អភិបាល​រដ្ឋ​នានា​នៅ​​អាមេរិក​ថា​ខ្លួន​​​​នឹង​ទទួល​យក​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន

កុមារ​អាហ្វហ្គានីស្ថាន​គេង​លើ​យន្តហោះ​ Air Force C-17 Globemaster III របស់​អាមេរិក ពេល​ជម្លៀស​ខ្លួន​ពីទីក្រុង​កាប៊ុល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ (U.S. Air Force/1st Lt. Mark Lawson/Handout via REUTERS)

អភិបាល​រដ្ឋ​នានា​នៅ​សហ​រដ្ឋ​អាមេរិក​កាន់តែ​ច្រើន​ឡើង​និយាយ​ថា ​ ពួកគេ​នឹង​ជួយ​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ​ បន្ទាប់ពី​ក្រុម​តាលីបង់​បាន​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​យ៉ាង​ឆាប់​រហ័ស​ដែលប្រទេស​លោក​ខាង​លិច​នឹក​ស្មាន​មិន​ដល់​ ហើយប្រវេប្រវា​ជម្លៀស​ឯកអគ្គរដ្ឋទូត​និង​សម្ព័ន្ធ​មិត្ត។​

អភិបាល​រដ្ឋ​យ៉ាង​ហោច​ណាស់១០​រូបបានសុំ​ជួយ​នៅ​សប្តាហ៍​នេះ​ នៅពេលមន្ទីរ​បញ្ចកោណ​ស្វែង​រក​ទីកន្លែង​មាន​សុវត្ថិភាព​បណ្តោះ​អាសន្ន​សម្រាប់​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថានដល់​ទៅ​២២.០០០​នាក់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។ ​រហូត​មកទល់​ថ្ងៃ​ចន្ទ​ ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​លើក​ដំបូង​ចំនួន​២​ពាន់​នាក់​បាន​ស្ថិត​នៅ​ក្នុង​បន្ទាយ​កងទ័ព​ Fort Lee ​នៅក្នុង​រដ្ឋ ​Virginia​ ដោយ​មាន​ជន​ភៀសខ្លួនច្រើន​ពាន់នាក់​ទៀត​ត្រូវ​គេ​រំពឹង​ថា​ នឹង​មក​ដល់​បន្ទាយ​យោធា​នៅ​រដ្ឋ​Texas និង​រដ្ឋ ​Wisconsin ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

អភិបាល​រដ្ឋ​ Maryland​ លោក​ Larry Hogan ​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​និយាយ​ថា ​«ភាព​ច្របូក​ច្របល់​ និង​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់​នៅ​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​គឺ​បណ្តាល​មកពី​ការដក​កងទ័ព​ដ៏​ឆាប់​រហ័ស​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជាច្រើន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​យើង ​បាន​ប្រថុយជីវិត​ដើម្បី​ផ្តល់​ការគាំទ្រ​មិន​អាច​កាត់​ថ្លៃ​បានអស់​ជា​ច្រើនឆ្នាំ​ ដល់​ការខំប្រឹងប្រែង​របស់​យើង ​ដោយ​ធ្វើ​ជា​អ្នក​បកប្រែ​ និង​បុគ្គលិក​គាំទ្រ​ ហើយ​យើង​មាន​កាតព្វកិច្ច​ខាង​សីលធម៌​ដើម្បី​ជួយ​ពួក​គេ»។​

រហូត​មក​ទល់​ពេល​នេះ ​រដ្ឋ ​California រដ្ឋGeorgia រដ្ឋMaryland រដ្ឋMassachusetts រដ្ឋSouth Carolina រដ្ឋUtah រដ្ឋVermont រដ្ឋVirginia ​និង​រដ្ឋ ​Wisconsin ​ថា​នឹង​ផ្តល់​ទី​ជម្រក​ ឬ​បាន​បង្ហាញ​សុឆន្ទៈ​ដើម្បី​ផ្តល់​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​ជនភៀស​ខ្លួន។ ​ អភិបាល​ដែនដី​កោះ ​Guam ​របស់សហរដ្ឋ​អាមេរិក​ក៏​បាន​សុំ​ជួយ​អ្នកដែលត្រូវជម្លៀស​ទាំងអស់​នោះ​ដែរ។​ ​

អង្គការ​មនុស្ស​ធម៌​ប៉ាន់​ស្មាន​ថា ​ សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថានជិត​៨​ម៉ឺន​នាក់​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​ឬ​ (SIVs)​ មកសហ​រដ្ឋ​អាមេរិក​ ជា​កម្មវិធី​ដែល​រដ្ឋាភិបាល​បានពន្លឿនការ​តាំងលំនៅ​ថ្មី​របស់​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន។​

គណៈ​កម្មាធិការ​ជួយ​សង្គ្រោះ​អន្តរជាតិ​បាន​ប៉ាន់​ស្មាន​ថា ​ ជន​ជាតិ​អាហ្វហ្គានីស្ថានជាង​៣​ សែន​នាក់​បាន​ជួយ​បេសក​កម្ម​អាមេរិក​ជាង​២​ទសវត្សរ៍​មក​នេះ ​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មាន​ចំនួន​តិចតួច​នឹង​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បានការការពារ​ជា​ជនភៀស​ខ្លួន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters)