ប្រទេសរុស្សី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានព្រមានស្ថាប័នសារព័ត៌មានចំនួន៩ ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាមេរិកថា ស្ថាប័នសារព័ត៌មានទាំងនេះ ប្រហែលជានឹងត្រូវបានកំណត់ថាជា «ភ្នាក់ងារបរទេស» ក្រោមបញ្ញត្តិថ្មីមួយ ជាការសងសឹកចំពោះការទាមទាររបស់អាមេរិក ដែលតម្រូវឲ្យស្ថានីយទូរទស្សន៍ RT ដែលរដ្ឋាភិបាលរុស្សីជាអ្នកឧបត្ថម្ភ ចុះឈ្មោះជា «ភ្នាក់ងារបរទេស» ក្នុងសហរដ្ឋអាមេរិក។
ក្រសួងយុត្តិធម៌រុស្សី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជូនដំណឹងដល់ស្ថាប័នសារព័ត៌មាន VOA វិទ្យុអឺរ៉ុបសេរីឬវិទ្យុសេរីភាព (Radio Free Europe/Radio Liberty) និងស្ថាប័នសារព័ត៌មានថ្នាក់តំបន់ចំនួន៧ទៀត ដែលសកម្មក្នុងប្រទេសរុស្សី ថា ស្ថាប័នទាំង៩នេះ អាចរងផលប៉ះពាល់។
ក្រសួងយុត្តិធម៌រុស្សី ក៏បានផ្សព្វផ្សាយបញ្ជីឈ្មោះស្ថាប័នទាំងនេះ នៅលើគេហទំព័ររបស់ខ្លួនផងដែរ រួមទាំងសេចក្តីថ្លែងការណ៍មួយដែលនិយាយថា ការផ្លាស់ប្តូរនេះ ទំនងអាចក្លាយទៅជាច្បាប់«ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។
រដ្ឋសភារុស្សី បានអនុម័តវិសោធនកម្មច្បាប់ថ្មីនេះកាលពីថ្ងៃពុធ ដើម្បីពង្រីកវិសាលភាពច្បាប់ឆ្នាំ២០១២ ដែលតម្រង់គោលដៅទៅលើអង្គការក្រៅរដ្ឋាភិបាល ដោយបញ្ចូលប្រព័ន្ធផ្សព្វផ្សាយបរទេសបន្ថែមទៀតទៅក្នុងច្បាប់នេះ។
ការប្រកាសថាជាភ្នាក់ងារបរទេសនេះ នឹងតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់ បង្ហាញជាប្រចាំពីគោលបំណងរបស់ពួកគេ សេចក្ដីពិស្ដារទាំងស្រុងនៃប្រភពថវិកានិងចំនួនបុគ្គលិកជាដើម។
ស្ថាប័នសារព័ត៌មានទាំង៩នេះ ក៏អាចនឹងតម្រូវឲ្យដាក់បង្ហាញនៅលើបណ្តាញសង្គមនិងគេហទំព័ររបស់ស្ថាប័នទាំងអស់នេះផ្ទាល់ ដោយឲ្យគេមើលឃើញក្នុងប្រទេសរុស្សីថា ស្ថាប័នទាំងនេះ គឺជា«ភ្នាក់ងារបរទេស»។
ការធ្វើវិសោធនកម្មច្បាប់ថ្មីនេះ នឹងអនុញ្ញាតឲ្យមានការរាំងខ្ទប់គេហទំព័រដោយមិនចាំបាច់ឆ្លងកាត់តុលាការ ប្រសិនបើរដ្ឋាភិបាលរុស្សីយល់ថា គេហទំព័រទាំងនោះ មិនល្អ។
នាយិកា VOA គឺលោកស្រី Amanda Bennett បានមានប្រសាសន៍ថា៖ «នៅពេលនេះ យើងមិនអាចនិយាយថាតើការតម្រូវនេះ នឹងមានផលប៉ះពាល់បែបណាទៅលើប្រតិបត្តិរាយការណ៍ព័ត៌មានរបស់យើងនៅក្នុងប្រទេសរុស្សីនោះទេ។»
លោកស្រីនាយិកាបន្តថា «អ្វីដែលយើងអាចនិយាយបានគឺថា តាមច្បាប់ VOA សំឡេងសហរដ្ឋអាមេរិកគឺជាស្ថាប័នសារព័ត៌មានឯករាជ្យ ឥតលម្អៀងនិងផ្នែកលើការពិត ហើយយើងនឹងនៅតែប្ដេជ្ញារក្សាគោលការណ៍ទាំងនេះដដែល»៕