លោក ​Biden​ ស្នើ​ថវិកា​៣៣​ពាន់លាន​ដុល្លារ​ថែមទៀត​ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើ​ឱ្យ​សភា​អាមេរិក​ អនុម័តជំនួយ​ថវិកា​៣៣​ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ដល់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ជួយ​ប្រទេស​នេះ​ ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី សម្រាប់​រយៈពេល​៥​ខែ​ខាង​មុខ។​ សភា​អាមេរិក បាន​អនុម័តជា​ឯកច្ឆ័ន​នូវ​សេចក្តីព្រាងច្បាប់​ដើម្បីលបុចោល​ឧបសគ្គ​ដែល​រារាំង​ដល់​ការ​ពន្យារ​ពេលនៃការ​ផ្តល់​ជំនួយ​យោធាអាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន។​

ការវិវឌ្ឍ​ទាំង​ពីរ​នេះ​ នឹង​អនុញ្ញាត​ឱ្យសហរដ្ឋអាមេរិក​បង្កើន​ជំនួយ​ដ៏​សំខាន់​សម្រាប់​អ៊ុយក្រែន​ និង​បង្កើន​ល្បឿន​នៃ​ការ​ដឹក​ជញ្ជូនអាវុធ​យុទ្ធភណ្ឌ​ទៅឱ្យ​ប្រទេស​អ៊ុយក្រែន​កាន់តែឆាប់​រហ័សថែម​ទៀត។​

នៅ​ក្នុង​សុន្ទកថា​មួយ​ពី​សេតវិមាន​លោក Biden បាន​និយាយថា៖ «ការ​ធ្វើ​វិនិយោគ​លើ​សេរីភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ គឺ​ជាការ​បង់ខាត​នូវ​តម្លៃ​តិចតួច​ប៉ុណ្ណោះ។ ​យើង​មិន​បាន​វាយ​ប្រហារ​រុស្ស៊ី​ទេ​ យើង​គ្រាន់​តែ​ជួយ​អ៊ុយក្រែន​ឱ្យ​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​តែប៉ុណ្ណោះ»។ ​

សេតវិមាន​និយាយ​ថា ផែនការ​ចំណាយ​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​ថ្មី​នេះ​ នឹង​រួមមានជំនួយ​ជាង​២០​ពាន់លាន​ដុល្លារ​សម្រាប់អាវុធ​ថ្មីៗ​និង​ជំនួយ​យោធា​ផ្សេងៗ​ទៀត​ ​និង​ប្រមាណ​៨,៥​ពាន់លាន​ដុល្លារ​ទៀត​ សម្រាប់ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ចដល់ប្រទេស​អ៊ុយក្រែន។ សេតវិមាន​បាន​បន្ថែម​ទៀត​ថា​ប្រាក់​ដែល​នៅ​សល់ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុងការផលិត​ស្បៀង​អាហារ​ជួយអ៊ុយក្រែន​ ដើម្បី​អនុញ្ញាតឱ្យ​ប្រើ​ប្រាស់​ច្បាប់បង្កើន​ផលិតផល​ការពារ​ជាតិ​ ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុកសម្រាប់ផលិត​របស់របរ​ផ្សេងៗ​ ដែល​ត្រូវ​បាន​បង្អាក់​ដោយសារ​ជម្លោះ​ នឹង​ដើម្បី​ពង្រឹង​ការដាក់​ទណ្ឌកម្មទៅ​លើ​រុស្ស៊ី​ផង​ដែរ។​

សំណើ​របស់លោក Biden នេះ​ មាន​ចំនួន​លើសទ្វេដង​នៃ​ប្រាក់​ប្រមាណ​១៣,៦​ពាន់​លាន​ដុល្លារ​ ដែល​សភា​អាមេរិក​ បាន​អនុម័ត​ក្នុង​ពេល​កន្លង​មក។ កញ្ចប់​ថវិកា​នោះ ត្រូវ​បាន​ចាយវាយ​ជិត​អស់ហើយ​ទៅ​លើ​ការផ្តល់​អាវុធ​ឱ្យ​អ៊ុយក្រែន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ។

លោក Biden និយាយ​ថា៖ «យើង​បាន​ចំណាយ​លុយ​អស់​ហើយ ដើម្បី​ជួយ​ទៅ​លើ​អ៊ុយក្រែន»។​

អ្នកនាំ​ពាក្យ​សេតវិមាន​ លោក​ស្រី Jen Psaki និយាយ​ថា​ ​រដ្ឋបាល​លោក Bidenជឿ​ជាក់​ថា​ សភា អាមេរិក​ ដែល​មាន​ការបែកបាក់​ដោយសារ​រឿង​នយោបាយ​នោះ​ នឹង​បន្ត​គាំទ្រ​ការ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ ដល់​ប្រទេស​អ៊ុយក្រែន។​

​លោក​ស្រី​បន្ត​ទៀត​ថា៖​ «ប្រាកដ​ជាមាន​ភាព​បន្ទាន់ ក្នុង​ការទទួលបាន​ថវិកាដើម្បី​យកទៅ​ចាយវាយ។ មាន​ការគាំទ្រ​របស់​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សភា​ក្នុង​ពេល​កន្លង​ទៅ​ ហើយ​យើងប្រាកដ​ជា​រង់ចាំធ្វើ​ការ​ជាមួយក្រុម​សមាជិក​សភា​ ដើម្បី​សម្រេច​រឿង​នេះ​ឱ្យកាន់តែឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​ សភា​តំណាងរាស្ត្រសហរដ្ឋអាមេរិក ក៏​បាន​អនុម័ត​នូវ​ច្បាប់​ផ្តល់​ជំនួយថវិកាដើម្បី​ការពារលទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយមាន​សំឡេង​គាំទ្រ៤១៧ ទល់​នឹង​១០។ ព្រឹទ្ធសភា​បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។​ ច្បាប់​នេះ​ ​ដែល​យក​គំរូ​តាម​កម្មវិធី​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​នោះ អនុញ្ញាតឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ឆ្លង​ផុត​ពី​ឧបសគ្គ​នានា​ ដែល​ធ្វើ​ឱ្យ​យឺតយ៉ាវដល់ការ​ផ្តល់​អាវុធ​ឱ្យ​ប្រទេស​អ៊ុយក្រែន។​

នៅ​ក្នុង​សារ​ផ្ទាល់​មួយ​ទៅ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក Biden ​និយាយ​ថា៖​ «លោក​មិន​អាចទទួល​បាន​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រងប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ ការ​ឈ្លានពាន​មិន​អាចឈ្នះ​បាន​ទេ​ ហើយ​ការ​គំរាមកំហែង​ក៏​មិន​អាចទទួល​បាន​ជ័យជម្នះ​ដែរ»។

លោក ​Biden ក៏​បាន​រិះគន់​លោក Putin ដែរ​ចំពោះ​ការ​កាត់ផ្តាច់​ការផ្គត់ផ្គង់ឧស្ម័ន​ទៅ​ឱ្យ​ប្រទេស​ប៉ូឡូញ​និង​ប៊ុលហ្គារី​នៅ​សប្តាហ៍​នេះ​ ដោយ​និយាយ​ថា​ សហរដ្ឋអាមេរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ នឹង​មិន​ឱ្យរុស្ស៊ីគំរាមកំហែង ដើម្បី​បញ្ជៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើស្ថាប័ន​ហិរញ្ញវត្ថុ​រុស្ស៊ី​និង​ក្រុមអភិជន​ដែល​ស្និទ្ធ​នឹងលោកPutin នោះ​ឡើយ៕

លោក Jeff Seldin អ្នក​យកព័ត៌មាន​ផ្នែក​សន្តិសុខ​ជាតិ​របស់​វីអូអេ​ រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​មួយចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press, Agence France-Presse និង Reuters។