ស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមលើកស្ទួយសន្តិភាពជាតិ ពង្រឹងឯកភាពជាតិ និងអនុវត្តវប្បធម៌សន្ទនា សម្ពាធជាច្រើនបាននិងកំពុងកើតឡើងលើអតីតមេដឹកនាំនិងសកម្មជនគណបក្សប្រឆាំង។
ក្នុងសារសម្រាប់ទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលខ្មែរបានលើកឡើងថា សន្តិភាពរបស់កម្ពុជាកំពុងមាន«លក្ខណៈផុយស្រួយ ដោយសារតែមានការគំរាមកំហែង ការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្ដាប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន»។
នៅក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាបន្តចូលរួម«ថែរក្សានិងការពារសន្តិភាពដែលមានស្រាប់ … និងទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរនិងអស្ថិរភាព»។
ប៉ុន្តែលោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅ សាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី មើលឃើញថា សន្តិភាពត្រូវកើតចេញពីស្ថិរភាពនយោបាយផ្ទៃក្នុង ស្ថិរភាពលំនឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋនិងយុត្តិធម៌សង្គម។ អ្នកស្រាវជ្រាវដដែលនេះបានលើកឡើងដោយភ្ជាប់នឹងការចាប់ខ្លួន និងការវាយប្រហារលើអ្នកនយោបាយប្រឆាំងនិងជនរងគ្រោះដោយសារទំនាស់ដីធ្លី។
អ្នកស្រាវជ្រាវរូបនេះបានរំឭកសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់លើកឡើងពីការគំរាមកំហែងសង្គម បង្កឡើងដោយបាតុភាពសង្គមមួយចំនួនផងដែរ។
«[បើមិន]គិតគូរពីប្រជាពលរដ្ឋទេ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ភាពអយុត្តិធម៌ដោយប្រព័ន្ធតុលាការដែលមិនសូវឯករាជ្យ ការរំលោភដីធ្លីជាដើម ទាំងនេះគឺជាប្រភពនៃការគំរាមកំហែងខ្លាំងសម្រាប់រដ្ឋាភិបាលនិងជាប្រភពអស្ថិរភាព»។
ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារអំពាវនាវឲ្យមានការចូលរួមថែរក្សាសន្តិភាពនិងស្ថិរភាពនេះ អតីតកងការពារម្នាក់របស់លោក សម រង្ស៊ី គឺលោក ពូក ចន្ដា ដែលកំពុងមើលថែគេហដ្ឋានឱ្យលោក សម រង្ស៊ី ក្នុងរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខវាយឲ្យបែកក្បាលក្នុងពេលដែលលោកកំពុងធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃអាទិត្យ។
ក្នុងពេលជាមួយគ្នានេះ តុលាការក្រុងភ្នំពេញបានបន្ថែមបទចោទប្រកាន់ទៅលើលោក សម រង្ស៊ី ក្រោយពីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបានធ្វើសេចក្តីអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមានអត្ថន័យរិះគន់លើព្រះមហាក្សត្រ។
យោងតាមគណបក្សជំទាស់ យ៉ាងហោចណាស់សកម្មជនរបស់ខ្លួនចំនួន២៦នាក់ត្រូវបានកម្លាំងអាជ្ញាធរចាប់ឃុំឃាំងនៅពន្ធនាគារនិង១៤៧នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅសួរនាំរឿងការគាំទ្ររបស់ពួកគេចំពោះគណបក្សដែលត្រូវបានតុលាការកំពូលរំលាយ។ ដោយឡែកលោក កឹម សុខា អតីតប្រធានគណបក្សនេះក៏កំពុងស្ថិតក្រោមការឃុំឃាំងក្នុងគេហដ្ឋានផងដែរ ក្រោមការចោទប្រកាន់ទាក់ទងនឹងបទក្បត់ជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ករណីទាំងអម្បាលមាណខាងលើ គឺជាវិធានការច្បាប់។ ហើយការបកស្រាយផ្ទុយពីនេះនឹងនាំឲ្យសន្តិភាពក្នុងប្រទេសទទួលរងការប្រឈម។
«អ្នកនយោបាយមួយចំនួនយកកត្តាអនុវត្តន៍ច្បាប់ភ្ជាប់ជាមួយរឿងនយោបាយរបស់គាត់។ គាត់បញ្ចុះបញ្ចូលឬញោះញង់សកម្មជនរបស់គាត់ឲ្យធ្វើអំពើគ្រប់បែបយ៉ាងដើម្បីបង្កចលាចល។ហើយនៅពេលដែលយើងអនុវត្តច្បាប់ គាត់បែរជាចោទថាជាការរំលោភសិទ្ធិមនុស្សទៅវិញ។ នេះជាកត្តាដែលបណ្តាលឲ្យសន្តិភាពរបស់ប្រទេសផុយស្រួយ»។
អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បកស្រាយបញ្ច្រាស់មកវិញថាប្រទេសជាតិមួយមានសន្តិភាពល្គឹកណាក្រុមគណបក្សរបស់លោកមានសិទ្ធិសេរីភាពពេញលេញផុតពីការចោទប្រកាន់តាមផ្លូវតុលាការនិងការចាប់ចង។
«សួរថាលោកប្រធាន កឹម សុខា នៅឯណា? ទុកពួកយើងជាទណ្ឌិត! លុះត្រាតែមានដូររបប ទើបយើងអាចរស់នៅមានសេរីភាពវិញ។ ចុះបើបាត់សេរីភាពទាំងមិនឱ្យពួកយើងត្រឡប់ទៅប្រទេសវិញ ត្រឡប់ទៅក៏មិនអាចធ្វើនយោបាយបាន តើសេរីភាពនៅឯណា? តើសន្តិភាពបានទេ?»។
ដោយឡែក លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) ក៏បានលើកឡើងផងដែរ ផ្ដោតទៅលើកត្តាសុខដុមនីយកម្មនយោបាយផ្ទៃក្នុង។
«ប្រសិនបើកត្តាខាងក្នុងវាខ្សោយ ពិតហើយកត្តាខាងក្រៅនឹងជះឥទ្ធិពលមកខ្លាំង។ អ៊ីចឹងទេវាអាចឈានទៅដល់វិបត្តិនយោបាយ ទំនាស់នយោបាយ ឬក៏អំពើហិង្សា។ អ៊ីចឹងទេ អាហ្នឹងគឺជាអ្វីមួយ ដែលយើងត្រូវយល់ថា ក្នុងបរិបទបច្ចុប្បន្ននេះ ហានិភ័យវាមាន ក៏ប៉ុន្តែវាអាស្រ័យកត្តាខាងក្នុងនេះទេ ជាអ្នកកំណត់ តើស្ថិរភាព សន្តិសុខ នៅស្ថិតស្ថេរបានយូរដល់កម្រិតណានោះ»។
ទាក់ទិននឹងការលើកឡើងរបស់លោក ហ៊ុន សែន ស្ដីពីការ«គំរាមកំហែង»ពីសំណាក់«ប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន»លើស្ថិរភាពនិងសន្តិភាពកម្ពុជា ស្ថានទូតសហភាពអឺរ៉ុបនៅភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំសេចក្ដីអត្ថាធិប្បាយរបស់VOA ទេ ខណៈស្ថានទូតអាមេរិកបានបង្វែរការឆ្លើយតបដោយយោងទៅលើការផ្ដល់សក្ខីកម្មរបស់លោកឯកអគ្គរដ្ឋទូតថ្មី W. Patrick Murphy ចំពោះមុខព្រឹទ្ធសភាអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨វិញ។
នាគ្រានោះ លោកឯកអគ្គរដ្ឋទូតអាមេរិករូបនេះបានលើកឡើងពីការតាំងចិត្តរបស់លោកក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខុមាលភាព វិបុលភាព សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យ។
គួររំឭកថា គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាត្រូវបានរំលាយដោយតុលាការកំពូលក្នុងប្រទេសកាលពីចុងឆ្នាំ២០១៧។ អតីតមេដឹកនាំគណបក្សនេះទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ទទួលរងការចោទប្រកាន់តាមផ្លូវតុលាការពាក់ព័ន្ធនឹងអំពើក្បត់ជាតិនិងរួមដៃជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។
ចាប់ពីពេលនោះមករដ្ឋាភិបាលបានបើកយុទ្ធនាអំពាវនាវឲ្យមានការថែរក្សាសន្តិភាពនៅក្នុងប្រទេស។
ប៉ុន្តែក្នុងពេលនោះដែររដ្ឋាភិបាលត្រូវគេមើលឃើញថា បានរឹតបន្តឹងលើអតីតក្រុមដែលប្រឆាំងខ្លួន។ ជាពិសេស គឺការបន្ថែមការរឹតបន្តឹងក្រោយពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខនេះ។ មន្ត្រីរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ បានហៅការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ថាមានចេតនាធ្វើរដ្ឋប្រហាររដ្ឋាភិបាលបច្ចុប្បន្ន៕