ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​របស់​ប្រទេស​អាល្លឺម៉ង់​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​អំណាច​របស់​លោកស្រី Merkel

  • Henry Ridgwell

លោកស្រី Angela Merkel អធិការបតី​ស្តី​ទី និង​លោកស្រី Julia Kloeckner ​អនុប្រធាន​គណបក្ស Christian Democratic Union ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​គណបក្ស​មួយ​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រទេស​អាល្លឺម៉ង់​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​បន្ទាប់​ពីការ ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ប្រជា​ធិបតេយ្យ Christian ​របស់​លោកស្រី​អធិការបតី Angela Merkel ហើយ​និង​គណបក្ស​តូចៗ​២​ទៀត​បាន​ទទួល​បរាជ័យ។​ អ្នក​វិ​ភាគ​និយាយ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​ដាច់​ស្រេច​កាល​ពី​ខែ​កញ្ញា​​បាន​បង្ហាញ​ពី​ការ​បែកបាក់​នៅ​ក្នុង​សង្គម ​និង​នយោបាយ​របស់​អាល្លឺម៉ង់ ​ដែល​កំពុង​បណ្តាល​ឲ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​លោកស្រី​អធិការបតី Merkel។ ភាព​ចលាចល​ខាង​នយោបាយ​អាច​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង​លើបញ្ហា​នានា​ដូចជា​អាកាសធាតុ​ និងការ​ធ្វើ​កំណែទម្រង់​​សហភាព​អឺរ៉ុប។

១២ឆ្នាំ​បន្ទាប់​ពី​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​មាន​អំណាច​បំផុត​របស់​អឺរ៉ុបមក ​អំណាចខាង​នយោបាយ​របស់​លោកស្រី Angela Merkel ​ទំនង​ជា​ចុះថយ​បន្ទាប់​ពី​ការ​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស Greens ​និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​បាន​ទទួល​បរាជ័យ។ លោកស្រី​អធិការបតី Angela Merkel​ បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​បាន​ក្នុង​ឋានៈ​ជា​អធិការបតី​អន្តរកាល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រទេស​នេះ​នឹង​ត្រូវ​បាន​ដឹក​នាំ​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ដ៏លំបាក​នេះ‍»។

ដូច្នេះ​តើ​មានអ្វី​កើតឡើង​បន្ទាប់? ​គណបក្ស​ប្រជា​ធិបតេយ្យ Christian របស់​លោកស្រី Merkel ប្រហែល​ដោះស្រាយ​ជាមួយ​ដៃគូ​ដឹកនាំ​រដ្ឋាភិបាល​កាល​ពី​ពេល​មុន​របស់​ខ្លួនគឺ​គណបក្ស​ប្រជា​ធិបតេយ្យ​សង្គម។ ក៏ប៉ុន្តែ រហូត​មក​ទល់​ពេល ពួកគេ​បាន​ច្រាន​ចោលការ​បង្កើតរដ្ឋាភិបាល​ចម្រុះ​ដ៏​ធំមួយ​ទៀត។ លោកស្រី Merkel បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​អាល្លឺម៉ង់​ថា ​លោកស្រី​ចូលចិត្ត​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​មួយ។ លោក Leopold Traugott នៃ​អង្គការ Open Europe បាន​និយាយ​ថា៖ «មិន​ដែល​មាន​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្រោយ​សង្គ្រាម​ទេ។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន​គឺ គណបក្ស​សហភាព​ប្រជាធិបតេយ្យ Christian ឬ (CDU) អាច​ធ្វើ​ទៅ​បាន ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​បាន​និយាយ​កាល​ពី​ព្រឹក​មញ​ហើយ​ថា ​ពួក​គេ​នឹង​គាំទ្រ​ក្នុង​ករណី​បង្កើត​រដ្ឋាភិបាល​តាម​របៀប​នេះ។​ ដូច្នេះ ខ្ញុំ​គិតថា ​ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន។ ​សំណួរ​គឺ​ថា ​តើ​លោកស្រី​អធិការបតី Merkel ចង់​បង្កើត​រដ្ឋាភិបាល​របៀប​នេះ​ដែរ ឬ​ទេ‍?»។

លោកស្រី Merkel មាន​ប្រសាសន៍​ថា លោក​ស្រី​នឹង​ឈរ​ឈ្មោះជា​អធិការបតី​ម្តង​ទៀត ប្រសិនបើ​មានការ​បោះឆ្នោត​ថ្មី។ ក៏ប៉ុន្តែ ការណ៍​នេះ​អាចនាំ​ឲ្យ​ខូច​ប្រយោជន៍។ គណបក្ស AFD ដែល​ជា​គណបក្ស​ស្តាំ​និយម​ប្រឆាំង​ជន​អន្តោ ប្រវេសន៍​បាន​ទទួល​សំឡេង​ឆ្នោត​ជិត១៣​ភាគរយនៅ​ខែ​កញ្ញា។ ពួកគេ​គិត​ថាបាន​ទទួល​ការ​គាំទ្រ​កើនឡើង​យ៉ាង​ខ្លាំង។ លោក Julian Gopffarth នៃ​សាលាសេដ្ឋ​កិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ​ក្រុង​ឡុងដ៍ (London School of Economics and Political Science) បាន​និយាយ​ថា៖ «ការណ៍​នេះ​ប្រហែល​ថា ​គណបក្ស​ AFD ​ដែល​ជា​គណបក្ស​ស្តាំ​និយម​ប្រឆាំង​ជន​អន្តោប្រវេសន៍​នឹង​កាន់​តែខ្លាំង​ឡើង​ហើយ​តាម​ការ​ពិត​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បង្កើត​រដ្ឋាភិបាល‍»។ ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជាង​១លាន​នាក់​នៅពេល​ដែល​មាន​វិបត្តិ​ជន​ចំណាកស្រុក​យ៉ាង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ​២០១៥ ​ជា​បញ្ហា​មួយ​ដែល​បន្ត​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការ​បោះឆ្នោត​ដល់​លោក​ស្រី Merkel។​ មាន​សេចក្តីរាយការណ៍​ថា ការ​ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​ទទួល​បរាជ័យ​មួយ​ផ្នែក​ដោយសារ​សិទ្ធិ​របស់​ជន​ចំណាក​ស្រុកនាំ​សមាជិក​ក្រុម​គ្រួសារ​មក​កាន់​ប្រទេស​អាល្លឺម៉ង់។ លោក Julian Gopffarth ​នៃ​សាលាសេដ្ឋ​កិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ​ក្រុង​ឡុងដ៍​បាន​និយាយ​ទៀត​ថា៖ «បញ្ហា​ជន​ចំណាក​ស្រុក​នឹង​នៅ​តែ​ជា​បញ្ហា​ដ៏​សំខាន់មួយ​នៅ​ថ្ងៃ​អនាគត​ពីព្រោះ​តែ​បញ្ហាជន​ចំណាក​ស្រុក​នេះ​នឹង​មិន​រលាយ​បាត់​ទៅ​ណា​ទេ។ ហើយ​លោកស្រី​អធិការបតី​និង​អ្នក​ស្នង​តំណែង​របស់​លោកស្រី​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដែរ‍»។

ការ​ជាប់គាំង​នឹង​មាន​ភាព​ស្មុគ្រស្មាញ​កាន់​តែ​ខ្លាំង។ លោក Leopold Traugott នៃ​អង្គការ Open Europe និយាយ​ទៀត​ថា៖ «ប្រទេស​អាល្លឺម៉ង់​សម្រាប់​រយៈ​ពេល​៣​ឬ៤ខែ​បន្ទាប់​ទៀត​នឹងគិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួនឯងកាន់​តែ​ខ្លាំង​ឡើង។​ គេ​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ ស្វែងរក​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ហើយ​និង​មិន​អាច​ធ្វើ​អន្តរាគមន៍​ខាង​នយោបាយ​ដូចជា​កិច្ចការ​នៃ​ការចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅថា BREXIT ឬ​ការ​ធ្វើ​កំណែ​ទម្រង់​តំបន់​អឺរ៉ុប​រហូត​ដល់​បញ្ហា​ផ្សេងៗ​ទៀត‍»។

លោក Emmanuel Macron ប្រធានា​ធិបតី​នៃ​ប្រទេស​បារាំង​ដែល​បាន​សង្ឃឹម​ធ្វើ​យុទ្ធនាការ​កំណែទម្រង់​សហភាព​អឺរ៉ុប​ជាមួយ​លោកស្រី​អធិការបតី Merkelបាន​សម្តែង​នូវ​ក្តី​កង្វល់​អំពីការ​ជាប់​គាំងខាង​នយោបាយ​របស់​អាល្លឺម៉ង់។ ពួក​អ្នក​វិភាគ​និយាយ​ថា ​ការណ៍​នេះ​ជា​ផ្នែក​មួយ​នៃគំរូ​ដែល​ត្រូវ​បង្កើត។ លោក Julian Gopffarthនៃ​សាលា​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ​ក្រុង​ឡុងដ៍​បាន​និយាយ​ទៀត​ថា៖ «ជា​គោលការណ៍អាល្លឺម៉ង់​ជាផ្នែ​ក​មួយ​នៃ​ការ​ផ្លាស់​ប្តូរដ៏ខ្លាំង​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ​តាម​បែប​ប្រទេស​លោក​ខាង​លិច​ដែល​មាន​គណបក្ស​តូចៗ​ជា​ច្រើន ដែល​ប្រទេស​នេះ​មាន​អស្ថិរភាព​កាន់​តែ​ខ្លាំង​ឡើង‍»។ខណៈ​ដែល​លោក​ស្រី Angela Merkel នៅ​តែ​ជា​អធិការបតី​អន្តរកាលរបស់​ប្រទេស​អាល្លឺម៉ង់ ​លោកស្រី​កំពុង​ខិត​ខំស្វែងរក​មធ្យោបាយ​មួយឆ្ពោះ​ទៅមុខ​មួយ​ដូចជា​អឺរ៉ុប​ស្វះស្វែង​រក​មេដឹកនាំ​ដ៏ខ្លាំង​មួយ​ដើម្បី​ចេញ​ពីវិបត្តិ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG