ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​ប្រឆាំងការរំលូត​ទារក​ទទួល​បាន​កម្លាំងចិត្ត​ពី​រដ្ឋបាល​របស់លោក​ Trump


ក្បួន​ដង្ហែ​ប្រឆាំង​នឹង​ការរំលូត​ទារក​ឆ្លងកាត់​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២៧ មករា ២០១៧។

សកម្មជន​ច្រើន​ពាន់នាក់​ប្រឆាំង​នឹង​ការ​រំលូត​ទារក​បាន​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសុក្រ។​ បាតុកម្មនោះ​មាន​ឈ្មោះថា ​March to Life​ គឺការ​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ជីវិត​ដែល​ធ្វើឡើង​មួយ​សប្តាហ៏​បន្ទាប់​ពី​រកាន់តំណែងប្រធានាធិបតី​របស់​លោក​ Donald Trump ដែលកំពុង​ពិនិត្យ​ឡើងវិញ​នូវការ​ពិភាក្សា​ថ្នាក់ជាតិ​ដ៏យូរ​អំពី​ការ​រំលូតកូន។ ​បាតុកម្ម​ប្រចាំ​ឆ្នាំ​ប្រឆាំង​នឹង​ការរំលូត​កូន​នេះ​ធ្វើឡើង​៦ថ្ងៃ​ក្រោយពី​បាតុកម្ម​របស់ស្រ្តី​ Women's March ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​កន្លះ​លាន​នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី​នេះ។​

បាតុកម្ម​ប្រចាំឆ្នាំ ដែលធ្វើឡើង​ដោយ​សកម្មជន​ប្រឆាំង​ការ​រំលូតទារក​នេះ​ បង្ហាញ​អារម្មណ៍​ខុស​ប្លែក​នៅ​ឆ្នាំ​នេះ។ ​ពួកគេ​ច្រើន​ពាន់នាក់​ដើរ​ជាក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ១៩៧៣​ ដែល​ផ្តល់​ភាព​ស្របច្បាស់​ដល់​ការ​រំលូត​ទារក។ ក្បួន​តវ៉ា​នេះ​មាន​ការ​គាំទ្រពី​រដ្ឋាភិបាល​ថ្មី​របស់​លោក​ Trump។​

អ្នកស្រី​ Kellyanne Conway ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ Trump ​និយាយ​ថា ​នេះជា​ថ្ងៃ​ថ្មី​ ថ្ងៃ​សម្រាប់​ជីវិត​រះ​ថ្មី។ ​ក្បួន​ដង្ហែ​នេះ​ហៅ​ខ្លួន​ឯង​ថា​ អ្នក​គាំទ្រ​ជីវិត។ ​ក្បួន​ដង្ហែនេះ​កើត​ចេញ​ពី​ពាក្យ​សន្យា​របស់​រដ្ឋាភិបាល​ឯកភាព​ ដែល​គណបក្ស​សាធារណ​រដ្ឋ​កាន់កាប់​ទាំង​សភា ​និង​សេតវិមាន​ ហើយ​បាន​សន្យា​ថា ​នឹង​ពន្លឿន​និន្នាការ​រឹត​បន្តឹង​ច្បាប់​រំលូត​កូន។​

លោក​អនុ​ប្រធានាធិបតី​ Mike Pence​ ថ្លែងថា ដោយសារ​តែអ្នក​ទាំងអស់​គ្នា និង​មនុស្ស​ច្រើន​ពាន់នាក់​ដែល​ចូលរួម​ក្នុងក្បួន​ដង្ហែដូចនេះ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ ដូច្នេះ​ចលនា​ដើម្បី​ជីវិត ​នឹង​ឈ្នះជាថ្មី​ទៀត​នៅ​អាមេរិក៕

XS
SM
MD
LG