ការតវ៉ាប្រឆាំងការរំលូតកូនប្រចាំឆ្នាំកើតមានឡើងទើបតែ៦ថ្ងៃបន្ទាប់ពីបាតុករដែលគេប៉ាន់ស្មានថាមានកន្លះលាននាក់បានចូលរួមនៅក្នុងការដើរហែក្បួនស្រ្តីនៅវ៉ាស៊ីនតោនដើម្បីតវ៉ាប្រឆាំងគោលនយោបាយថ្មីរបស់ប្រធានាធិបតីថ្មី។
ខួបប្រចាំឆ្នាំដែលបានធ្វើឡើងដោយពួកសកម្មជនប្រឆាំងការរំលូតកូនមានភាពខុសផ្លែកនៅឆ្នាំនេះ។ មនុស្សរាប់ពាន់នាក់បានមកដល់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមការតវ៉ាប្រឆាំងការសម្រេចរបស់តុលាការកំពូលនៅឆ្នាំ១៩៧៣ ដែលពេលនោះតុលាការបានសម្រេចថាការរំលូតកូនចេញជាអំពើស្របច្បាប់។ ការតវ៉ាប្រឆាំងនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលថ្មីរបស់លោកត្រាំ។
លោកស្រី Kellyanne Convey ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី ត្រាំ និយាយថា៖ «នេះជាថ្ងៃថ្មី ថ្ងៃរះថ្មីសម្រាប់ជីវិត»។
ជីវិតថ្មីសម្រាប់បុព្វហេតុដែលហៅថា «ការគាំទ្រជីវិត» កើតចេញពីការសន្យារបស់រដ្ឋាភិបាលដែលមានការរួបរួមគ្នាមួយគឺ ពួកគណបក្សសាធារណរដ្ឋនៅក្នុងសភា ហើយនិងសេតវិមានដែលបានសន្យាបង្កើននិន្នាការកាលពីពេលថ្មីៗនេះឆ្ពោះទៅកាន់ ការរឹតត្បិតច្បាប់រំលូតកូនកាន់តែខ្លាំងឡើង។
លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា៖ «ពីព្រោះតែអស់លោកអ្នក ហើយនិងមនុស្សរាប់ពាន់នាក់នៅក្នុងការដង្ហែក្បួនដូចនេះនៅទូទាំងប្រទេស ជីវិតកំពុងឈ្នះម្តងទៀតនៅក្នុងប្រទេសអាមេរិក»។
សុន្ទរកថារបស់លោកអនុប្រធានាធិបតី Pence កត់សម្គាល់ជាលើកទីមួយដែលអនុ ប្រធានាធិបតីកំពុងកាន់អំណាចបានធ្វើសុន្ទរកថាទៅកាន់បាតុកម្ម ដែលការណ៍នេះបានផ្តល់ការលើកទឹកចិត្តដល់ពួកបាតុករដែលបានដើរដង្ហែក្បួនអស់រាប់ទសវត្សរ៍មកហើយ។
លោក Kevin Morrissey បានថ្លែងថា៖ «វាជាការលើកទឹកចិត្តមួយហើយខ្ញុំគិតថា នៅពេលដែលលោកអ្នកពិនិត្យមើលអាយុរបស់មនុស្សនោះ បុព្វហេតុនេះមិនរលាយបាត់ទេ»។
ការដង្ហែក្បួនដើម្បីជីវិត ជានិច្ចកាលបានទាក់ទាញក្រុមនិស្សិតមកពីទូទាំងប្រទេសហើយនិស្សិតម្នាក់នៃនិស្សិតទាំងនោះបាននិយាយថា លោកអនុប្រធានាធិបតី Pence បានធ្វើឲ្យការដង្ហែក្បួននេះខុសពីមុន ទោះបី នាងមិនគាំទ្រប្រធានាធិបតីត្រាំក៏ ដោយ។ នាង Khloe Smith បាននិយាយថា៖ «ខ្ញុំគិតថា លោកអនុប្រធានាធិបតី នៅទី នេះបានជួយ ខ្ញុំគិតថា លោកអនុប្រធានាធិបតីមានបំណងល្អបំផុតដើម្បីជួយ ហើយខ្ញុំគិតថាទាំងអស់នេះជាអ្វីដែលយើងចង់បាន»។
ការដើរហែក្បួនរបស់ស្រ្តីនៅវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន បានផ្តាស់ប្តូរវោហាសាស្រ្តរបស់ស្រ្តីនេះដែលបានចូលរួមពិធីនេះជាលើកទីមួយ។ នាង Thelma Shelton បាននិយាយថា៖ «កាលពីមុនគេប្រាប់ខ្ញុំថា ខ្ញុំមិនបានទទួលការស្វាគមន៍ទេ ពីព្រោះខ្ញុំជាអ្នកប្រឆាំងការពន្លូតកូន បន្ទាប់មកខ្ញុំបានដឹងថា វាមិនមែនជាការដង្ហែក្បួនសម្រាប់ស្រ្តីទេ វាជាការដង្ហែក្បួនគាំទ្រលោកស្រី Hillary ការដង្ហែក្បួនប្រឆាំងការរំលូតកូន ជាការបិទបាំងការដង្ហែក្បួនដើម្បីគាំទ្រស្រ្តី»។
នៅពេលដែលការដង្ហែក្បួនប្រចាំឆ្នាំបានដើរឆ្ពោះទៅកាន់តុលាការកំពូល បាតុករបាននិយាយថា មានមធ្យោបាយដើម្បីផ្លាស់ប្តូរការជជែកដ៏ឈ្លោះប្រកែកគ្នាដ៏ខ្លាំងបំផុតនៅក្នុងប្រទេសអាមេរិកនេះ។
អ្នកស្រី Vickie Kraeger បាននិយាយថា៖ «យើងត្រូវតែបង្ហាញនូវក្តីស្រឡាញ់។ខ្ញុំគិតថា វាជាផ្នែកមួយដែលយើងត្រូវបង្ហាញថា យើងប្រាកដគិតគូស្រ្តីហើយនឹងទារកនិងទារកបន្ទាប់ពីចាប់កំណើត»។ ភាគីម្ខាងទៀតនៃការជជែកដេញដោលបានរង់ចាំបាតុករប្រឆាំងនៅឯតុលាការកំពូលដែលមិនសប្បាយចិត្តរដ្ឋបាលរបស់លោកត្រាំ ដែលអាចលប់ចោលសិទ្ធិរំលូតកូននេះ។
អ្នកស្រី Polly Stanatoeulosនិយាយថា៖ «ទោះបីវាជាច្បាប់របស់ផែនដីក៏ដោយ ខ្ញុំយល់ថាការណ៍នេះជាការធ្វើឲ្យខ្សោយសិទ្ធិនៃការរំលូតកូន។ ការណ៍នេះកំពុងបន្ត វាយប្រហារទៅលើសេរីភាពខាងផ្លូវភេទរបស់ស្រ្តី»។
ក៏ប៉ុន្តែ ចំពោះអ្នកដង្ហែក្បួនជាច្រើន ព័ត៌មានដ៏ល្អបំផុតមិនទាន់មកដល់ទេ។ លោកប្រធានាធិបតី ត្រាំ ត្រូវគេរំពឹងនឹងប្រកាសបេក្ខជនចៅក្រមតុលាការកំពូលដើម្បីបំពេញដំណែងដែលនៅទំនេរនៅសប្តាហ៍ក្រោយ ដោយលោកបានប្រាប់បណ្តាញព័ត៌មានទូរទស្សន៍ CBN Newsនៅក្នុងកិច្ចសម្ភាសន៍ថា៖ «ខ្ញុំគិតថា ពួកអ្នកកាន់គ្រិស្តសាសនានិកាយ Evangelical អ្នកកាន់គ្រិស្តសាសនា នឹងស្រឡាញ់ចៅក្រមដែលខ្ញុំជ្រើសរើស ហើយលោកនឹងធ្វើជាតំណាងដ៏ត្រឹមត្រូវ»។
ការតែងតាំងនោះសង្ឃឹមថានឹងមានការជជែកដេញដោលខ្លាំងនៅក្នុងសភា ហើយការជជែកដេញដោលថ្នាក់ជាតិអំពីការរំលូតកូនចេញកើតមានឡើងបន្ទាប់ពីពួកអ្នកដង្ហែក្បួនបានទៅផ្ទះវិញ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន