អ្នកវិភាគមាន​មតិ​ចម្រុះជុំវិញ​ទំនាក់ទំនងរវាង​កម្ពុជា​និង​អាមេរិក​ នៅ​យុគសម័យក្រុម​អ្នក​ដឹកនាំ​ជំនាន់​​ថ្មី

រូបឯកសារ៖ សិស្សវិទ្យាល័យកាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយា​ប្រធានាធិបតី​អាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។

អ្នក​វិភាគ​នយោ​បាយ​អន្តរ​ជាតិ​នៅ​កម្ពុជា​មាន​មតិ​ចម្រុះ​ជុំវិ​ញ​ទំនាក់​ទំន​ង​ទេ្វភាគី​របស់​កម្ពុជា​និង​សហរដ្ឋ​អា​មេរិក​នៅ​ក្នុង​យុគសម័យ​នៃ​នាយក​រដ្ឋមន្ត្រី​ឈាម​ថ្មីបង្កើត​ឡើង​ដោយគណបក្ស​ប្រជាជន​កម្ពុជា​។

គណបក្ស​កាន់​អំណាចកំពុង​សម្រិត​សម្រាំង​យក​មន្ត្រី​វ័យ​ក្មេង​ជា​លក្ខណៈ​ប្រព័ន្ធ​ គឺ​ភាគច្រើន​ជា​កូន​ចៅ​នៃ​មន្ត្រី​ចាស់​ៗ​ក្នុង​រដ្ឋាភិបាល​មុន ឬ​សមាជិក​បក្ស​មក​ចាត់​ចែង​កិច្ច​ការ​ប្រទេស​ជាតិ​។

អ្នកវិភាគ​ខ្លះ​ថា​ ក្នុង​ដំណាក់កាល​ដែល​កម្ពុជាមាន​មេដឹកនាំ​ថ្មី គឺ​លោក ​ហ៊ុន ម៉ាណែត និង​មន្ត្រី​ក្មេងៗជា​ច្រើន​នាក់ទៀតដែល​ជា​អ្នក​ធ្លាប់​ទទួល​ការ​អប់រំនៅ​សហរដ្ឋអាមេរិក​ និង​បស្ចិម​លោក​ផង​នោះ​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​នឹង​មិនមាន​អ្វី​ប្រែ​ប្រួល​ឡើយ​ពាក់​ព័ន្ធ​បញ្ហា​សេដ្ឋ​កិច្ច​ក៏ដូច​ជា​ផល​ប្រយោជន៍​ខាង​ការទូតក្នុង​ស្ថាន​ភាព​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ដ៏តាន​តឹង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ពួក​គេ​ក៏រំពឹង​ថាទំនាក់​ទំនងនឹង​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ជាវិជ្ជមាន ប្រសិន​បើ​ប្រទេស​ទាំងពី​រធ្វើ​សម្បទាន​នយោបាយ​ណាមួយ​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក​នោះ​។

ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ លោក ​សេង សារី អ្នក​ស្រាវជ្រាវ​សង្គម​និង​ន​យោ​បាយ​នៅសាកល​វិទ្យាល័យ ​Melbourne ​ប្រទេស​អូស្ត្រាលី ​បង្ហាញការ​យល់​ឃើញ​ថា ​អាមេរិក​ព្យាយាម​ថ្នាក់ថ្នម​ស្ថាន​ភាពឡើងវិញ​ដើម្បី​ពង្រីក​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ជា​ពិសេ​ស​ដើ​ម្បីអាច​គ្រប់គ្រងស្ថាន​ភាពភូមិ​សាស្ត្រនយោបាយ​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​ទាមទារ​ក្តោប​ក្តាប់​ស្ទើរ​តែ​ទាំង​អស់។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​បើ​ខ្ញុំ​មើល​នៅក្នុង​កម្រិត​ម៉ាក្រូ​ទំនាក់ទំនង​កម្ពុជា​ ហាក់​ដូច​ជា​មិនមាន​អ្វី​ប្រែប្រួល​ទេ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា​ ជាពិសេស​នៅក្នុង​មុំ​សេដ្ឋ​កិច្ច​ ហើយ​នឹង​ផល​ប្រយោ​ជន៍​រវាង​ប្រទេស​ទាំងពីរ»​។

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ កម្ពុ​ជា​នឹង​កាន់​តែ​ឃ្លាត​ឆ្ងា​យ​ពី​ល​ទ្ធិ​ប្រ​ជាធិប​តេយ្យ​ ហើយ​ធ្វើ​ឱ្យអ្នក​ប្រជាធិប​តេយ្យកាន់តែ​ខ្សោយ​ នៅ​ពេល​ដែ​ល​អា​មេរិក​នៅ​តែ​ព្យា​យាមរក្សា​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​ទទួលបានកា​រគាំ​ទ្រ​ច្រើន​ពីប្រទេស​ចិន​ទាំងការទូត និង​សេដ្ឋកិច្ច​។

កាល​ពី​ថ្ងៃទី​១៤ ខែសីហា​ ឆ្នាំ​២០២៣​ ឯក​អគ្គ​រដ្ឋ​ទូត​អា​មេរិក​ប្រ​ចាំ​នៅ​កម្ពុជា​ លោក Patrick Murphy បានបង្ហោះ​សារ​នៅលើបណ្តាញសង្គម X ដែលពី​មុនមានឈ្មោះថា Twitter ដោយ​ភ្ជាប់​ជាមួយ​រូបមួយ​សន្លឹក​ និង​មានការ​ធ្វើអត្ថាធិប្បាយ​លើ​ការ​ផ្លា​ស់ប្តូរ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ពី​លោក​ ប្រាក់ សុខ​ រដ្ឋ​មន្ត្រី​ការ​បរទេស មក​លោក​ សុខ ចិន្តា​សោភា​ ដែល​ត្រៀម​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​។

ឯកអគ្គរដ្ឋទូត​រូបនេះ​បង្ហោះ​សារជា​ភាសា​អង់គ្លេស​ហើយ​ត្រូវ​បានប្រែ​សម្រួល​ជា​ភា​សា​ខ្មែរ​ថា​៖ «ពួកយើង​ទាំងពី​រនឹង​បន្ត​ប្រឹងប្រែង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​ និង​ដោះ​ស្រាយ​កង្វ​ល់​ផ្សេង​ៗនៅក្នុង​ទំនាក់​ទំនង​កម្ពុជា​និងអាមេរិក​»។

​នៅ​ក្នុងសារ​អ៊ីមែល​ដែលតប​មក​កាន់​សំឡេង​សហរដ្ឋ​អាមេរិកអំពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​ កញ្ញា​ Katherine Diop អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​សង្ឃឹម​ថា​នឹង​ធ្វើការ​ជា​មួយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ដើម្បី​ជំរុញ​ចក្ខុ​វិស័យ​រួម​របស់​ភាគី​ទាំងពីរអំពី​តំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក​សេរី មាន​វិបុល​ភាព សុវត្ថិភាព និង​មាន​ភាព​ធន់​។ កញ្ញា​បន្ថែម​ថា ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ដើម​ដំបូង​ៗ​នៃ​ការ​គ្រប់គ្រង​នឹង​មាន​សារៈ​សំខាន់​។

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ «រដ្ឋា​ភិបាល​ថ្មីមាន​ឱ​កាស​ដើម្បី​កែលម្អ​ជំហរ​អន្តរជាតិ​របស់​ប្រទេស រួម​ទាំងការបញ្ចប់​ការ​កាត់ក្តីដែល​មាន​ហេតុ​ផល​នយោបាយ ការ​ទម្លាក់​ចោល​ការផ្តន្ទា​ទោ​ស​លើអ្នករិះ​គន់​រដ្ឋាភិ​បាល​ អនុញ្ញាត​ឱ្យ​ប្រព័ន្ធផ្ស​ព្វផ្សាយ​ឯករាជ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក និង​ចាត់​វិធាន​ការ​ដើម្បី​ស្តារលទ្ធិ​ប្រជាធិប​តេយ្យ​ពិតប្រាកដ​ឡើងវិញ»។

អ្នកស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ លោក វណ្ណ ប៊ុន​ណា​ ប្រាប់វីអូអេថា​ ឥទ្ធិពល​របស់​ចិន​នៅកម្ពុជានិង​ការ​ធ្លាក់​ថយ​ក្រោយនៃ​លទ្ធិប្រ​ជាធិប​តេយ្យ ​គឺជារនាំង​នៃ​ទំនា​ក់​ទំន​ង​រវាង​កម្ពុជា​និង​អាមេរិក។

នៅ​ពេល​សួរ​ពី​ការ​ស្តារទំ​នាក់​ទំនង​កម្ពុជា​និង​អាមេរិក​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី អ្នក​វិភា​គ​រូប​នេះ​ថា ​វា​នៅ​តែជាសញ្ញា​សួរ ប៉ុន្តែ​លោកថា ​វាត្រូវការ​ឆន្ទៈរវាង​ភាគីទាំងពីរ​ដើម្បី​ធ្វើ​ឱ្យ​ចំណង​ទាក់ទងប្រែប្រួល​ល្អឡើងវិញបាន​។

លោក​ថ្លែងថា​៖ «ទី​១ ឆន្ទៈរបស់​រដ្ឋាភិបាល​ថ្មី​ដែលកើត​ឡើង​ក៏ដូច​ជាឆន្ទៈ​របស់​រដ្ឋាភិ​បា​ល​ទី​ក្រុង​វ៉ាស៊ីន​តោន​។ ទី​២ វាទាក់ទង​នឹង​កត្តាផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ថា​តើ​បើសិន​ជាកម្ពុជា​នៅ​តែបន្ត​មានភាព​ល្អូកល្អើន​ខ្លាំង​ជាមួយ​ចិន​ថាតើ​ទំនាក់ទំនង​ជា​មួយ​អាមេ​រិក​វានឹង​មាន​ភាព​ល្អប្រសើរ​ឡើង​ឬទេ​? ហើយមួយ​ទៀត​ថា​តើកម្ពុជា​មាន​ឆន្ទៈ​កម្រិត​ណា​ក្នុង​ការ​ពង្រីក​លម្ហ​ប្រជា​ធិប​តេយ្យ​ លម្ហ​នយោ​បាយ​ ជាពិសេស​សិទ្ធិ​មនុ​ស្ស​នៅកម្ពុជា​? កត្តា​ទាំង​អស់​នេះ​វានឹង​រួមផ្សំ​អំពី​ទំនាក់​ទំនង​របស់​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន​ ប្រាប់​វីអូអេ​នៅថ្ងៃពុធនេះ​ថា​ កម្ពុជា​មាន​ប្រជាធិប​តេយ្យ​បែប​កម្ពុជា​ ហើយគោល​នយោបាយ​របស់កម្ពុជា​មិនយក​ប្រទេស​ណា​មួយ​ជាសត្រូវ​ឡើយ​ ដោយ​លោក​បញ្ជាក់​ថា ​វាមិន​មាន​ឧបសគ្គអ្វីជាដុំ​កំភួននៅ​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​ឡើយ​។

លោក​បញ្ជាក់ថា​៖ «ចម្លើយ​ចង់ឆ្លើយ​ថា​វាមាន​រនាំង​អី មិនមាន​ជារនាំង​អី​ទេ ក៏ប៉ុន្តែ​ភាគី​ខាងក្រៅ​ហ្នឹង​ត្រូវ​តែយល់​ពី​ការរស់រាន​មាន​ជីវិត​របស់​កម្ពុជា គឺឈរ​នៅ​គោល​នយោ​បាយ​ឯករាជ្យ​ អព្យា​ក្រឹត​ និងសន្តិ​សហវិជ្ជមាន​នេះឯង»។

​នៅ​ពេលសួរ​ពាក់ព័ន្ធ​ជាមួយ​ឆន្ទៈរបស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នៅក្នុងការ​ស្តារ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ អ្នកនាំពាក្យ​រូបនេះ​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​អ្វីឡើយ​ ដោយត្រូវ​រង់ចាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​កើត​ឡើង​សិន​។ ទោះ​ជា​យ៉ាងណាក្តី​លោក​ថា ​កម្ពុជា​ក្រោម​ការ​គ្រប់​គ្រង​របស់​មេដឹកនាំ​ថ្មី​ នឹង​នៅ​តែ​រក្សា​គោល​នយោ​បាយ​ដដែល​ គឺរាប់អាន​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​ដើម្បី​ផល​ប្រយោជន៍​ជាតិ​។

ភ្លាមៗ​ក្រោយ​ការបោះឆ្នោត​នៅកម្ពុជា​ សហរដ្ឋ​អាមេរិកបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​ថ្ងៃទី២៣ ខែ​កក្កដា ដោយ​ចាត់ទុកការ​បោះ​ឆ្នោត​នេះថា​ មិនសេរីនិង​យុត្តិធម៌។

រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម ដោយ​ផ្អាក​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​ខ្លួន​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​កំហិត​ទិដ្ឋាការ​លើ​មន្ត្រីនិង​បុគ្គល​នៅ​កម្ពុជា​មួយ​ចំនួន​ផងដែរ​។

ទោះ​ជា​យ៉ាង​ណា​ ក្នុង​គ្រា​ដែល​រដ្ឋមន្រ្តី​ការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពីសប្តាហ៍មុន​ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​រដ្ឋ Utah ដោយ​លើក​ឡើង​ថា ​វៀតណាម​និង​កម្ពុជា​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​ជាមួយ​អា​មេរិក ហើយ​ពួកគេ​ចង់​ប្រាប់​ទៅ​ប្រទេស​ចិន​ថា ​ពួកគេ​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ​។

អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ លោក ​លឹម ឆាយ​ បាន​ប្រាប់​វីអូអេ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មិន​មាន​ចេតនា​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យដូចអ្វី​ដែល​អាមេរិក​ចង់​បាន​ឡើយ។ លោក​ជំរុញ​ឱ្យ​មាន​ការ​ជជែក​គ្នា​បន្ថែម​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​សហការ​គ្នា​លើ​វិស័យ​ដែល​អាច​សហការ​គ្នា​បាន ជាជាង​ត្រឹម​តែ​តទល់គ្នារឿងមនោគមន៍​វិជ្ជានយោបាយនោះ៕