ជនជាតិអូស្តា្រលីពីរនាក់ដែលបានធ្វើតេស្តរកមេរោគកូរ៉ូណាឬ COVID-19 ដោយ បង្ហាញលទ្ធផលអវិជ្ជមាននៅអំឡុងពេលដែលពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក២សប្តាហ៍នៅលើកប៉ាល់ Diamond Princess នៅកំពង់ផែក្នុងប្រទេសជប៉ុននោះ ត្រូវបានធ្វើតេស្តឡើងវិញនៅពេលពួកបានត្រឡប់ទៅដល់ផ្ទះ ហើយលទ្ធផលបង្ហាញថាពួកគេបានឆ្លងមេរោគCOVID-19។
លោក Brendan Murphy ប្រធានមន្ទីវេជ្ជសាស្រ្តនៃប្រទេសអូស្តា្រលីបានថ្លែងថា៖ «វាអាចទៅរួចដែលមានមនុស្សច្រើនថែមទៀតមានលទ្ធផលតេស្តវិជ្ជមាននៅប៉ុន្មានថ្ងៃបន្ទាប់ទៀតនេះ»។
លទ្ធផលវិជ្ជមាននេះបានបង្កើតជាចម្ងល់អំពីវិធីដាក់មនុស្សឲ្យនៅដាច់ដោយឡែកនៅក្នុងប្រទេសជប៉ុន។ លោក Yoshihide Suga នាយខុទ្ទកាល័យរដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះបាននិយាយការពារលទ្ធភាពរបស់រដ្ឋាភិបាលជប៉ុនថា ដំណើរការធ្វើតេស្តរកមេរោគ COVID-19 របស់រដ្ឋាភិបាលមានលក្ខណៈត្រឹមត្រូវ។
នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាន ព្រមានថា ឥឡូវនេះគឺជាពេលដែលត្រូវប្រយុទ្ធនឹងមេរោគ។ លោកបានថ្លែងបន្ថែម ទៀតថា មេរោគនេះគឺជាសត្រូវទីមួយរបស់សាធារណជន។
ប្រទេសចិនដែលជាកន្លែងចាប់ផ្តើមផ្ទុះឆ្លងមេរោគ COVID-19នេះឡើងកាលពីចុងឆ្នាំមុន បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានករណីឆ្លងថ្មីកើនដល់ចំនួន៨៨៩ករណីបន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះករណីឆ្លងក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP រាយការណ៍ថា មានករណីឆ្លងថ្មីៗជាង២០០ករណីនៅក្នុងពន្ធនាគារនៅភាគខាងកើតប្រទេសចិន ដោយទាំងអ្នកទោសនិងឆ្មាំយាមគុកបានធ្វើតេស្តនិងមានលទ្ធផលវិជ្ជមាន។
មានមនុស្សឆ្លងមេរោគ COVID-19 ជាង ១,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ១១ នាក់ត្រូវបានគេរាយការណ៍មកពីប្រទេសចំនួន២៥ ក្រៅពីប្រទេសចិន។ រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស ២,២០០ នាក់នៅទូទាំងពិភពលោកបានស្លាប់ដោយសារមេរោគនេះ៕