លោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលីបាននិយាយថា លោកស្រីនឹងលើកអំពីក្តីព្រួយបារម្ភរឿងសិទ្ធិមនុស្សជាមួយមេដឹកនាំភូមាឬមីយ៉ាន់ម៉ានិងមេដឹកនាំកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូល៣ថ្ងៃរវាងអាស៊ាននិងអូស្ត្រាលីដែលចាប់ផ្តើមនៅ ស៊ីដនី នៅថ្ងៃសុក្រនេះ។
ប្រទេសអូស្រ្តាលីរៀបចំកិច្ចប្រជុំពិសេសនេះ បើទោះបីជាអូស្ត្រាលីមិនមែនជាសមាជិកអាស៊ានដែលមាន១០ប្រទេសក៏ដោយ នៅពេលអូស្រ្តាលីកំពុងព្យាយាមពង្រឹងចំណងទាក់ទងផ្នែកនយោបាយនិងពាណិជ្ជកម្មនៅក្នុងតំបន់ និងចំពេលដែលឥទ្ធិពលរបស់ចិនកើនឡើង។
លោកស្រី Julie Bishop បាននិយាយថា ប្រទេសអូស្ត្រាលីនឹងពិចារណាយ៉ាងហ្មត់ចត់អំពីការអញ្ជើញជាផ្លូវការណាមួយ ឲ្យអូស្ត្រាលីចូលរួមក្នុងប្លុកអាស៊ាន។ ផែនការអញ្ជើញនេះជំរុញដោយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ។ នៅពេលត្រូវបានគេសួរថា តើកិច្ចប្រជុំនេះមានបំណងប្រជែងអត្ថប្រយោជន៍របស់ចិន ឬយ៉ាងណានោះ លោកស្រី Julie Bishop បាននិយាយថា អូស្ត្រាលីជឿថា អាស៊ានបាននាំមកនូវ «សន្តិភាព ស្ថិរភាពនិងសន្តិសុខ» ។
មុនពេលបើកកិច្ចប្រជុំកំពូលនេះ លោកស្រីបានប្រាប់វិទ្យុអូស្រ្តាលី ABC ថា «យើងមិនយល់ថា កិច្ចប្រជុំនេះមានតួនាទីប្រជែងតុល្យភាពជាមួយចិនអូស្ត្រាលីនៅឥណ្ឌូចិននោះទេ ប៉ុន្តែជាចំណុចស្នូលនៃការសហការជាមួយប្រទេសដទៃទៀត» ។
ប្រទេសចិនបានអះអាងថា ភាគច្រើននៃសមុទ្រចិនភាគខាងត្បូងជាដែនអធិបតេយ្យរបស់ខ្លួន។ ដែនសមុទ្រនេះ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ត្រូវបានគេជឿថា មានអាងប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើន។
ប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ដែលជាសមាជិកអាស៊ានហើយនិងកោះតៃវ៉ាន់ ក៏បានទាមទារដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូងនេះដែរ។
ការបញ្ចូលលោកស្រី Aung San Suu Kyi មេដឹកនាំភូមា និងលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំនេះ បានធ្វើឱ្យមានការរិះគន់ច្រើន ហើយបាតុកម្មធំៗត្រូវបានគ្រោងធ្វើប្រឆាំងនឹងអ្នកទាំងពីរ។
លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលីកំពុងស្ថិតក្រោមសម្ពាធ ដែលទាមទារឲ្យលោកថ្កោលទោសជាសាធារណៈចំពោះការស្លាប់និងការបណ្តេញអ្នកកាន់សាសនាឥស្លាម Rohingya រាប់ពាន់នាក់នៅរដ្ឋ Rakhine ក្នុងប្រទេសភូមាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បានធ្វើឲ្យសហគមន៍ជនជាតិខ្មែរខឹងសម្បាព្រោះលោកបានព្រមានថា លោកនឹងតាមវ៉ៃដល់ផ្ទះចំពោះអ្នកតវ៉ាដែលដុតទីងមោងរូបលោកនៅក្នុងទីក្រុងស៊ីដនី។
នៅពេលអ្នកកាសែតសួរអំពីការគំរាមកំហែងនេះ លោកស្រី Julie Bishop បាននិយាយថា ប្រទេសអូស្រ្តាលី «ប្រាកដជានឹងលើកកង្វល់នេះជាមួយគណៈប្រតិភូកម្ពុជា»។
ជាផ្លូវការកិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសអាស៊ាន និងអូស្ត្រាលីហើយប្រឆាំងនឹងការគំរាមកំហែងនៃពួកសកម្មប្រយុទ្ធឥស្លាមដែលវិលមកពីតំបន់មជ្ឈិមបូព៌ាវិញ៕