សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនិយាយថា ពួកគេនឹងធ្វើការជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ចេញយុទ្ធសាស្ត្រសម្របសម្រួលមួយសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ហើយនៅពេលនិយាយអំពីការសន្យារបស់ក្រុមតាលីបង់ក្នុងការគ្រប់គ្រងប្រទេសនោះ សកម្មភាពរបស់ក្រុមនេះ មានសារៈសំខាន់បំផុត។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រាប់សមាជិកសភានៅថ្ងៃពុធថា «យើងនឹងវាយតម្លៃរបបតាលីបង់ ដោយផ្អែកលើជម្រើសដែលគេធ្វើ និងតាមរយៈសកម្មភាពជាជាងពាក្យសម្តី។ យើងនឹងវាយតម្លៃទៅលើអាកប្បកិរិយាភេរវកម្ម ឧក្រិដ្ឋកម្ម គ្រឿងញៀនក៏ដូចជាការអនុញ្ញាតជំនួយមនុស្សធម៌ និងសិទ្ធិរបស់ក្មេងស្រីក្នុងការសិក្សា»។
លោក Johnson បាននិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍ពីសេតវិមានបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាន«ពិភាក្សាអំពីភាពចាំបាច់បន្តកិច្ចសហការជិតស្និទក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូប្រជាធិបតេយ្យផ្សេងៗស្តីពីគោលនយោបាយរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងពេលខាងមុខ ដែលក្នុងនោះរួមមានវិធី ដែលពិភពលោកអាចផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ជនភៀសខ្លួន និងពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងៗទៀតដែលងាយទទួលរងគ្រោះ»។
មេដឹកនាំទាំងពីរបានព្រមព្រៀងរៀបចំកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G-7 នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីស្ថានភាពនោះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃអង្គារថា សហគមន៍អន្តរជាតិរំពឹងថា ក្រុមតាលីបង់ «នឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនអំពីសិទ្ធិមនុស្សជាមូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់សិទ្ធិមនុស្ស»៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse)