ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ប្រជាធិបតេយ្យ​ស្តីបន្ទោស​លោក Trump ​សម្រាប់​ការ​អះអាង​របស់​លោក​អំពី​ការ​បោះឆ្នោត


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧​នេះ លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់​ខ្ពស់​របស់​សេតវិមាន​អំពី​ផែនការ​សេដ្ឋកិច្ច​របស់​លោក។

លោក ​Donald Trump ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មិន​ទាន់​បាន​មួយ​សប្តាហ៍​ផង​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​ព្រមាន​ថា​ ប្រធានាធិបតី​រូប​នេះ​ត្រូវ​ផ្តោតលើ​អ្វីដែល​លោក​បាន​សន្យា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​រក​​សំឡេង​ឆ្នោត​របស់​លោក​ ហើយ​ឈប់​ទាមទារ​អ្វីដែល​មិនមែន​ជា​ការ​ពិត។​ ការ​ព្រមាន​​ដូច្នេះ​កើត​ឡើង​ដោយសារ​តែ​លោក​បាន​អះអាង​ថា ​ចំនួន​អ្នក​ចូលរួម​​នៅ​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​គឺមាន​ចំនួន​ច្រើន​​បំផុត​មិន​ធ្លាប់​មាន​ ហើយ​លោក​ថា ​តាម​ពិត​លោក​បាន​ឈ្នះ​ទាំង​សំឡេង​ឆ្នោត​ប្រជាប្រិយ ​ឬ​ popular vote​ និង​សំឡេង​ឆ្នោត​ប្រតិភូ ​ឬ ​electoral vote។​

លោក​ Trump​ ឈ្នះ​ការ​បោះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​ឆ្នោតប្រតិភូ​ចំនួន​ ៣០៦សំឡេង​ ហើយ​គូ​ប្រជែង​របស់​លោក​គឺ​លោកស្រី ​Hillary Clinton​ ទទួល​បាន​តែ​២៣២​សំឡេង​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​រហូត​ពេល​បញ្ចប់​នៃ​ការ​រាប់​សន្លឹក​ឆ្នោត លទ្ធផល​បាន​បង្ហាញ​ថា​ លោកស្រី ​Hillary Clinton​ បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រជាប្រិយ​លើសលោក ​Trump​ ដោយ​លោកស្រី​ទទួល​បាន​ចំនួន​ ៣លាន​សំឡេង​ច្រើន​ជាង​សំឡេង​ដែល​លោក​ទទួល​បាន។​ បន្ទាប់ពី​ការ​ស្បថ​ចូលកាន់​តំណែង​រួច​មក​ លោក ​Trump ​បាន​ថ្លែង​ថា ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ​អ្នក​នាំពាក្យ​សេតវិមាន​គឺ​លោក ​Sean Spicer បាន​បញ្ជាក់​អំពី​ការ​ អះអាង​នោះ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក។​

«អ្វី​ដែលលោក​បាន​ថ្លែង​នោះគឺ​ថា ​មាន​ពលរដ្ឋ​ពី​៣​ទៅ​៥​លាន​នាក់​ ប្រហែល​ជាទៅ​បោះ​ឆ្នោត​ខុសច្បាប់​ បើ​ផ្អែក​តាម​ការ​សិក្សា​មួយ​ចំនួន​ដែល​លោក​បាន​ឃើញ។ ​ប៉ុន្តែ​លោក​ដឹង​ច្បាស់​ណាស់​ថា ​លោក​ឈ្នះ​ដោយ​សារ​តែ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​ប្រតិភូ​ចំនួ​៣០៦សំឡេង»។​

រដ្ឋបាល​របស់​លោក ​Trump ​ក៏​បាន​អះអាង​ដែរ​ថា ​ចំនួន​អ្នក​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ ដែល​ផ្ទុយពី​ការ​ចុះផ្សាយ​ និង​រូបភាព​មួយ​ចំនួន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

អ្នក​ចូល​រួម​ក្នុង​ការ​ហែ​ក្បួន​ស្រ្តី ​ឬ Women's March​ ដែល​បាន​ ធ្វើ​ឡើង១​ថ្ងៃ ​ក្រោយ​ពិធី​ស្បថ​ចូល​កាន់តំណែង​នោះ​គឺមាន​ចំនួនច្រើន​ជាង​ចំនួន​អ្នក​ដែល​មក​ចូលរួម​នៅថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ទៅ​ទៀត។ ​នេះ​បើយោង​តាម​ការ​ប៉ាន់​ប្រមាណ​ជា​ច្រើន។​

សហការី​របស់​លោក ​Trump​ ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​និយាយ​បង្វៀង​ បញ្ហា​នេះ។ ​ប៉ុន្តែ​នៅពេល​មាន​ការ​សួរ​ដេញដោល​ពី​ក្រុម​អ្នក​សារព័ត៌មាន ​លោក​ Paul Ryan ​ប្រធាន​សភា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​បាន​និយាយ​អំពី​បញ្ហា​នេះ​រួច​រាល់​ហើយ។​ ខ្ញុំមិន​បាន​ឃើញ​ភស្តុតាង​អ្វី​ទាំងអស់ ​ហើយ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​បញ្ហា​នេះ»។​

ហើយ​បន្ទាប់​មក​លោក​បាន​ប្តូរ​ប្រធាន​បទ​ទៅ​និយាយ​រឿង​ផ្សេង។​ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជូន​សារ​មួយ​យ៉ាង​ខ្លាំង​ទៅ​លោក​ប្រធានាធិបតី​ថា​ លោក​នឹង​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​លោក​បាន​និយាយ។

​លោក ​Chuck Schumer ​សមាជិក​ព្រឹទ្ធ​សភា​ពី​រដ្ឋ​ញូវយ៉ក​ថ្លែង​ថា៖​

«អ្នក​មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន​ទេ ​អ្នក​មិន​អាច​ជួយ​ពលរដ្ឋ​បាន​ទេ ​អ្នក​មិន​អាច​រក្សា​សុវត្ថិភាព​ឲ្យ​អាមេរិក​បាន​ទេ​ ប្រសិន​បើអ្នក​មិន​ទទួល​ស្គាល់​ការ​ពិត​នោះ។ ​នេះគឺជា​រឿង​សាមញ្ញ។ ​ហើយ​បើ​ការណ៍​នេះកើត​ឡើង​មែននោះ​ នោះ​ប្រទេស​នេះ​នឹង​មាន​បញ្ហា។ ​ហើយ​នេះមិនមែន​ជា​បញ្ហា​ប្រជាធិបតេយ្យ​ទេ​ តែវាជា​បញ្ហា​ក្រុម​សាធារណរដ្ឋ​ ជា​បញ្ហា​ក្រុម​សេរីនិយម​ ជា​បញ្ហា​ក្រុម​អភិរក្ស​និយម ​ដោយសារតែ​ការ​ដើរ​គេច​ពី​ការ​ពិត»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ Chuck Schumer ​កាលពី​ថ្ងៃ​អង្គារ​ មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ព្រឹទ្ធ​សភា​រូប​នេះ​ក៏​បានស្តី​បន្ទោស​សហការី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​មិនបាន​ធ្វើការ​ឆ្លើយ​តប​ឲ្យបាន​ពេញ​លេញ​ទាក់ទិន​នឹង​ការ​អះអាង​របស់​ប្រធានាធិបតី។​

«នៅ​ពេល​ដែល​មាន​ការ​និយាយ​មិន​ពិត​ដូច្នេះ ​សហការី​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​កាតព្វ​កិច្ច​បដិសេធ​ព័ត៌មាន​ទាំង​នោះ ​មិនមែន​និយាយ​បង្វៀង​ទេ»។​

លោក ​Schumer ​ក៏​បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា ​ក្នុង​នាម​ជា​ប្រធានាធិបតី ​លោក ​Trump​ មិន​គួរ​និយាយ​អំពី​ការ​បោះឆ្នោត ​ឬ​ក៏​និយាយ​អំពី​ចំនួន​មនុស្ស​ដែល​មក​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែងនោះ​ដែរ។ ​ប៉ុន្តែ​លោក​គួរតែ​និយាយ​អំពី​ចំនួន​ការងារ​ដែល​លោក​នឹង​បង្កើត​ឡើង។ ​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​របស់​លោក​ Trump ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នោះ​គឺត្រូវ​ស្តារ​ឧស្សហ​កម្ម​ផលិត​កម្ម ​និង​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ឡើង​វិញ​ ដែល​លោក​ជឿជាក់​ថា​ ប៉ះ​ពាល់​ដល់​ពលករ​អាមេរិកាំង​នោះ៕​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG