​តើ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​សេរី​កំពុង​តែ​មាន​ប្រជាប្រិយ​នៅ​ទ្វីប​អឺរ៉ុប​មែន​ទេ?

រូបឯកសារ៖ អ្នក​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី Viktor Orban កំពុង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ចុង​ក្រោយ នៅ​ទីក្រុង Szekesfehervar ប្រទេស​ហុងគ្រី។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ក្តី​បារម្ភ​ថា សង្គ្រាម​ស៊ីវិល​នៅ​ទ្វីប​អឺរ៉ុប​អាច​កើត​ឡើង​រវាង​កម្លាំង​របស់​របប​ប្រជាធិបតេយ្យ និង​កម្លាំង​របស់​របប​ផ្ដាច់ការ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​សភា​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង លោក Macron បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឲ្យ​មាន​ការ​ប្រឆាំង​ចំពោះ​ការ​លេច​ឡើង​នៃ​លទ្ធិ​ប្រជា​និយម។

លោក Macron និយាយ​ថា៖ «ភាព​មិន​សេរី​កំពុងតែ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​វា​កំពុង​តែ​កើន​ឡើង​គ្រប់​ពេល​ទាំង​អស់»។

ការ​លើក​ឡើង​របស់​លោក Macron បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ប្រជានិយម​ដែល​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ហុងគ្រី និង​អ៊ីតាលី និង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ប្រឈម​ជាមួយ​នឹង​រដ្ឋាភិបាល​ស្តាំ​និយម​របស់​ប្រទេស​ប៉ូឡូញ​អំពី​បញ្ហា​នីតិរដ្ឋ។

លោក Marcon បាន​ថ្លែង​ថា៖ «ខ្ញុំ​ច្រាន​ចោល​គំនិត​ដែល​កំពុង​តែ​រីក​រាល​ដាល​នៅ​ទ្វីប​អឺរ៉ុប​នេះ ដែល​គំនិត​នេះ​គឺ​ថា ប្រជាធិបតេយ្យ​អាច​ត្រូវ​បាន​គេ​ថ្កោលទោស​ថាគ្មាន​អំណាច។ នៅ​ចំ​ពេល​ដែល​មាន​ភាព​ផ្ដាច់ការ​កើត​ឡើង​គ្រប់​កន្លែង​ទាំង​អស់​នៅ​ជុំ​វិញ​ពួក​យើង ការ​ឆ្លើយ​តប​របស់​យើង គឺ​មិន​មែន​លទ្ធិ​ប្រជាធិបតេយ្យ​បែប​ផ្តាច់​ការ​នោះ​ទេ ប៉ុន្តែ​គឺ​អំណាច​ប្រជា​ធិតេយ្យ»។

ប្រទេស​ជា​ច្រើន​នៅ​ផ្នែក​ទាំង​សង​ខាង​នៃ​មហា​សមុទ្រ​អាត្លង់ទិច កំពុង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​អំពី​គ្រោះ​ថ្នាក់​នៃ «លទ្ធិ​ប្រជាធិបតេយ្យ​មិន​សេរី» និង «លទ្ធិ​អត្តាធិបតេយ្យ (លទ្ធិ​ផ្ដាច់ការ)» ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​កណ្ដាល និង​អឺរ៉ុប​ខាង​កើត។ ប្រទេស​ទាំង​នោះ​ក៏​កំពុង​ពិចារណា​ផង​ដែរ​លើ​អ្វី​ដែល​នឹង​អាច​កើត​ឡើង​នា​ពេល​អនាគត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

ប្រធានាធិបតី​បារាំង Emmanuel Macron​ ថ្លែង​សុន្ទរកថា​មុន​ពេល​កិច្ច​ពិភាក្សា​អំពី​អនាគត​របស់​ទ្វីប​អឺរ៉ុប​ នៅ​ឯ​សភាអឺរ៉ុប​ក្នុង​ទីក្រុង​ Strasbourg កាល​ពី​ខែ​មេសា។

តើ​វា​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​មិន​សេរី ឬ​ជា​លទ្ធិ​ប្រជានិយម?

ថ្លែង​នៅ​ពី​មុខ​ទស្សនិកជន​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ប៉ូឡូញ​លោក Radek Sikorski បាន​ថ្លែង​ប្រឆាំង​នឹង​ទស្សនៈ​របស់​នាយក​រដ្ឋមន្ត្រី​ប្រជានិយម​ហុងគ្រី​លោក Viktor Orban ថា ប្រទេស​ប្រជាធិតេយ្យ «គឺ​មិន​ចាំ​បាច់​ត្រូវ​តែ​សេរី» នោះ​ទេ។

លោក Sikorski និយាយ​ថា ទោះ​បីជា​ការ​ពិត​អាច​មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​អ្នក​មិន​មាន​ទស្សនៈ​សេរី​និយម​ឈ្នះ​ការ​បោះ​ឆ្នោត​ក៏​ដោយ ក៏​យើង​ឃើញ​ថា អ្នក​ប្រជា​និយម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​មួយ​បែប​ផ្សេង​ពី​នេះ​ផង​ដែរ។

លោក Sikorski និយាយ​ថា៖ «ដើម្បី​ឈ្នះ ក្រុម​អ្នក​ប្រជា​និយម​ដំបូង​ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​មាន​ប្រជា​ប្រិយ ហើយ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ។ ពួក​គេ​ផ្ដោត​លើ​បញ្ហា​ដែល​សាធារណជន​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទាំង​មូល ដូច​ជា​បញ្ហា​ទេសន្តរប្រវេសន៍​ជា​ដើម»។

លោក Orban ដែល​គណបក្ស Fidesz របស់​លោក និង​សម្ព័ន្ធ​មិត្ត​នៃ​គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​យ៉ាង​ងាយ​ស្រួល​កាល​ពី​ខែ​មេសា បាន​និយាយ​ថា លទ្ធផល​នេះ​បាន​ផ្តល់​ឲ្យ​លោក​នូវ «អំណាច​ដ៏​ខ្លាំង​ក្លា​មួយ» នៅ​ក្នុង​ការ​ដាក់​កំហិត​ចំពោះ​សិទ្ធិ​ចំណាក​ស្រុក និង​ជំរុញ​ឲ្យ​មាន​នូវ​សហភាព​អឺរ៉ុប​នៃ​បណ្ដា​ប្រទេស​ឯករាជ្យ​នានា ជា​ជាង «សហរដ្ឋ​អឺរ៉ុប»។

លោក Charles Gati សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​កិច្ចការ​ទ្វីប​អឺរ៉ុប និង​តំបន់​អាស៊ី​អឺរ៉ុប នៃ​មហា​វិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ Johns Hopkins នៅ​ក្នុង​រដ្ឋ Maryland បាន​និយាយ​ថា ជា​ទូទៅ បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត និង​តំបន់​អឺរ៉ុប​កណ្ដាល ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សហភាព​អឺរ៉ុប​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។

ប៉ុន្តែ លោក​បាន​បន្ថែម​ថា៖ «លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​អាក្រក់» គឺ​មិន​មែន​ជា​ពាក្យ​ត្រឹម​ត្រូវ​ដើម្បី​រៀប​រាប់​អំពី​អ្វី​ដែល​កំពុងតែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ហុងគ្រី​នា​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ទាំង​ពីរ​អាច​ជា​ប្រទេស​ដែល​មាន​របប​ផ្ដាច់ការ ឬ​អាច​ជា​ប្រទេស​ដែល​មាន​របប​ពាក់​កណ្ដាល​ផ្ដាច់ការ ដែល​រក្សា​នូវ​រូបភាព​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ»។

អ្នក​ស្រី Heather Conley គឺ​ជា​អនុប្រធាន​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌល CSIS ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ អ្នក​ស្រី​បាន​និយាយ​ថា មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​និន្នាការ​បច្ចុប្បន្ន​នៅ​ទ្វីប​អឺរ៉ុប​កើត​ឡើង។

អ្នក​ស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «គណបក្ស​ប្រឆាំង​ដែល​ចុះ​ខ្សោយ និង​គោល​នយោបាយ ក៏​ដូចជា​រចនា​សម្ព័ន្ធ​នានា​ដែល​ធ្វើ​ឲ្យ​ការ​ប្រឆាំង​ទាំង​នោះ​ធ្លាក់​ចុះ ឬ​ចុះ​ខ្សោយ គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​និន្នាការ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​មិន​សេរី»។

តើ​វា​ជា​និន្នាការ​ដែល​កើត​ឡើង​តែ​នៅ​អឺរ៉ុប​កណ្ដាល ឬ​ក៏​ជា​និន្នាការ​នៅ​ទូទាំង​សាកលលោក?

លោក Sikorski បាន​ព្រមាន​នឹង​ការ​ហៅ​ថា​ជា​និន្នាការ​នៅ​ក្នុង​តំបន់ នៅ​ពេល​ដែល​និយាយ​ពី​និន្នាការ​ប្រជានិយម ឬ​ក៏​និន្នាការ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​សេរី។

លោក​បាន​និយាយ​ថា៖ «នេះ​មិន​មែន​ជា​បាតុភូត​នៅ​អឺរ៉ុប​កណ្ដាល​នោះ​ទេ។ នេះ​គឺ​ជា​បាតុភូត​នៅ​ទូទាំង​ប្រទេស​លោក​ខាង​លិច​ទាំង​មូល»។

នៅ​ក្នុង​លេខ​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា «តើ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ដាំ​ក្បាល​ចុះ​ក្រោម​មែន​ទេ? សេចក្ដី​រាយការណ៍​ជា​សាកល» ទស្សនាវដ្តី​កិច្ច​ការ​បរទេស (Foreign Affairs) បាន​វិភាគ​ថា បញ្ហា​នេះ​មិន​ត្រឹម​តែ​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ។

បើ​យោង​តាម​ទស្សនាវដ្ដី​នេះ «អ្នក​ខ្លះ​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​សាកលលោក​កំពុង​ដើរ​ថយ​ក្រោយ​យ៉ាង​អាក្រក់​បំផុត ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៣០ មក ហើយ​វា​នឹង​បន្ត​ដើរ​ថយ​ក្រោយ​ជា​បន្ត​ទៀត ប្រសិន​បើ​ប្រទេស​អ្នក​មាន​មិន​បាន​រក​វិធី​ដើម្បី​កាត់​បន្ថយ​ភាព​មិន​ស្មើ​គ្នា និង​ដើម្បី​គ្រប់គ្រង​បដិវត្តន៍​ព័ត៌មាន​នោះ​ទេ»។

លោក David Frum ដែល​ជា​និពន្ធ​ជាន់​ខ្ពស់​មួយ​រូប​នៃ​ទស្សនាវដ្ដី The Atlantic យល់​ឃើញ​ថា គេ​គួរតែ​មើល​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ «ជា​កុង​តាក់​សម្រាប់​តម្លើង​និង​បន្ថយ​ភ្លើង​ទៅ​វិញ ជាជាង​កុង​តាក់​សម្រាប់​បិទ​បើក​ភ្លើង គឺ​មិន​មែន​សម្រាប់​បើក ឬ​ក៏​បិទ​ទេ ប៉ុន្តែ​សម្រាប់​ធ្វើ​ឲ្យ​ភ្លឺ​ជាង​មុន ឬ​ងងឹត​ជាង​មុន​តែ​ប៉ុណ្ណោះ»។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​ក្នុង​ទិសដៅ​មួយ វា​អាច​ទៅ​រួច​ក្នុង​ការ​ឈាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ជាង​មុន នោះ​វា​ក៏​អាច​ទៅ​រួច​ផង​ដែរ​ក្នុង​ការ​ឈាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​មិន​សូវ​សេរី​ជាង​មុខ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ផ្ដួល​រំលំ​រដ្ឋ​ទាំង​ស្រុង​របស់​អ្នក​នោះ​ទេ»។

លោកSikorski បាន​ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ថា និន្នាការ​ប្រជាធិបតេយ្យ​មិន​សេរី​នៅ​ក្នុង​អតីត​ប្រទេស​កុម្មុយនិស្ត​នានា អាច​នឹង​មាន​ផល​ប៉ះពាល់​ធំ​ជាង​នេះ។

«យើង​មាន​គំនិតគិត​ឡើង​វិញមួយ អំពី​តំបន់​ដែល​កំពុង​ត្រូវ​បាន​គេ​កប់​ចោល ហើយ​យើង​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្លាក់​ចុះ​នៃ​ឆន្ទៈ​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​លិច​នៅ​ក្នុង​ការ​ពិចារណា​អំពី​ការ​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ​នៅតំបន់​អឺរ៉ុប​ខាង​កើត​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត»។

រូបឯកសារ៖ លោក ​Radek Sikorski ​រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ូឡូញ ថ្លែង​ជា​មួយ​លោក ចន ឃឺរី រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​ ២០១៣។

តើ​និន្នាការ​នេះ​អាច​កែប្រែ​បញ្ច្រាស​មក​វិញ​បាន​ទេ?

នៅ​ក្នុង​លិខិត​ចំហ​មួយ​សរសេរ​ទៅ​កាន់​អធិការបតី​អាល្លឺម៉ង់​លោក​ស្រី Angela Merkel អ្នក​សិក្សា​ស្រាវជ្រាវ អ្នក​និពន្ធ និង​សកម្មជន​នានា បាន​រិះគន់​លោក​ស្រី​ចំពោះ​ការ​មិន​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​លោក Orban ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ហុងគ្រី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Sikorski បាន​និយាយ​ថា សហភាព​អឺរ៉ុប​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ ពីព្រោះសហព័ន្ធ​ទាំង​មូល​ឈរ​លើ​គំនិត​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ចំណោម​ស្ថាប័ន​នានា​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នីមួយៗ។

លោក Sikorski បាន​ថ្លែង​ថា៖ «ប្រសិន​បើ​យន្តការ​នៃ​ការ​ជឿទុក​ចិត្ត​គ្នា​នេះ​មាន​ការ​បែកបាក់ នោះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​មូល»។

សហភាព​អឺរ៉ុប​ប្រហែល​ជា​អាច​មាន​ឥទ្ធិពល​សំខាន់។ ថវិកា​ក្នុង​រយៈ​ពេល ៧ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ផ្ដល់​ឲ្យ​ប្រទេស​ប៉ូឡូញ​ចំនួន​ជិត ១ ភាគ ៥ នៃ​មូលនិធិ​រួម​គ្នា​របស់​សហភាព​អឺរ៉ុប។ ដូច្នេះ ស្ថិត​នៅ​ក្នុង​សម្ពាធ​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ចម្រូង​ចម្រាស​នៃ​ប្រព័ន្ធ​ច្បាប់ ដែល​អ្នក​រិះ​គន់​និយាយ​ថា​បាន​ធ្វើ​ឲ្យ​ចៅក្រម​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច នោះ​ការ​ធ្វើ​វិសោធនកម្ម​ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា​ដើម្បី​ដក​ការ​កែ​ប្រែ​មួយ​ចំនួន​ចេញ។

លោក Gati និយាយ​ថា ផ្លូវ​ដែល​អាច​ទប់​ទល់​នឹង​ប្រជាធិបតេយ្យ​មិន​សេរី​នៅ​ហុងគ្រី​បាន គឺ​តាម​រយៈ​ការ​បោះឆ្នោត។

លោក Gati បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​វា​អាច​ទៅ​រួច​ដែល​ថា នៅ​ឆ្នាំ​ក្រោយ​នេះ​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង នោះ​ទីក្រុង​ប៊ុយដាប៉ែស​នឹង​ធ្លាក់​ទៅ​លើ​បក្ស​ប្រឆាំង​ជា​អ្នក​កាន់កាប់»។

លោក Frum បាន​បញ្ជាក់​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​មិន​ត្រូវ​ចាត់​ទុក​ថា​មាន​ភាព​មិន​ធម្មតា​កើត​ឡើង​នៅ​តំបន់​អឺរ៉ុប​កណ្ដាល និង​តំបន់​អឺរ៉ុប​ខាង​លិច​នោះ​ទេ។

លោក Frum បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ឧទាហរណ៍​មាន​ជំងឺ​ផ្ដាសាយ​កើត​ឡើង​នៅ​ក្នុង​តំបន់​រស់នៅ​មួយ​កន្លែង។ អ្នក​ខ្លះ​ឆ្លង​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ជាង​អ្នក​ផ្សេង​ទៀត ហើយ​អ្នក​ខ្លះ​ទៀត​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ជាង​អ្នក​ដទៃ​ទៀត ប៉ុន្តែ​យើង​ត្រូវ​យល់​ថា វា​គឺ​ជា​ជំងឺ​ផ្ដាសាយ​ប្រភេទ​តែ​មួយ​ដែល​យើង​ទាំង​អស់​គ្នា​បាន​ឆ្លង»។

ថា​តើ​នេះ​គឺ​ជា​ជំងឺ​ផ្ដាសាយ ឬ​ក៏​ជា​ជំងឺ​រាតត្បាត​នោះ​គឺ​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​នោះ​គឺ​ថា​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់​ណា​មួយ​សម្រាប់​ជំងឺ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង