ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងប្រទេសប៉ូឡូញ ដើម្បីដោះស្រាយសកម្មភាព និងឥរិយាបថបំផ្លិចបំផ្លាញរបស់ប្រទេសរុស្ស៊ី។ លោកក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកប្ដេជ្ញាធានានូវសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ភាគខាងកើត និងភាគកណ្ដាលនៃទ្វីបអឺរ៉ុប។
លោក Trump បានថ្លែងក្បែរប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសប៉ូឡូញ និងបានសរសើរសម្ព័ន្ធមិត្តអង្គការអូតង់ថាមានសារៈសំខាន់សម្រាប់រារាំងជម្លោះមិនឲ្យកើតឡើង។
លោក Trump បានរិះគន់សមាជិកខ្លះនៃអង្គការអូតង់ ថាមិនបានចំណាយថវិកាឲ្យបានគ្រប់គ្រាន់ទៅលើវិស័យយោធារបស់ពួកគេ និងបានបញ្ជាក់ថា ប្រទេសប៉ូឡូញជាសម្ព័ន្ធមិត្តមួយរបស់អង្គការអូតង់ដែលបំពេញកាតព្វកិច្ចគ្រប់គ្រាន់នៅក្នុងការចំណាយថវិកាសម្រាប់ផ្នែកយោធា។
បន្ទាប់ពីនោះមក លោក Trump បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយ ដោយបានប្រាប់មេដឹកនាំនានាថា សហរដ្ឋអាមេរិកមិនចង់ឃើញមានឧបសគ្គច្រើនលើផ្នែកពាណិជ្ជកម្មថាមពលនោះទេ ហើយសហរដ្ឋអាមេរិកចង់ឃើញប្រទេសនីមួយៗបង្កើតធនធានថាមពលផ្សេងៗឲ្យបានច្រើន។
បន្ថែមពីនេះទៀត លោក Trump គ្រោងនឹងថ្លែងសុន្ទរកថាសាធារណៈសំខាន់មួយដំបូងបង្អស់នៅទីលាន Krasinski ក្នុងរដ្ឋធានីវ៉ាសូវី ប្រទេសប៉ូឡូញ។
សេតវិមានបានបញ្ជាក់ថា នៅក្នុងសុន្ទរកថាជាសាធារណៈនោះ លោកប្រធានាធិបតី Trump នឹងបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញារបស់លោកចំពោះគោលការណ៍នៃការការពាររួមគ្នារបស់អង្គការអូតង់ ប៉ុន្តែក៏នឹងថ្លែងអំពីការទាមទាររបស់លោកចំពោះប្រទេសជាសមាជិកអង្គការអូតង់ផ្សេងៗឲ្យរួមចំណែកថវិកាបន្ថែមទៀតដល់អង្គការអូតង់៕