រដ្ឋមន្រ្តី​ការ​បរទេស​ចិន​នឹង​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ប្រទេស​បី​ទៀត​នៅ​អាស៊ី ក្នុង​គ្រា​​អាមេរិក​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន

រូប​ឯកសារ៖ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

អ្នក​វិភាគ​បាន​ចាត់​ទុក​ថា​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​មក​កម្ពុជា និង​ប្រទេស​៣​ផ្សេង​ទៀត ចាប់​ផ្តើម​ពី​ចុង​សប្តាហ៍​នេះ កើត​ឡើង​នៅ​គ្រា​ដែល​សហរដ្ឋអាមេរិក​បាន​កំពុង​បង្កើន​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន។

លោក វ៉ាង យី (Wang Yi) ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម កម្ពុជា សិង្ហបុរី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbinដែល​ព័ត៌មាន​នេះត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ស្ថានទូត​ចិនប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ខាង​មុខ​។

លោក អៀ សុផល អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យា​ល័យ Arizona State University បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​ថា​ដំណើរ​ទស្សន​កិច្ច​នេះ មើល​ទៅ​ជា​«ការ​វាយ​ប្រហារ​ព្រឹបៗ​នៃ​ការ​ទូត​ជា​សាធារណៈ»​ពី​សំណាក់​ប្រទេស​ចិន​បន្ទាប់​ពី​មាន​ដំណើរ​ទស្សន​កិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ប្រទេស​វៀតណាម និង​សិង្ហបុរី កាល​ពី​ខែ​សីហា។

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា លោក អៀ សុផល បញ្ជាក់​ថា​កម្ពុជា និង​ចិនជា​«មិត្ត​ដែក​ថែប» ដូច្នេះ​ជានិច្ចកាល​នឹង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ន័យ​នេះ លោក​លើក​ឡើង​អំពី​«របៀបវារៈ​របស់​ចិន» នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។

លោក​និយាយ​ថា៖ «ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​គាំទ្រ​របៀបវារៈ​របស់​ចិន ហើយ​ទទួល​បាន​មក​វិញ​នូវ​ជំនួយ​របស់​ចិន ដែល​នឹង​ហូរ​ចូល​មក​កម្ពុជា​អំឡុង​ពេល​វិបត្តិ​ជំងឺ​ជា​សាកល​[កូវីដ១៩]»។

រូប​ឯកសារ៖ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិកនោះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​បាន​ថ្លែង​ថា​វៀត​ណាម កម្ពុជា សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង ជា«ដៃគូ​សហប្រតិ​បត្តិការ​សំខាន់​និង​ជា​អ្នក​ជិត​ខាង​ជិត​ស្និទ្ធ​របស់​ចិន»។

លោក​ថ្លែង​ថា៖ «ដំណើរ​ទស្សន​កិច្ច​របស់​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ការបរទេស​លោក វ៉ាង យី គឺ​តំណាង​យ៉ាងពេញ​ទំហឹង​នូវការ​គូស​បញ្ជាក់​យ៉ាង​ធំធេង​ដែល​ចិន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ ហើយ​និង​តំណាង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​នៃ​ការ​លើក​កម្ពស់ទំនាក់​ទំនង​មិត្តភាព និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការជា​ប្រយោជន៍​ទ្វេភាគី​ជាមួយ​ប្រទេស​ទាំង​៤​នោះ»។

បើ​តាម​អ្នក​នាំពាក្យ​ដដែល លោក វ៉ាង យី ក៏​នឹង​មាន​«ទំនាក់​ទំនង​យុទ្ធសាស្រ្ត​ស៊ី​ជម្រៅ»​ជាមួយ​ប្រទេស​ទាំង​នោះ។ ប្រធាន​បទ​នៃ​ការ​ពិភាក្សា មាន​ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ កិច្ច​សហ​ប្រតិបត្តិ​ការ​សម្រាប់​ការ​អភិវឌ្ឍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​BRI ឬ​គម្រោង​អភិវឌ្ឍន៍​«ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម ឬ ​Belt & Road Initiative»​របស់​ចិន។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ប្រាប់​វីអូអេ​ថា​ដំណើរ​ទស្សន​កិច្ច​នេះ កើត​ឡើង​ស្រប​ពេល​ដែល​អាមេរិក​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា​ដំណើរ​ទស្សន​កិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី​ Kamala Harris ទៅ​កាន់​ប្រទេស​វៀតណាម និង​សិង្ហបុរី កាល​ពី​ខែ​សីហា។ លោក​ចាត់​ទុក​ថា​វា​ជា​«ភាព​ចាំបាច់»មួយ​ដែល​ចិន​ត្រូវ​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​នានា។

លោក​ថ្លែង​ថា៖ «បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​រវាង​មហា​អំណាច​ទាំង​ពីរ ហាក់​ដូច​ជា​កំពុង​ស្រួច​ស្រាល់​ឡើង ហើយ​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​កំពុង​រៀប​ចំ​នូវ​យុទ្ធសាស្រ្តជា​ច្រើន​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​នឹង​ចិន»។

រូបឯកសារ៖ អ្នកស្រី Kamala Harris អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយក្នុង​អំឡុង​ទស្សនកិច្ច​នៅ​រដ្ឋធានី​ហាណូយ​របស់​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។

លោក​បន្ថែម​ថា​ជា​ធម្មតា រាល់​ពេល​ដែល​ប្រទេស​នីមួយៗ​ធ្វើ​ជា​ប្រធាន​អាស៊ាន ថ្នាក់​ដឹកនាំ​របស់​ប្រទេស​មហា​អំណាច​តែង​តែ​មក​បំពេញ​ទស្សន​កិច្ច និង​មាន​ទស្សនៈ​វិស័យ​មួយ​ចំនួន។ លោក​បន្ថែម​ថា​បញ្ហា​រសើប​នា​ពេល​នេះ គឺ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន ដូច​ជា​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន ហើយ​ប្រទេស​ចិន​បាន​ទាមទារ​ដែន​ទឹក​ស្ទើរ​តែ​ទាំង​ស្រុង។

លោក គិន ភា បន្ថែម​ថា​កម្ពុជា​ចង់​ឃើញ​ភាគី​ពាក់ព័ន្ធ​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​នេះ ដោយ​សន្តិវិធី។ ទោះ​ជា​យ៉ាង​ណា លោក​ថា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​«វិបត្តិ​រ៉ាំរ៉ៃ» ហើយ​ក៏​«មិន​សង្ឃឹម»​ថា​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ។

កម្ពុជា​ធ្លាប់​រង​ការ​រិះគន់​អំឡុងពេល​ធ្វើ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​កាល​នោះ នាំ​ឲ្យ​កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​បាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប៉ះ​ពាល់​ប្រទេស​ចិន។

អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក​ សេង សារី ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​របស់​ចិន​ទៅ​កាន់​ប្រទេស​៤ រួម​មាន​កម្ពុជា​នា​ពេល​នេះ បង្ហាញ​ការ​ផ្តល់​«កម្លាំង​ចិត្ត»​ដល់​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​ការ​ជជែក ឬ​ក៏​ការ​ក្រើន​រំឭក​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់ ក្រោយ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​អនុ​ប្រធានា​ធិបតី​អាមេរិក។

លោក​បន្ថែម​ថាដំណើរ​ទស្សន​កិច្ច​នេះ ក៏​ជា​«ការ​បោះ​ប្រ៊ីយ៉ុង»ដល់​កម្ពុជា មុន​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន ដែល​លោក​ជំរុញ​ឲ្យ​កម្ពុជា​គួរ​ធ្វើ​តុល្យភាព​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ចិន និង​អាមេរិក។

លោក​ប្រាប់​វីអូអេ​ថា៖ «អញ្ចឹង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​កម្ពុជា​នេះ គឺ​លុះត្រា​តែ​គោល​នយោបាយ​ការ​បរទេស​របស់​យើង​ហ្នឹង គឺ​មាន​លក្ខណៈ​ត្រឹម​ត្រូវ ហើយ​មិន​មាន​ភាព​លម្អៀង​ទៅ​ប្រទេស​មហា​អំណាច​ណាមួយ ដើម្បី​បញ្ចៀស​ទៅ​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេ​ភាគី ដូច្នេះ​ការ​ធ្វើ​តុល្យភាព​រវាង​មហា​អំណាច​ទាំង​ពីរ​នេះ ជា​រឿង​សំខាន់​ណាស់។ ហើយ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​បង្ហាញ​និន្នា​ការ មាន​ភាព​លម្អៀង​ទៅ​ចិន ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ​ទៅ​លើ​ទំនាក់​ទំនង​ការ​បរទេស​របស់​ប្រទេស​កម្ពុជា»។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្តបាន​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ដោយ​ផ្ទាល់ និង​ជំនួប​ទេ្វភាគី​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ជា​បន្ត​បន្ទាប់​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ក្នុង​នោះ មាន​អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ដែល​បាន​ជជែក​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រឿង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​និង​ការ​ធ្លាក់​ចុះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា។

លោក ​Dominic Raab ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មិថុនាដោយ​ផ្ដោត​លើ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​អង់គ្លេស ដែល​ទើប​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន លោក Nubuo Kishi​ បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ទូរគមនាគមន៍​ជាមួយ​សម​ភាគី​កម្ពុជា​គឺ​លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ជា​ពិសេស​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​សមុទ្រ​ចិន​ខាង​កើត។ ចំណែក​អ្នកស្រី Marise Payne រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ក៏​បាន​ជួប​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​ទូរគមនាគមន៍ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កក្កដា ហើយ​បាន​ជជែក​អំពី​ទំនាក់​ទំនង​អាស៊ាន-អូស្ត្រាលី និង​ក៏​ដូច​ជា​វិបត្តិ​ក្រោយ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

ដំណើរ​ទស្សន​កិច្ច​ជា​បន្ត​បន្ទាប់​នេះ ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​ជជែក​ជាមួយ​កម្ពុជា មុន​ពេល​ប្រទេស​មួយ​នេះ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០២២ និង​ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe Biden​ បាន​យក​ការ​ទប់​ទល់​ឥទ្ធិពល​របស់​ប្រទេស​ចិន ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន៕