ថ្លែង​បន្តថា​ ពលរដ្ឋ​ដែល​ជា​ស្ត្រី​បាន​កំពុង​រស់នៅ​ចិញ្ចឹម​ជីវិត​ ដោយ​ធ្វើជា​កម្មករ​លាង​ចាន​នៅ​តាម​ហាង​លក់​ដូរ​ផ្សេងៗ​ ខណៈ​ដែល​ពលរដ្ឋ​ដែល​ជា​បុរស​កំពុង​រស់​នៅ​ចិញ្ចឹម​ជីវិតដោយ​ធ្វើ​ជា​កម្មករ​សំណង់​ និង​រើស​អេតចាយ​ជាដើម។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​ខ្លះ​ក៏​បាន​ប្រឈម​ការ​កាត់ផ្ដាច់​អគ្គិសនី​អស់​រយៈ​ពេល​ជិតបី​ខែ​មក​ហើយ​ រហូតមកដល់​ពេល​នេះ៖

«គាត់​នៅ​ក្នុង​អគារ​ចាស់​ អគារ​ហៅថា​ អគារ​ S ​នៅសល់​អគារ​មួយ​ហ្នឹង​ គាត់​នៅ​ក្នុង​ហ្នឹង​ជាមួយ​ពួក​មីង​ ហើយ​អ្នកខ្លះ​នៅ​ក្រាម​ជណ្ដើរ​ ហើយ​ស្ថានភាព​របស់​គាត់​រាល់​ថ្ងៃ​យ៉ាប់យ៉ឺន​ណាស់​ ដោយសារ​ពួក​គាត់​ អត់​មាន​ រក​អី​បាន​ចឹង​ ទឹក​ភ្លើង​អី​អ្នកខ្លះ​ គេ​ត្រូវ​ផ្តាច់​ទឹក​ ផ្តាច់​ភ្លើង​ គាត់​អត់​មាន​ទឹក​ប្រើ​រយៈ​ពេល​ពីរ​បី​ខែ​ហ្នឹង​ហើយ ហើយ​មីង​ក៏​ត​ទឹក​ឲ្យ​គេ​ ម្ចាស់​ទឹក​គេ​ដឹង​ គេ​ផ្តាច់​ពី​មីង​វិញ»។ ​ ​

មន្ត្រី​សិទ្ធិ​មនុស្ស​ ដែល​បាន​ឃ្លាំ​មើល​ជម្លោះ​ដីធ្លី​ដែល​មាន​អាយុ​កាល​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ ​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​មុនៗ​ថា​ ​ការ​ចរចា​គួរតែ​មាន​បន្ត​ទៀត​រវាង​ប្រជា​ពលរដ្ឋ​ អាជ្ញាធរ​ ​និង​ក្រុម​ហ៊ុន​ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា៕