ដោយទើបត្រឡប់មកពីដំណើរទស្សនកិច្ចដ៏ដ៏មមាញឹកនៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបង្វែរកិច្ចការទូតដ៏ប្រញឹករបស់លោកលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ទៅអាស៊ីនៅថ្ងៃអង្គារនេះ ដោយលោកបានអំពាវនាវឱ្យក្រុមប្រទេស G-7 ដែលជាក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មនាំមុខ ឱ្យមូលមតិគ្នាលើវិធីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅពេលដែលលោក Blinken និងសមភាគីរបស់លោកនៃក្រុមប្រទេស G-7 បានចាប់ផ្ដើមការពិភាក្សារយៈពេល ២ ថ្ងៃនៅក្នុងប្រទេសជប៉ុន លោកបាននិយាយថាវាជាការសំខាន់បំផុតសម្រាប់ក្រុមប្រទេស G-7 នៅក្នុងការបង្ហាញសាមគ្គីភាពដូចដែលក្រុមប្រទេសនេះបានធ្វើទាក់ទិននឹងរឿងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងបញ្ហាធំៗផ្សេងទៀតដូច្នេះដែរ និងនៅក្នុងការបង្ការកុំឱ្យការខ្វែងគំនិតគ្នាដែលមានស្រាប់លើតំបន់ហ្កាហ្សា (Gaza) កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
លោក Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនអ្នកស្រី Yoko Kamikawa បន្ទាប់ពីលោកបានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថា៖ «នេះក៏ជាដំណាក់កាលដ៏សំខាន់បំផុតផងដែរសម្រាប់ក្រុមប្រទេស G-7 នៅក្នុងការរួបរួមគ្នាប្រឈមនឹងវិបត្តិនេះ និងនៅក្នុងការនិយាយឱ្យបានជាក់ច្បាស់ដោយសំឡេងតែមួយ ដូចដែលយើងធ្វើដូច្នេះដែរ»។
សង្គ្រាមដ៏មហន្តរាយរយៈពេលមួយខែកន្លងមកនេះនៅក្នុងតំបន់ហ្កាហ្សានិងកិច្ចប្រឹងប្រែងនៅក្នុងការកាត់បន្ថយផលប៉ះពាល់មនុស្សធម៌ធ្ងន់ធ្ងរទាក់ទិននឹងប្រតិបត្តិការយោធាតបតរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលានឹងក្លាយជាការផ្ដោតដ៏ចម្បងនៃកិច្ចប្រជុំនេះ។
ប៉ុន្តែ របៀបវារៈនៃកិច្ចប្រជុំនេះក៏អាចផ្ដោតផងដែរលើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការភ័យខ្លាចដែលថាកូរ៉េខាងជើងអាចត្រៀមលក្ខណៈសាកល្បងអាវុធនុយក្លេអ៊ែរថ្មី និងក្ដីបារម្ភអំពីភាពគឃ្លើនកាន់តែកើនឡើងរបស់ចិននៅលើពិភពលោក។
នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Blinken និងរដ្ឋមន្ត្រីការបរទេសមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលីនឹងស្វះស្វែងរកចំណុចរួមដើម្បីបង្ការកុំឱ្យសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់សន្តិសុខដែលរង្គោះរង្គើស្រាប់នៅក្នុងតំបន់មជ្ឈិមបូព៌ាជាទូទៅ និងស្វះស្វែងរក្សាជំហរមូលមតិគ្នាដែលមានស្រាប់លើបញ្ហាផ្សេងៗទៀត។
អ្នកស្រី Kamikawa បាននិយាយថា ប្រទេសជប៉ុន «ថ្កោលទោសយ៉ាងខ្លាំង» លើការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល គាំទ្រកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការស្វែងរកវិធីឆ្ពោះទៅមុខ និងបានបញ្ជាក់ថា៖ «សាមគ្គីភាពរឹងមាំរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ជាពិសេសនៅពេលនេះ»៕
លោក Blinken ស្វែងរកឯកភាពប្រទេស G7 ខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ស្ថិតក្នុងរបៀបវារៈ
ទីក្រុងតូក្យូ —